កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៣)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នេហេមា ជំពួក១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរឧស្សាហ៍ប្រព្រឹត្តតាមសេចក្តីទាំងនេះ ហើយកាន់ខ្ជាប់ផង ដើម្បីឲ្យមនុស្សទាំងឡាយ បានឃើញសេចក្តីជំនឿរបស់អ្នក ។ ធីម៉ូថេទី១ ៤:១៥
អ្នកបម្រើរបស់ព្រះដែលលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ហើយខំប្រឹងធ្វើការដោយមិនចេះនឿយហត់ ដើម្បីបម្រើដល់ព្រះបន្ទូលនិងគោលលទ្ធិ គឺកំពុងទទួលបន្ទុកយ៉ាងធ្ងន់នៅក្នុងចិត្ត ។ អ្នកនោះមិនបានវាស់វែងការងាររបស់ខ្លួនជាម៉ោងទេ ។ ប្រាក់ខែរបស់គាត់មិនបានមានឥទ្ធិពលលើគាត់ក្នុងការងាររបស់គាត់ទេ ឬមួយគាត់មិនងាកចេញពីកាតព្វកិច្ចរបស់គាត់ដោយសារតែស្ថានភាពមិនអំណោយផលដែរ ។ អ្នកនោះបានទទួលការត្រាស់បង្គាប់របស់គាត់ពីឋានសួគ៌ ហើយគាត់បានសម្លឹងមើលទៅឯរង្វាន់ពីឋានសួគ៌ នៅពេលគាត់បានបំពេញកិច្ចការដែលព្រះបានប្រគល់ឲ្យគាត់រួចរាល់។
គឺជាការរៀបចំរបស់ព្រះដែលតម្រូវឲ្យពួកអ្នកធ្វើការបែបនេះ ទំនេរពីការនឿយហត់ដោយសារកិច្ចការមិនចាំបាច់ទាំងឡាយ ដើម្បីឲ្យពួកគេមានឱកាសគ្រប់គ្រាន់សម្រាប់ធ្វើតាមការបង្គាប់របស់លោកប៉ុលទៅកាន់ធីម៉ូថេថា «ចូរឧស្សាហ៍ប្រព្រឹត្តតាមសេចក្តីទាំងនេះ ហើយកាន់ខ្ជាប់ផង ដើម្បីឲ្យមនុស្សទាំងឡាយ បានឃើញសេចក្តីជំនឿរបស់អ្នក» (ធីម៉ូថេទី១ ៤:១៥) ទោះបីជាពួកគេត្រូវប្រុងប្រយ័ត្នក្នុងការហាត់ប្រាណឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាគំនិតនិងរាងកាយយ៉ាងរឹងមាំក៏ដោយ ក៏វាមិនមែនជាផែនការរបស់ព្រះដែលពួកគេត្រូវបង្ខំចិត្តចំណាយពេលវេលាភាគច្រើនរបស់ខ្លួនក្នុងការងារខាងលោកិយដែរ។
ទោះជាមានឆន្ទៈក្នុងការចំណាយនិងបានចំណាយពេលសម្រាប់ដំណឹងល្អក៏ដោយ ក៏អ្នកធ្វើការដ៏ស្មោះត្រង់ទាំងនេះ មិនត្រូវបានលើកលែងឲ្យរួចផុតពីការល្បួងដែរ ។ នៅពេលមានការរាំងស្ទះនិងបន្ទុកដោយកង្វល់នៃការបរាជ័យនៅលើផ្នែកនៃពួកជំនុំ ក្នុងការផ្គត់ផ្គត់ថវិកាឲ្យបានត្រឹមត្រូវដល់ពួកគេ អ្នកខ្លះត្រូវបានហ៊ុំព័ទ្ធដោយមេល្បួងយ៉ាងសាហាវឃោរឃៅ នៅពេលពួកគេឃើញកិច្ចការរបស់ខ្លួនទទួលបានកម្រៃតិចតួច ពួកគេមានការធ្លាក់ទឹកចិត្ត ។ ពិតប្រាកដណាស់ ពួកគេទន្ទឹងរង់ចាំពេលវេលានៃការជំនុំជម្រះដើម្បីទទួលបានពានរង្វាន់របស់ពួកគេឲ្យបានយុត្តិធម៌ ហើយការនេះបានជួយលើកទឹកចិត្តពួកគេឡើង។ ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះ គ្រួសាររបស់ពួកគេក៏ត្រូវការម្ហូបអាហារនិងសម្លៀកបំពាក់ផងដែរ ។ ប្រសិនបើពួកគេអាចដឹងថាពួកគេត្រូវបានដោះលែងពីការត្រាស់បង្គាប់នៃព្រះរបស់គេ នោះពួកគេនឹងស្ម័គ្រចិត្តធ្វើការដោយដៃជាក់ជាមិនខាន។ ប៉ុន្ដែ ពួកគេដឹងថាពេលវេលារបស់គេជារបស់ផងព្រះ ទោះបីជាទស្សវិស័យខ្លីនៃការផ្តល់ថវិកាគ្រប់គ្រាន់ដល់ពួកគេក៏ដោយ ។ ពួកគេបានងើបផុតពីការល្បួង ដើម្បីចូលទៅក្នុងការខិតខំដែលមិនយូរប៉ុន្មាន ពួកគេអាចដាក់ខ្លួនគេឲ្យផុតពីការចង់បាន ហើយពួកគេបន្តធ្វើការដើម្បីឲ្យកិច្ចការដែលពួកគេស្រឡាញ់ខ្លាំងជាងជីវិត។ ដើម្បីធ្វើដូច្នេះ ទោះបីជាពួកគេត្រូវបានគេបង្ខំឲ្យធ្វើតាមគំរូរបស់លោកប៉ុល ហើយអាចធ្វើការងារដោយដៃ ខណៈពួកគេនៅតែបន្តកិច្ចការផ្សាយដំណឹងល្អក៏ដោយ ។ គេធ្វើដូច្នេះមិនមែនដើម្បីបង្កើតផលចំណេញរបស់ខ្លួនផ្ទាល់ទេ គឺដើម្បីផលចំណេញនៃកិច្ចការរបស់ព្រះនៅលើផែនដីនេះទៅវិញ។
មានពេលខ្លះដែលអ្នកបម្រើរបស់ព្រះហាក់ដូចជាមិនអាចធ្វើកិច្ចការចាំបាច់ ដែលត្រូវតែបំពេញបាន ដោយសារតែខ្វះមធ្យោបាយដើម្បីអនុវត្តការងារធំៗនិងរឹងមាំ។ អ្នកខ្លះភ័យខ្លាចក្រែងមិនអាចធ្វើអ្វីៗទាំងអស់ដែលពួកគេគិតថាជាកាតព្វកិច្ចរបស់ខ្លួនទាំងអស់បាន។ ប៉ុន្ដែ បើពួកគេបោះជំហានទៅមុខដោយសេចក្ដីជំនឿ សេចក្តីសង្គ្រោះរបស់ព្រះនឹងត្រូវបង្ហាញឲ្យឃើញ ហើយភាពចម្រុងចម្រើននឹងកើតមានដល់កិច្ចខិតខំរបស់គេ ។ អ្នកដែលបានបង្គាប់ឲ្យអ្នកដើរតាមទ្រង់ ចេញទៅគ្រប់ទីកន្លែងនៃពិភពលោក នឹងទ្រទ្រង់អ្នកធ្វើការគ្រប់រូប ដែលស្តាប់បង្គាប់តាមការត្រាស់បង្គាប់របស់ទ្រង់ ដើម្បីប្រកាសសាររបស់ទ្រង់។
ក្នុងការពង្រីកកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់មិនមែនតែងតែធ្វើឲ្យអ្វីគ្រប់យ៉ាងមានដំណើរការដោយរលូន នៅចំពោះមុខពួកអ្នកបម្រើទ្រង់ទេ ។ ជួនកាលព្រះអង្គព្យាយាមសាកល្បងទំនុកចិត្តរាស្រ្តរបស់ទ្រង់ ដោយនាំមកនូវកាលៈទេសៈដែលជំរុញពួកគេឲ្យបោះជំហានទៅមុខដោយសេចក្តីជំនឿ ។ ជារឿយៗ ព្រះអង្គតែងតែនាំពួកគេចូលទៅក្នុងកន្លែងចង្អៀត និងពិបាក ហើយបង្គាប់ឲ្យពួកគេរុលទៅមុខ ខណៈដែលជើងរបស់ពួកគេហាក់ដូចជាទម្លាក់ចូលទៅក្នុងទឹកទន្លេយ័រដាន់ ។ គឺនៅសម័យបែបនេះហើយ ដែលការអធិដ្ឋាននៃពួកអ្នកបម្រើរបស់ទ្រង់ឡើងទៅដល់ទ្រង់ ដោយសេចក្តីជំនឿដ៏ស្មោះត្រង់ ពេលនោះព្រះទ្រង់បើកផ្លូវនៅចំពោះមុខពួកគេ ហើយនាំពួកគេទៅកាន់កន្លែងដ៏ធំទូលាយ។
នៅពេលអ្នកនាំសាររបស់ព្រះទទួលស្គាល់ការទទួលខុសត្រូវរបស់ពួកគេ ចំពោះអ្នកទ័លក្រ ពីចំណែកនៃចម្ការរបស់ព្រះជាម្ចាស់ ហើយនៅក្នុងស្មារតីនៃអ្នកធ្វើការងារដែលឥតងាករេ ថ្វាយព្រះជាម្ចាស់ សម្រាប់ការកែប្រែចិត្តរបស់មនុស្ស ពួកទេវតានៃព្រះនឹងរៀបចំផ្លូវនៅពីមុខពួកគេ ហើយព្រះនឹងប្រទានមធ្យោបាយចាំបាច់សម្រាប់ជំរុញកិច្ចការឲ្យជឿនលឿនទៅមុខ ។ អស់អ្នកដែលទេវតាបានបំភ្លឺនឹងថ្វាយដោយសទ្ធា ដើម្បីឧបត្ថម្ភដល់កិច្ចការដែលអ្នកបម្រើព្រះបានធ្វើជំនួសពួកគេ ។ ពួកគេនឹងឆ្លើយតបដោយការលះបង់ទៅនឹងរាល់ការអំពាវនាវសុំជំនួយ ហើយព្រះវិញ្ញាណនៃព្រះនឹងជំរុញចិត្តរបស់ពួកគេ ឲ្យឧបត្ថម្ភដល់កិច្ចការរបស់ព្រះជាម្ចាស់មិនមែនត្រឹមតែកន្លែងធ្វើការនៅក្នុងស្រុករបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែ រហូតដល់ភូមិភាគឯនាយថែមទៀតផង ។ ដូច្នេះ កម្លាំងនឹងកើតឡើងដល់កងកម្លាំងនៅកន្លែង ផ្សេងៗទៀត ហើយកិច្ចការរបស់ព្រះជាម្ចាស់នឹងរីកចម្រើនទៅមុខ តាមរបៀបដែលព្រះបានរៀបចំទុក។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្តីជំនឿ ទាំងចាក់ទំលុះខ្លួនគេដោយសេចក្តីព្រួយលំបាកជាច្រើន។ (ធីម៉ូថេទី១ ៦:១០)