ថ្ងៃច័ន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-២៩)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក២២

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិត​ខ្ញុំ​បាន​ផ្តាច់​ចិត្ត​ថា នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​ព្រម​ស្តាប់​រឿង​អ្វី​ទៀត ក្រៅ​ពី​ព្រះយេស៊ូវគ្រីស្ទ​ទេ ហើយ​គឺ​ដែល​ទ្រង់​ត្រូវ​ឆ្កាង​ផង។​ កូរិនថូសទី១ ២:២

ការប្ដឹងប្តល់រវាងបងប្អូនពួកជំនុំគឺជាការបន្តុះបង្អាប់ដល់កិច្ចការនៃសេចក្តីពិត ។ គ្រិស្តបរិស័ទដែលប្តឹងប្តល់នឹងពួកជំនុំគ្នាឯង ទៅតុលាការគឺបានបើកបង្ហាញរឿងរ៉ាវរបស់ពួកជំនុំឲ្យសត្រូវរបស់ខ្លួនសើចចំអកហើយ ព្រមទាំងធ្វើឲ្យអំណាចនៃសេចក្ដីងងឹតមានជ័យជម្នះផងដែរ ។ ពួកគេកំពុងតែធ្វើឲ្យព្រះគ្រិស្តរងរបួសសាជាថ្មី ហើយបានធ្វើឲ្យទ្រង់មានភាពអាម៉ាស់ផង ។ ដោយមិនយកចិត្តទុកដាក់នឹងសិទ្ធិអំណាចរបស់ពួកជំនុំ នោះពួកគេបង្ហាញ​ការ​មើល​​ងាយដល់ព្រះ ជាអ្នកដែលបានប្រទានអំណាចដល់ពួកជំនុំដែរ។

នៅក្នុងសំបុត្រផ្ញើជូនចំពោះគ្រិស្ដសាសនិកនៅក្រុងកូរិនថូស លោកប៉ុលបានខំប្រឹងបង្ហាញដល់ពួកគេនូវឫទ្ធានុភាពរបស់ព្រះគ្រិស្ដ ដើម្បីការពារ​ពួក​គេពីអំពើអាក្រក់ ។ លោកដឹងថាប្រសិនបើពួកគេគោរពតាមលក្ខខណ្ឌដែលព្រះបានរៀបចំសម្រាប់ពួកគេ ពួកគេនឹងបានរឹងមាំនៅក្នុងកម្លាំងនៃព្រះដ៏មានព្រះចេស្តា ។ ដើម្បីជាមធ្យោបានសម្រាប់ជួយពួកគេឲ្យផ្តាច់ខ្លួនចេញពីអំពើបាបនិងធ្វើឲ្យភាពបរិសុទ្ធនៃការកោតខ្លាចព្រះជាម្ចាស់បានគ្រប់លក្ខណ៍ លោកប៉ុលបានដាស់តឿនពួកគេ ឲ្យទីពឹងដល់ព្រះដែលពួកគេបានថ្វាយជីវិតរបស់ពួកគេដល់ទ្រង់ នៅពេលពួកគេបានកែប្រែចិត្ដនោះ ។ លោកបាន​មាន​ប្រសាសន៍ថា «អ្នករាល់គ្នាជារបស់ព្រះគ្រិស្ត … ហើយអ្នករាល់គ្នាមិនមែនជាជាងរបស់ផងខ្លួនទេ ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះចូរតម្កើងព្រះនៅក្នុងរូបកាយ ហើយក្នុងវិញ្ញាណនៃអ្នករាល់គ្នាដែលជារបស់ផងព្រះចុះ»។

សាវ័កប៉ុលបានរៀបរាប់យ៉ាងច្បាស់ពីលទ្ធផលនៃការផ្លាស់ប្តូរពីជីវិតនៃភាពសុចរិតនិងភាពបរិសុទ្ធទៅអនុវត្តការពុករលួយនៃសាសន៍ដទៃវិញ ។ លោកបានសរសេរថា «កុំឲ្យច្រឡំឡើយ ដ្បិតពួកមនុស្សកំផិត ពួកថ្វាយ​បង្គំរូបព្រះ ពួកសាហាយស្មន់ … ពួកចោរ ពួកមនុស្សលោភ ពួកប្រមឹក ពួកត្មះតិះដៀល និងពួកប្លន់កំហែង នោះមិនដែលគ្រងនគរព្រះទុកជាមរតកឡើយ» ។ លោកបានអង្វរពួកគេឲ្យគ្រប់គ្រងសេចក្តីប្រាថ្នានិងចំណង់បរិភោគដ៏ទន់ទាប ។ ទ្រង់បានសួរថា «តើអ្នកមិនដឹងទេឬថារូបកាយអ្នកជាព្រះវិហារនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាបានទទួលមកពីព្រះ?

ខណៈដែលលោកប៉ុលមានទេពកោសល្យនិងបញ្ញាកាន់តែខ្ពស់ ជីវិតរបស់លោកបានបង្ហាញពីអំណាចនៃប្រាជ្ញាកាន់តែតិច ដែលបានផ្ដល់ឲ្យលោកនូវការយល់ដឹងនិងការអាណិតអាសូរចេញពីក្នុងចិត្តយ៉ាងឆាប់រហ័ស ហើយបាននាំលោកឲ្យមានភាពជិតស្និទ្ធជាមួយអ្នកដទៃ ដែលជួយឲ្យលោកអាចលើកស្ទួយលក្ខណៈធម្មជាតិរបស់ពួកគេ និងជំរុញឲ្យពួកគេខិតខំធ្វើឲ្យជីវិតកាន់តែខ្ពង់ខ្ពស់ ។ ចិត្តរបស់លោកបានពោរពេញទៅដោយក្ដីស្រឡាញ់យ៉ាងស្មោះស្ម័គ្រចំពោះពួកអ្នកជឿនៅទីក្រុងកូរិនថូស ។ លោកប្រាថ្នាចង់ឃើញពួកគេបង្ហាញនូវការគោរពប្រតិបត្តិចេញពីខាងក្នុង ដែលនឹងពង្រឹងកម្លាំងពួកគេប្រឆាំងទប់ទល់នឹងការល្បួង ។ លោកបានជ្រាបថា នៅគ្រប់ជំហានតាមផ្លូវនៃពួកគ្រិស្តបរិស័ទ ពួកគេនឹងត្រូវបានប្រឆាំងជំទាស់ពីសាតាំង និងថាពួកគេនឹងត្រូវមានជម្លោះជារៀងរាល់ថ្ងៃ ។ ពួកគេនឹងត្រូវការពារទប់ទល់នឹងវិធីសាស្រ្តលាក់បាំងរបស់សត្រូវ ដែលបង្ខំឲ្យទម្លាប់និងនិស្ស័យចាស់ត្រឡប់មកវិញ ហើយចាំយាមដោយការអធិដ្ឋាន ។ លោកប៉ុល​បាន​ដឹង​ថា គ្រិស្តបរិស័ទអាចទទួលបានការសម្រេចដ៏ខ្ពស់បំផុត តាមរយៈ​ការ​អធិដ្ឋាននិងការចាំយាមជានិច្ច ហើយលោកបានព្យាយាមបញ្ចូលគំនិតនេះនៅក្នុងចិត្តរបស់ពួកគេ ។ ប៉ុន្តែ លោកក៏ជ្រាបផងដែរថា នៅក្នុងការឆ្កាង​របស់ព្រះគ្រិស្ត ពួកគេត្រូវបានផ្ដល់អំណាចគ្រប់គ្រាន់ ដើម្បីផ្លាស់ប្តូរចិត្ត ឲ្យព្រះទទួលយក ដើម្បីជួយពួកគេឲ្យអាចទប់ទល់នឹងការល្បួងទាំងអស់ពីអំពើអាក្រក់ ។ ដោយសេចក្ដីជំនឿលើព្រះជាគ្រឿងសឹករបស់គេ ហើយដោយយកព្រះបន្ទូលរបស់ទ្រង់ជាអាវុធសម្រាប់ធ្វើសង្រ្គាមរបស់ពួកគេ ព្រះនឹងប្រទានអំណាចឲ្យពួកគេអាចរួចផុតពីការវាយប្រហាររបស់សត្រូវ។

ពួកអ្នកជឿនៅទីក្រុងកូរិនថូសត្រូវការបទពិសោធន៍ដ៏ជ្រាលជ្រៅ ទៅ​លើ​កិច្ចការរបស់ព្រះជាម្ចាស់ ។ ពួកគេមិនបានដឹងច្បាស់អំពីអត្ថន័យនៃការសម្លឹងមើលទៅឯសិរីរុងរឿងរបស់ទ្រង់ ហើយត្រូវបានផ្លាស់ប្តូរពីអត្តចរិតមួយទៅអត្តចរិតមួយទៀតនោះឡើយ ។ ពួកគេបានមើលឃើញតែកាំរស្មីដំបូងនាពេលព្រឹកព្រលឹមនៃសិរីល្អនោះប៉ុណ្ណោះ។ បំណងប្រាថ្នារបស់លោកប៉ុលចំពោះពួកគេ គឺចង់ឲ្យពួកគេពោរពេញទៅដោយភាពគ្រប់លក្ខណ៍នៃព្រះ បន្ទាប់មកទៀត ឲ្យស្គាល់ទ្រង់ដែលបានរះឡើងដូចជាព្រះអាទិត្យនៅពេលព្រឹក ហើយបន្តរៀនសូត្រអំពីទ្រង់ រហូតដល់មានជំនឿទៅលើដំណឹងល្អដ៏គ្រប់លក្ខណ៍នៃព្រះដែលជាព្រះអាទិត្យនៅពេលថ្ងៃត្រង់។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គ្មាន​ចៅហ្វាយ​ណា​ក្នុង​លោកីយ៍​នេះ​បាន​ស្គាល់​សេចក្តី​អាថ៌កំបាំង​នោះ​ឡើយ បើ​បាន​ស្គាល់នោះ​គេ​មិន​បាន​ឆ្កាង​ព្រះអម្ចាស់​ដ៏​មាន​សិរី​ទេ។​ ​ ​(កូរិនថូសទី១ ២:៨)

Powered by CAM