ថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៦)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងសំបុត្រទៅកាន់ពួកជំនុំនៅកាឡាទី។
ការបោះបង់ជំនឿនៅទីក្រុងកាឡាទី
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នេហេមា ជំពួក១១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ យើងខ្ញុំក៏មានសាន្តក្រមនៃសេចក្តីស្លាប់ នៅក្នុងខ្លួនយើងខ្ញុំដែរ ដើម្បីមិនឲ្យយើងខ្ញុំទុកចិត្តដល់ខ្លួនឡើយ គឺឲ្យទុកចិត្តដល់ព្រះ ដែលទ្រង់ប្រោសឲ្យមនុស្សស្លាប់ បានរស់ឡើងនោះវិញ ។ កូរិនថូសទី២ ១:៩
កាលកំពុងស្នាក់នៅក្រុងកូរិនថូស លោកប៉ុលមានមូលហេតុដែលគួរឲ្យថប់បារម្ភជាខ្លាំង ចំពោះពួកជំនុំមួយចំនួនដែលលោកបានបង្កើតរួចមកហើយ។ តាមរយៈឥទ្ធិពលនៃគ្រូក្លែងក្លាយ ដែលបានកើតឡើងក្នុងចំណោមពួកអ្នកជឿនៅក្រុងយេរូសាឡិម ការបែកបាក់ ការបង្រៀនខុសនិងការត្រេកត្រអាលនឹងតណ្ហា បានរីករាលដាលយ៉ាងរហ័ស នៅក្នុងចំណោមពួកអ្នកជឿនៅកាឡាទី ។ ពួកគ្រូក្លែងក្លាយទាំងនេះបញ្ចូលទំនៀមទម្លាប់សាសន៍យូដា លាយឡំជាមួយនឹងសេចក្ដីពិតនៃដំណឹងល្អ ។ ដោយមិនអើពើនឹងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាទូទៅនៅទីក្រុងយេរូសាឡិម ពួកគេបានជំរុញឲ្យពួកសាសន៍ដទៃដែលបានកែប្រែចិត្ត គោរពច្បាប់នៃពិធីបុណ្យ។
ស្ថានភាពនេះមានសារៈសំខាន់ខ្លាំងណាស់ ។ អំពើអាក្រក់ដែលគេបាននាំចូលមក បានគំរាមកំហែងបំផ្លាញពួកជំនុំនៅកាឡាទីយ៉ាងឆាប់រហ័ស។
លោកប៉ុលមានការឈឺចាប់នៅក្នុងចិត្តជាខ្លាំង ហើយគំនិតរបស់លោកត្រូវបានពុះកញ្រ្ជោលដោយការបោះបង់ជំនឿដ៏បើកចំហ ពីសំណាក់មនុស្សដែលលោកបានបង្រៀនអំពីគោលការណ៍នៃដំណឹងល្អ យ៉ាងស្មោះត្រង់។ លោកបានសរសេរទៅកាន់ពួកអ្នកជឿដែលត្រូវបោកបញ្ឆោតភ្លាម ដោយពន្យល់ពីទ្រឹស្តីក្លែងក្លាយ ដែលពួកគេបានទទួលហើយដោយបន្ទោសយ៉ាងធ្ងន់ធ្ងរដល់អ្នកដែលបានចាកចេញពីជំនឿទាំងនោះ ។ បន្ទាប់ពីការស្វាគមន៍ដល់ពួកជំនុំកាឡាទីដោយពាក្យថា «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតា និងពីព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់នៃយើងរាល់គ្នា» រួចមក លោកបានបញ្ជាក់ប្រាប់ដល់ពួកគេនូវពាក្យពេចន៍នៃការស្ដីបន្ទោសយ៉ាងមុតចំៗ៖
«ខ្ញុំឆ្ងល់ណាស់ ពីដំណើរដែលអ្នករាល់គ្នាបានផ្លាស់ប្រែចេញពីព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាមក ក្នុងព្រះគុណនៃព្រះគ្រិស្ត ជាឆាប់ម៉្លេះ និងទៅតាមដំណឹងល្អផ្សេងទៀតនោះដែលមិនមែនជាដំណឹងល្អមួយទៀតទេ គឺមានមនុស្សខ្លះបំភាន់អ្នករាល់គ្នាវិញ ហើយចង់បង្ខូចដំណឹងល្អព្រះគ្រិស្តផង ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីឋានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ» ។ ការបង្រៀនរបស់លោកប៉ុលស្របទៅតាមព្រះគម្ពីរ និងព្រះវិញ្ញាណបរិសុទ្ធ បានបង្ហាញនៅក្នុងការងាររបស់លោក ។ ដូច្នេះ លោកបានព្រមានបងប្អូនរបស់លោកកុំឲ្យស្ដាប់នូវអ្វីដែលផ្ទុយនឹងសេចក្ដីពិតដែលលោកបានបង្រៀន។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥឡូវនេះ តើអ្នកបង្អង់ចាំអ្វីទៀត ចូរក្រោកឡើងទទួលបុណ្យជ្រមុជទឹក ហើយលាងបាបអ្នកចេញចុះ ដោយការអំពាវនាវដល់ព្រះនាមព្រះអម្ចាស់។ (កិច្ចការ ២២:១៦)