កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៧)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នាងអេសធើរ ជំពួក៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែអ្នកណាដែលស្តាប់តាមអញ នោះនឹងនៅដោយសេចក្តីសុខពិត ហើយនឹងមានសេចក្តីសំរាក ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ។ សុភាសិត ១:៣៣
ដោយបន្តដំណើររបស់ពួកគេឆ្ពោះទៅទិសខាងត្បូង ពួកអ្នកធ្វើដំណើរទាំងនោះបានមកដល់ក្រុងសេសារ៉ា ហើយ «ក៏ចូលទៅក្នុងផ្ទះរបស់ភីលីពជាអ្នកផ្សាយដំណឹងល្អម្នាក់ក្នុងពួកទាំង៧នាក់នោះ ហើយស្នាក់នៅនឹងគាត់»។ នៅទីនេះ លោកប៉ុលបានចំណាយពេលដែលប្រកបដោយភាពសប្បាយរីករាយនិងសេចក្តីសុខសាន្ត ពីរបីថ្ងៃ ជាគ្រាដែលមានសេរីភាពពេញលេញចុងក្រោយបង្អស់ ដែលលោកមានអំណរជាមួយជាយូរថ្ងៃ។
កាលលោកប៉ុលបានស្នាក់នៅក្រុងសេសារា «នោះមានហោរាម្នាក់ ឈ្មោះអ័ក្កាបុស គាត់ចុះពីស្រុកយូដាមក លុះមកដល់យើងហើយ» លោកលូការមានប្រសាសន៍ថា «គាត់ក៏យកខ្សែក្រវាត់របស់ប៉ុលមក ចងជើងចងដៃខ្លួន ប្រាប់ថា ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលដូច្នេះថា ពួកសាសន៍យូដានឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះបែបយ៉ាងនេះ នៅក្រុងយេរូសាឡិម ហើយនឹងបញ្ជូនទៅក្នុងកណ្តាប់ដៃនៃពួកសាសន៍ដទៃ»។
លោកលូកាបានបន្ដថា «កាលឮដូច្នោះ នោះយើងនិងពួកអ្នកនៅទីនោះ ក៏អង្វរប៉ុល មិនឲ្យឡើងទៅឯក្រុងយេរូឡិមឡើយ» ។ ប៉ុន្ដែ លោកប៉ុលមិនងាកចេញពីផ្លូវនៃកាតព្វកិច្ចរបស់លោកទេ ។ ប្រសិនបើចាំបាច់ លោកនឹងដើរតាមព្រះគ្រិស្ត ទោះបីត្រូវជាប់គុកឬត្រូវស្លាប់ក៏ដោយ ។ លោកបានឧទានឡើងថា «ហេតុអ្វីបានជាយំ ហើយធ្វើឲ្យខ្ញុំពិបាកចិត្តយ៉ាងដូច្នេះ ពីព្រោះខ្ញុំព្រមស្រេចហើយ នឹងឲ្យគេចាប់ចងខ្ញុំចុះ មិនតែប៉ុណ្ណោះសោត ថែមទាំងសុខចិត្តស្លាប់ផង នៅក្នុងក្រុងយេរូសាឡិមទៀត គឺដោយយល់ដល់ព្រះនាមព្រះអម្ចាស់យេស៊ូវ» ។ ដោយមើលឃើញថា បានធ្វើឲ្យលោកប៉ុលឈឺចាប់ដោយការមិនកែប្រែគោលបំណងរបស់ពួកគេ ពួកបងប្អូនទាំងនោះក៏បានបញ្ឈប់ការរំខានរបស់ពួកគេ ដោយនិយាយថា «សូមតាមព្រះហឫទ័យព្រះអម្ចាស់ចុះ»។
មិនយូរប៉ុន្មាន ការស្នាក់នៅបណ្តោះអាសន្ននៅក្រុងសេសារាក៏បានមកដល់ទីបញ្ចប់ ហើយលោកប៉ុលក៏បានចេញដំណើរបន្តទៅកាន់ទីក្រុងយេរូសាឡិម ដោយមានពួកបងប្អូនជាច្រើនអមដំណើរទៅជាមួយផង ចិត្តរបស់ពួកគេបានស្ងប់ស្ងាត់ដោយសារប្រផ្នូលនៃការអាក្រក់ដែលនឹងកើតឡើងនៅពេលខាងមុខ។
សាវ័កប៉ុលមិនដែលចូលមកដល់ទីក្រុងយេរូសាឡិម ដោយមានចិត្ដព្រួយបែបនេះឡើយ ។ លោកបានដឹងថា លោកនឹងរកបានមិត្តភក្តិតិច តែសត្រូវមានច្រើន ។ លោកមកជិតដល់ទីក្រុងដែលបានបដិសេធហើយធ្វើគតព្រះរាជបុត្រានៃព្រះ ហើយដែលឥឡូវនេះកំពុងទទួលការគំរាមកំហែងពីសេចក្ដីក្រោធរបស់ព្រះ ។ ដោយឃើញភាពជូរចត់នៃការរើសអើងរបស់លោក ប្រឆាំងនឹងអ្នកដើរតាមព្រះគ្រិស្ត លោកអាណិតអាសូរដល់ជនរួមជាតិរបស់លោកជាខ្លាំង ។ ហើយលោកសង្ឃឹមថានឹងអាចជួយពួកគេបានតិចតួចបំផុត! កំហឹងដ៏ងងឹងងងល់ដែលធ្លាប់បានឆេះឆួលនៅក្នុងចិត្ដរបស់លោកនោះ ឥឡូវនេះកំពុងឆាបឆេះនៅក្នុងចិត្តរបស់មនុស្សទូទាំងនគរ ប្រឆាំងទាស់នឹងលោក ដែលគ្មានអំណាចអ្វីមកពន្លត់បានឡើយ។
ហើយលោកមិនអាចទីពឹងទៅលើការអាណិតអាសូរនិងការគាំទ្ររបស់បងប្អូនរបស់លោកនៅក្នុងជំនឿឡើយ ។ សាសន៍យូដាដែលមិនបានកែប្រែចិត្ដ ដែលបានដើរតាមលំអានរបស់លោកយ៉ាងជិតស្និទ្ធ បានផ្សព្វផ្សាយរបាយការណ៏ដែលមិនពេញចិត្តបំផុតនៅក្រុងយេរូសាឡិម ទាក់ទងនឹងរូបលោកនិងកិច្ចការរបស់លោក យ៉ាងឆាប់រហ័សទាំងប្រាប់ផ្ទាល់មាត់ពីម្នាក់ទៅម្នាក់និងដោយសំបុត្រ ហើយមានអ្នកខ្លះ រហូតដល់ពួកសាវ័កនិងពួកចាស់ទុំផង បានទទួលយករបាយការណ៍ទាំងនេះថាជាការពិត ថែមទៀត។ ដោយមិនមានបំណងប្រឆាំងនឹងរបាយការណ៍ទាំងនេះឡើយ ហើយក៏មិនបានបង្ហាញពីបំណងចង់ឯកភាពជាមួយលោកផងដែរ។
ប៉ុន្ដែ នៅកណ្តាលការធ្លាក់ទឹកចិត្ដនេះសាវ័កប៉ុលមិនអស់សង្ឃឹមឡើយ។ លោកបានជឿទុកចិត្តថាព្រះសូរសៀងដែលបានមានបន្ទូលមកកាន់ដួងចិត្តរបស់លោក ក៏នឹងមានបន្ទូលទៅកាន់ចិត្តបងប្អូនរួមជាតិរបស់លោកផងដែរ និងថាព្រះជាចៅហ្វាយដែលពួកសិស្សបានស្រឡាញ់ និងបម្រើ នឹងបង្រួបបង្រួមចិត្តរបស់ពួកគេ ជាមួយលោកនៅក្នុងកិច្ចការផ្សាយដំណឹងល្អ ជាក់ជាមិនខាន។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ហើយអស់អ្នកដែលតយុទ្ធគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយ តែយើងរាល់គ្នាវិញគឺឲ្យបានមកុដ១ដែលមិនចេះពុករលួយឡើយ បានជាខ្ញុំខំរត់យ៉ាងដូច្នោះ មិនមែនបែបដូចជាមិនស្គាល់ផ្លូវទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ។ (កូរិនថូសទី១ ៩:២៥-២៦)