ថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៧)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នាងអេសធើរ ជំពួក៣
លោកប៉ុលបានបន្តថា «ឥឡូវនេះ មើល ខ្ញុំមានសេចក្តីបណ្តាលក្នុងចិត្ត ចង់ទៅឯក្រុងយេរូសាឡិម ឥតដឹងការអ្វីដែលនឹងកើតដល់ខ្ញុំនៅទីនោះទេ ដឹងតែប៉ុណ្ណេះថា ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ដល់ខ្ញុំ នៅគ្រប់ទីក្រុងថា មានចំណង និងសេចក្តីវេទនា នៅរង់ចាំខ្ញុំ ប៉ុន្តែ នោះមិនអំពល់អ្វីដល់ខ្ញុំទេ ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរចុះ ព្រមទាំងការងារ ដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ ឥឡូវនេះ មើល ខ្ញុំដឹងហើយថា ក្នុងពួកអ្នករាល់គ្នា ដែលខ្ញុំបានដើរទៅមកជាមួយ ដោយភប់ប្រសព្វគ្នា ទាំងប្រកាសប្រាប់ពីនគរនៃព្រះ នោះគ្មានអ្នកណាមួយនឹងឃើញមុខខ្ញុំទៀតឡើយ»។
លោកប៉ុលមិនមានបំណងធ្វើទីបន្ទាល់នេះទេ ប៉ុន្តែ នៅពេលដែលលោកកំពុងនិយាយ ព្រះវិញ្ញាណនៃការបណ្តាលចិត្តបានមកសណ្ឋិតលើលោក បញ្ជាក់ពីការភ័យខ្លាចរបស់លោក ថានេះគឺជាកិច្ចប្រជុំចុងក្រោយបង្អស់របស់លោកជាមួយនឹងបងប្អូនក្រុងអេភេសូររបស់លោកហើយ។
«ដូច្នេះ ខ្ញុំធ្វើបន្ទាល់ដល់អ្នករាល់គ្នានៅថ្ងៃនេះថា ខ្លួនខ្ញុំបរិសុទ្ធពីឈាមអ្នករាល់គ្នាទាំងអស់ ព្រោះខ្ញុំមិនបានខាននឹងប្រាប់អ្នករាល់គ្នា ពីគ្រប់ទាំងគំនិតរបស់ព្រះទេ» ។ មិនមានការភ័យខ្លាចក្នុងការប្រឆាំង មិនមានសេចក្តីប្រាថ្នាចង់មានមិត្តភាពឬការទះដៃអបអរ ដែលអាចដឹកនាំលោកប៉ុលឲ្យដកយកព្រះបន្ទូលដែលព្រះបានប្រទានឲ្យលោក ដើម្បីបង្រៀន ប្រដៅ ឬកែលម្អ នោះឡើយ។ ព្រះចង់ឲ្យអ្នកបម្រើរបស់ទ្រង់នាពេលសព្វថ្ងៃនេះអធិប្បាយព្រះបន្ទូល និងអនុវត្តតាមបញ្ញត្តិនៃក្រឹត្យវិន័យរបស់ទ្រង់ ដោយគ្មានការភ័យខ្លាច។ អ្នកបម្រើរបស់ព្រះគ្រិស្តមិនត្រូវបង្ហាញដល់មនុស្សនូវសេចក្តីពិតណាដែលធ្វើឲ្យគេសប្បាយចិត្ត ហើយលាក់ទុកនូវព្រះបន្ទូលដែលធ្វើឲ្យគេឈឺចាប់នោះឡើយ។ គេគួរតែប្រុងប្រយ័ត្នដោយយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា នូវការអភិវឌ្ឍន៍អត្តចរិត។ ប្រសិនបើគេមើលឃើញចៀមរបស់ខ្លួនកំពុងរីករាយជាមួយនឹងអំពើបាប គេត្រូវតែប្រាប់ចៀមនោះពីព្រះបន្ទូលរបស់ព្រះ ក្នុងនាមជាអ្នកគង្វាលល្អ ដើម្បីបង្រៀនឲ្យត្រូវទៅតាមករណីរបស់អ្នកនោះ។ ប្រសិនបើគេនៅតែបណ្តោយឲ្យពួកគេនៅតែបន្តធ្វើខុសដោយទំនុកចិត្តលើខ្លួនឯង ទាំងគ្មានការព្រមាននោះ អ្នកគង្វាលនោះនឹងទទួលខុសត្រូវចំពោះព្រលឹងរបស់ពួកគេហើយ ។ គ្រូគង្វាលដែលបំពេញតាមការត្រាស់បង្គាប់ដ៏ខ្ពស់របស់ខ្លួន ត្រូវតែបង្រៀនដល់មនុស្សរបស់ខ្លួនដោយស្មោះត្រង់ នូវគ្រប់ទាំងចំណុចនៃជំនឿរបស់គ្រិស្តបរិស័ទ ដោយបង្ហាញដល់ពួកគេអំពីអ្វីដែលពួកគេត្រូវរស់នៅ និងត្រូវធ្វើ ដើម្បីឈរឲ្យបានគ្រប់លក្ខណ៍ នៅក្នុងថ្ងៃនៃព្រះ។ មានតែអ្នកដែលជាគ្រូបង្រៀនដ៏ស្មោះត្រង់ទេ ដែលអាចនិយាយជាមួយលោកប៉ុលថា «ខ្ញុំបានស្អាតពីឈាមរបស់មនុស្សទាំងអស់ហើយ» នៅចុងបញ្ចប់នៃកិច្ចការរបស់ខ្លួន។
សាវ័កប៉ុលបានកោតសរសើរដល់បងប្អូនរបស់លោកថា «ដូច្នេះ ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ហើយខំថែរក្សាហ្វូងសិស្ស ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យធ្វើជាអ្នកគង្វាលដល់គេ ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ»។ ប្រសិនបើគ្រូគង្វាលទាំងឡាយនៃដំណឹងល្អ ចងចាំជានិច្ចនៅក្នុងចិត្តពីមូលហតុដែលពួកគេកំពុងតែដោះស្រាយជាមួយនឹងអ្នកដែលព្រះបានទិញដោយព្រះលោហិតរបស់ព្រះគ្រិស្ត នោះពួកគេនឹងដឹងយ៉ាងច្បាស់ពីសារៈសំខាន់នៃកិច្ចការរបស់ពួកគេ ពួកគេត្រូវតែយកចិត្តទុកដាក់ចំពោះខ្លួនឯង និងចំពោះហ្វូងចៀមរបស់ខ្លួន គំរូរបស់ពួកគេគឺសម្រាប់បកស្រាយ និងសម្រាប់ជំរុញដល់ការបង្រៀនរបស់ពួកគេ ។ ក្នុងនាមជាគ្រូបង្រៀនពីវិធីនៃជីវិត ពួកគេមិនគួរផ្តល់ឱកាសឲ្យអ្នកណានិយាយអាក្រក់ពីសេក្តីពិតឡើយ ។ ក្នុងនាមជាអ្នកតំណាងរបស់ព្រះគ្រិស្ត ពួកគេត្រូវរក្សាកិត្តិយសនៃព្រះនាមរបស់ទ្រង់។ ដោយការលះបង់រូបភាពស្អាតស្អំនៃជីវិត ការសន្ទនាដែលមានសីលធម៌ របស់ពួកគេ ពួកគេត្រូវបង្ហាញថាពួកគេសក្ដិសមនឹងការត្រាស់ហៅដ៏ខ្ពង់ខ្ពស់របស់ពួកគេ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥឡូវនេះ តើអ្នកបង្អង់ចាំអ្វីទៀត ចូរក្រោកឡើងទទួលបុណ្យជ្រមុជទឹក ហើយលាងបាបអ្នកចេញចុះ ដោយការអំពាវនាវដល់ព្រះនាមព្រះអម្ចាស់។ (កិច្ចការ ២២:១៦)