កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៧)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នាងអេសធើរ ជំពួក២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ ឲ្យចាំយាមចុះ ចូរនឹកចាំថា ក្នុងរវាង៣ឆ្នាំ ខ្ញុំចេះតែប្រដៅទូន្មានដល់អ្នករាល់គ្នានិមួយៗ ដោយទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ។ កិច្ចការ ២០:៣១
នៅល្ងាចចុងក្រោយនៃការស្នាក់នៅរបស់លោក ពួកបងប្អូនទាំងអស់និង «ពួកសិស្សបានប្រជុំគ្នាដើម្បីកាច់នំប័ុង» ។ នេះជាមូលហេតុដែលលោកគ្រូជាទីស្រឡាញ់របស់ពួកគេ បានប្រមូលផ្តុំមនុស្សជាច្រើនខុសពីធម្មតា មុននឹងលោកចាកចេញទៅ។ ពួកគេបានជួបជុំគ្នានៅ «បន្ទប់ខាងលើ» ជាន់ទីបី។ នៅទីនោះដោយមានសេចក្ដីស្រឡាញ់ដ៏ក្លៀវក្លានិងការយកចិត្តទុកដាក់ចំពោះពួកគេបន្ទាប់មកសាវ័កប៉ុលបានអធិប្បាយរហូតដល់ពាក់កណ្ដាលអាធ្រាត្រ។
គ្រានោះមានយុវជនម្នាក់ឈ្មោះអ៊ើទីកុស អង្គុយនៅមាត់បង្អួចមួយ។ នៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ យុវជននោះបានដេកលក់ហើយបានធ្លាក់ចុះទៅទីលានខាងក្រោម ។ ភ្លាមៗនោះមនុស្សទាំងអស់ក៏ផ្អើលឆោឡោឡើង។ ក្មេងនោះបានស្លាប់បាត់ទៅហើយ មានមនុស្សជាច្រើនប្រមូលគ្នាកកកុញជុំវិញក្មេងនោះ ទាំងយំស្រែកនិងកាន់ទុក្ខផង ។ ប៉ុន្ដែ លោកប៉ុលបានដើរកាត់ហ្វូងមនុស្សដែលកំពុងព្រួយបារម្ភ ទៅឱបត្រកងវា ហើយអធិដ្ឋានអស់ពីចិត្ត សូមឲ្យព្រះប្រទានជីវិតដល់ក្មេងនេះវិញ ។ ព្រះបានប្រទានតាមការទូលសុំរបស់លោក ។ គេបានឮសំឡេងរបស់សាវ័កប៉ុលកាត់សំឡេងទួញសោកនិងកាន់ទុក្ខថា «កុំយំស្រែកអ្វីឡើយ ដ្បិតវាមានជីវិតទេ»។ ពួកអ្នកជឿទាំងអស់ក៏ជួបជុំគ្នានៅបន្ទប់ខាងលើជាថ្មីឡើងវិញ។ ពួកគេបានប្រារព្ធពិធីប្រកបគ្នា ហើយបន្ទាប់មកលោកប៉ុល «ក៏និយាយគ្នាជាយូរទៅ រហូតដល់ភ្លឺ»។
សំពៅដែលលោកប៉ុល និងមិត្ដភក្ដិបន្តធ្វើដំណើរទៅ ហៀបនឹងចេញដំណើរហើយ បងប្អូនទាំងអស់ក៏ប្រញាប់ប្រញាល់ចុះសំពៅទៅ។ ទោះជាយ៉ាងនេះក៏ដោយ ក៏សាវ័កប៉ុលបានជ្រើសរើសធ្វើដំណើរតាមផ្លូវកាត់នៅលើដីគោក វាងក្រុងត្រូអាសនិងអាសុស ទៅជួបសហការីរបស់លោកនៅទីក្រុងបន្ទាប់ទៅវិញ ។ ដំណើរតាមផ្លូវគោកនេះបានផ្ដល់ឱកាសឲ្យលោកមានពេលគិតគូរពិចារណានិងអធិដ្ឋានបាន។ ការលំបាកនិងគ្រោះថ្នាក់ដែលទាក់ទងនឹងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ក្រុងយេរូសាឡិម នៅទីនោះ ឥរិយាបថរបស់ពួកជំនុំចំពោះលោកនិងការងាររបស់លោកក៏ដូចជាស្ថានភាពនៃពួកជំនុំនិងផលប្រយោជន៍នៃដំណឹងល្អ នៅកន្លែងផ្សេងៗទៀត គឺជាប្រធានបទដែលធ្វើឲ្យលោកមានកង្វល់នៅក្នុងចិត្តជានិច្ច ហើយលោកបានឆ្លៀតឱកាសដ៏ពិសេសនេះដើម្បីស្វែងរកព្រះសម្រាប់ជាកម្លាំងនិងការណែនាំ។
នៅពេលសំពៅបានបើកសំដៅទៅទិសខាងត្បូងពីក្រុងអាសុស ពួកគេបានឆ្លងកាត់ទីក្រុងអេភេសូរ ជាកន្លែងដែលសាវ័កប៉ុលបានធ្វើការជាយូរមកហើយ ។ លោកប៉ុលប្រាថ្នាចង់ ទៅសួរសុខទុក្ខពួកជំនុំនៅទីនោះជាខ្លាំង ដ្បិតលោកមានការណែនាំនិងដំបូន្មានដ៏សំខាន់ដើម្បីប្រាប់ដល់ពួកគេ ។ ក៏ប៉ុន្ដែ ដោយពិចារណាឃើញថាលោកត្រូវសម្រេចប្រញាប់បន្តដំណើរទៅទៀត ព្រោះលោកប្រាថ្នាចង់ «ប្រញាប់ទៅក្រុងយេរូសាឡិមឲ្យទាន់បុណ្យថ្ងៃទី៥០ បើសិនជាបាន»។ ប៉ុន្ដែ ទោះជាយ៉ាងនេះក៏ដោយ ពេលមកដល់ក្រុងមីលេត ដែលមានចម្ងាយប្រហែលសែសិបប្រាំបីគីឡូម៉ែត្រពីក្រុងអេភេសូរ លោកបានដឹងថាប្រហែលជាអាចទាក់ទងជាមួយពួកជំនុំមុនបាន មុននឹងសំពៅចេញដំណើរ។ ដូច្នេះ លោកក៏បានបញ្ជូនដំណឹងជាបន្ទាន់ដល់ពួកចាស់ទុំ ឲ្យពួកគេប្រញាប់ចុះមកក្រុងមីលេត ដើម្បីឲ្យលោកអាចជួបនឹងពួកគេ មុននឹងបន្តដំណើរទៅមុខទៀត។
ពួកគេក៏បានចុះទៅតាមការអញ្ជើញរបស់លោក ហើយលោកប៉ុលបានមានប្រសាសន៍ជាពាក្យសរសើរនិងលាពួកគេធ្ងន់ៗ និងគួរឲ្យចាប់ចិត្ត ។ លោកបានមានប្រសាសន៍ថា «លុះមកដល់ហើយ គាត់និយាយទៅគេថា ឯកិរិយារបស់ខ្ញុំ គ្រប់ពេលគ្រប់វេលា ដែលនៅជាមួយនឹងអ្នករាល់គ្នា តាំងពីថ្ងៃដែលខ្ញុំចូលទៅស្រុកអាស៊ីមុនដំបូង គឺដែលខ្ញុំបានបម្រើព្រះអម្ចាស់ ដោយចិត្តសុភាពគ្រប់ជំពូក ហើយស្រក់ទឹកភ្នែកជាច្រើនទាំងត្រូវសេចក្តីល្បង ដោយកិច្ចកលរបស់ពួកសាសន៍យូដាបែបយ៉ាងណា នោះអ្នករាល់គ្នាដឹងស្រាប់ហើយ ក៏ដឹងថា ខ្ញុំមិនបានខាននឹងប្រាប់សេចក្តីអ្វី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ គឺបានបង្រៀនដល់អ្នករាល់គ្នានៅកណ្តាលជំនុំវិញ ហើយពីផ្ទះមួយទៅផ្ទះមួយផង ក៏ធ្វើបន្ទាល់អស់ពីចិត្តដល់ទាំងពួកសាសន៍យូដា និងពួកសាសន៍ក្រិកផង គឺពីការប្រែចិត្តទៅឯព្រះ ហើយពីសេចក្តីជំនឿ ជឿដល់ព្រះអម្ចាស់យេស៊ូវគ្រិស្តនៃយើងរាល់គ្នា»។
លោកប៉ុលធ្លាប់លើកតម្កើងក្រឹត្យវិន័យរបស់ព្រះ ។ លោកបានបង្ហាញថានៅក្នុងក្រឹត្យវិន័យនេះមិនមានអំណាចនឹងជួយសង្រ្គោះមនុស្សឲ្យរួចពីទណ្ឌកម្មនៃការមិនស្តាប់បង្គាប់ទេ។ អ្នកប្រព្រឹត្ដខុសត្រូវកែប្រែចិត្ដពីអំពើបាបរបស់ខ្លួន ហើយបន្ទាបខ្លួននៅចំពោះព្រះ ដែលពួកគេទទួលសេចក្ដីក្រោធរបស់ទ្រង់ ដោយសារតែការរំលងនឹងក្រឹត្យវិន័យនោះ ហើយពួកគេក៏ត្រូវមានជំនឿលើព្រះលោហិតរបស់ព្រះគ្រិស្ត ជាមធ្យោបាយតែមួយគត់ដើម្បីអត់ទោសបាបផងដែរ ។ ព្រះរាជបុត្រានៃព្រះបានសុគតជាតង្វាយយញ្ញបូជារបស់ពួកគេ ហើយបានយាងឡើងទៅឋានសួគ៌ ដើម្បីឈរនៅចំពោះព្រះវរបិតា ជាអយ្យការបស់ពួកគេ។ តាមរយៈការកែប្រែចិត្តនិងសេចក្ដីជំនឿ ពួកគេអាចរួចផុតពីការផ្ដន្ទាទោសនៃអំពើបាប ហើយតាមរយៈព្រះគុណនៃព្រះគ្រិស្ត ពួកគេអាចគោរពដល់ក្រឹត្យវិន័យរបស់ព្រះចាប់ពីពេលនេះតទៅ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥឡូវនេះ តើអ្នកបង្អង់ចាំអ្វីទៀត ចូរក្រោកឡើងទទួលបុណ្យជ្រមុជទឹក ហើយលាងបាបអ្នកចេញចុះ ដោយការអំពាវនាវដល់ព្រះនាមព្រះអម្ចាស់។ (កិច្ចការ ២២:១៦)