ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣៨)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូប ជំពួក​៣

ខព្រះគម្ពីរប្រចាំថ្ងៃ៖ យើង​ខ្ញុំ​លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស ឥត​ប្រព្រឹត្ត​ដោយ​ឧបាយកល ឬ​បំប្លែង​ព្រះបន្ទូល​ឡើយ គឺ​យើង​ខ្ញុំ​ផ្ទុកផ្តាក់​ខ្លួន និង​បញ្ញា​ចិត្ត​របស់​មនុស្ស​ទាំង​អស់ នៅ​ចំពោះ​ព្រះ ដោយ​សំដែង​សេចក្តី​ពិត​វិញ។ កូរិនថូសទី២ ៤:២

លោកក្លូឌាស លូស៊ា បានទទួលយកយុវជននោះ ហើយនាំយកទៅ​កន្លែង​ស្ងាត់សួរថា «ឯងមានរឿងអ្វីនឹងប្រាប់ដល់អញខ្លះ?» យុវជននោះ​បានឆ្លើយថា «ពួកសាសន៍យូដាបានស្រុះចិត្តគ្នានឹងសូមលោកឲ្យនាំប៉ុល​ចុះ​ទៅឯពួកក្រុមជំនុំ នៅវេលាថ្ងៃស្អែក ធ្វើដូចជាចង់ពិចារណាសួរពីដំណើរគាត់ឲ្យច្បាស់ឡើង ដូច្នេះ សូមលោកកុំព្រមតាមគេឡើយ ដ្បិតមានពួកគេ​ចំនួនជាង៤០នាក់ បានលបចាំគាត់តាមផ្លូវ គេបានស្បថថា មិនស៊ីមិន​ផឹក​អ្វីឡើយ ទាល់តែបានសម្លាប់គាត់ចេញ ឥឡូវនេះ គេប្រុងប្រៀប​ជាស្រេច​ហើយ ចាំតែលោកអនុញ្ញាតឲ្យប៉ុណ្ណោះទេ»។

«នោះមេទ័ពធំឲ្យអ្នកកំឡោះនោះទៅវិញ ទាំងហាមមិនឲ្យប្រាប់​ដល់​អ្នកណាពីដំណើរដែលវាជម្រាបលោកនោះឡើយ»។

លោកលូស៊ាក៏សម្រេចចិត្ដបញ្ជូនប៉ុលចេញពីការជំនុំជម្រះរបស់លោក ទៅជួបលោក ភេលីច ជាចៅហ្វាយខេត្តវិញ ។ សាសន៍យូដាបានឋិតនៅ​ជាហ្វូងមនុស្សដែលមានភាពរំជើបរំជួលនិងក្ដៅក្រហាយ ហើយការច្របូកច្របល់​បានកើតឡើងជាញឹកញាប់ ។ ការបន្តតាមដានវត្តមានរបស់​សាវ័កប៉ុលទៅ​កាន់ក្រុងយេរូសាឡិម អាចនាំឲ្យមានផលវិបាកដល់ទីក្រុង និងរហូត​ដល់​មេបញ្ជាការរបស់លោកផង។ ហេតុដូច្នោះហើយបានជា «លោកក៏ហៅមេទ័ពរងពីរនាក់មកប្រាប់ថា ចូររៀបទាហានថ្មើរជើង២០០នាក់ ពលសេះ៧០ និង​ពលកាន់លំពែង២០០ ឲ្យទាន់ក្នុងវេលាម៉ោង៩យប់នេះ ដើម្បីនឹងទៅ​ឯ​សេសារា ហើយឲ្យមានជំនិះសម្រាប់ប៉ុលជិះដែរ ដើម្បីនឹងនាំទៅឯលោក​ភេលីច ជាចៅហ្វាយខេត្ត ដោយសុខសាន្ត»។

លោកមេបញ្ជាការមិនឲ្យខកពេលវេលាក្នុងការបញ្ជូនលោកប៉ុលចេញទៅនេះឡើយ ។ «ដូច្នេះ ពួកពលក៏នាំយកប៉ុលទាំងយប់ ទៅឯក្រុង​អាន់ទីប៉ាទ្រីស តាមបង្គាប់» ។ ទីកន្លែងនោះ កងទ័ពសេះបានធ្វើដំណើរទៅកាន់សេសារា ជាមួយនឹងអ្នកទោស ចំណែកទាហានប្រាំមួយរយនាក់ បាន​វិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ។

នាយទាហានដែលមេបញ្ជាការបានចាត់ឲ្យនាំអ្នកទោសទៅនោះ បាន​ប្រគល់សាវ័ក ប៉ុលជូនលោកភេលីច ព្រមទាំងលិខិតដែលលោកមេបញ្ជាការបានផ្ញើមកនោះផងដែរ៖

«សំបុត្រក្លូឌាស លូស៊ា សូមក្រាបប្រណិប័តន៍ ចូលមកដល់លោក​ចៅ​ហ្វាយភេលីច ដ៏ជាធំ សូមទានជ្រាប ។ មនុស្សនេះ ពួកសាសន៍​យូដា​បាន​ចាប់ ហើយគេរៀបនឹងសម្លាប់បង់ ប៉ុន្តែ ខ្ញុំនាំទាហានទៅទាន់ ដោះរួចពីពួក​គេចេញ ដោយបានឮថាជាសាសន៍រ៉ូម ដូច្នេះហើយដែលខ្ញុំចង់ដឹងពីហេតុអ្វីបានជាគេចោទប្រកាន់វា នោះខ្ញុំបាននាំចុះទៅនៅមុខក្រុមជំនុំរបស់គេ ក៏​ឃើញថា គេចោទប្រកាន់ពីរឿងជជែកគ្នា ខាងឯក្រឹត្យវិន័យរបស់គេទេ តែ​គ្មានហេតុអ្វីដែលគួរឲ្យស្លាប់ ឬជាប់ចំណងសោះឡើយ កាលមានគេ​មក​ប្រាប់ខ្ញុំពីឧបាយកល ដែលពួកសាសន៍យូដាគិតធ្វើដល់វា នោះខ្ញុំក៏បញ្ជូន​មក​ឯលោកភ្លាម ទាំងប្រាប់ពួកអ្នកដើមចោទ ឲ្យគេមកចោទប្រកាន់នៅ​ចំពោះ​លោកចុះ សូមឲ្យលោកបានប្រកបដោយសេចក្តីសុខសាន្ត សេចក្តី​គួរពុំគួរ សូមទានអភ័យទោស»។

បន្ទាប់ពីបានអានលិខិតរួចមក លោកភេលីចបានសួរថាតើអ្នកទោសនេះមកពីខេត្តណា ហើយគេបានជម្រាបលោកថាមកពីស្រុកគីលីគា លោក​បានមានប្រសាសន៍ថា «ចាំកាលណាពួកដើមចោទបានចុះមកដល់ នោះ​អញ​នឹងស្តាប់រឿងឯងសព្វគ្រប់ រួចលោកបង្គាប់ឲ្យឃុំគាត់ ទុកក្នុងសាលាជំនុំរបស់ស្តេចហេរ៉ូឌ»។

ករណីរបស់លោកប៉ុលមិនមែនជាលើកទីមួយទេ ដែលអ្នកបម្រើរបស់ព្រះបានជួបប្រទះនឹងគ្រោះថ្នាក់ នៅក្នុងចំណោមសាសន៍ដទៃ ដែលកើតពីការអាក្រក់នៃពួកអ្នកដែលអះអាងថាជារាស្រ្តរបស់ព្រះយេហូវ៉ានោះ ។ នៅក្នុងកំហឹងរបស់ពួកគេប្រឆាំងនឹងប៉ុល សាសន៍យូដាបាន​បន្ថែមបទឧក្រិដ្ឋ​មួយទៀត ចូលទៅក្នុងគំរូនៃភាពងងឹតដែលបានកំណត់ជាប្រវត្តិសាស្ត្រ​របស់ប្រជារាស្រ្តនោះ ។ ពួកគេនៅតែមានចិត្ដរឹងចចេសថែមទៀត ប្រឆាំង​នឹងសេចក្ដីពិត ហើយបានធ្វើឲ្យសេចក្ដីវិនាសរបស់ពួកគេលេចឡើងកាន់តែច្បាស់។

មនុស្សមួយចំនួនតូចបានយល់ពីព្រះបន្ទូល ដែលព្រះគ្រិស្តបាន​មាន​បន្ទូល នៅក្នុងសាលាប្រជុំនៅណាសារ៉ែត ដែលទ្រង់បានប្រកាសថាទ្រង់ជាអ្នកដែលព្រះបានចាក់ប្រេងតាំង ទ្រង់បានប្រកាសពីបេសកកម្មរបស់ទ្រង់ ថាជាការកម្សាន្តចិត្ត ជាព្រះពរ និងជាសេចក្តីសង្រ្គោះ ដល់អ្នកមានទុក្ខព្រួយនិងអ្នកមានបាប ហើយបន្ទាប់មក ដោយឃើញថាមោទនភាពនិងការមិនជឿគ្រប់គ្រងលើចិត្តពួកអ្នកស្តាប់របស់ទ្រង់ នោះព្រះអង្គបានរំឭកពួកគេថា កាលពីអតីតកាលព្រះបានបែរចេញពីរាស្រ្តដែលទ្រង់បានជ្រើសរើស ដោយ​សារតែការមិនជឿ និងការបះបោររបស់ពួកគេ ហើយបានបង្ហាញអង្គទ្រង់ផ្ទាល់ដល់អ្នកដែលនៅប្រទេសដទៃ ដែលមិនបានបដិសេធពន្លឺនៃឋានសួគ៌វិញ។ ស្ត្រីមេម៉ាយនៅសារិបតា និងលោកណាម៉ាន់នៃប្រទេសស៊ីរីបានរស់នៅតាមពន្លឺដែលពួកគេមាន ហេតុដូច្នេះហើយបានជាពួកគេត្រូវបានរាប់ជាសុចរិត ជាងមនុស្សដែលព្រះបានរើស ដែលបានងាកបែរចេញពីទ្រង់ ហើយបានលះបង់គោលការណ៍ដើម្បីភាពងាយស្រួលនិងកិត្តិយសខាងលោកិយ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ កុំ​ឲ្យ​ច្រឡំ​ឡើយ និង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ។ (កាឡាទី ៦:៧)

Powered by CAM