ថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣៧)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នាងអេសធើរ ជំពួក​៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ នៅ​វេលា​យប់​នោះ ព្រះអម្ចាស់​ទ្រង់​ឈរ​ជិត​គាត់​មាន​ព្រះបន្ទូល​ថា ចូរ​សង្ឃឹម​ឡើង ប៉ុល​អើយ ដ្បិត​អ្នក​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម ដូច​ជា​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម​ដែរ។ កិច្ចការ ២៣:១១

ព្រះបានបង្ហាញដល់សាវ័កប៉ុល ពីគ្រោះថ្នាក់ដែលនឹងបំផ្លាញពួកជំនុំនៅអេភេសូរ ។ លោកបានមានប្រសាសន៍ថា «ដ្បិតខ្ញុំដឹងថា ក្រោយដែល​ខ្ញុំទៅបាត់ នោះនឹងមានឆ្កែព្រៃដ៏សាហាវ ដែលមិនចេះប្រណីដល់ហ្វូង វានឹង​ចូលមកក្នុងពួកអ្នករាល់គ្នា ហើយក្នុងចំណោមអ្នករាល់គ្នា ក៏នឹងកើតមានមនុស្សដែលនឹងអធិប្បាយសេចក្តីទំនាស់ខុសដែរ ដើម្បីនឹងទាញនាំពួកសិស្សទៅតាមគេវិញ»។ លោកប៉ុលភ័យញាប់ញ័រចំពោះពួកជំនុំ នៅពេល​លោក​សម្លឹងមើលទៅពេលអនាគត លោកបានឃើញការវាយប្រហារដែលពួកជំនុំត្រូវទទួលរងទុក្ខ ទាំងពីសំណាក់សត្រូវខាងក្រៅនិងទាំងខាងក្នុង។ លោកបានបង្គាប់ដោយស្មោះស្ម័គ្របំផុតឲ្យបងប្អូនរបស់លោករក្សាការទុកចិត្តដ៏ពិសិដ្ឋរបស់ពួកគេ។ ឧទាហរណ៍ លោកបានចង្អុលប្រាប់ពួកគេ អំពីការធ្វើការមិនចេះនឿយហត់ផ្ទាល់របស់លោក នៅក្នុងចំណោមពួកគេ«ដូច្នេះ ឲ្យចាំយាមចុះ ចូរនឹកចាំថា ក្នុងរវាងបីឆ្នាំ ខ្ញុំចេះតែប្រដៅទូន្មានដល់អ្នករាល់គ្នានីមួយៗ ដោយទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ»។

លោកបានបន្តថា «ឥឡូវនេះ ខ្ញុំផ្ញើអ្នករាល់គ្នាទុកនឹងព្រះ ហើយនិង​ព្រះ​បន្ទូលនៃព្រះគុណទ្រង់ ដែលអាចនឹងស្អាងចិត្ត ហើយនិងឲ្យអ្នករាល់គ្នាមានកេរ្តិ៍អាករនៅក្នុងពួកនៃអស់អ្នកដែលបានញែកជាបរិសុទ្ធ ខ្ញុំមិនដែល​លោភ​ចង់បានប្រាក់ មាស ឬសម្លៀកបំពាក់របស់អ្នកណាឡើយ» ។ ពួកបងប្អូននៅ​អេភេសូរខ្លះជាអ្នកមាន ប៉ុន្តែ លោកប៉ុលមិនដែលស្វែងរកប្រយោជន៍ពីពួកគេឡើយ។ មិនមែនជាផ្នែកមួយនៃសាររបស់លោកដើម្បីទាក់ទាញចំណាប់អារម្មណ៍ពួកគេ ឲ្យយកចិត្តទុកដាក់ចំពោះសេចក្តីត្រូវការផ្ទាល់ខ្លួនរបស់គាត់ទេ ។ លោកបានមានប្រសាសន៍ថា «ដៃខ្ញុំនេះបានផ្គត់ផ្គង់គ្រប់របស់ ដែលខ្ញុំត្រូវការ ព្រមទាំងពួកអ្នកដែលនៅជាមួយផង» ។ នៅកណ្តាលការខិតខំប្រឹងប្រែងដ៏លំបាករបស់លោក និងការធ្វើដំណើរដ៏វែងឆ្ងាយ ដើម្បីបម្រើកិច្ចការរបស់ព្រះគ្រិស្ត លោកមិនត្រឹមតែអាចផ្គត់ផ្គង់នូវតម្រូវការផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែ លោកថែមទាំងអាចផ្តល់សម្រាប់ការគាំទ្រដល់អ្នកធ្វើការជាមួយ និងជួយសង្គ្រោះដល់ជនក្រីក្រដ៏មានតម្លៃទៀតផង ។ ការនេះលោកអាចសម្រេចបាន ដោយសារតែភាពឧស្សាហ៍ព្យាយាមនិងមុខរបរដ៏ប៉ិនប្រសប់។ លោកអាចបង្ហាញអំពីគំរូរបស់លោកផ្ទាល់ ដោយ​បាន​មានប្រសាសន៍ថា «ខ្ញុំបានបង្ហាញអ្នករាល់គ្នាដោយគ្រប់ការទាំងអស់ថា គួរឲ្យខំធ្វើការដូច្នោះ ដើម្បីឲ្យបានជួយដល់ពួកអ្នកខ្សោយ ហើយនិងនឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានព្រះបន្ទូលថា ដែលឲ្យនោះ​បានពរជាជាងទទួល»។

«លុះបាននិយាយសេចក្តីទាំងនោះរួចហើយ នោះប៉ុលក៏លុតជង្គង់អធិដ្ឋានជាមួយនឹងគេទាំងអស់គ្នា ហើយគ្រប់គ្នាក៏យំជាច្រើន រួចគេឱបក​គាត់ថើបដោយថ្និតថ្នម ទាំងមានសេចក្តីព្រួយពីពាក្យនេះជាដើម គឺដែល​គាត់ថា គេមិនឃើញមុខគាត់ទៀតឡើយ រួចក៏ជូនគាត់ទៅដល់សំពៅ»។

ពីក្រុងមីលេត ពួកអ្នកធ្វើដំណើរបានជិះសំពៅ «បានបើកក្តោង​តម្រង់​ទៅកោះកូស ហើយថ្ងៃក្រោយបានដល់កោះដូរ៉ូស រួចពីនោះ ទៅកោះ​ប៉ាតារ៉ា» នៅទិសខាងលិចនៃតំបន់អាស៊ីកណ្តាល ជាកន្លែងដែល «ឃើញសំពៅមួយមានដំណើរទៅក្រុងភេនីស» ពួកគេ «ក៏ចុះតាមសំពៅនោះ ចេញ​ទៅទៀត» ។ នៅក្រុងទីរ៉ុស ជាកន្លែងដែលសំពៅ​ត្រូវចុះចត​ដើម្បី​រើឥវាន់​នៅ​ទីនោះ ពួកគេបានរកឃើញសិស្សពីរបីនាក់ទៀត ដែលបានអនុញ្ញាតឲ្យពួកសាវ័កស្នាក់នៅទីនោះអស់ប្រាំពីរថ្ងៃ ។ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ពួកសិស្សទាំងនេះបានប្រាប់លោកប៉ុលឲ្យដឹងជាមុនអំពីគ្រោះថ្នាក់ដែលកំពុងរង់ចាំលោក នៅទីក្រុងយេរូសាឡិម ហើយពួកគេបានជំរុញលោក «មិនឲ្យ​ឡើងទៅក្រុងយេរូសាឡិមឡើយ» ។ ប៉ុន្ដែ សាវ័កប៉ុលមិនអនុញ្ញាត​ឲ្យការភ័យខ្លាចការរងទុក្ខនិងគុកច្រវាក់បង្វែរលោកចេញពីគោលបំណងរបស់លោកឡើយ។

នៅចុងបញ្ចប់នៃសប្តាហ៍ដែលលោកចំណាយនៅទីក្រុងទីរ៉ុស ពួកបង​ប្អូនទាំងអស់ ព្រមទាំងប្រពន្ធកូន បាននាំគ្នាធ្វើដំណើរជាមួយ​លោកប៉ុល​ទៅឯសំពៅ ហើយមុននឹងលោកប៉ុលចុះសំពៅចេញទៅពួកគេ​បានលុត​ចង្គង់​នៅមាត់សមុទ្រ ហើយអធិដ្ឋាន គឺពួកគេអធិដ្ឋានជូនលោកប៉ុល ហើយលោកប៉ុលបានអធិដ្ឋានឲ្យពួកគេវិញ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ហើយ​អស់​អ្នក​ដែល​តយុទ្ធ​គ្នា គេ​ខំ​អត់​សង្កត់​ចិត្ត​គ្រប់​ជំពូក គឺ​ធ្វើ​ដូច្នោះដើម្បី​ឲ្យ​បាន​តែ​ភួង​ជ័យ​ដែល​ត្រូវ​ពុករលួយ តែ​យើង​រាល់​គ្នា​វិញគឺ​ឲ្យ​បាន​មកុដ​១ដែល​មិន​ចេះ​ពុករលួយ​ឡើយ បាន​ជា​ខ្ញុំ​ខំ​រត់​យ៉ាង​ដូច្នោះ មិន​មែន​បែប​ដូច​ជា​មិន​ស្គាល់​ផ្លូវ​ទេ ខ្ញុំ​ក៏​ខំ​ប្រដាល់​យ៉ាង​ដូច្នោះ​ដែរ មិន​មែន​ដូច​ជា​ដាល់​ខ្យល់​ទេ។ ​(កូរិនថូសទី១ ៩:២៥-២៦)

Powered by CAM