កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៦)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នេហេមា ជំពួក១៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ហើយច្បាស់ជាគ្មានអ្នកណាបានរាប់ជាសុចរិត នៅចំពោះព្រះ ដោយសារក្រឹត្យវិន័យឡើយ ពីព្រោះ«មនុស្សសុចរិតនឹងរស់ ដោយអាងសេចក្តីជំនឿ»។ កាឡាទី ៣:១១
សាវ័កប៉ុលបានដាស់តឿនពួកកាឡាទីឲ្យចាកចេញពីពួកអ្នកដឹកនាំក្លែងក្លាយ ដែលនាំពួកគេឲ្យវង្វេង ហើយវិលត្រឡប់មករកជំនឿដែលមានភ័ស្ដុតាងយ៉ាងច្បាស់លាស់ ដែលមានការយល់ព្រមពីព្រះវិញ ។ មនុស្សដែលបានព្យាយាមនាំពួកគេចេញពីការជឿលើដំណឹងល្អ គឺជាមនុស្សកំពុត មិនបរិសុទ្ធ នៅក្នុងចិត្ត និងពុករលួយនៅក្នុងជីវិត ។ សាសនារបស់ពួកគេត្រូវបានបង្កើតឡើងដោយពិធីបុណ្យផ្សេង ដែលតាមរយៈការអនុវត្តន៍ពិធីទាំងនោះ ពួកគេរំពឹងថានឹងទទួលបានការសព្វព្រះទ័យពីព្រះ ។ ពួកគេមិនមានបំណងចង់បានដំណឹងល្អ ដែលអំពាវនាវដល់ការគោរពប្រតិបត្តិចំពោះព្រះបន្ទូលឡើយ «បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ» (យ៉ូហាន ៣:៣) ។ ពួកគេបានដឹងថាសាសនាដែលផ្អែកលើគោលលទ្ធិបែបនេះ តម្រូវឲ្យមានការលះបង់ខ្ពស់ ហើយពួកគេប្រកាន់ខ្ជាប់នូវកំហុសរបស់ខ្លួនដោយបញ្ឆោតខ្លួនឯងនិងអ្នកដទៃ។
ដើម្បីជំនួសសាសនាតែខាងក្រៅ ដោយចិត្តនិងជីវិតបរិសុទ្ធ ដែលនៅតែមានការពេញចិត្តនឹងជីវិតចាស់ដែលមិនបានកែប្រែ ដូចនៅសម័យពួកគ្រូបង្រៀនសាសន៍យូដាទាំងនេះ សព្វថ្ងៃនេះ ក៏ដូចជាសម័យមុនដែរ នៅមានការណែនាំខាងព្រលឹងវិញ្ញាណក្លែងក្លាយ ដែលមានអ្នកគាំទ្រជាច្រើនស្ដាប់តាមដោយអន្ទះសា ។ គឺជាការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់សាតាំង ដើម្បីបង្វែរគំនិតចេញពីក្តីសង្ឃឹមនៃការបានសង្រ្គោះដោយសារសេចក្តីជំនឿលើព្រះគ្រិស្ត និងការគោរពដល់ក្រឹត្យវិន័យរបស់ព្រះ ។ នៅគ្រប់ជំនាន់ អារក្សបានសម្របសម្រួលការល្បួងរបស់វា ទៅរកការរើសអើងឬទំនោររបស់អ្នកដែលវាកំពុងស្វែងរកដើម្បីបោកបញ្ឆោត ។ នៅសម័យសាវ័កប៉ុល សាតាំងបាននាំសាសន៍យូដាឲ្យលើកតម្កើងច្បាប់នៃពិធីបុណ្យ ហើយបដិសេធព្រះគ្រិស្ត ។ រីឯនៅសម័យបច្ចុប្បន្ននេះវិញ វាបានជំរុញឲ្យអ្នកដែលអះអាងថាជាគ្រិស្តបរិស័ទជាច្រើន ធ្វើពុតជាគោរពដល់ព្រះគ្រិស្ត ធ្វើឲ្យមានការមើលងាយដល់ច្បាប់សីលធម៌ ហើយបង្រៀនថាមនុស្សអាចប្រព្រឹត្តល្មើសនឹងបញ្ញត្តិរបស់ច្បាប់នោះដោយមិនមានទោសទណ្ឌអ្វីទេ ។ គឺជាភារកិច្ចនៃអ្នកបម្រើរបស់ព្រះទាំងអស់ ដើម្បីទប់ទល់យ៉ាងរឹងមាំ និងអង់អាចក្លាហាន ទៅនឹងការបោកបញ្ឆោតនៃសេចក្តីជំនឿនេះ ហើយបង្ហាញពីកំហុសរបស់ពួកគេ ដោយគ្មានការភ័យខ្លាច តាមរយៈព្រះបន្ទូល។
នៅក្នុងការខំប្រឹងប្រែងរបស់លោក ដើម្បីទប់ទល់ទំនុកចិត្តបងប្អូនរបស់លោកនៅកាឡាទី លោកបានបញ្ជាក់ថា លោកជាសាវ័ករបស់ព្រះគ្រិស្ត ។ លោកបានប្រកាសថាខ្លួនលោកជាសាវ័កម្នាក់ មិនមែន «អំពីមនុស្ស ឬដោយសារមនុស្សទេ គឺដោយសារព្រះយេស៊ូវគ្រិស្ត និងព្រះដ៏ជាព្រះវរបិតា ដែលបានប្រោសឲ្យទ្រង់រស់ពីសុគតឡើងនោះវិញ» ។ មិនមែនមកពីមនុស្សទេ ប៉ុន្តែ ដោយសារអំណាចគ្រប់គ្រងដ៏ខ្ពស់បំផុតនៅឋានសួគ៌ ដែលលោកបានទទួលការត្រាស់បង្គាប់ ។ ហើយតំណែងរបស់គាត់ត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាទូទៅនៅក្រុងយេរូសាឡិម ជាការសម្រេចចិត្តដែលលោកប៉ុលបានគោរពតាមនៅគ្រប់ទាំងការងាររបស់លោក នៅក្នុងចំណោមពួកសាសន៍ដទៃ។
មិនមែនដើម្បីលើកតម្កើងខ្លួនឯងទេ ប៉ុន្តែ គឺដើម្បីបង្ហាញពីព្រះគុណនៃព្រះវិញ ដែលលោកប៉ុលបានបង្ហាញដល់អ្នកដែលបដិសេធភាពជាសាវ័ករបស់គាត់ ដូច្នេះ គឺជាភស្ដុតាងបញ្ជាក់ថា «ខ្លួនខ្ញុំមិនចាញ់ពួកសាវ័កយ៉ាងធំនោះ ក្នុងការអ្វីសោះឡើយ» (កូរិនថូសទី២ ១១:៥) អស់អ្នកដែលព្យាយាមមើលងាយដល់ការត្រាស់ហៅនិងកិច្ចការរបស់លោក បានប្រឆាំងនឹងព្រះគ្រិស្ត ដែលព្រះគុណនិងអំណាចរបស់ទ្រង់ត្រូវបានបង្ហាញតាមរយៈលោកប៉ុល។ សាវ័ក ប៉ុលត្រូវបានបង្ខំដោយការប្រឆាំងនៃសត្រូវរបស់លោកឲ្យមានជំហររឹងមាំ ក្នុងការរក្សាតំណែងនិងសិទ្ធិអំណាចរបស់លោក។
លោកប៉ុលបានអង្វរករដល់អស់អ្នកដែលធ្លាប់ស្គាល់ព្រះចេស្តារបស់ព្រះ នៅក្នុងជីវិតរបស់ពួកគេ ឲ្យវិលត្រឡប់មកស្រឡាញ់ដល់សេចក្ដីពិតនៃដំណឹងល្អរបស់ពួកគេ ដូចកាលគ្រាដំបូងឡើងវិញ ។ លោកបានបង្ហាញនៅពីមុខពួកគេយ៉ាងច្បាស់ឥតប្រកែកបាន នូវឯកសិទ្ធិនៃការក្លាយជាបុរសនិងនារីដែលមានសេរីភាពនៅក្នុងព្រះគ្រិស្ត តាមរយៈព្រះគុណដែលធួននឹងបាបរបស់អ្នកដែលចុះចូលជាមួយនឹងទ្រង់ទាំងស្រុង ដែលត្រូវបានពាក់អាវផាយនៃសេចក្ដីសុចរិតរបស់ទ្រង់ ។ លោកបានលើកយកស្ថានភាពដែលមនុស្សគ្រប់រូប ដែលនឹងត្រូវបានសង្រ្គោះត្រូវតែយកចិត្តទុកដាក់ គឺបទពិសោធន៍ផ្ទាល់ខ្លួននៅក្នុងកិច្ចការរបស់ព្រះ។
ពាក្យអង្វរដ៏ស្មោះរបស់សាវ័កប៉ុលមិនមែនមិនមានផលផ្លែទេ។ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការដោយព្រះចេស្តា ហើយមានមនុស្សជាច្រើនបានដើរចេញពីផ្លូវវង្វេង ហើយវិលត្រឡប់មករកជំនឿនៅក្នុងដំណឹងល្អរបស់ពួកគេវិញ ។ ចាប់តាំងពីពេលនោះមក ពួកគេបានឈររឹងមាំនៅក្នុងសេរីភាព ដែលព្រះគ្រិស្តបានរំដោះពួកគេចេញមក ។ មានផលផ្លែនៃព្រះវិញ្ញាណកើតចេញពីជីវិតរបស់ពួកគេ គឺ «សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់» ។ ព្រះនាមរបស់ព្រះជាម្ចាស់ត្រូវបានតម្កើងឡើង ហើយមនុស្សជាច្រើនបានជឿលើព្រះនាមរបស់ព្រះអង្គ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥឡូវនេះ តើអ្នកបង្អង់ចាំអ្វីទៀត ចូរក្រោកឡើងទទួលបុណ្យជ្រមុជទឹក ហើយលាងបាបអ្នកចេញចុះ ដោយការអំពាវនាវដល់ព្រះនាមព្រះអម្ចាស់។ (កិច្ចការ ២២:១៦)