ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣៦)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នេហេមា ជំពួក១២

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯ​ព្រះដែល​ទ្រង់​ប្រទាន​ព្រះវិញ្ញាណ​មក​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ការ​ឫទ្ធិបារមី​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​តើ​ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ ឬ​ដោយ​ស្តាប់ ទាំង​មាន​សេចក្តី​ជំនឿ​វិញ។ កាឡាទី ៣:៥

សាវ័កប៉ុលបានបង្គាប់ដល់ពួកអ្នកជឿនៅកាឡាទីឲ្យពិចារណាដោយប្រុងប្រយ័ត្ន នូវបទពិសោធន៍នៃជីវិតជាគ្រិស្តបរិស័ទដំបូងរបស់ពួកគេ ។ លោកបានមានប្រសាសន៍ថា «ឱពួកអ្នកស្រុកកាឡាទីឥតបើគិតអើយ ដែលបានបើកសម្តែងព្រះយេស៊ូវគ្រិស្តមកយ៉ាងច្បាស់ នៅភ្នែកអ្នករាល់គ្នា ហើយ​ទាំងជាប់ឆ្កាងផង នោះតើអ្នកណាបានធ្វើអំពើដាក់អ្នករាល់គ្នា ឲ្យលែងស្តាប់តាមសេចក្តីពិតវិញដូច្នេះ? ខ្ញុំចង់សួរអ្នករាល់គ្នាតែប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយបានស្តាប់ ទាំងមានសេចក្តីជំនឿ តើអ្នករាល់គ្នាជាមនុស្សឥតបើគិតជាខ្លាំងដល់ម៉្លេះឬអី? ដែលបានចាប់ផ្តើម ដោយព្រះវិញ្ញាណហើយ តើឥឡូវនេះបាន​គ្រប់​លក្ខណ៍ឡើង ដោយសាច់ឈាមវិញឬ តើបានរងទុក្ខច្រើនម៉្លេះជាឥតប្រយោជន៍ឬអី? គឺបើជាឥតប្រយោជន៍មែន ឯព្រះដែលទ្រង់ប្រទានព្រះវិញ្ញាណមកអ្នករាល់គ្នា ហើយធ្វើការឫទ្ធិបារមីក្នុងពួកអ្នករាល់គ្នា នោះតើដោយអ្នករាល់គ្នាប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយស្តាប់ ទាំងមានសេចក្តីជំនឿវិញ?»

ហេតុនេះហើយបានជាលោកប៉ុលបានកោះហៅពួកបងប្អូននៅក្រុងកាឡាទី មកកាន់តុលាការនៃមនសិការរបស់ពួកគេ ហើយព្យាយាម​ចាប់​ពួកគេ ដោយកិច្ចការរបស់ពួកគេ។ ដោយពឹងផ្អែកលើព្រះចេស្តានៃព្រះ ដើម្បី​ជួយសង្រ្គោះ និងបដិសេធមិនទទួលស្គាល់គោលលទ្ធិរបស់ពួកអ្នកក្បត់ជំនឿ នោះសាវ័កប៉ុលបានខិតខំប្រឹងប្រែងដឹកនាំពួកអ្នកដែលបានកែប្រែចិត្តជឿថា ពួកគេត្រូវបានគេបញ្ឆោតយ៉ាងធ្ងន់ធ្ងរហើយ ប៉ុន្តែ ដោយការវិលត្រឡប់មកកាន់ជំនឿចាស់របស់ពួកគេ នៅក្នុងដំណឹងល្អវិញ ពួកគេអាចមានជ័យជម្នះលើគោលបំណងរបស់សាតាំងបាន ។ លោកបានយកជំហររបស់គាត់យ៉ាងរឹងមាំនៅខាងសេចក្ដីពិតនិងសេចក្ដីសុចរិត ហើយ​ ជំនឿដ៏មុតមាំនិងទំនុកចិត្តរបស់លោក នៅក្នុងសារដែលលោកបានបញ្ចេញមកជួយដល់មនុស្សជាច្រើនដែលជំនឿរបស់ពួកគេបានបរាជ័យ ឲ្យវិលត្រឡប់មករកភាពស្មោះត្រង់ចំពោះព្រះអង្គសង្រ្គោះរបស់ពួកគេជាថ្មីឡើងវិញ។

លក្ខណៈនៃការសរសេររបស់ប៉ុលទៅកាន់ពួកជំនុំក្រុងកូរិនថូស ខុសគ្នាពីការប្រព្រឹត្ដដែលលោកបានដេញតាមពួកជំនុំកាឡាទីជាខ្លាំង! សំបុត្រ​ពីមុន លោកបានស្ដីបន្ទោសដោយការប្រុងប្រយ័ត្ននិងភាពទន់ភ្លន់ តែ​ក្រោយ​មក លោកបានប្រើពាក្យស្តីបន្ទោសឥតសំចៃមាត់ ។ ពួកអ្នកក្រុងកូរិនថូសបានចាញ់សេចក្ដីល្បួង ។ ត្រូវបានបោកបញ្ឆោតដោយកលល្បិចដ៏ឆ្លាតវាងវៃរបស់ពួកគ្រូដែលបង្រៀនទ្រឹស្តីមិនត្រឹមត្រូវ ពួកគេត្រូវបានភ័ន្តច្រឡំ និង​អូសទាញ នៅក្រោមអាការៈខាងក្រៅនៃសេចក្តីពិត ។ ដើម្បីបង្រៀនដល់ពួកគេពីការខុសគ្នារវាងសេចក្តីពិតនិងភាពក្លែងក្លាយ ទាមទារឲ្យ​មានការប្រុងប្រយ័ត្ននិងភាពអត់ធ្មត់ ។ អំពើឃោរឃៅ​ឬភាពអយុត្តិធម៌ ដែលកើតឡើងនៅលើកិច្ចការរបស់លោកប៉ុល នឹងបំផ្លាញ​ដល់ឥទ្ធិពលរបស់លោក ទៅលើអស់អ្នកដែលគាត់ចង់ជួយ។

នៅក្នុងពួកជំនុំកាឡាទី កំហុសឆ្គងដែលបើកចំហគ្មានការបិទបាំង បាន​ចូលមកជំនួសសារនៃដំណឹងល្អ ។ ព្រះគ្រិស្តដែលជាគ្រឹះដ៏ពិតនៃសេចក្ដីជំនឿ ត្រូវបានគេបោះបង់ចោលស្ទើរតែអស់ ដោយសារតែពិធីបុណ្យ​នៃ​សាសនាយូដា ដែលគេលែងប្រើ ។ សាវ័កប៉ុលបានឃើញថា​ប្រសិនបើពួកអ្នកជឿនៅកាឡាទីត្រូវបានសង្រ្គោះពីឥទ្ធិពលដ៏មានគ្រោះថ្នាក់ ដែលគំរាម​កំហែងដល់ពួកគេ លោកត្រូវតែចាត់វិធានការដ៏ប្រុងប្រយ័ត្នបំផុត ត្រូវតែ​ផ្តល់ការព្រមានយ៉ាងច្បាស់បំផុត។

មេរៀនដ៏សំខាន់មួយសម្រាប់អ្នកបម្រើរបស់ព្រះគ្រិស្តទាំងអស់ត្រូវរៀនសូត្រ គឺថាការសម្របសម្រួលការងាររបស់លោក ឲ្យស្របទៅតាមស្ថានភាពនៃអ្នកដែលលោកចង់ឲ្យបានទទួលអត្ថប្រយោជន៍ ។ ភាពស្លូតបូត ការអត់​ធ្មត់ សេចក្តីក្លាហាន និងភាពម៉ឺងម៉ាត់គឺជាសេចក្តីត្រូវការដូចៗគ្នា ប៉ុន្តែ ការទាំងនេះត្រូវតែអនុវត្តដោយការដឹងខុសត្រូវ ។ ដើម្បីដោះស្រាយឲ្យបានល្អជាមួយមនុស្សដែលមានស្រទាប់ខុសៗគ្នា នៅក្រោមកាលៈទេសៈនិងស្ថានភាពផ្សេងៗគ្នា គឺជាការងារដែលតម្រូវឲ្យមានប្រាជ្ញានិងការវិនិច្ឆ័យ ដែលបានបំភ្លឺនិងធ្វើឲ្យបរិសុទ្ធដោយសារព្រះវិញ្ញាណនៃព្រះ។

នៅក្នុងសំបុត្ររបស់លោកផ្ញើទៅកាន់ពួកអ្នកជឿនៅកាឡាទី លោកបានរំឭកសង្ខេបពីឧប្បត្តិហេតុដែលទាក់ទងនឹងបទពិសោធន៍នៃការប្រែចិត្តជឿ ជាគ្រិស្តបរិស័ទដំបូងរបស់លោក តាមរយៈបទពិសោធន៍នេះ លោក​បាន​ព្យាយាមបង្ហាញថា តាមរយៈការបង្ហាញដ៏ពិសេសនៃអំណាចរបស់ព្រះ ដែលបានដឹកនាំលោកឲ្យឃើញនិងយល់ពីសេចក្ដីពិតដ៏អស្ចារ្យនៃដំណឹងល្អ គឺតាមរយៈការណែនាំដែលលោកបានទទួលពីព្រះផ្ទាល់នេះហើយ ដែលព្រះបានដឹកនាំលោកប៉ុលឲ្យព្រមាននិងដាស់តឿនដល់ពួកកាឡាទីយ៉ាងមុតមាំនិងជាវិជ្ជមាន ។ លោកបានសរសេរមិនមែនដោយការស្ទាក់ស្ទើរនិងការសង្ស័យទេ ប៉ុន្តែ ជាមួយនឹងការធានានៃការជឿជាក់​និងដោយ​ចំណេះ​ដឹងយ៉ាងដាច់ខាត ។ លោកបានបញ្ជាក់ពីភាពខុសគ្នារវាងការបង្រៀនដោយមនុស្ស និងការទទួលការណែនាំដោយផ្ទាល់ពីព្រះគ្រិស្ត។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥឡូវ​នេះ តើ​អ្នក​បង្អង់​ចាំ​អ្វី​ទៀត ចូរ​ក្រោក​ឡើងទទួល​បុណ្យ​ជ្រមុជទឹក ហើយ​លាង​បាប​អ្នក​ចេញ​ចុះ ដោយ​ការ​អំពាវនាវ​ដល់​ព្រះនាម​ព្រះអម្ចាស់។ ​(កិច្ចការ ២២:១៦)

Powered by CAM