ថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣៨)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នាងអេសធើរ ជំពួក​១០

នៅកណ្តាលហ្វូងមនុស្សដែលកំពុងច្របូកច្របល់ សាវ័កប៉ុលបាន​នៅ​ស្ងប់ស្ងៀម ហើយមានភាពមាំមួន។ គំនិតរបស់លោក​បានដក់ជាប់ទៅ​លើ​ព្រះ ហើយលោកដឹងថាពួកទេវតានៃឋានសួគ៌នៅជុំវិញលោក ។ លោកបាន​ដឹងថា លោកមិនចង់ចាកចេញពីព្រះវិហារ ដោយមិនបានខំប្រឹងប្រែងបង្ហាញសេចក្ដីពិតដល់បងប្អូនជនរួមជាតិរបស់លោកឡើយ។ នៅពេលគេហៀបនឹងនាំលោកចូលក្នុងបន្ទាយ លោកបាននិយាយទៅកាន់មេបញ្ជាការថា «តើលោកបើកឲ្យខ្ញុំជម្រាបបន្តិចបានឬទេ?» លោកលួស៊ាសួរថា «ឯងចេះ​និយាយ​ភាសាក្រិកដែរឬ ដូច្នេះ តើឯងមិនមែនជាសាសន៍អេស៊ីព្ទនោះ ដែលនាំឲ្យ​បះបោរអំពីមុន ព្រមទាំងនាំពួកមនុស្សកាប់ចាក់គ្នាបួនពាន់នាក់ ឲ្យទៅនៅ​ទីហោរស្ថានទេឬអី?» លោកប៉ុលឆ្លើយតបមកវិញថា «ខ្ញុំជាសាសន៍យូដា មកពីក្រុងតើសុស ដែលនៅស្រុកគីលីគា ឯស្រុកកំណើតរបស់ខ្ញុំ មិនមែនជាក្រុងឥតមានកេរ្តិ៍ឈ្មោះនោះទេ ដូច្នេះ សូមលោកបើកឲ្យខ្ញុំនិយាយទៅជនទាំងឡាយបន្តិចសិន»។

លោកមេបញ្ជាការក៏បានអនុញ្ញាតតាមសំណូមពររបស់លោកប៉ុល «រួច​ប៉ុលឈរលើជណ្តើរ ធ្វើគ្រឿងសម្គាល់នឹងដៃដល់បណ្តាជន»។ កាយវិការនេះបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ហ្វូងមនុស្ស ខណៈគេបានគោរពតាមការបង្គាប់របស់លោក ។ «លុះបានស្ងប់ស្ងាត់ហើយ នោះគាត់និយាយទៅគេជាភាសាហេព្រើរថាឱអ្នករាល់គ្នា ជាបងប្អូន ហើយជាឪពុក​អើយ សូមស្តាប់សេចក្តីដោះសារបស់ខ្ញុំសិន»។ ដោយឮពាក្យជាភាសាហេព្រើរដែលគេធ្លាប់ស្គាល់ «នោះគេរឹតតែនៅស្ងៀមទៅទៀត» ហើយនៅ​ក្នុង​សភាពស្ងាត់ជ្រងំនោះ លោកបានបន្ដថា៖

«ខ្ញុំជាសាសន៍យូដា កើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា តែបាន​រៀន​នៅទីក្រុងនេះ ទៀបជើងលោកកាម៉ាលាល ដែលលោកបង្រៀនខ្ញុំ តាមន័យ​ត្រឹម​ត្រូវ ក្នុងក្រឹត្យវិន័យរបស់ពួកអយ្យកោយើង ហើយខ្ញុំមានសេចក្តីឧស្សាហ៍ដល់ព្រះ ដូចជាអ្នករាល់គ្នាសព្វថ្ងៃនេះដែរ» ។ គ្មាននរណា​ម្នាក់អាច​បដិសេធ​ប្រសាសន៍របស់សាវ័កប៉ុល ជាការពិតដែលលោកបានមានប្រសាសន៍ ដែលមនុស្សរស់នៅក្នុងទីក្រុងយេរូសាឡិមជាច្រើនធ្លាប់បានដឹងនោះបានទេ។ បន្ទាប់មក លោកមានប្រសាសន៍អំពីការខ្នះខ្នែងរបស់លោក ក្នុងការបៀតបៀនដល់ពួកសិស្សរបស់ព្រះគ្រិស្ដ រហូតដល់បាន​សម្លាប់ពួកគេ​ថែម​ទៀត​ផង ហើយលោកបានរៀបរាប់អំពីកាលៈទេសៈនៃការកែប្រែចិត្ដរបស់លោក ដោយប្រាប់ពួកអ្នកស្តាប់របស់លោក អំពីចិត្តដ៏អំនួតរបស់លោក ត្រូវបានដឹកនាំឲ្យគោរពដល់ព្រះយេស៊ូវពីស្រុកណាសារ៉ែតដែលត្រូវបានគេឆ្កាង ។ ប្រសិនបើលោកបានព្យាយាមប្រកែកជាមួយគូប្រជែងរបស់លោក ពួកគេ​នឹង​ប្រកែកយ៉ាងរឹងរូស មិនព្រមស្ដាប់ពាក្យរបស់លោកឡើយ ប៉ុន្តែ ទំនាក់​ទំនងនៃបទពិសោធន៍របស់លោក មានពេញដោយអំណាច​នៃការបញ្ចុះ​បញ្ចូល ដែលនៅពេលនោះហាក់ដូចជាបានបន្ទន់និងបង្ក្រាបចិត្ត​របស់​ពួក​គេ។

បន្ទាប់មក លោកបានព្យាយាមបង្ហាញថា ការងាររបស់លោកក្នុង​ចំណោម​ពួកសាសន៍ដទៃ មិនមែនបានកើតឡើងដោយការជ្រើសរើសនោះទេ ។ លោកប្រាថ្នាចង់ធ្វើការបម្រើដល់ជាតិសាសន៍របស់លោក ។ ប៉ុន្តែ នៅក្នុងព្រះវិហារនោះ ព្រះសូរសៀងរបស់ព្រះបានមានបន្ទូលមកកាន់លោកដោយការបើកសម្តែងដ៏បរិសុទ្ធ ណែនាំអំពីកិច្ចការរបស់លោកថា «ចូរទៅចុះ ដ្បិតខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយ»។

ចាប់ពីពេលនោះមក ពួកបណ្តាជនបានស្ដាប់ដោយយកចិត្តទុកដាក់ ប៉ុន្តែ នៅពេលដែលលោកប៉ុលនិយាយដល់ចំណុចមួយ ក្នុងប្រវត្តិសាស្រ្ត​របស់លោកថា ព្រះបានតែងតាំងលោកជារាជទូតរបស់ព្រះគ្រិស្ត ដល់​សាសន៍ដទៃ កំហឹងរបស់ពួកគេក៏បានផ្ទុះឡើងសាជាថ្មី ដោយមានទម្លាប់សម្លឹងមើលមកខ្លួនឯងថា ជាមនុស្សតែម្នាក់គត់ដែលព្រះសព្វព្រះទ័យ នោះពួកគេមិនចង់អនុញ្ញាតឲ្យពួកសាសន៍ដទៃដែលទាបថោក មានចំណែក​ក្នុង​ឯកសិទ្ធិ​ដែលបានចាត់ទុកថាជារបស់ពួកគេផ្ទាល់នោះទេ ។ ដោយបានដំឡើងសំឡេងឲ្យខ្លាំងជាងសំឡេងរបស់លោកប៉ុល ពួកគេបាន​ស្រែក​ឡើង​ថា «ចូរដកមនុស្សយ៉ាងនេះពីផែនដីចេញ ដ្បិតមិនគួរឲ្យវា​នៅរស់​ទៀត​ទេ»។

«ហើយដោយព្រោះគេចេះតែស្រែកឡើង ទាំងកន្ត្រាក់ដោះអាវគេចេញ ហើយបាចធូលីដីទៅលើ នោះបានជាមេទ័ពធំបង្គាប់ឲ្យនាំគាត់ចូលទៅក្នុងបន្ទាយ រួចប្រាប់ឲ្យវាយសួរចម្លើយ ដើម្បីឲ្យដឹងពីហេតុអ្វីបានជាគេស្រែកទាស់នឹងគាត់ជាខ្លាំងម៉្លេះ»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ហើយ​អស់​អ្នក​ដែល​តយុទ្ធ​គ្នា គេ​ខំ​អត់​សង្កត់​ចិត្ត​គ្រប់​ជំពូក គឺ​ធ្វើ​ដូច្នោះដើម្បី​ឲ្យ​បាន​តែ​ភួង​ជ័យ​ដែល​ត្រូវ​ពុករលួយ តែ​យើង​រាល់​គ្នា​វិញគឺ​ឲ្យ​បាន​មកុដ​១ដែល​មិន​ចេះ​ពុករលួយ​ឡើយ បាន​ជា​ខ្ញុំ​ខំ​រត់​យ៉ាង​ដូច្នោះ មិន​មែន​បែប​ដូច​ជា​មិន​ស្គាល់​ផ្លូវ​ទេ ខ្ញុំ​ក៏​ខំ​ប្រដាល់​យ៉ាង​ដូច្នោះ​ដែរ មិន​មែន​ដូច​ជា​ដាល់​ខ្យល់​ទេ។ ​(កូរិនថូសទី១ ៩:២៥-២៦)

Powered by CAM