ថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣៥)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នេហេមា ជំពួក៨

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចិត្ត​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា នោះ​បង្រៀន​មាត់​របស់​ខ្លួន ហើយ​ក៏​បង្កើត​ឲ្យ​បបូរ​មាត់​មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើង​ផង។។ សុភាសិត ១៦:២៣

បំណងប្រាថ្នាដែលលោកប៉ុលមាននោះមិនមែនជាគំនិតធម្មតាទេ។ លោកបានអង្វរករដល់ព្រះ ឲ្យធ្វើការដើម្បីជាប្រយោជន៍ដល់ពួកអ៊ីស្រាអែល ដែលមិនបានទទួលស្គាល់ព្រះយេស៊ូវពីស្រុកណាសារ៉ែតជាព្រះមែស្ស៊ីដែលព្រះបានសន្យា។ លោកបានធានាដល់អ្នកជឿនៅទីក្រុងរ៉ូមថា «ខ្ញុំនិយាយ​សេចក្តីពិត ដោយនូវព្រះគ្រិស្ត ខ្ញុំមិនភូតកុហកទេ បញ្ញាចិត្តខ្ញុំក៏ធ្វើបន្ទាល់ជាមួយនឹងខ្ញុំ ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង ខ្ញុំមានសេចក្តីទុក្ខសោកជាខ្លាំង និងសេចក្តីព្រួយលំបាកក្នុងចិត្តជានិច្ច ដ្បិតខ្ញុំស្ទើរតែនឹងសូមឲ្យព្រះគ្រិស្តដាក់បណ្តាសាខ្ញុំវិញ ជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំ ខាងឯសាច់​ឈាម គឺជាសាសន៍អ៊ីស្រាអែល ដែលគេមានការចិញ្ចឹមជាកូនព្រះ និងសិរីល្អ សេចក្តី​សញ្ញា ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្តី​សន្យាជារបស់​ផង​ខ្លួន ព្រមទាំងពួកអយ្យកោផង ហើយព្រះគ្រិស្តក៏បានកើតពីពួកគេខាង​ឯសាច់​ឈាមដែរ ដែលទ្រង់ខ្ពស់លើសទាំងអស់ ជាព្រះដ៏មានពរអស់​កល្ប​ជានិច្ច»។

សាសន៍យូដាគឺជារាស្ដ្រដែលព្រះបានជ្រើសរើស ទ្រង់មានបំណងចង់ប្រទានពរដល់ពូជសាសន៍នេះទាំងមូល។ ព្រះជាម្ចាស់បានលើកពួកហោរាឡើងជាច្រើន នៅក្នុងចំណោមពួកគេ ។ ពួកហោរាទាំងនេះបានទស្សន៍ទាយអំពីការយាងមកនៃព្រះដ៏ប្រោសលោះ ដែលត្រូវបានបដិសេធ ហើយធ្វើគុតដោយពួកអ្នកដែលគួរតែជាមនុស្សដំបូងគេដែលទទួលស្គាល់ទ្រង់ថាជាព្រះនៃសេចក្តីសន្យា។

ហោរាអេសាយដែលបានសម្លឹងមើលទៅមុខអស់រយៈពេលជាច្រើនសតវត្សរ៍ ហើយបានឃើញការបដិសេធន៍ចំពោះហោរាមួយហើយមួយទៀត ទីបញ្ចប់គឺការបដិសេធន៍ចំពោះព្រះរាជបុត្រានៃព្រះនោះ ត្រូវបានព្រះវិញ្ញាណបណ្តាលឲ្យសរសេរអំពីការទទួលយកព្រះដ៏ប្រោសលោះ ដោយពួកអ្នកដែលមិនធ្លាប់បានរាប់បញ្ចូលនៅក្នុងចំណោមកូនចៅអ៊ីស្រាអែល យោង​ទៅ​​លើពាក្យទំនាយនេះ លោកប៉ុលបានប្រកាសថា «លោកអេសាយក៏​មាន​ចិត្តក្លាហានណាស់ និងមានប្រសាសន៍ថា ពួកអ្នកដែលមិនស្វែងរកអញ នោះ​បានឃើញអញហើយ អញបានសម្តែងមកច្បាស់ឲ្យពួកអ្នកដែល​មិន​សួររកអញបានឃើញក៏មានប្រសាសន៍ពីដំណើរសាសន៍អ៊ីស្រាអែលថា អញ​បានលូកដៃអញវាល់ព្រឹកវាល់ល្ងាច ទៅឯសាសន៍មួយដែលមិនស្តាប់​បង្គាប់ ហើយចេះតែនិយាយទាស់ទទឹង»។

ទោះបីជាសាសន៍អ៊ីស្រាអែលបានបដិសេធព្រះរាជបុត្រារបស់ទ្រង់ក៏ដោយ ក៏ព្រះអង្គមិនបានបដិសេធពួកគេដែរ ។ ចូរស្តាប់លោកប៉ុល នៅ​ពេល​លោកបន្ដជជែកវែកញែកថា «ដូច្នេះ ខ្ញុំសួរថា តើព្រះបានបោះបង់ចោលរាស្ត្រទ្រង់ឬអី ទេ មិនមែនទេ ដ្បិតខ្លួនខ្ញុំជាសាសន៍អ៊ីស្រាអែលដែរ គឺជា​ពូជលោកអ័ប្រាហាំ កើតក្នុងពូជអំបូរបេនយ៉ាមីន ព្រះទ្រង់មិនបានបោះបង់ចោលរាស្ត្រទ្រង់ដែលទ្រង់ស្គាល់ជាមុននោះទេ តើអ្នករាល់គ្នាមិនដឹងរឿងពីលោកអេលីយ៉ា ដែលគម្ពីរថាដូចម្តេចទេឬអី គឺដែលលោកអង្វរដល់ព្រះ ទាស់នឹងសាសន៍អ៊ីស្រាអែលថា ឱព្រះអម្ចាស់អើយ គេបានសម្លាប់ពួក​ហោរា​ទ្រង់ ហើយរំលំអាសនាទាំងប៉ុន្មានរបស់ទ្រង់ មានសល់តែទូលបង្គំ​មួយ ហើយគេរកសម្លាប់ទូលបង្គំទៀត ប៉ុន្តែ ព្រះទ្រង់ឆ្លើយនឹងលោកយ៉ាងដូចម្តេច គឺឆ្លើយថា អញបានទុកមនុស្ស៧ពាន់នាក់សម្រាប់អញ ដែលមិនបានលុតជង្គង់នៅមុខព្រះបាលសោះ ដូច្នេះ សព្វថ្ងៃនេះ ក៏មាន​សំណល់​សល់ដែលទ្រង់បានរើសតាំង ដោយព្រះគុណដែរ»។

សាសន៍អ៊ីស្រាអែលបានជំពប់ដួលហើយបានធ្លាក់ចុះ ប៉ុន្តែ ការនេះមិន​បានធ្វើឲ្យពួកគេមិនអាចងើបឡើងវិញបាននោះទេ។ ឆ្លើយតបនឹង​សំណួរ​ថា «តើគេបានជំពប់ឲ្យគ្រាន់តែដួលប៉ុណ្ណោះឬអី?» សាវ័កប៉ុល​បាន​តប​ឆ្លើយ​ថា «ទេ មិនមែនឡើយ គឺដោយសារការដួលរបស់គេ បានជាមាន​សេចក្តី​សង្គ្រោះ ផ្សាយទៅដល់ពួកសាសន៍ដទៃវិញ ដើម្បីបណ្តាលឲ្យគេច្រណែន ដូច្នេះ បើការដួលរបស់គេ ជាសេចក្តីចម្រើនដល់លោកិយ ហើយ​សេចក្តី​ខ្វះមិនពេញខ្នាតរបស់គេ ជាសេចក្តីចម្រើនដល់ពួកសាសន៍ដទៃវិញ នោះ​តើសេចក្តីពេញខ្នាតរបស់គេ នឹងបានលើសជាងយ៉ាងណាទៅ? ខ្ញុំនិយាយនឹងអ្នករាល់គ្នាដែលជាសាសន៍ដទៃ ហើយពីព្រោះខ្ញុំជាសាវ័កដល់សាសន៍ដទៃ បានជាខ្ញុំតម្កើងដល់ការងារខ្ញុំ ដើម្បីនឹងបណ្តាលសាច់ញាតិខ្ញុំឲ្យ​មាន​សេចក្តីច្រណែន ហើយនិងជួយសង្គ្រោះអ្នកខ្លះក្នុងពួកគេ បើសិនជាបាន ដ្បិតបើសិនជាការបោះបង់ចោលគេនោះ ជាសេចក្តីមេត្រី​ដល់​លោកិយ​ដូច្នេះ នោះតើការទទួលគេនឹងបានជាអ្វី បើមិនមែនជាជីវិតរស់ពីស្លាប់ឡើងវិញ?»

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុន្តែ ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​មាន​ចំនួនដូច​ជា​ខ្សាច់​នៅ​សមុទ្រដែល​នឹង​វាល់ ឬ​រាប់​មិន​បាន​ឡើយ រួច​ក្រោយ​មកនិង​កើត​មាន​ដូច្នេះ គឺ​ពាក្យ​ដែល​បាន​ពោល​ទុក​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​អញ​ទេ នោះ​នឹង​ផ្លាស់​ទៅ​ជា​ថា ឯង​រាល់​គ្នា​ជា​កូន​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​នៅ​វិញ។ ​(ហូសេ ១:១០)

Powered by CAM