កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៨)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូប ជំពួក២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ។ កូរិនថូសទី២ ៤:៨-៩
ស្ថានភាពដែលពួកសាសន៍យូដាជាមនុស្សដែលព្រះទទួលស្គាល់ ធ្វើឲ្យវិលវល់ដល់ពិភពលោកនៃអ្នកមិនជឿព្រះ បានធ្វើឲ្យសាវ័កប៉ុលមានចិត្តខ្វល់ខ្វាយជាខ្លាំង ។ តើពួកមន្រ្តីនៃសាសន៍ដទៃទាំងនោះនឹងមើលទៅលើពួកគេដោយរបៀបណា? ពួកគេអះអាងថាខ្លួនជាអ្នកថ្វាយបង្គំព្រះយេហូវ៉ា ហើយបានកាន់តំណែងដ៏ពិសិដ្ឋ ប៉ុន្ដែ ពួកគេបានបណ្តោយខ្លួនឲ្យពួកមនុស្សខ្វាក់គ្រប់គ្រងទៅវិញ ជាអ្នកក្រេវក្រោធដោយគ្មានហេតុផល ហើយកំពុងព្យាយាមបំផ្លាញសូម្បីតែបងប្អូនរបស់ខ្លួន ដែលហ៊ានប្រឆាំងនឹងពួកគេ ក្នុងជំនឿសាសនា ថែមទៀតផង និងកំពុងបង្វែរសេចក្ដីជំនឿដ៏ធំបំផុតរបស់ក្រុមប្រឹក្សា ឲ្យធ្លាក់ចូលទៅក្នុងជម្លោះនិងភាពច្របូកច្របល់យ៉ាងព្រៃផ្សៃ ។ លោកប៉ុលបានដឹងថាព្រះនាមនៃព្រះរបស់លោក បានរងនូវការតិះដៀលនៅចំពោះមុខសាសន៍ដទៃ។
ហើយឥឡូវនេះលោកនៅក្នុងគុក លោកបានដឹងថា ខ្មាំងសត្រូវរបស់លោកនឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីសម្លាប់លោក ក្នុងការព្យាបាទដ៏អស់សង្ឃឹមរបស់ពួកគេ ។ តើកិច្ចការរបស់លោក សម្រាប់ពួកជំនុំត្រូវបានបញ្ចប់ ហើយឆ្កែចចកត្រូវបានចូលមក នៅពេលឥឡូវនេះឬ? កិច្ចការរបស់ព្រះគ្រិស្តនៅក្នុងចិត្តរបស់លោកប៉ុលជានិច្ច ហើយដោយភាពអល់អែកជាពន់ពេក លោកបានគិតពីគ្រោះថ្នាក់នៃការបែកបាក់របស់ពួកជំនុំ ដែលបានកើតឡើងនៅពេលដែលពួកគេត្រូវបានធ្វើទុក្ខបុកម្នេញ ដោយពួកមនុស្សដែលលោកបានជួបប្រទះនៅក្នុងក្រុមប្រឹក្សាសាន់ហេឌ្រីន ។ លោកបានយំសោកនិងអធិដ្ឋាន ដោយការខ្វល់ខ្វាយនិងបាក់ទឹកចិត្តជាខ្លាំង។
នៅវេលាដ៏ខ្មៅងងឹតនេះ ព្រះជាម្ចាស់មិនបានបោះបង់អ្នកបម្រើរបស់ទ្រង់ចោលទេ។ ព្រះអង្គបានថែរក្សាលោកឲ្យរួចផុតពីហ្វូងមនុស្សដ៏ឃោរឃៅនៅក្នុងព្រះវិហារ។ ព្រះអង្គបាននៅជាមួយលោកនៅមុខក្រុមប្រឹក្សាសាន់ហេឌ្រីន ។ ព្រះអង្គបាននៅជាមួយលោកនៅក្នុងបន្ទាយ ។ ហើយព្រះអង្គបានបង្ហាញអង្គទ្រង់ផ្ទាល់ ដល់ស្មរបន្ទាល់ដ៏ស្មោះត្រង់របស់ទ្រង់ ក្នុងការឆ្លើយតបនឹងការអធិដ្ឋានដ៏ស្មោះអស់ពីចិត្តរបស់សាវ័កប៉ុល ដើម្បីទូលសុំការណែនាំ។ «នៅវេលាយប់នោះ ព្រះអម្ចាស់ទ្រង់ឈរជិតគាត់មានព្រះបន្ទូលថា ចូរសង្ឃឹមឡើង ប៉ុលអើយ ដ្បិតអ្នកត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូម ដូចជាបានធ្វើបន្ទាល់សព្វគ្រប់ពីខ្ញុំ នៅក្រុងយេរូសាឡិមដែរ»។
លោកប៉ុលបានទន្ទឹងរង់ចាំការធ្វើដំណើរទៅកាន់ទីក្រុងរ៉ូមជាយូរឆ្នាំមកហើយ លោកអន្ទះសាចង់ធ្វើបន្ទាល់ពីព្រះគ្រិស្តនៅទីនោះជាខ្លាំង ប៉ុន្តែ លោកបានដឹងថា គោលបំណងរបស់លោកត្រូវបានខកចិត្ត ដោយសារតែភាពជាខ្មាំងសត្រូវរបស់សាសន៍យូដា ។ គាត់បានគិតបន្តិចថា សូម្បីតែឥឡូវនេះ ពេលដែលលោកបានក្លាយជាអ្នកទោសទៅហើយ ទើបលោកបានដឹងទៅវិញ។
ខណៈដែលព្រះអម្ចាស់បានលើកទឹកចិត្តដល់អ្នកបម្រើរបស់ទ្រង់ សត្រូវរបស់លោកប៉ុលកំពុងប្រើល្បិចបំផ្លាញដល់លោក ។ «ដល់ភ្លឺឡើង មានពួកសាសន៍យូដាខ្លះ រួមគំនិតគ្នាស្បថឡាក់ឡាំងថា មិនស៊ីមិនផឹកទាល់តែបានសម្លាប់ប៉ុលហើយ ឯមនុស្សដែលបង្កើតឧបាយយ៉ាងនេះ មានជាង៤០នាក់» ។ នៅទីនេះមានការតមអត់ ដូចជាការតមអត់ដែលព្រះអម្ចាស់បានថ្កោលទោសតាមរយៈហោរាអេសាយថា «មើល ឯងរាល់គ្នាតមអត់ឲ្យតែបានរឿងជជែក និងការទាស់ទែងគ្នា ហើយវាយដំដោយអំពើអាក្រក់ប៉ុណ្ណោះ» (អេសាយ ៥៨:៤)។
ពួកអ្នករួមគំនិតក្បត់ «ក៏ទៅជម្រាបពួកសង្គ្រាជ និងពួកចាស់ទុំថា យើងខ្ញុំបានស្បថថា មិនភ្លក់អ្វីសោះ ទាល់តែបានសម្លាប់ប៉ុលចេញ ដូច្នេះ សូមឲ្យលោកទាំងឡាយ និងពួកក្រុមជំនុំ ចាត់ឲ្យទៅសូមវាពីលោកមេទ័ពធំមកឥឡូវ ដើម្បីឲ្យលោកនាំវាចុះមក ធ្វើដូចជាលោកចង់ពិចារណាសួរពីដំណើរវា ឲ្យច្បាស់លាស់ឡើង ឯពួកយើងខ្ញុំក៏ប្រុងប្រៀបជាស្រេចនឹងសម្លាប់វា មុនដែលវាចូលមកដល់ផង»។
ជំនួសឲ្យការស្ដីបន្ទោសទៅលើគម្រោងការណ៍ដ៏ឃោរឃៅនេះ ពួកសង្រ្គាជនិងពួកអ្នកដឹកនាំសាសនាបានយល់ព្រមទៅនឹងរឿងនេះ យ៉ាងពេញទំហឹងទៅវិញ។ លោកប៉ុលបាននិយាយការពិត ពេលលោកបានប្រៀបធៀបអាណានាសទៅនឹងផ្នូរខ្មោចដែលមានពណ៌ស។
ប៉ុន្ដែ ព្រះបានជួយសង្គ្រោះជីវិតអ្នកបម្រើរបស់ទ្រង់ ។ ឯកូនរបស់ប្អូនស្រីប៉ុល កាលបានដឹង «ពីការដែលឈ្លបលប» នោះហើយ «ក៏ចូលទៅក្នុងបន្ទាយប្រាប់ដល់ប៉ុល នោះប៉ុល គាត់ហៅមេទ័ពរងម្នាក់មកជម្រាបថា សូមនាំអ្នកកំឡោះនេះទៅឯលោកមេទ័ពធំទៅ ដ្បិតវាមានរឿងខ្លះចង់ជម្រាបលោក អ្នកនោះក៏នាំវាទៅឯលោកមេទ័ពធំជម្រាបថា ប៉ុល ជាអ្នកទោសបានហៅខ្ញុំ ហើយសូមខ្ញុំឲ្យនាំអ្នកកំឡោះនេះមកឯលោក វាមានរឿងខ្លះចង់ជម្រាបដល់លោក»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ កុំឲ្យច្រឡំឡើយ និងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ។ (កាឡាទី ៦:៧)