កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៨)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូប ជំពួក១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ។ កូរិនថូសទី២ ៤:១៦
«ប៉ុន្តែ កំពុងដែលគេយកខ្សែមកចងប៉ុលឲ្យចំកោង នោះគាត់និយាយទៅមេទ័ពរងដែលឈរនៅទីនោះថា តើមានច្បាប់នឹងវាយសាសន៍រ៉ូមនឹងរំពាត់មុនដែលកាត់ទោសដែរឬអី លុះមេទ័ពរងឮដូច្នេះ នោះក៏ទៅជម្រាបដល់មេទ័ពធំថា លោកគិតធ្វើអ្វីដូច្នេះដ្បិតមនុស្សនោះជាសាសន៍រ៉ូម នោះមេទ័ពធំចូលមកសួរប៉ុលថា ចូរប្រាប់អញ ឯងជាសាសន៍រ៉ូមឬ គាត់ឆ្លើយថា បាទ លោកក៏និយាយថា អញបានបង់ប្រាក់ច្រើនណាស់ ដើម្បីឲ្យបានចូលជាតិរ៉ូមនេះ តែប៉ុលនិយាយថា ខ្ញុំនេះកើតមកជាសាសន៍រ៉ូមតែម្តង ដូច្នេះ ពួកអ្នកដែលត្រូវសួរចម្លើយក៏ថយចេញជាមួយរំពេច ហើយមេទ័ពធំមានសេចក្តីភិតភ័យ ដោយដឹងថា គាត់ជាសាសន៍រ៉ូម ពីព្រោះបានជ្រុលជាចងគាត់ហើយ»។
«ដល់ថ្ងៃស្អែកឡើង លោកក៏ស្រាយចំណង ហើយប្រាប់ដល់ពួកសង្គ្រាជ និងពួកក្រុមជំនុំទាំងអស់ ឲ្យប្រជុំគ្នា រួចលោកនាំប៉ុលចុះមក ដាក់នៅកណ្តាលពួកគេ ដោយចង់ដឹងច្បាស់ ពីហេតុអ្វីបានជាពួកសាសន៍យូដាចោទប្រកាន់គាត់ដូច្នោះ»។
ឥឡូវនេះ សាវ័កប៉ុលត្រូវបានជំនុំជម្រះដោយតុលាការមួយ ដែលលោកធ្លាប់ជាសមាជិកម្នាក់ មុនពេលលោកបានកែប្រែចិត្ដទទួលជឿព្រះយេស៊ូវ។ នៅពេលលោកបានឈរនៅចំពោះមុខពួកអ្នកគ្រប់គ្រងសាសន៍យូដា លោកមានភាពស្ងប់ស្ងាត់ ហើយមុខរបស់លោកបង្ហាញពីសេចក្តីសុខសាន្តរបស់ព្រះគ្រិស្ត ។ លោកបានមានប្រសាសន៍ថា៖ «ឱអ្នករាល់គ្នា ជាបងប្អូនអើយ ខ្ញុំបានប្រព្រឹត្តដោយបញ្ញាចិត្តជ្រះស្អាតនៅចំពោះព្រះ ដរាបមកដល់ថ្ងៃនេះ» ។ ពេលបានឮពាក្យទាំងនេះហើយ សម្អប់របស់គេក៏បានឆេះឆួលជាថ្មីឡើងវិញ ។ តែអាណានាស ជាសម្តេចសង្ឃ លោកបង្គាប់ដល់ពួកអ្នកដែលឈរជិត «ឲ្យទះមាត់គាត់»។ ឆ្លើយតបទៅនឹងពាក្យបញ្ជាដ៏អមនុស្សធម៌នេះ លោកប៉ុលបានឧទានឡើងថា «ព្រះទ្រង់នឹងវាយលោកវិញ លោកអង្គុយជំនុំជម្រះខ្ញុំតាមក្រឹត្យវិន័យ ចុះដូចម្តេចបានជាហ៊ានបង្គាប់ឲ្យគេវាយខ្ញុំ ខុសនឹងក្រឹត្យវិន័យដូច្នេះ» ។ «ឯពួកអ្នកដែលឈរជិតក៏ស្តីឲ្យគាត់ថា តើឯងហ៊ានដៀលដល់សម្តេចសង្ឃនៃព្រះដែរឬ?» លោកប៉ុលបានឆ្លើយតបដោយទម្លាប់នៃការគួរសមរបស់លោកថា៖ «បងប្អូនអើយ! ខ្ញុំមិនបានដឹងថា លោកជាសម្តេចសង្ឃទេ ដ្បិតមានសេចក្តីចែងទុកមកថា មិនត្រូវនិយាយអាក្រក់ ពីចៅហ្វាយរបស់សាសន៍ឯងឡើយ»។
«កាលប៉ុលបានដឹងថា ពួកគេមួយចំណែកជាពួកសាឌូស៊ី ហើយមួយចំណែកទៀតជាពួកផារិស៊ី នោះលោកបន្លឺសំឡេងឡើងក្នុងពួកក្រុមជំនុំថា បងប្អូនរាល់គ្នាអើយ ខ្ញុំជាពួកផារិស៊ី ហើយជាកូននៃពួកផារិស៊ី ខ្ញុំជាប់ជំនុំជម្រះ គឺដោយព្រោះតែសេចក្តីសង្ឃឹមនេះថា មនុស្សស្លាប់នឹងរស់ឡើងវិញ កាលគាត់និយាយដូច្នោះហើយ នោះពួកផារិស៊ី និងពួកសាឌូស៊ី គេកើតទាស់ទែងគ្នា បណ្តាជំនុំក៏បែកខ្ញែកដែរ ដ្បិតពួកសាឌូស៊ីប្រកាន់ថា គ្មានសេចក្តីរស់ឡើងវិញ ក៏គ្មានទេវតា ឬវិញ្ញាណណាផង តែពួកផារិស៊ីជឿថាមានវិញ»។ បក្សទាំងពីរបានចាប់ផ្ដើមឈ្លោះគ្នាឯងហេតុដូច្នេះ កម្លាំងនៃការប្រឆាំងរបស់ពួកគេទាស់នឹងលោកប៉ុលក៏ត្រូវបានចុះខ្សោយ។ «នោះកើតមានសូរទ្រហឹងអឺងអាប់ជាខ្លាំង ហើយពួកអាចារ្យខ្លះខាងពួកផារិស៊ី ក៏ឈរឡើងជជែកថា យើងមិនឃើញជាមនុស្សនេះមានទោសខុសអ្វីសោះ តែបើមានវិញ្ញាណ ឬទេវតាបាននិយាយនឹងគាត់ នោះធ្វើដូចម្តេចវិញ»។
នៅក្នុងភាពច្របូកច្របល់ដែលបានកើតឡើងនេះ ពួកសាឌូស៊ីបានខំប្រឹងប្រែងជាខ្លាំង ប្រឆាំងនឹងតួនាទីរបស់លោកប៉ុល ដោយខិតខំធ្វើយ៉ាងណាដើម្បីរកវិធីសម្លាប់លោក ប៉ុន្តែ ពួកផារិស៊ីក៏ខំប្រឹងការពារលោកប៉ុលវិញ ។ «នោះមេទ័ពធំក៏បង្គាប់ឲ្យពួកទាហានចុះទៅយកគាត់ពីកណ្តាលគេមក ដោយអំណាច ហើយនាំចូលទៅក្នុងបន្ទាយវិញ»។
ក្រោយមក ពេលលោកគិតពិចារណាអំពីបទពិសោធន៍នៃការជំនុំជម្រះកាលពីថ្ងៃ នោះលោកប៉ុលចាប់ផ្ដើមភ័យខ្លាច ក្រែងព្រះមិនសព្វព្រះហឫទ័យទៅនឹងការប្រព្រឹត្ដរបស់លោក ។ តើទង្វើដែលលោកបានធ្វើនៅក្រុងយេរូសាឡិមជាការខុសឆ្គងឬអី? តើបំណងប្រាថ្នាដ៏ធំធេងរបស់លោក ក្នុងការរួបរួមជាមួយបងប្អូនរបស់លោក បាននាំមកនូវលទ្ធផលដ៏មហន្តរាយនេះឬអី?
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ កុំឲ្យច្រឡំឡើយ និងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ។ (កាឡាទី ៦:៧)