ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣៥)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នេហេមា ជំពួក១០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ។ យ៉ូហាន ១:១២

«អើហ្ន៎ ប្រាជ្ញា និងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះ​តម្រិះ​របស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណា​នឹង​រកតាមបាន តើអ្នកណាបានស្គាល់គំនិតនៃព្រះអម្ចាស់ ឬធ្វើជាអ្នក​ជួយ​គំនិត​ទ្រង់បាន តើអ្នកណាបានថ្វាយដល់ទ្រង់ជាមុន នោះនឹងបានប្រគល់​មកអ្នក​នោះវិញ ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយ​សម្រាប់ទ្រង់ សូមឲ្យទ្រង់បានសិរីល្អនៅអស់កល្បជានិច្ច អាម៉ែន»។

ដូច្នេះលោកប៉ុលបង្ហាញថា ព្រះអាចបំផ្លាស់បំប្រែចិត្តរបស់សាសន៍យូដានិងសាសន៍ដទៃឲ្យដូចគ្នា ហើយបានប្រទានដល់អ្នកជឿដល់ព្រះគ្រិស្តគ្រប់រូប នូវព្រះពរដែលព្រះបានសន្យានឹងប្រទានដល់សាសន៍អ៊ីស្រាអែល។ លោកបានរំឭកពីបទទំនាយរបស់លោកអេសាយស្ដីអំពីរាស្ដ្ររបស់ព្រះថា «ឯហោរាអេសាយ លោកក៏បន្លឺឡើង ពីដំណើរសាសន៍អ៊ីស្រាអែលថា ទោះបើជនជាតិអ៊ីស្រាអែលមានចំនួនច្រើន ដូចខ្សាច់នៅមាត់សមុទ្រក៏ដោយ គង់តែនឹងបានសង្គ្រោះតែសំណល់ដែលសល់ទេ ដ្បិតការនោះ​កំពុងតែ​បង្ហើយ ហើយបង្រួមជាខ្លី ដោយសេចក្តីសុចរិត ពីព្រោះព្រះអម្ចាស់ទ្រង់នឹងកាត់ការនោះយ៉ាងខ្លី នៅលើផែនដីដូចជាលោកអេសាយបាន​ទាយ​ទុក​មក​អំពីមុនថា បើសិនណាជាព្រះអម្ចាស់នៃពួកពលបរិវារទ្រង់មិនបាន​ទុកពូជ​ឲ្យយើង នោះយើងនឹងបានត្រឡប់ដូចជាក្រុងសូដុម ហើយដូចជា​ក្រុងកូម៉ូរ៉ា​ដែរ»។

នៅពេលដែលក្រុងយេរូសាឡិមត្រូវបានបំផ្លាញ ហើយព្រះវិហារត្រូវបានក្លាយជាគំនរបាក់បែក នោះជនជាតិយូដារាប់ពាន់នាក់ត្រូវបានគេលក់ឲ្យធ្វើជាអ្នកបម្រើនៅប្រទេសដទៃ ។ ពួកគេត្រូវខ្ចាត់ខ្ចាយទៅក្នុងចំណោមសាសន៍ទាំងឡាយ ដូចជាផង់ធូលីនៅតាមឆ្នេរសមុទ្រ។ សាសន៍យូដា​បានធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ នៅលើពិភពលោក អស់រយៈ​ពេល​មួយ​ពាន់ប្រាំបីរយឆ្នាំ ហើយគ្មានកន្លែងណាដែលពួកគេត្រូវបានផ្តល់ឯកសិទ្ធិឲ្យទទួលបានកិត្យានុភាពអាចក្លាយជានគរដ៏ថ្លៃថ្នូរមួយដូចដើមឡើងវិញបានឡើយ។ ការនិយាយមួលបង្កាច់ សម្អប់ និងការធ្វើទុក្ខបុកម្នេញ ពីមួយ​សតវត្សរ៍ទៅមួយសតវត្សរ៍ បានក្លាយជាមរតកនៃការរងទុក្ខរបស់ពួកគេ។

ទោះបីជាមានសេចក្ដីវេទនាយ៉ាងធ្ងន់ធ្ងរ កើតឡើងដល់នគរយូដា នៅគ្រានៃការបដិសេធន៍ព្រះយេស៊ូវពីស្រុកណាសារ៉ែតរបស់ពួកគេក៏ដោយ ក៏មានបុរសនារីសាសន៍យូដាដែលកោតខ្លាចព្រះជាច្រើន ដែលមានភាពស្ងប់ស្ងាត់ពីជំនាន់មួយទៅជំនាន់មួយដែរ ។ ព្រះបានកម្សាន្តចិត្តពួកគេក្នុងទុក្ខព្រួយ ហើយបានទតឃើញស្ថានភាពដ៏អាក្រក់របស់ពួកគេដោយអាណិតអាសូរ ។ ទ្រង់បានឮការអធិដ្ឋានដ៏ឈឺចាប់នៃអស់អ្នកដែលស្វែងរកទ្រង់អស់ពីចិត្តដើម្បីឲ្យយល់ច្បាស់អំពីព្រះបន្ទូលទ្រង់។ មនុស្សខ្លះបានរៀនមើលឲ្យឃើញនៅក្នុងស្រុកណាសារ៉ែតដ៏ទន់ទាប ដែលបុព្វបុរសរបស់គេបានបដិសេធ និងបានឆ្កាងជាព្រះមែស្ស៊ីដ៏ពិតនៃសាសន៍អ៊ីស្រាអែល ។ ខណៈដែលគំនិតរបស់ពួកគេបានយល់ពីសារៈសំខាន់នៃបទទំនាយដែលគេធ្លាប់ស្គាល់ពីបុរាណ ដែលគ្របដណ្ដប់ដោយប្រពៃណីនិងការបកស្រាយមិនត្រឹមត្រូវចិត្តរបស់ពួកគេបានពោរពេញទៅដោយការដឹងគុណដល់ព្រះ ចំពោះអំណោយទានដ៏ពិសេសមិនអាចថ្លែងបាន ដែលទ្រង់បានប្រទានដល់មនុស្សគ្រប់រូប ដែលជ្រើសរើសយកព្រះគ្រិស្តធ្វើជាព្រះអង្គសង្រ្គោះរបស់ខ្លួន។

គឺមនុស្សនៅក្នុងស្រទាប់នេះហើយ ដែលលោកអេសាយមានប្រសាសន៍សំដៅទៅកាន់ នៅក្នុងបទទំនាយរបស់លោកថា «បានសង្រ្គោះតែ​សំណល់​ដែលសល់ទេ»។ តាំងពីសម័យលោកប៉ុល រហូតមកដល់សព្វថ្ងៃនេះ ព្រះវរ​​បិតាបានត្រាស់ហៅពួកយូដានិងពួកសាសន៍ដទៃ ដោយសារព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ លោកប៉ុលបានមានប្រសាសន៍ថា «គ្មានសេចក្តីលម្អៀងទៅខាងអ្នកណានៅក្នុងព្រះឡើយ» ។ សាវ័កប៉ុលបានចាត់ទុកខ្លួនលោក​ថា «ខ្ញុំមានសេចក្តីជំពាក់ទាំងសាសន៍ក្រិក និងសាសន៍ដទៃ» ព្រមទាំង​សាសន៍​យូដាផងដែរ ប៉ុន្ដែ លោកមិនដែលភ្លេចពីគុណសម្បត្តិដែលបានសម្រេចដោយសាសន៍យូដា ទៅលើអ្នកដទៃឡើយ «មុនដំបូង គឺពីព្រោះបានផ្ញើព្រះបន្ទូលទុកនឹងគេ» ។ លោកមានប្រសាសន៍ថា «ដំណឹងល្អ​នៃ​ព្រះគ្រិស្តទេ ពីព្រោះជាព្រះចេស្តានៃព្រះ សម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម និងសាសន៍ក្រិកផង ដ្បិតសេចក្តីសុចរិតនៃព្រះបានសម្តែងមកក្នុងដំណឹងល្អនោះ ដោយសារ​សេចក្តីជំនឿ ហើយឲ្យបានសេចក្តីជំនឿចម្រើនច្រើនឡើងផង ដូចមាន​សេចក្តីចែងទុកមកថា មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ» ។ គឺជាដំណឹងល្អនៃព្រះគ្រិស្ត ដែលមានប្រសិទ្ធិភាពសម្រាប់សាសន៍យូដាក៏ដូចជាសាសន៍ដទៃនេះហើយ ដែលលោកប៉ុលបានប្រកាសនៅក្នុងសំបុត្ររបស់លោក ទៅកាន់ពួកជំនុំនៅទីក្រុង រ៉ូម ថាលោកមិនមាន​ការអៀន​ខ្មាសនោះ។

នៅពេលដែលដំណឹងល្អនេះត្រូវបានបង្ហាញយ៉ាងពេញលេញ ដល់សាសន៍យូដាមនុស្សជាច្រើននឹងទទួលយកព្រះគ្រិស្ត ជាព្រះមែស្ស៊ី ។ ក្នុងចំណោមពួកគ្រិស្តបរិស័ទ មានគ្រូគង្វាលតិចតួចប៉ុណ្ណោះ ដែលបានដឹងថាព្រះបានត្រាស់ហៅឲ្យបម្រើដល់សាសន៍យូដា ប៉ុន្ដែ សារនៃសេចក្ដី​មេត្ដា​ករុណានិងសេចក្ដីសង្ឃឹមលើព្រះគ្រិស្តនឹងមកដល់ ចំពោះអ្នកដែលត្រូវបានគេដើរឆ្លងកាត់ញឹកញាប់ ក៏ដូចជាអ្នកដទៃទាំងអស់គ្នាដែរ។

នៅក្នុងចុងបញ្ចប់នៃការប្រកាសដំណឹងល្អ ជាពេលដែលកិច្ចការ​ពិសេស​ត្រូវបានចប់សព្វគ្រប់ សម្រាប់មនុស្សគ្រប់ស្រទាប់ ដែលពីមុនធ្លាប់តែមិនយកចិត្តទុកដាក់ ព្រះរំពឹងថាអ្នកនាំសាររបស់ទ្រង់នឹងយកចិត្តទុកដាក់ជា​ពិសេសដល់សាសន៍យូដា ដែលពួកគេរកឃើញនៅគ្រប់ផ្នែកលើផែនដី។ នៅពេលបទគម្ពីរសញ្ញាចាស់ត្រូវបានច្របាច់បញ្ចូលគ្នាជាមួយនឹងសញ្ញាថ្មី ក្នុងការពន្យល់អំពីគោលបំណងដ៏អស់កល្បរបស់ព្រះយេហូវ៉ា ការនេះ​នឹង​បានដូចជាការចាប់ផ្ដើមនៃការបង្កើតថ្មី គឺការរស់ឡើងវិញនៃមនុស្សសម្រាប់​​សាសន៍យូដាជាច្រើន។ នៅពេលពួកគេឃើញព្រះគ្រិស្តនៃដំណឹងល្អ ត្រូវបានរៀបរាប់នៅក្នុងទំព័រគម្ពីរសញ្ញាចាស់ ហើយគេបានយល់ថាគម្ពីរសញ្ញាថ្មីពន្យល់យ៉ាងច្បាស់ វិញ្ញាណដែលលង់លក់របស់ពួកគេត្រូវបានដាស់ឲ្យភ្ញាក់ឡើងវិញ ហើយពួកគេនឹងទទួលស្គាល់ព្រះគ្រិស្តថាជាព្រះអង្គសង្គ្រោះនៃពិភពលោក។ មនុស្សជាច្រើននឹងទទួលព្រះគ្រិស្តជាព្រះដ៏ប្រោសលោះរបស់ពួកគេ ដោយជំនឿ។ តាមរយៈពួកគេ បទទំនាយដែលបានចែងថា «ប៉ុន្តែ អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ» (យ៉ូហាន ១:១២) ត្រូវបានសម្រេច។

នៅក្នុងចំណោមពួកសាសន៍យូដា មានអ្នកខ្លះដែល​ដូចជាលោក​សុល​នៃស្រុកតើសុស ដែលពូកែខាងព្រះគម្ពីរ ហើយពួកអ្នកទាំងនេះនឹងប្រកាសពីក្រឹត្យវិន័យរបស់ព្រះ ដែលមិនចេះប្រែប្រួលដោយអំណាចយ៉ាងអស្ចារ្យ។ ព្រះនៃសាសន៍អ៊ីស្រាអែលនឹងធ្វើឲ្យហេតុការណ៍នេះកើតឡើងនៅជំនាន់យើងនេះ ។ ព្រះហស្តរបស់ទ្រង់មិនរួញខ្លី ជួយសង្រ្គោះមិនបាននោះឡើយ ក្នុងនាមជាអ្នកបម្រើរបស់ទ្រង់ ដែលខំប្រឹងធ្វើការដោយជំនឿ សេចក្ដីសង្រ្គោះរបស់ទ្រង់នឹងត្រូវបើកបង្ហាញដល់ពួកអ្នកដែលត្រូវគេបោះបង់ចោល និង​មើលងាយជាយូរមកហើយ។

«ហេតុនោះព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះអ័ប្រាហាំ ទ្រង់មានព្រះបន្ទូលពីដំណើរពួកវង្សយ៉ាកុបថា ឥឡូវនេះ ពួកយ៉ាកុបមិន​ត្រូវខ្មាស​ទៀតឡើយ ក៏មិនត្រូវស្លុតស្លាំងទៀតដែរ តែកាលណាកូនចៅគេបានឃើញការដែលដៃអញនឹងធ្វើនៅកណ្តាលពួកគេ នោះគេនឹងរាប់​ឈ្មោះអញ​ជា​បរិសុទ្ធ អើ ក៏នឹងរាប់ព្រះដ៏បរិសុទ្ធនៃយ៉ាកុបទុកជាបរិសុទ្ធដែរ ព្រមទាំងកោតខ្លាចដល់ព្រះនៃសាសន៍អ៊ីស្រាអែលផង ឯពួកអ្នកដែលប្រព្រឹត្តខុសខាងវិញ្ញាណ គេនឹងមានយោបល់វិញ ហើយមនុស្សដែលរអ៊ូរទាំនឹងទទួលសេចក្តីប្រៀនប្រដៅ» (អេសាយ ២៩:២២-២៤)។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥឡូវ​នេះ តើ​អ្នក​បង្អង់​ចាំ​អ្វី​ទៀត ចូរ​ក្រោក​ឡើងទទួល​បុណ្យ​ជ្រមុជទឹក ហើយ​លាង​បាប​អ្នក​ចេញ​ចុះ ដោយ​ការ​អំពាវនាវ​ដល់​ព្រះនាម​ព្រះអម្ចាស់។ ​(កិច្ចការ ២២:១៦)

Powered by CAM