ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៧)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ២០:៤ ដល់ ២១:៦។
ដំណើរចុងក្រោយបង្អស់របស់លោកប៉ុល ទៅកាន់ទីក្រុងយេរូសាឡិម
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នាងអេសធើរ ជំពួក១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ហើយខំថែរក្សាហ្វូងសិស្ស ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យធ្វើជាអ្នកគង្វាលដល់គេ ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ។ កិច្ចការ ២០:២៨
លោកប៉ុលបានប្រាថ្នាយ៉ាងអន្ទះសាចង់ទៅក្រុងយេរូសាឡិមដោយអំណរឲ្យបានមុនបុណ្យរំលង ដើម្បីមានឱកាសជួបនឹងអ្នកដែលមកចូលរួមក្នុងពិធីបុណ្យនេះ ពីគ្រប់ទិសទីនៃពិភពលោក ។ លោកមានអំណរដោយសង្ឃឹមថានឹងអាចមានឥទ្ធិពល ដោយវិធីណាមួយ ក្នុងការលុបបំបាត់ចោលការរើសអើងនៃជនរួមជាតិរបស់លោក ដែលមិនជឿព្រះ ដើម្បីឲ្យពួកគេអាចទទួលយកពន្លឺដ៏វិសេសនៃដំណឹងល្អ ។ លោកក៏ចង់ជួបពួកជំនុំនៅក្រុងយេរូសាឡិមហើយផ្តល់ឲ្យពួកគេនូវអំណោយទានដែលពួកជំនុំជាសាសន៍ដទៃបានផ្ញើមកដល់បងប្អូនដែលក្រីក្រនៅស្រុកយូដាផងដែរ។ ហើយលោកសង្ឃឹមថានឹងបង្កើតឲ្យមានទំនាក់ទំនងរឹងមាំ រវាងសាសន៍យូដានិងសាសន៍ដទៃដែលបានកែប្រែចិត្ត ដោយដំណើរទស្សនកិច្ចនេះ។
ដោយបានបញ្ចប់ការងាររបស់លោកនៅទីក្រុងកូរិនថូស លោកបានតាំងចិត្តធ្វើដំណើរដោយផ្ទាល់ទៅកាន់កំពង់ផែមួយនៅឆ្នេរសមុទ្រភីលីស្ទីន។ ការរៀបចំសម្រាប់ការធ្វើដំណើរបានរួចជាស្រេច ហើយលោកហៀបនឹងចុះសំពៅធ្វើដំណើរចេញទៅ ពេលនោះគេបានជម្រាបលោកអំពីផែនការក្បត់ចង់សម្លាប់លោករបស់សាសន៍យូដា ។ កន្លងមកអ្នកប្រឆាំងខាងជំនឿទាំងនេះធ្លាប់ខកខានមិនបានសម្រេចគោលបំណងក្នុងការខិតខំប្រឹងប្រែងបញ្ចប់ការងាររបស់សាវ័កប៉ុលជាច្រើនដង។
ជោគជ័យក្នុងការផ្សព្វផ្សាយដំណឹងល្អបានធ្វើឲ្យកំហឹងរបស់សាសន៍យូដាផ្ទុះឡើងជាថ្មី ។ ការរីករាលដាលនៃគោលលទ្ធិថ្មី ដែលសាសន៍យូដាត្រូវបានគេដោះលែងពីការគោរពដល់ពិធីតាមច្បាប់នៃពិធីបុណ្យផ្សេងៗ និងថាសាសន៍ដទៃត្រូវបានគេទទួលស្គាល់ថាមានសិទ្ធិស្មើគ្នាជាមួយពួកសាសន៍យូដាដូចជាកូនចៅអ័ប្រាហាំដែរ បានកើតឡើងរៀងរាល់ត្រីមាស។ នៅក្នុងការអធិប្បាយរបស់លោក នៅទីក្រុងកូរិនថូស លោកប៉ុលបានបង្ហាញនូវអំណះអំណាងដូចគ្នានឹងកាលដែលលោកបានដាស់តឿនយ៉ាងដាច់ខាត នៅក្នុងសំបុត្ររបស់លោកដែរ ។ សេចក្តីថ្លែងការណ៍ដ៏ជ្រាលជ្រៅរបស់លោកគឺថា «គ្មានសាសន៍ក្រិក និងសាសន៍យូដា ការកាត់ស្បែក ហើយមិនកាត់ស្បែក» (កូឡូស ៣:១១) ដែលសត្រូវរបស់លោកបានចាត់ទុកថាជាការប្រមាថនោះឡើយ ហើយពួកគេបានកំណត់ថានឹងបំបាត់សំឡេងរបស់លោកឲ្យបាត់ស្ងាត់។
ដោយទទួលការព្រមានអំពីផែនការនោះ លោកប៉ុលបានសម្រេចចិត្ដធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូនវិញ។ លោកបានបោះបង់ចោលផែនការរបស់លោកដើម្បីទៅដល់ក្រុងយេរូសាឡិមឲ្យទាន់ពេលបុណ្យរំលង ប៉ុន្តែ លោកសង្ឃឹមថានឹងមាននៅទីនោះនៅថ្ងៃបុណ្យទី៥០វិញ។
អមដំណើរជាមួយលោកប៉ុលនិងលូកា «មានសូប៉ាត្រុសដែលនៅក្រុងបេរាអើរីស្តាក និងសេគុនដុស ពីពួកថែស្សាឡូនីច កៃយុស និងធីម៉ូថេ ពីក្រុងឌើបេ ហើយទីឃីកុស និងទ្រភីម ពីស្រុកអាស៊ី គេជូនដំណើរទៅត្រឹមស្រុកអាស៊ី»។ លោកប៉ុលបានយកលុយជាច្រើនទៅជាមួយដែលបានមកពីពួកជំនុំនៃសាសន៍ដទៃ ដែលលោកមានផែនការនឹងប្រគល់ដល់ដៃអ្នកទទួលខុសត្រូវកិច្ចការនៅស្រុកយូដា។ ហើយដោយហេតុនេះ ទើបលោកបានរៀបចំនាំយកបងប្អូនមួយចំនួន មកពីពួកជំនុំផ្សេងៗដែលចូលរួមផ្តល់វិភាគទាននោះទៅក្រុងយេរូសាឡិមជាមួយនឹងលោក។
លោកប៉ុលបានស្នាក់នៅដើម្បីប្រារព្ធពិធីបុណ្យរំលងនៅក្រុងភីលីព។ មានតែលោក លូកាប៉ុណ្ណោះដែលនៅជាមួយលោក ឯសមាជិករួមដំណើរជាមួយលោកផ្សេងទៀតបានឆ្លងទៅចាំលោកមុននៅក្រុងត្រូអាស។ ពួកភីលីស្ទីន ជាមនុស្សដែលពេញដោយក្តីស្រឡាញ់និងស្មោះត្រង់បំផុតចំពោះការកែប្រែចិត្តរបស់សាវ័កប៉ុល បានរីករាយក្នុងពិធីបុណ្យនេះដោយអំណរ និងសុខសាន្តជាមួយនឹងលោកក្នុងអំឡុងពេលប្រាំបីថ្ងៃ។
ដោយចុះសំពៅចេញពីក្រុងភីលីពទៅ លោកប៉ុលនិងលោកលូកាបានទៅជួបមិត្ដភក្ដិរបស់ពួកគេ នៅក្រុងត្រូអាស នៅពេលប្រាំថ្ងៃក្រោយ ហើយបានស្នាក់នៅជាមួយពួកអ្នកជឿនៅទីនោះអស់ប្រាំពីរថ្ងៃ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥឡូវនេះ តើអ្នកបង្អង់ចាំអ្វីទៀត ចូរក្រោកឡើងទទួលបុណ្យជ្រមុជទឹក ហើយលាងបាបអ្នកចេញចុះ ដោយការអំពាវនាវដល់ព្រះនាមព្រះអម្ចាស់។ (កិច្ចការ ២២:១៦)