ថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣៨)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នាងអេសធើរ ជំពួក​៧

ខព្រះគម្ពីរប្រចាំថ្ងៃ៖ គឺ​និយាយ​តាម​តែ​ប្រាជ្ញា​នៃ​ព្រះ​វិញ ជា​សេចក្តី​អាថ៌កំបាំង​ដ៏​លាក់​ទុក ដែល​ព្រះ​បាន​គិត​គូ តាំង​ពី​មុន​អស់​ទាំង​កល្ប សំរាប់​ជា​សិរីល្អ​ដល់​យើង​រាល់​គ្នា។ កូរិនថូសទី១ ២:៧

ក្រោយមក នៅពេលដែលឃើញច្បាស់ថាពួកអ្នកកែប្រែចិត្ដក្នុងចំណោមពួកសាសន៍ដទៃបានកើនឡើងយ៉ាងឆាប់រហ័ស មានបងប្អូនដែល​ជាអ្នកដឹក​នាំមួយចំនួននៅក្រុងយេរូសាឡិម ដែលបានចាប់ផ្ដើមចូលចិត្តការប្រកាន់ពូជសាសន៍ដូចកាលកន្លងមករបស់ពួកគេប្រឆាំងនឹងវិធីសាស្ដ្ររបស់ប៉ុលនិងសហការីរបស់លោក ជាថ្មីឡើងវិញ។

ការប្រកាន់ពូជសាសន៍ទាំងនេះត្រូវបានពង្រឹងអស់ពេលជាច្រើនឆ្នាំ រហូតដល់អ្នកដឹកនាំមួយចំនួនបានកំណត់ថា ចាប់ពីនេះតទៅ កិច្ចការនៃការផ្សព្វផ្សាយដំណឹងល្អត្រូវតែធ្វើទៅតាមគំនិតរបស់ពួកគេ ។ ប្រសិនបើលោកប៉ុលអនុវត្ដតាមវិធីសាស្រ្តរបស់លោក ចំពោះគោលការណ៍ជាក់លាក់ណាមួយ ដែលពួកគេបានគាំទ្រ នោះពួកគេនឹងទទួលស្គាល់ និងទ្រទ្រង់ការងារ​របស់​គាត់ តែបើមិនដូច្នោះទេ ពួកគេលែងចាត់ទុកថាជាការពេញចិត្ត ឬឈប់​ផ្តល់​ការគាំទ្រតទៅទៀតហើយ។

ពួកមនុស្សទាំងនេះបានមើលលែងឃើញថា ព្រះជាម្ចាស់គឺជាគ្រូនៃរាស្ដ្រ​របស់ទ្រង់ ដែលអ្នកបម្រើការគ្រប់រូប លែងមើលឃើញថាអ្នកបម្រើក្នុងកិច្ចការរបស់ព្រះនឹងទទួលបានបទពិសោធន៍ផ្ទាល់ខ្លួនដោយការដើរតាមព្រះដែលជាអ្នកដឹកនាំ ដោយមិនត្រូវសម្លឹងមើលមនុស្ស ដើម្បីទទួលការណែនាំ​ឡើយ និងថាអ្នកបម្រើការរបស់ទ្រង់មិនត្រូវធ្វើតាមគំរូនៃគំនិតរបស់មនុស្សទេ ប៉ុន្តែ តាមគំរូនៃព្រះវិញ។

ក្នុងកិច្ចការរបស់លោក សាវ័កប៉ុលបានបង្រៀនដល់បណ្តាជន «មិន​មែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ គឺដោយការ​សម្តែងចេញជាព្រះវិញ្ញាណ និងព្រះចេស្តាវិញទេតើ» ។ សេចក្ដីពិតដែលលោកបានប្រកាសផ្សាយត្រូវបានបើកសម្តែងដល់លោកដោយព្រះវិញ្ញាណបរិសុទ្ធ «ដ្បិតព្រះវិញ្ញាណនៃទ្រង់ស្ទង់មើលគ្រប់ទាំងអស់ ព្រមទាំងសេចក្តីជ្រាលជ្រៅនៃព្រះដែរ ដ្បិតបើមិនមែនជាវិញ្ញាណ ដែលនៅក្នុងខ្លួនមនុស្សទេ នោះតើមានអ្វីនឹងស្គាល់សណ្ឋានមនុស្សនោះបាន? ហើយបើមិនមែន​ជា​ព្រះវិញ្ញាណនៃព្រះ នោះក៏គ្មានអ្នកណាស្គាល់សណ្ឋានព្រះបានដែរ។ ឯ​យើង​រាល់គ្នា យើងមិនបានទទួលវិញ្ញាណរបស់លោកិយទេ គឺទទួល​ព្រះវិញ្ញាណ​ដែលមកពីព្រះវិញ ដើម្បីឲ្យបានស្គាល់អស់ទាំងព្រះគុណ ដែលព្រះបាន ផ្តល់​មកយើង ហើយយើងក៏និយាយពីសេចក្តីទាំងនោះឯង មិនមែនដោយ​ពាក្យសម្តី ដែលប្រាជ្ញាមនុស្សបានបង្រៀនទេ គឺដោយពាក្យសម្តី ដែល​ព្រះវិញ្ញាណបង្រៀនវិញ ព្រមទាំងផ្ទឹមពន្យល់សេចក្តីខាងវិញ្ញាណ ដោយ​សារសេចក្តីខាងឯវិញ្ញាណផង» (កូរិនថូសទី១ ២:៤ និង ១០-១៣)។

នៅពេញទាំងការបំពេញកិច្ចការរបស់គាត់ លោកប៉ុលបានសម្លឹងមើលទៅឯការណែនាំរបស់ព្រះដោយផ្ទាល់ ។ ទន្ទឹមនឹងនេះ លោកក៏បានធ្វើការដោយប្រុងប្រយ័ត្នដើម្បីឲ្យស្របទៅតាមការសម្រេចចិត្តរបស់ក្រុមប្រឹក្សាទូទៅនៅក្រុងយេរូសាឡិមផងដែរ ហើយជាលទ្ធផល ពួកជំនុំ «មានសេចក្តី​ជំនឿរឹតតែខ្លាំង ហើយចំនួននៃពួកសិស្សចេះតែចម្រើនកើនឡើងជារាល់ថ្ងៃ» (កិច្ចការ ១៦:៥) ។ ហើយឥឡូវនេះទោះបីជាអ្នកខ្លះមិនបានបង្ហាញការអាណិតអាសូរដល់លោកក៏ដោយ ក៏លោកបានទទួលការកម្សាន្តចិត្ត ដោយបានដឹងថាលោកបានបំពេញកាតព្វកិច្ចរបស់លោក ដោយការលើកទឹកចិត្តក្នុងស្មារតីនៃភក្តីភាព ចិត្តសប្បុរស និងសេចក្ដីស្រឡាញ់ នៅក្នុងពួកអ្នកដែលបានកែប្រែចិត្តរបស់លោក ដែលបានបង្ហាញនៅក្នុងឱកាសនេះ នៅក្នុងវិភាគទាននៃការលះបង់ ដែលលោកអាចដាក់នៅចំពោះមុខពួកចាស់ទុំសាសន៍យូដា។

ក្រោយពីបានប្រគល់តង្វាយនោះរួចមក លោកប៉ុលបាន «ថ្លែងប្រាប់​ពីអស់ទាំងការនីមួយៗ ដែលព្រះទ្រង់បានធ្វើក្នុងពួកសាសន៍ដទៃ ដោយ​សារគាត់» ។ ការរៀបរាប់ពីហេតុការណ៍​នេះបានចូលទៅក្នុងចិត្តមនុស្សទាំងអស់ សូម្បីតែអ្នកដែលកំពុងតែសង្ស័យក៏ជឿជាក់ថាព្រះពរនៃឋានសួគ៌បាននៅជាមួយនឹងការងាររបស់លោកដែរ។ «គេឮដូច្នោះ ក៏សរសើរ​​តម្កើង​ដល់ព្រះ» ។ ពួកគេបានដឹងថាវិធីសាស្រ្តដែលសាវ័កប៉ុលបានអនុវត្តបាននាំមកនូវត្រានៃឋានសួគ៌ ។ វិភាគទានដែលបានមកដោយការលះបង់នៅពីមុខពួកគេ បានបន្ថែមទម្ងន់ដល់ទីបន្ទាល់របស់សាវ័កប៉ុល ស្ដីពីភាពស្មោះត្រង់នៃពួកជំនុំថ្មី ដែលបានស្ថាបនាក្នុងចំណោមសាសន៍ដទៃ។ មនុស្សដែលបានជម្រុញឲ្យទទួលយកវិធានការនៃការត្រួតត្រាតាមអំពើចិត្ត កាលបានរាប់បញ្ចូលនៅក្នុងចំណោមអ្នកទទួលខុសត្រូវនៅក្នុងយេរូសាឡិមនោះ បានឃើញពន្លឺថ្មីមួយនៅក្នុងកិច្ចរបស់លោកប៉ុល ហើយបានជឿជាក់ថា ការប្រព្រឹត្ដរបស់ពួកគេមិនត្រឹមត្រូវទេ ដែលពួកគេបានធ្វើឲ្យខ្លួនឯងជាប់ចំណងដោយទំនៀមទម្លាប់ និងប្រពៃណីរបស់សាសន៍យូដា ហើយថាកិច្ចការនៃដំណឹងល្អត្រូវបានរារាំងយ៉ាងខ្លាំង ដោយការខកខានមិន​បានទទួលស្គាល់​ថា ជញ្ជាំងនៃការបែងចែករវាងសាសន៍យូដានិងសាសន៍ដទៃត្រូវបានបំបែក ដោយការសុគតរបស់ព្រះគ្រិស្តរួចទៅហើយនោះ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ហើយ​អស់​អ្នក​ដែល​តយុទ្ធ​គ្នា គេ​ខំ​អត់​សង្កត់​ចិត្ត​គ្រប់​ជំពូក គឺ​ធ្វើ​ដូច្នោះដើម្បី​ឲ្យ​បាន​តែ​ភួង​ជ័យ​ដែល​ត្រូវ​ពុករលួយ តែ​យើង​រាល់​គ្នា​វិញគឺ​ឲ្យ​បាន​មកុដ​១ដែល​មិន​ចេះ​ពុករលួយ​ឡើយ បាន​ជា​ខ្ញុំ​ខំ​រត់​យ៉ាង​ដូច្នោះ មិន​មែន​បែប​ដូច​ជា​មិន​ស្គាល់​ផ្លូវ​ទេ ខ្ញុំ​ក៏​ខំ​ប្រដាល់​យ៉ាង​ដូច្នោះ​ដែរ មិន​មែន​ដូច​ជា​ដាល់​ខ្យល់​ទេ។ ​(កូរិនថូសទី១ ៩:២៥-២៦)

Powered by CAM