ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣៣)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អែសរ៉ា ជំពួក៩

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរ​អរ​សប្បាយ ដោយ​មាន​សង្ឃឹម ចូរ​អត់​ធន់​ក្នុង​សេចក្តី​ទុក្ខ​លំបាក ចូរ​ឲ្យ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្តី​អធិស្ឋាន។ រ៉ូម ១២:១២

ជួនកាលលោកប៉ុលធ្វើការទាំងយប់ទាំងថ្ងៃ មិនមែនសម្រាប់តែដើម្បីផ្គត់ផ្គង់ខ្លួនឯងប៉ុណ្ណោះទេ តែលោកក៏អាចជួយបងប្អូនរួមការងាររបស់លោកផងដែរ ។ គាត់បានចែកចាយប្រាក់ចំណេញរបស់លោកជាមួយលោកលូកា ហើយលោកបានជួយដល់ធីម៉ូថេ ។ លោកថែមទាំងបានអត់អាហារ នៅពេល ខ្លះ ដើម្បីជួយដោះស្រាយភាពចាំបាច់របស់អ្នកដទៃទៀតផង ។ លោកបានរស់នៅជាជីវិតដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។ នៅចុងបញ្ចប់នៃកិច្ច បម្រើរបស់លោក ក្នុងឱកាសនៃការលាគ្នារបស់គាត់ លោកបានមានប្រសាសន៍ទៅកាន់ពួកចាស់ទុំនៅអេភេសូរ នៅមីលេតូស លោកអាចលើកដៃដែលឧស្សាហ៍ធ្វើការរបស់លោក ហើយលោកមានប្រសាសន៍ថា «ខ្ញុំមិនដែល​លោភចង់បានប្រាក់ មាស ឬសម្លៀកបំពាក់របស់អ្នកណាឡើយ អ្នករាល់​គ្នាដឹងហើយថា ដៃខ្ញុំនេះបានផ្គត់ផ្គង់គ្រប់របស់ដែលខ្ញុំត្រូវការព្រមទាំងពួកអ្នកដែលនៅជាមួយផង ខ្ញុំបានបង្ហាញអ្នករាល់គ្នាដោយគ្រប់ការទាំងអស់ថា គួរឲ្យខំធ្វើការដូច្នោះ ដើម្បីឲ្យបានជួយដល់ពួកអ្នកខ្សោយ ហើយនិងនឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានព្រះបន្ទូលថា ដែលឲ្យនោះ​បានពរជាជាងទទួល» (កិច្ចការ ២០:២៣-៣៥)។

ប្រសិនបើពួកគ្រូគង្វាលបានដឹងថាពួកគេរងទុក្ខវេទនានិងមានការបង្អត់អាហារ ដោយសារកិច្ចការរបស់ព្រះគ្រិស្ត នោះចូរឲ្យពួកគេគិតពីកន្លែងដែលលោកប៉ុលខំប្រឹងធ្វើការ ។ ចូរឲ្យពួកគេចងចាំក្នុងចិត្តថា ខណៈមនុស្សដែលព្រះបានជ្រើសរើសនេះកំពុងធ្វើផ្ទាំងសំយ៉ាប គឺលោកកំពុងធ្វើការដើម្បីឲ្យបានអាហារដោយការខំប្រឹងប្រែងរបស់លោក ក្នុងនាមជាសាវ័កម្នាក់។

ការងារគឺជាព្រះពរ មិនមែនជាបណ្តាសាទេ ។ ស្មារតីនៃការថប់បារម្ភ បំផ្លាញសេចក្តីកោតខ្លាចដល់ព្រះ ហើយធ្វើឲ្យព្រះវិញ្ញាណនៃព្រះព្រួយបារម្ភ។ វិញ្ញាណនៃការព្រងើយកន្តើយបំផ្លាញភាពដូចព្រះ ហើយធ្វើឲ្យព្រះវិញ្ញាណរបស់ព្រះព្រួយបារម្ភ។ អាងទឹកស្អុយនាំឲ្យមានការប្រមាថមើលងាយ ប៉ុន្តែ​ទឹកប្រឡាយដែលហូរ ផ្សព្វផ្សាយនូវសុខភាពនិងសេចក្តីរីករាយនៅលើដី។ លោកប៉ុលបានដឹងថាអស់អ្នកដែលមិនយកចិត្ដទុកដាក់នឹងការងារខាងរាងកាយ មិនយូរមិនឆាប់នឹងក្លាយជាអ្នកទន់ខ្សោយជាមិនខាន។ លោកចង់បង្រៀនពួកគ្រូគង្វាលក្មេងៗថា ដោយការធ្វើការដោយដៃរបស់ពួកគេ ដោយ​ធ្វើលំហាត់ប្រាណសាច់ដុំ និងសរសៃ ពួកគេនឹងមានភាពរឹងមាំដើម្បីទ្រាំទ្រនឹងការលំបាកនិងការអត់ឃ្លាន ដែលកំពុងរង់ចាំពួកគេនៅតាមកន្លែងបំពេញការងារផ្សេងៗ។ ហើយលោកបានដឹងថាការបង្រៀនរបស់លោកនឹងមិនមានសារៈសំខាន់និងកម្លាំងឡើយ ប្រសិនបើលោកមិនបានអនុវត្តគ្រប់ផ្នែកនៃប្រព័ន្ធទាំងអស់ឲ្យបានត្រឹមត្រូវនោះទេ។

ការព្រងើយកន្តើយបានធ្វើឲ្យបាត់បង់បទពិសោធន៍ដ៏មានតម្លៃ ដែលទទួលបានដោយការអនុវត្តភារកិច្ចទូទៅក្នុងជីវិតដ៏ស្មោះត្រង់ ។ មនុស្ស​មិន​តិចទេ គឺរហូតដល់រាប់ពាន់នាក់ដែលកើតមកសម្រាប់តែប្រើប្រាស់អត្ថប្រយោជន៍ដែលព្រះជាម្ចាស់ប្រទានដល់ពួកគេ ដោយសេចក្តី​មេត្តា​ករុណាប៉ុណ្ណោះ ។ ពួកគេភ្លេចនាំយកតង្វាយអរព្រះគុណមកថ្វាយដល់ព្រះជាម្ចាស់ ដើម្បីថ្លែងអំណរគុណចំពោះទ្រព្យសម្បត្តិដែលទ្រង់បានប្រគល់ដល់ពួកគេ ។ ពួកគេភ្លេចថា ដោយការប្រើប្រាស់ទេពកោសល្យដែលព្រះបានប្រទានឲ្យពួកគេ ដោយឆ្លាតវាងវៃ ពួកគេនឹងក្លាយជាអ្នកផលិតក៏ដូចជាអ្នកប្រើប្រាស់ផងដែរ ។ ប្រសិនបើពួកគេយល់ពីកិច្ចការដែលព្រះជាម្ចាស់ចង់ឲ្យពួកគេធ្វើ ក្នុងនាមជាជំនួយរបស់ទ្រង់ ពួកគេនឹងមិនគេចចេញពីការទទួលខុសត្រូវនោះឡើយ។

ផលប្រយោជន៍របស់យុវជនដែលដឹងថាពួកគេត្រូវបានព្រះត្រាស់ហៅ ឲ្យផ្សព្វផ្សាយដំណឹងល្អ ទីពឹងភាគច្រើនទៅលើរបៀបដែលពួកគេចូលបំពេញការងារនោះ ។ អ្នកដែលព្រះបានជ្រើសរើសសម្រាប់បម្រើកិច្ចការដំណឹងល្អ នឹងផ្ដល់ភស្ដុតាងនៃការត្រាស់ហៅដ៏ខ្ពង់ខ្ពស់របស់ពួកគេ នឹងខំស្វះស្វែងអភិវឌ្ឍឲ្យទៅជាអ្នកបំពេញកិច្ចការដ៏មានប្រសិទ្ធិភាព ដោយប្រើប្រាស់ទ្រព្យសម្បត្តិរបស់គេអស់ពីលទ្ធភាព។ ពួកគេនឹងខិតខំដើម្បីទទួលបានបទពិសោធន៍ដែលនឹងធ្វើឲ្យពួកគេមានសមត្ថភាព ដាក់ផែនការរៀបចំ និងប្រតិបត្តិ។ ជាការកោតសរសើរចំពោះភាពពិសិដ្ឋនៃ​ការត្រាស់​ហៅ​របស់​ពួកគេ ពួកគេនឹងបានដូចជាព្រះដែលជាចៅហ្វាយរបស់គេ កាន់តែ​ខ្លាំង​ឡើងៗ ដោយការដាក់វិន័យខ្លួនឯង ហើយបង្ហាញពីភាពល្អ សេចក្តីស្រឡាញ់ និង​សេចក្តីពិតរបស់ទ្រង់ ។ ហើយនៅពេលដែលពួកគេបង្ហាញភាពស្មោះត្រង់ក្នុងការបង្កើនទេពកោសល្យដែលព្រះបានប្រទានដល់ពួកគេ នោះពួកជំនុំនឹងជួយដល់ពួកគេដោយប្រុងប្រយ័ត្ន។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួងលោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្តី​ជំនឿ ទាំង​ចាក់​ទំលុះ​ខ្លួន​គេដោយ​សេចក្តី​ព្រួយ​លំបាក​ជា​ច្រើន។ ​(ធីម៉ូថេទី១ ៦:១០)

Powered by CAM