ថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០

កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៩)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ជំពូក ២៤។​

ការជំនុំជម្រះនៅសេសារា

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូប ជំពួក​៥

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិត​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ដែល​កាត់​ស្បែក ឬ​មិន​កាត់ នោះ​មិន​ជា​ប្រយោជន៍​អ្វី​ទេ ដែល​ហៅ​ថា​មាន​ប្រយោជន៍ នោះ​មាន​តែ​កើត​ជា​ថ្មី​វិញ​ប៉ុណ្ណោះ។ កាឡាទី ៦:១៥

ប្រាំថ្ងៃបន្ទាប់ពីលោកប៉ុលមកដល់ក្រុងសេសារា ពួកអ្នកចោទប្រកាន់លោកដែលមកពីក្រុងយេរូសាឡិម ដោយយកលោកទីទូលុស ជាអ្នកមាន វោហារមកចូលរួមនៅក្នុងការប្តឹងរបស់ក្រុមប្រឹក្សានេះផង ។ តុលាការបានបើកសវនាការលើករណីនេះយ៉ាងឆាប់រហ័ស។ គេបាននាំលោកប៉ុលមកនៅចំពោះមុខក្រុមជំនុំជម្រះហើយលោកទីទូលុស «បានចាប់ផ្ដើមចោទ ប្រកាន់គាត់»។ ដោយវិនិច្ឆ័យថាការបញ្ជោរនឹងមានឥទ្ធិពលទៅលើអភិបាលខេត្តរ៉ូម ខ្លាំងជាងប្រយោគនៃសេចក្តីពិតនិងយុត្តិធម៌ដ៏សាមញ្ញ អ្នកពូកែខាងវោហារនេះបានចាប់ផ្តើមការចោទប្រកាន់របស់គេ ដោយសរសើរលោក ភេលីចថា៖ «ឱព្រះតេជគុណភេលីចអើយ សាសន៍យើងខ្ញុំបានសេចក្តី សុខប្រពៃ ដោយសារលោកម្ចាស់ក៏មានចម្រើនការផ្លាស់ប្រែយ៉ាងប្រសើរ ដែលមានប្រយោជន៍ដល់សាសន៍យើងខ្ញុំនេះ ដោយសារគំនិតលោកម្ចាស់ ហើយទោះបើនៅវេលាណា ឬកន្លែងណាក៏ដោយ គង់តែយើងខ្ញុំទទួលបានការទាំងនោះដោយអំណរ ទាំងអរគុណដល់លោកម្ចាស់គ្រប់ជំពូកដែរ»។នៅទីនេះ លោកទីទូលុស បានបន្ទាបចុះដោយពាក្យភូតកុហក ព្រោះអត្តចរិតរបស់លោកភេលីចមានលក្ខណៈទន់ទាបនិងគួរឲ្យស្អប់ខ្ពើម។ លោកភេលីចបានមានប្រសាសន៍ទៅកាន់គាត់ថា «នៅក្នុងការអនុវត្តន៍នៃសេចក្តីប៉ងប្រាថ្នាគ្រប់ប្រភេទ និងភាពសាហាវឃោរឃៅនោះ លោកបានប្រើ អំណាចរបស់ស្តេច ជាមួយនឹងកំហឹងខ្លាំងក្លានៃទាសករ» (សៀវភៅប្រវត្តិ សាស្រ្តតាស៊ីទុស ជំពូកទី៥ វគ្គទី ៩) ។ អ្នកដែលបានឮសម្តីលោកទីទូលុស បានដឹងថា សម្តីបញ្ជោរទាំងនេះជាពាក្យមិនពិតទេ ប៉ុន្តែ គោលបំណងរបស់ ពួកគេ ក្នុងការរក្សាការចោទប្រកាន់ដល់លោកប៉ុលនោះខ្លាំងក្លាជាងការស្រឡាញ់សេចក្តីពិតរបស់ពួកគេ។

នៅក្នុងសុន្ទរកថារបស់គាត់ លោកទីទូលុស បានចោទប្រកាន់ លោកប៉ុលអំពីបទឧក្រិដ្ឋដែលបង្ហាញថាលោកប៉ុលនឹងត្រូវកាត់ទោសពីបទក្បត់ជាតិ ប្រឆាំងនឹងរដ្ឋាភិបាល។ អ្នកពូកែខាងវោហារនេះបាននិយាយថា «ដ្បិត យើងខ្ញុំបានឃើញថា អ្នកនេះជាមនុស្សចង្រៃ ជាមេនៃពួកណាសារ៉ែត ដែល ញុះញង់ឲ្យពួកសាសន៍យូដាទាំងអស់ នៅលោកិយនេះបះបោរឡើង ក៏ចង់ ធ្វើបង្អាប់ដល់ព្រះវិហារផង»។ លោកទីទូលុសបាននិយាយថា លោកលូស៊ា ដែលជាមេបញ្ជាការកងទាហាននៅក្រុងយេរូសាឡិម បានចាប់លោក ប៉ុល ពីពួកយូដា នៅពេលដែលពួកគេរៀបនឹងកាត់ទោសគាត់ដោយច្បាប់ខាងសាសនារបស់ពួកគេទៅហើយ ដូច្នេះហើយបានជាបង្ខំពួកគេឲ្យនាំរឿងនេះមកចំពោះលោកភេលីច ។ សេចក្តីថ្លែងការណ៍ទាំងនេះត្រូវបានធ្វើឡើងជាមួយនឹងការរចនានៃការទាក់ទាញរដ្ឋអាជ្ញា ដើម្បីបញ្ជូនលោកប៉ុលទៅកាន់តុលាការជាន់ខ្ពស់នៃសាសន៍យូដា។ ការចោទប្រកាន់ទាំងអស់ ត្រូវបានគាំទ្រយ៉ាងពេញទំហឹងដោយពួកសាសន៍យូដា ដែលមិនបានព្យាយាមលាក់បាំងសម្អប់របស់ខ្លួន ទៅលើលោកប៉ុលដែលជាអ្នកទោសនេះឡើយ។

លោកភេលីចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការពិនិត្យអាកប្បកិរិយានិងអត្តចរិតរបស់ពួកអ្នកចោទប្រកាន់របស់លោកប៉ុល ។ លោកបានជ្រាបពីមូលហេតុដែលពួកគេបញ្ចើចបញ្ចើដល់លោក ហើយលោកក៏បានឃើញផងដែរថាពួកគេបានបរាជ័យក្នុងការបញ្ជាក់ការចោទប្រកាន់របស់ពួកគេទាស់នឹងលោកប៉ុល ។ ដោយបែរទៅរកជនជាប់ចោទ លោកបានហៅឲ្យឆ្លើយ ដោយខ្លួនឯង ។ លោកប៉ុលមិនបានចំណាយពេលឥតប្រយោជន៍ ក្នុងការ សរសើរនោះទេ តែលោកគ្រាន់តែបាននិយាយថា គាត់អាចការពារខ្លួន ដោយក្លាហាន នៅចំពោះលោកភេលីច ជាអ្នកកាន់អំណាចយូរយារមក ហើយ ដោយលោកមានការយល់ដឹងច្រើនអំពីច្បាប់និងប្រពៃណីរបស់សាសន៍យូដា ។ យោងទៅលើការចោទប្រកាន់ទាស់នឹងរូបលោក លោក បានបង្ហាញយ៉ាងច្បាស់ថា គ្មានពាក្យណាមួយ ក្នុងចំណោមការចោទប្រកាន់ទាំងនោះជាការពិតទេ លោកបានប្រកាសថា លោកមិនបណ្តាលឲ្យមានការរំជើបរំជួលនៅកន្លែងណាមួយនៃទីក្រុងយេរូសាឡិមទេ ហើយក៏មិន បានបំផ្លាញរោងឧបោសថដែរ។ លោកបានមានប្រសាសន៍ថា៖ «គេក៏មិន​បានឃើញខ្ញុំប្របាទ កំពុងដែលជជែកនឹងអ្នកណា នៅក្នុងព្រះវិហារ ឬ​ប្រមូលញុះញង់បណ្តាមនុស្សដែរ ទោះបើក្នុងសាលាប្រជុំគេ ឬកន្លែងណា​នៅក្នុងទីក្រុងក្តី គេពុំអាចនឹងរកភស្តុតាង ពីការដែលគេចោទខ្ញុំប្របាទឥឡូវនេះបានទេ»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ កុំ​ឲ្យ​ច្រឡំ​ឡើយ និង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ។ (កាឡាទី ៦:៧)

Powered by CAM