ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣៣)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អែសរ៉ា ជំពួក៨

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ខាង​ឯ​សេចក្តី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ ខាង​ឯ​សេចក្តី​រាប់​អាន នោះ​ឲ្យ​ខំ​រាប់​អាន​គេ​ជា​មុន ខាង​ឯ​សេចក្តី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ ដោយ​ខំ​ប្រឹង​បំរើ​ព្រះអម្ចាស់។ រ៉ូម ១២:១០-១១

ក្រោយមក លោកស៊ីឡាសនិងធីម៉ូថេបានរួបរួមជាមួយលោកប៉ុលនៅក្រុងកូរិនថូស ។ បងប្អូនទាំងពីរនេះបាននាំយកមកជាមួយពួកគេនូវថវិកាពីពួកជំនុំនៅទីក្រុងម៉ាសេដូន ដើម្បីគាំទ្រដល់កិច្ចការនេះ។

នៅក្នុងសំបុត្រទីពីររបស់លោក ផ្ញើទៅកាន់ពួកអ្នកជឿនៅទីក្រុងកូរិនថូស ដែលបានសរសេរបន្ទាប់ពីលោកបានបង្កើតពួកជំនុំដ៏រឹងមាំមួយនៅទីនោះ លោកប៉ុលបានរំឭកអំពីលក្ខណៈរបស់លោក នៅក្នុងចំណោមពួកគេ។ លោក បានសួរថា «កាលខ្ញុំបានផ្សាយដំណឹងល្អនៃព្រះមកអ្នករាល់គ្នាទទេ ទាំង បន្ទាបខ្លួនខ្ញុំឲ្យអ្នករាល់គ្នាបានថ្កើងឡើង នោះតើឈ្មោះថាខ្ញុំបានធ្វើបាបឬអី ខ្ញុំបានបង្អត់ពួកជំនុំឯទៀត ដោយទទួលឈ្នួលពីគេ ដើម្បីនឹងយកមកបម្រើអ្នករាល់គ្នាវិញ ហើយកាលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា បើកាលណាខ្វះខាត នោះខ្ញុំមិនបានឲ្យអ្នកណាកើតទុក្ខទេ ដ្បិតពួកបងប្អូន ដែលមកពីស្រុក ម៉ាសេដូន បានជួយបំពេញសេចក្តីដែលខ្ញុំខ្វះនោះហើយ ខ្ញុំមិនដែលឲ្យអ្នករាល់គ្នាកើតទុក្ខពីព្រោះខ្ញុំ ក្នុងការអ្វីសោះ ហើយទៅមុខក៏មិនដែលដែរ ខ្ញុំប្រាប់ដោយនូវសេចក្តីពិតរបស់ព្រះគ្រិស្ត ដែលនៅក្នុងខ្លួនខ្ញុំថា គ្មានអ្នកណាអាច នឹងបំបាត់សេចក្តីអំនួតនេះពីខ្ញុំ នៅក្នុងស្រុកអាខៃបានឡើយ» (កូរិនថូសទី២ ១១:៧-១០)។

លោកប៉ុលប្រាប់ពីមូលហេតុដែលលោកបានដើរតាមផ្លូវនេះ នៅទីក្រុង កូរិនថូស ។ គឺលោកមិនអាចបណ្ដោយឲ្យមានការតិះដៀលដល់ «ពួកអ្នក ដែលរករឿង» ទេ (កូរិនថូសទី២ ១១:១២) ។ ខណៈដែលលោកបានធ្វើការងារជាជាងតម្លើងតង់ លោកក៏បានធ្វើការប្រកាសដំណឹងល្អយ៉ាងស្មោះត្រង់ផងដែរ ។ លោកបានប្រកាសពីការងាររបស់លោកដោយផ្ទាល់ថា «ពិតមែន មានភស្តុតាងបានកើតឡើងក្នុងពួកអ្នករាល់គ្នា ដើម្បីនឹងបញ្ជាក់ការងារជាសាវ័ករបស់ខ្ញុំ ដោយការអត់ធន់ ដោយទីសម្គាល់ ការអស្ចារ្យ និងការឫទ្ធិបារមី គ្រប់យ៉ាង» ។ លោកបានបន្ថែមថា «តើអ្នករាល់គ្នាបានចាញ់ពួកជំនុំឯទៀតទាំងប៉ុន្មានយ៉ាងណាខ្លះ? លើកចេញតែការដែលខ្ញុំមិនឲ្យអ្នកណាព្រួយនឹងខ្ញុំសូមអត់ទោសសេចក្តីកំហុសនេះឲ្យខ្ញុំផង …។ ឯខ្ញុំៗ សុខចិត្តនឹងចែកចាយ ហើយនិងត្រូវហិនអស់រលីងទៅចុះ ដោយព្រោះព្រលឹងរបស់អ្នករាល់គ្នា» (កូរិនថូសទី២ ១២:១២-១៥)។

នៅក្នុងអំឡុងពេលនៃកិច្ចបម្រើរបស់លោកនៅទីក្រុងអេភេសូរ ជាកន្លែងដែលលោកបានខិតខំប្រឹងប្រែងផ្សាយដំណឹងល្អយ៉ាងខ្លាំងក្លានៅតំបន់នោះអស់ពេលបីឆ្នាំ លោកប៉ុលបានធ្វើការនៅក្នុងមុខរបររបស់លោក។ នៅក្រុង អេភេសូរ ក៏ដូចនៅទីក្រុងកូរិនថូសដែរ សាវ័កប៉ុលបានរីករាយ ដោយសារវត្តមានរបស់អ័គីឡានិងព្រីស៊ីល ដែលបានរួមដំណើរជាមួយលោក នៅពេល លោកវិលត្រឡប់ទៅអាស៊ីវិញ នៅចុងបញ្ចប់នៃដំណើរជាសាសនទូតលើកទីពីររបស់លោក។

មានអ្នកខ្លះដែលបានជំទាស់នឹងការងារដោយដៃរបស់លោកប៉ុល ដោយ ប្រកាសថា ការធ្វើការដូច្នោះធ្វើឲ្យលោកមិនអាចធ្វើកិច្ចការជាគ្រូគង្វាល នៃដំណឹងល្អ បានជាប់លាប់ឡើយ ហេតុអ្វីបានជាលោកប៉ុលជាគ្រូគង្វាលដែលមានឋានៈខ្ពស់បំផុត អាចភ្ជាប់ការងារជាជាងធ្វើតង់ជាមួយនឹងការ ផ្សព្វផ្សាយព្រះបន្ទូលដូច្នេះ? តើមិនមែនអ្នកធ្វើការសមនឹងទទួលប្រាក់ឈ្នួលរបស់លោកដែរទេឬ? ហេតុអ្វីបានជាគាត់ត្រូវចំណាយពេលដែលលោកគួរតែចំណាយពេលវេលាទាំងអស់នោះដើម្បីធ្វើឲ្យកិច្ចការកាន់តែប្រសើរឡើង ទៅធ្វើតង់ដូច្នេះទៅវិញ?

ប៉ុន្ដែ លោកប៉ុលមិនបានចាត់ទុកពេលវេលាដែលលោកចំណាយនោះ ថាជាការបាត់បង់ទេ ។ ពេលលោកបានធ្វើការជាមួយអ័គីឡា លោកបានរក្សាទំនាក់ទំនងជាមួយព្រះដែលជាគ្រូដ៏ល្អប្រសើរ ដោយមិនបានឲ្យបាត់បង់ឱកាសក្នុងការធ្វើទីបន្ទាល់សម្រាប់ព្រះអង្គសង្រ្គោះ និងដើម្បីជួយដល់អ្នកដែលត្រូវការជំនួយឡើយ។ គំនិតរបស់លោកឈោងចាប់ ចំណេះដឹង ខាងវិញ្ញាណ ។ លោកបានបង្រៀនដល់អ្នករួមការងាររបស់លោកអំពីរឿងរ៉ាវខាងវិញ្ញាណ ហើយលោកក៏ជាគំរូនៃការឧស្សាហ៍ព្យាយាមនិងភាពហ្មត់ចត់ផងដែរ ។ លោកជាមនុស្សរហ័សរហួន ឈ្លាសវៃ និងប៉ិនប្រសប់ក្នុង ការងារ «ដោយខំប្រឹងបម្រើព្រះអម្ចាស់» (រ៉ូម ១២:១១) ។ ពេលលោកបានធ្វើការនៅឯមុខជំនួញរបស់លោក សាវ័កប៉ុលបានចូលដល់មនុស្សមួយក្រុមដែលលោកមិនអាចចូលទៅបានតាមវិធីផ្សេងក្រៅពីតាមរយៈមុខរបរនេះឡើយ ។ គាត់បានបង្ហាញមិត្ដភក្ដិរបស់គាត់ថា ជំនាញនៅក្នុងសិល្បៈធម្មតានោះគឺជាអំណោយទានមកពីព្រះ ដែលបានប្រទានទាំងអំណោយទាននិងប្រាជ្ញាដល់យើងដើម្បីប្រើវាយ៉ាងត្រឹមត្រូវ។ លោកបានបង្រៀនថា សូម្បីតែក្នុងការងារប្រចាំថ្ងៃ ក៏ព្រះនឹងទទួលបានកិត្តិយសផងដែរ។ ការធ្វើ ការដោយដៃដ៏លំបាករបស់លោក មិនបានប៉ះពាល់អ្វីដល់កម្លាំងនៃការអំពាវនាវរបស់លោកជាគ្រូគង្វាលនៃគ្រិស្តបរិស័ទម្នាក់នោះឡើយ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួងលោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្តី​ជំនឿ ទាំង​ចាក់​ទំលុះ​ខ្លួន​គេដោយ​សេចក្តី​ព្រួយ​លំបាក​ជា​ច្រើន។ ​(ធីម៉ូថេទី១ ៦:១០)

Powered by CAM