កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៣)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អែសរ៉ា ជំពួក១០
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរសូមពរឲ្យដល់អ្នកណាដែលបៀតបៀនអ្នក ចូរសូមពរចុះ កុំឲ្យប្រទេចផ្តាសាឡើយ។ រ៉ូម ១២:១៤
មិនមែនមនុស្សទាំងអស់ដែលដឹងថាព្រះបានហៅឲ្យផ្សព្វផ្សាយដំណឹងល្អ ត្រូវតែបានលើកទឹកចិត្តឲ្យលះបង់ខ្លួនឯង និងក្រុមគ្រួសារ ឲ្យនៅក្រោមការឧបត្ថម្ភខាងហិរញ្ញវត្ថុជាបន្តពីសំណាក់ពួកជំនុំភ្លាមៗ នោះទេ ។ អាចមានគ្រោះថ្នាក់ នៅពេលដែលអ្នកមានបទពិសោធន៍តិចតួចមួយចំនួន ត្រូវបានបំផ្លាញដោយការបញ្ជោរនិងដោយការលើកទឹកចិត្តមិនត្រឹមត្រូវឲ្យរំពឹងថានឹងបានទទួលការឧបត្ថម្ភពេញទំហឹងដោយសារកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ពួកគេនោះ ។ គេមិនគួរប្រើប្រាស់ធនធានដែលបានថ្វាយដើម្បីពង្រីកកិច្ចការរបស់ព្រះ សម្រាប់មនុស្សដែលផ្សាយដំណឹងល្អ ដោយសារតែទទួលបានការឧបត្ថម្ភ និងដោយមានបំណងបំពេញមហិច្ឆតាអាត្មានិយមដើម្បីឲ្យមានជីវិតងាយស្រួលនោះឡើយ។
យុវវ័យទាំងឡាយដែលប្រាថ្នាចង់ប្រើប្រាស់អំណោយរបស់ខ្លួន ក្នុងការបម្រើដំណឹងល្អ នឹងរកឃើញមេរៀនដ៏មានប្រយោជន៍ នៅក្នុងគំរូរបស់លោកប៉ុល នៅទីក្រុងថែស្សាឡូនីច កូរិនថូស អេភេសូរ និងកន្លែងផ្សេងៗទៀត ។ ទោះបីជាអ្នកមានវោហាកោសល្យ និងដែលព្រះបានជ្រើសរើសឲ្យធ្វើកិច្ចការពិសេសក៏ដោយ ក៏អ្នកនោះមិនខ្ពស់ហួសពីការងារ និងក៏មិនត្រូវធុញទ្រាន់នឹងការលះបង់ដើម្បីកិច្ចការដែលខ្លួនស្រឡាញ់ដែរ ។ លោកបានសរសេរទៅកាន់បងប្អូននៅទីក្រុងកូរិនថូសថា «លុះមកដល់ឥឡូវនេះ យើងខ្ញុំត្រូវទាំងឃ្លាន ទាំងស្រេក ហើយនៅអាក្រាត ទាំងត្រូវគេវាយ ហើយក៏ដើរសាត់អណ្តែត យើងខ្ញុំធ្វើការនឿយហត់នឹងដៃយើង កាលណាគេជេរ នោះយើងខ្ញុំឲ្យពរវិញ កាលណាគេបៀតបៀន នោះយើងខ្ញុំទ្រាំទ្រ» (កូរិនថូសទី១ ៤:១១, ១២)។
ជាមនុស្សដែលជាគ្រូបង្រៀនដ៏អស្ចារ្យម្នាក់ ក្នុងចំណោមគ្រូបង្រៀនទាំងឡាយ លោកប៉ុលបានបំពេញកិច្ចការដែលទាបបំផុតនិងខ្ពស់បំផុត។ នៅពេលដែលបរិយាកាសនៃការបម្រើដល់ព្រះដែលជាចៅហ្វាយដ៏អស្ចារ្យហាក់ដូចជាមានតម្រូវការ លោកបានស្ម័គ្រចិត្តប្រកបមុខជំនួញរបស់លោក។ ទោះជាលោកបានប្រុងប្រៀបខ្លួនជាស្រេចដើម្បីលះបង់ការងារខាងលោកិយរបស់លោក ដើម្បីទប់ទល់នឹងការប្រឆាំងនឹងពួកសត្រូវនៃដំណឹងល្អ ឬដើម្បីបង្កើនឱកាសនេសាទមនុស្សថ្វាយព្រះយេស៊ូវក៏ដោយ ។ ការខំប្រឹងប្រែងនិងឧស្សាហ៍ព្យាយាមរបស់លោកគឺជាការស្ដីបន្ទោសចំពោះភាពខ្ជះខ្ជាយនិងការប្រាថ្នាចង់បានភាពងាយស្រួល។
លោកប៉ុលបានធ្វើជាគំរូមួយទប់ទល់នឹងការប្រឆាំង ហើយបន្ទាប់មក ទទួលបានឥទ្ធិពលនៅក្នុងពួកជំនុំ ថាដំណឹងល្អអាចត្រូវបានប្រកាសដោយជោគជ័យ ដោយសារតែអ្នកដែលមានសេរីភាពពីការរវល់ធ្វើការយ៉ាងមមាញឹកប៉ុណ្ណោះ ។ លោកបានបកស្រាយបង្ហាញតាមរបៀបជាក់ស្តែងពីអ្វីដែលពួកអ្នកធ្វើការស្ម័គ្រចិត្តបានធ្វើនៅតាមកន្លែងជាច្រើន ដែលមនុស្សមិនបានស្គាល់សេចក្ដីពិតនៃដំណឹងល្អ ។ មេរៀនរបស់លោកបានបំផុសគំនិតដល់អ្នកដែលបន្ទាបខ្លួន ឲ្យមានបំណងចង់ធ្វើកិច្ចការដែលពួកគេអាចធ្វើបាន ដើម្បីជំរុញកិច្ចការរបស់ព្រះ ខណៈដែលធ្វើការដើម្បីឧបត្ថម្ភខ្លួនឯង ដោយធ្វើការងារប្រចាំថ្ងៃរបស់ខ្លួនផងនៅពេលជាមួយគ្នានោះ ។ អាគីឡានិងព្រីស៊ីល មិនត្រូវបានត្រាស់ហៅឲ្យចំណាយពេលពេញម៉ោងរបស់ខ្លួន ដើម្បីបម្រើដល់ដំណឹងល្អទេ ប៉ុន្តែ ព្រះបានប្រើអ្នកធ្វើការដ៏សុភាពនេះ ដើម្បីបង្ហាញដល់អ័ប៉ុឡូសពីផ្លូវនៃសេចក្តីពិតឲ្យកាន់តែគ្រប់លក្ខណ៍បន្ថែមទៀត។ ព្រះជាម្ចាស់បានប្រើឧបករណ៍ជាច្រើន ដើម្បីសម្រេចគោលបំណងរបស់ទ្រង់ ហើយខណៈដែលព្រះជ្រើសរើសមនុស្សមួយចំនួនដែលមានទេពកោសល្យពិសេស ឲ្យលះបង់ថាមពលទាំងអស់របស់ពួកគេ សម្រាប់ធ្វើកិច្ចការបង្រៀននិងការផ្សាយដំណឹងល្អ អ្នកដទៃជាច្រើនទៀត ដែលមិនធ្លាប់ទទួលបានការតែងតាំងដោយការអធិដ្ឋានដាក់ដៃពីលើ ត្រូវបានត្រាស់ហៅធ្វើសកម្មភាពមួយដ៏សំខាន់ក្នុងការសង្រ្គោះមនុស្ស។
មានទីកន្លែងធ្វើការជាច្រើនកំពុងបើកចំហ រង់ចាំអ្នកបម្រើដំណឹងល្អ ដែលឧបត្ថម្ភខ្លួនឯង ។ មនុស្សជាច្រើនអាចទទួលបានបទពិសោធន៍ដ៏មានតម្លៃ នៅក្នុងការបម្រើព្រះ នៅពេលដែលពួកគេបានចំណាយពេលមួយផ្នែកសម្រាប់ធ្វើការប្រកបរបរចិញ្ចឹមជីវិត ហើយដោយសារវិធីសាស្រ្តនេះ យើងអាចបង្កើនអ្នកធ្វើការដែលរឹងមាំបានជាច្រើន សម្រាប់សេវាកម្មសំខាន់ៗដែលជាតម្រូវការចាំបាច់នៅតាមកន្លែងនានា។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្តីជំនឿ ទាំងចាក់ទំលុះខ្លួនគេដោយសេចក្តីព្រួយលំបាកជាច្រើន។ (ធីម៉ូថេទី១ ៦:១០)