ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៨)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នាងអេសធើរ ជំពួក៨
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរសំអាតដំបែរចាស់ចេញ ដើម្បីឲ្យអ្នករាល់គ្នាបានត្រឡប់ជាដុំម្សៅថ្មីវិញ ដ្បិតអ្នករាល់គ្នាបានឥតដំបែហើយ ព្រោះព្រះគ្រីស្ទដ៏ជាយញ្ញបូជានៃបុណ្យរំលង នោះបានត្រូវថ្វាយជំនួសយើងរាល់គ្នាហើយ។ កូរិនថូសទី១ ៥:៧
នេះជាឱកាសដ៏មានតម្លៃសម្រាប់បងប្អូនជាអ្នកដឹកនាំទាំងអស់ឲ្យទទួលស្គាល់ដោយស្មោះត្រង់ថា ព្រះបានធ្វើការតាមរយៈលោកប៉ុល និងថាពួកគេបានធ្វើខុសជាញឹកញាប់ក្នុងការអនុញ្ញាតឲ្យរបាយការណ៍របស់សត្រូវបំផុសឲ្យមានការច្រណែននិងការរើសអើងរបស់ពួកគេ។ ប៉ុន្តែ ជំនួសឲ្យការបង្រួបបង្រួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរកយុត្តិធម៌ជូនជនដែលបានរងរបួស ពួកគេបែរជាបានផ្ដល់ដំបូន្មានជូនលោក ដែលបង្ហាញថាពួកគេនៅតែរីករាយជាមួយនឹងគំនិតថាលោកប៉ុលជាអ្នកទទួលខុសត្រូវដ៏សំខាន់ ចំពោះការរើសអើងដែលបានកើតឡើងនេះទៅវិញ ។ ពួកគេមិនបានឈរដោយក្លាហាន នៅចំពោះការការពារខ្លួនរបស់លោក ដោយខំព្យាយាមបង្ហាញពួកអ្នកដែលរវាតចិត្ត ដែលបានប្រព្រឹត្តខុសនោះទេ ប៉ុន្តែ ពួកគេបានស្វែងរកការសម្របសម្រួលដោយផ្តល់ដំបូន្មានដល់លោក ឲ្យធ្វើតាមវិធីដែលមានក្នុងគំនិតរបស់ពួកគេ ដែលបានលុបបំបាត់ចោលនូវមូលហេតុទាំងអស់ដែលនាំឲ្យមានការយល់ខុសទៅវិញ។
ពួកគេបាននិយាយ ជាការឆ្លើយតបទៅនឹងទីបន្ទាល់របស់លោកថា «បងអើយ បងដឹងថា មានសាសន៍យូដាប៉ុន្មានម៉ឺនបានជឿហើយ គេសុទ្ធតែមានសេចក្តីឧស្សាហ៍ខ្មីឃ្មាតកាន់តាមក្រឹត្យវិន័យទាំងអស់គ្នាក៏បានឮនិយាយពីបងថា បងបង្រៀនដល់សាសន៍យូដាទាំងអស់ ដែលនៅជាមួយនឹងសាសន៍ដទៃ ឲ្យគេលះចោលលោកម៉ូសេចេញ ព្រមទាំងហាមប្រាមគេ កុំឲ្យកាត់ស្បែកកូន ឬប្រតិបត្តិតាមទម្លាប់ពីបុរាណផង ដូច្នេះ តើដូចម្តេច មុខជានឹងមានគេប្រជុំគ្នាទាំងហ្វូងជាមិនខាន ដ្បិតគេនឹងឮថា បងមកដល់ហើយ ដូច្នេះ ចូរបងធ្វើតាមពាក្យយើងវិញ ដ្បិតមានមនុស្សបួននាក់ក្នុងពួកយើង នៅជាប់ក្នុងបំណន់នៅឡើយ ចូរបងនាំយកគេទៅលាបំណន់ជាមួយគ្នា ហើយចេញសោហ៊ុយឲ្យគេផង ដើម្បីឲ្យគេបានកោរសក់ចេញ នោះមនុស្សទាំងអស់នឹងដឹងថា សេចក្តីដែលគេឮនិយាយពីបងនោះមិនពិតទេ គឺខ្លួនបងតែងប្រព្រឹត្តទៀងត្រង់ ហើយកាន់តាមក្រឹត្យវិន័យដែរ ឯពួកសាសន៍ដទៃដែលជឿ នោះយើងបានផ្ញើសំបុត្រទៅហើយ ដោយសម្រេចថា មិនចាំបាច់ឲ្យគេកាន់តាមសេចក្តីទាំងនោះទេ ត្រូវប្រយ័ត្នតែនឹងរបស់អ្វីដែលថ្វាយទៅរូបព្រះ ហើយឈាម និងសត្វសម្លាប់ដោយច្របាច់ក ហើយនិងសេចក្តីកំផិតប៉ុណ្ណោះ»។
បងប្អូនទាំងនោះបានសង្ឃឹមថាលោកប៉ុល ប្រហែលជាអាចផ្ដល់ការប្រឆាំងដាច់ខាតទៅនឹងរបាយការណ៍មិនពិតទាក់ទងនឹងរូបលោក ដោយធ្វើតាមការណែនាំដែលពួកគេបានស្នើឡើងជាក់ជាមិនខាន។ ពួកគេបានបញ្ជាក់ប្រាប់គាត់ថា ការសម្រេចចិត្តរបស់អតីតក្រុមប្រឹក្សា ទាក់ទងនឹងពួកសាសន៍ដទៃដែលបានកែប្រែចិត្ដនិងច្បាប់នៃពិធីបុណ្យផ្សេងៗ នៅតែត្រូវបានរក្សាបានយ៉ាងល្អដដែល ។ ប៉ុន្តែ ដំបូន្មានដែលបានផ្តល់ឲ្យនៅពេលនេះមិនស្របទៅតាមការសម្រេចចិត្តនោះទេ ។ ព្រះវិញ្ញាណនៃព្រះមិនបានណែនាំឲ្យមានការបង្រៀននេះទេ។ គំនិតនេះគឺជាផលផ្លែនៃភាពកំសាកទេ។ ពួកមេដឹកនាំពួកជំនុំនៅក្រុងយេរូសាឡិមបានដឹងថាដោយការមិនស្របតាមច្បាប់នៃពិធីបុណ្យផ្សេងៗ ពួកគ្រិស្តសាសនិកនឹងនាំមកនូវសម្អប់ដល់សាសន៍យូដា និងធ្វើឲ្យខ្លួនឯងទទួលរងនូវការធ្វើទុក្ខបៀតបៀនជាក់ជាមិនខាន ។ ក្រុមប្រឹក្សាសាន់ហេឌ្រីនបានខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរារាំងការរីកចម្រើននៃដំណឹងល្អ ។ គេបានជ្រើសរើសមនុស្សឲ្យតាមដានពួកសាវ័ក ជាពិសេសលោកប៉ុល ហើយពួកគេបានប្រើគ្រប់មធ្យោបាយដែលអាចធ្វើបាន ដើម្បីប្រឆាំងនឹងការងាររបស់សាវ័កប៉ុល។ ប្រសិនបើពួកអ្នកជឿលើព្រះគ្រិស្តត្រូវបានចោទប្រកាន់នៅចំពោះក្រុមប្រឹក្សាសាន់ហេឌ្រីន ថាជាអ្នកបំពាននឹងក្រឹត្យវិន័យ នោះពួកគេនឹងទទួលទោសយ៉ាងឆាប់រហ័ស ដោយត្រូវតែដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ជាបទក្បត់ជំនឿនៃសាសន៍យូដា។
សាសន៍យូដាជាច្រើន ដែលបានទទួលយកដំណឹងល្អ នៅតែចូលចិត្តការគោរពចំពោះច្បាប់នៃពិធីបុណ្យផ្សេងៗដដែល ហើយពួកគេមានឆន្ទៈក្នុងការធ្វើសម្បទានមិនល្អ ដោយសង្ឃឹមថានឹងទទួលបានទំនុកចិត្តពីពួកបងប្អូនរួមជាតិរបស់ពួកគេ ដើម្បីលុបបំបាត់ចោលនូវការរើសអើងរបស់ពួកគេ ហើយមានជំនឿលើព្រះគ្រិស្តថាជាព្រះដ៏ប្រោសលោះរបស់ពិភពលោកទាំងមូល ។ លោកប៉ុលបានដឹងថា ដរាបណាសមាជិកសំខាន់ៗជាច្រើននៅក្រុងយេរូសាឡិម នៅតែបន្តរីករាយនឹងការប្រកាន់ពូជសាសន៍ ទាស់នឹងលោកនោះ ពួកគេនឹងបន្តធ្វើការប្រឆាំងទៅនឹងឥទ្ធិពលរបស់លោកឥតឈប់ឈរដដែល ។ លោកបានដឹងថា ប្រសិនបើអាចអូសទាញពួកគេមកឯសេចក្ដីពិតបាន ដោយសម្បទានណាមួយ លោកអាចនាំពួកគេមកឯ សេចក្តីពិត នោះលោកនឹងដកយកឧបសគ្គដ៏ធំចេញពីជោគជ័យនៃដំណឹងល្អ នៅកន្លែងផ្សេងទៀត ។ ប៉ុន្ដែ ព្រះមិនបានអនុញ្ញាតឲ្យលោកចុះចាញ់តាមការស្នើសុំរបស់ពួកគេទេ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ហើយអស់អ្នកដែលតយុទ្ធគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយ តែយើងរាល់គ្នាវិញគឺឲ្យបានមកុដ១ដែលមិនចេះពុករលួយឡើយ បានជាខ្ញុំខំរត់យ៉ាងដូច្នោះ មិនមែនបែបដូចជាមិនស្គាល់ផ្លូវទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ។ (កូរិនថូសទី១ ៩:២៥-២៦)