ថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៥)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នេហេមា ជំពួក៩
ព្រះមានគោលបំណងចង់ឲ្យព្រះគុណរបស់ទ្រង់ត្រូវបានបើកសម្តែង នៅក្នុងចំណោមពួកសាសន៍ដទៃ ដូចជាក្នុងចំណោមសាសន៍អ៊ីស្រាអែលដែរ។ ព្រះរាជគោលបំណងនេះត្រូវបានរៀបរាប់យ៉ាងច្បាស់នៅក្នុងបទទំនាយនៃគម្ពីរសញ្ញាចាស់ ។ សាវ័កប៉ុលបានប្រើបទទំនាយខ្លះក្នុងការវែកញែករបស់លោក ។ លោកបានសួរថា «តើជាងស្មូនគ្មានអំណាចលើដីឥដ្ឋ និងយកដុំដីដដែលធ្វើជាវត្ថុមួយសម្រាប់ការដ៏ប្រសើរ ហើយមួយទៀតសម្រាប់ការមិនប្រសើរទេឬអី? ចុះបើសិនជាព្រះទ្រង់ចង់សម្តែងសេចក្តីក្រោធ ព្រមទាំងបើកឲ្យស្គាល់ព្រះចេស្តា ដល់គ្រឿងប្រដាប់គួរនឹងក្រោធ ដែលរៀបចំឡើងសម្រាប់តែត្រូវបំផ្លាញដូច្នេះ ដែលទ្រង់ទ្រាំទ្រដោយអំណត់ជាយូរមកហើយ ហើយបើទ្រង់ចង់បើកឲ្យគ្រឿងប្រដាប់ដែលគួរនឹងសេចក្តីមេត្តាករុណា ដែលទ្រង់បានរៀបចំជាមុន បានស្គាល់សេចក្តីវិសេសនៃសិរីល្អដ៏បរិសុទ្ធរបស់ទ្រង់វិញ គឺយើងរាល់គ្នាដែលទ្រង់បានហៅមកមិនមែនពីសាសន៍យូដាតែប៉ុណ្ណោះ គឺពីសាសន៍ដទៃផង នោះធ្វើដូចម្តេចទៅ ដូចមានសេចក្តីចែងទុកក្នុងគម្ពីរហូសេមកថា អញនឹងហៅសាសន៍នោះ ដែលមិនមែនជារាស្ត្រអញ ថាជារាស្ត្រអញវិញ ហើយអ្នកនោះដែលមិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងាដែរ ដូច្នេះ នៅកន្លែងដែលបានសម្តែងថា ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ ត្រង់កន្លែងនោះឯងនឹងហៅគេថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់នៅវិញ» សូមមើលគម្ពីរ (ហូសេ ១:១០)។
ទោះបីជាសាសន៍អ៊ីស្រាអែលបានបរាជ័យទូទាំងនគរក៏ដោយក៏នៅតែមានអ្នកដែលមានភាពដូចជាព្រះដែលត្រូវបានសង្រ្គោះ នៅក្នុងចំណោមពួកគេដែរ។ នៅពេលដែលព្រះអង្គសង្រ្គោះបានយាងមក មានបុរសនារីដែលស្មោះត្រង់ជាច្រើន បានទទួលសាររបស់លោកយ៉ូហានបាទីស្ទ ដោយអំណរ ហើយត្រូវបានដឹកនាំឲ្យសិក្សាជាថ្មី អំពីបទទំនាយស្តីពីព្រះមែស្ស៊ី ។ នៅពេលដែលពួកជំនុំគ្រិស្តសាសនាដើមដំបូងត្រូវបានបង្កើតឡើង ពួកសាសន៍យូដាដ៏ស្មោះត្រង់ទាំងនេះ បានទទួលស្គាល់ព្រះយេស៊ូវនៃស្រុកណាសារ៉ែត ថាជាព្រះដែលពួកគេបានរង់ចាំ គឺចំពោះពួកសំណល់ទាំងនោះហើយ ដែលលោកប៉ុលបានមានប្រសាសន៍ទៅកាន់ នៅពេលលោកសរសេរថា ដូច្នេះ មិនសម្រេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ ដែលមានសេចក្តីមេត្តាករុណាវិញ ដ្បិតមានបទគម្ពីរសម្តែងដល់ផារ៉ោនថា «អញបានតាំងឯងឡើងសម្រាប់ការនេះឯង គឺដើម្បីសម្តែងឫទ្ធិបារមីអញក្នុងខ្លួនឯង ប្រយោជន៍ឲ្យគេប្រកាសប្រាប់ពីឈ្មោះអញទួទៅពេញផែនដី»។
លោកប៉ុលប្រដូចអ្នកសំណល់នៅក្នុងសាសន៍អ៊ីស្រាអែលទៅនឹងដើមអូលីវដ៏ល្អ ដែលមានមែកខ្លះបានត្រូវកាត់ចេញ។ លោកប្រៀបធៀបពួកសាសន៍ដទៃទៅនឹងមែកអូលីវព្រៃដែលត្រូវបានបំបៅភ្ជាប់នឹងគល់អូលីវចាស់។ លោកបានសរសេរទៅកាន់ពួកអ្នកជឿដែលជាសាសន៍ដទៃថា «ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ហើយអ្នកឯងដែលជាដើមអូលីវព្រៃ បានត្រូវបំបៅកណ្តាលមែកទាំងនោះ ទាំងត្រឡប់ទៅជាស្រូបជាតិឫសនៃដើមអូលីវស្រុក ជាមួយនឹងមែកឯទៀត នោះកុំឲ្យអួតនឹងមែកនោះឡើយ តែបើអ្នកអួតនឹងគេ នោះត្រូវដឹងថា មិនមែនអ្នកដែលចិញ្ចឹមឫសទេ គឺឫសទេតើ ដែលចិញ្ចឹមអ្នកវិញ ដូច្នេះ អ្នកនឹងប្រកែកថា មែកទាំងនោះត្រូវកាច់ចេញ ដើម្បីនឹងបំបៅខ្ញុំវិញ ត្រូវហើយ គេត្រូវកាច់ចេញ ដោយព្រោះមិនជឿ ហើយដែលអ្នកជាប់នៅ គឺដោយសារសេចក្តីជំនឿ ដូច្នេះ កុំឲ្យឆ្មើងឆ្មៃឡើយ ចូរភ័យខ្លាចវិញ ពីព្រោះបើព្រះទ្រង់មិនបានសំចៃទុកមែកកំណើត នោះក្រែងមិនសំចៃទុកអ្នកដែរ ដូច្នេះ ចូរមើលសេចក្តីសប្បុរស និងសេចក្តីប្រិតប្រៀបនៃព្រះ គឺទ្រង់ប្រិតនឹងពួកអ្នកដែលដួល តែសប្បុរសនឹងអ្នកវិញ បើអ្នកណានៅជាប់នឹងសេចក្តីសប្បុរសនោះ ពុំនោះ អ្នកនឹងត្រូវកាត់ចេញដែរ»។
តាមរយៈការមិនជឿ និងការបដិសេធន៍ព្រះរាជគោលបំណងរបស់ព្រះនៃឋានសួគ៌ ចំពោះពួកជំនុំសាសន៍អ៊ីស្រាអែលដែលបានបាត់បង់ទំនាក់ទំនងជាមួយព្រះ នៅទូទាំងនគរ ។ ប៉ុន្តែ មែកដែលត្រូវបានកាត់ចេញពីព្រះដែលជាគល់ចាស់ អាចរួបរួមជាមួយនឹងជនជាតិអ៊ីស្រាអែលពិតប្រាកដ ជាអ្នកដែលនៅស្មោះត្រង់នឹងព្រះនៃដូនតារបស់ពួកគេ ។ សាវ័កប៉ុលបានមានប្រសាសន៍ពីមែក ដែលបានកាត់ចេញនោះថា «ហើយមែកកំណើតទាំងនោះដែរ បើគេលះសេចក្តីមិនជឿចោលចេញ នោះនឹងបំបៅគេវិញ ដ្បិតព្រះទ្រង់អាចនឹងភ្ជាប់ជាតិវិញបាន» ។ លោកបានសរសេរទៅពួកសាសន៍ដទៃថា «ពីព្រោះ បើសិនជាអ្នកត្រូវកាត់ចេញពីដើមអូលីវព្រៃពីកំណើត ហើយបានបំបៅជាប់នឹងដើមអូលីវស្រុកខុសពីធម្មតា នោះតើមែកកំណើតទាំងនោះ នឹងបានបំបៅជាប់នឹងគល់កំណើតរបស់វា លើសជាងអម្បាលម៉ានទៅទៀត? បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ខាងឯសេចក្តីអាថ៌កំបាំងនេះទេ ក្រែងអ្នករាល់គ្នាទុកចិត្តថាខ្លួនមានប្រាជ្ញា គឺចង់ឲ្យដឹងថា សាសន៍អ៊ីស្រាអែលកើតមានសេចក្តីរឹងបឹុងប៉ុន្មានភាគនេះទៅហើយ ទាល់តែសាសន៍ដទៃទាំងប៉ុន្មានបានចូលជឿគ្រប់ចំនួន»។
«នោះសាសន៍អ៊ីស្រាអែលទាំងអស់គ្នា នឹងបានសង្គ្រោះជាក្រោយ ដូចជាមានសេចក្តីចែងទុកមកថា មានព្រះដ៏ប្រោសឲ្យរួច ទ្រង់នឹងចេញពីស៊ីយ៉ូនមក ទ្រង់នឹងបង្វែរសេចក្តីទមិលល្មើសពីយ៉ាកុបទៅ នោះហើយជាសេចក្តីសញ្ញាដែលអញតាំងនឹងគេ ក្នុងកាលដែលអញបានដោះបាបគេចេញហើយ ខាងឯដំណឹងល្អ គេជាខ្មាំងសត្រូវ ដើម្បីប្រយោជន៍ដល់អ្នករាល់គ្នា តែត្រង់សេចក្តីរើសតាំង នោះគេជាស្ងួនភ្ងាវិញ ដោយព្រោះពួកអយ្យកោ ដ្បិតព្រះទ្រង់មិនដែលស្តាយអំណោយទានទ្រង់ ឬការដែលទ្រង់ហៅមនុស្សណានោះឡើយ ពីព្រោះ ដូចជាកាលពីដើម អ្នករាល់គ្នាមិនបានស្តាប់បង្គាប់ព្រះ តែឥឡូវនេះ ទ្រង់បានផ្តល់សេចក្តីមេត្តាករុណា ដល់អ្នករាល់គ្នា ដោយព្រោះពួកនោះមិនស្តាប់បង្គាប់វិញ ដូច្នេះ ដែលគេមិនស្តាប់បង្គាប់នៅជាន់នេះ នោះគឺដើម្បីឲ្យគេបានទទួលសេចក្តីមេត្តាករុណា ដោយសារសេចក្តីមេត្តាករុណា ដែលទ្រង់បានផ្តល់មកអ្នករាល់គ្នាដូច្នោះដែរ ដ្បិតព្រះទ្រង់បានបង្ខាំងទាំងអស់គ្នាទុកក្នុងសេចក្តីមិនស្តាប់បង្គាប់ ដើម្បីឲ្យបានសម្តែងនូវសេចក្តីមេត្តាករុណាដល់គ្រប់គ្នា»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលនឹងមានចំនួនដូចជាខ្សាច់នៅសមុទ្រដែលនឹងវាល់ ឬរាប់មិនបានឡើយ រួចក្រោយមកនិងកើតមានដូច្នេះ គឺពាក្យដែលបានពោលទុកថា ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ នោះនឹងផ្លាស់ទៅជាថា ឯងរាល់គ្នាជាកូននៃព្រះដ៏មានព្រះជន្មរស់នៅវិញ។ (ហូសេ ១:១០)