ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នេហេមា ជំពួក២
នៅក្នុងព្រះជន្មនិងមេរៀនរបស់ទ្រង់ ព្រះគ្រិស្តបានប្រទានគំរូដ៏ល្អគ្រប់លក្ខណ៍ពីកិច្ចការដែលមិនអាត្មានិយម ដែលមានដើមកំណើតមកពីព្រះ។ ព្រះ មិនមានព្រះជន្មរស់នៅសម្រាប់តែព្រះអង្គឯងប៉ុណ្ណោះទេ ។ ដោយការបង្កើត ពិភពលោក និងការទ្រទ្រង់អ្វីៗគ្រប់យ៉ាងព្រះអង្គកំពុងបម្រើអ្នកដទៃជាបន្ត។ «ព្រោះទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មក លើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត ផង» (ម៉ាថាយ ៥:៤៥)។ ព្រះវរបិតាបានប្រគល់គំនិតនៃការបម្រើនេះដល់ព្រះរាជបុត្រារបស់ទ្រង់។ ព្រះវរបិតាបានតាំងព្រះយេស៊ូវឲ្យឈរនៅជាសិរសានៃមនុស្សលោក ដោយគំរូរបស់ទ្រង់ ដើម្បីបង្រៀនពីអត្ថន័យនៃការបម្រើនេះ ។ ព្រះជន្មរបស់ទ្រង់ទាំងស្រុងឋិតនៅក្រោមច្បាប់នៃការបម្រើ ។ ព្រះអង្គបានបម្រើដល់មនុស្សគ្រប់គ្នា គ្រប់បែបយ៉ាងទាំងអស់។
ព្រះយេស៊ូវបានព្យាយាមស្ថាបនាគោលការណ៍របស់ទ្រង់ នៅក្នុង ចំណោមពួកសិស្សទ្រង់ម្តងហើយម្តងទៀត ។ នៅពេលលោកយ៉ាកុបនិងលោកយ៉ូហានបានស្នើសុំឋានៈខ្ពង់ខ្ពស់ ព្រះអង្គមានបន្ទូលថា «ប៉ុន្តែ មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ គឺអ្នកណាក្នុងពួកអ្នករាល់គ្នា ដែល ចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបម្រើដល់អ្នករាល់គ្នាវិញ ហើយអ្នកណាក្នុងពួកអ្នកដែលចង់បានជាលេខមួយ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបម្រើលោកទេ គឺនឹងបម្រើ គេវិញ ហើយនិងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង» (ម៉ាថាយ ២០:២៦-២៨)។
ចាប់តាំងពីការយាងឡើងទៅឋានសួគ៌របស់ទ្រង់មក ព្រះគ្រិស្តបានបន្តការងាររបស់ព្រះអង្គនៅលើផែនដី ដោយរាជទូតដែលទ្រង់មានបន្ទូលតាមរយៈពួកគេ ទៅកាន់កូនចៅរបស់មនុស្ស និងឲ្យបម្រើដល់ពួកគេតាមសេចក្តីត្រូវការ។ មហាសិរសានៃពួកជំនុំ គ្រប់គ្រងការងាររបស់ទ្រង់ តាមរយៈ ឧបករណ៍ជាមនុស្ស ដែលព្រះបានតែងតាំង ដើម្បីធ្វើជាអ្នកតំណាងរបស់ ទ្រង់។
តួនាទីរបស់អស់អ្នកដែលព្រះបានត្រាស់ហៅ ដើម្បីធ្វើការក្នុងព្រះបន្ទូលនិងគោលលទ្ធិសម្រាប់ការពង្រឹងពួកជំនុំរបស់ទ្រង់ គឺជាការទទួលខុសត្រូវ ដ៏ធំមួយ។ តាងនាមឲ្យព្រះគ្រិស្តពួកគេត្រូវតែ ទទូចអង្វរដល់បុរសនិងនារីទាំងឡាយឲ្យបានផ្សះផ្សាជាមួយនឹងព្រះ ហើយពួកគេអាចបំពេញបេសកកម្ម របស់ពួកគេបាន លុះត្រាតែពួកគេទទួលបាននូវប្រាជ្ញានិងអំណាចមកពីឋានលើប៉ុណ្ណោះ។
ពួកអ្នកបម្រើរបស់ព្រះគ្រិស្តគឺជាអាណាព្យាបាលខាងវិញ្ញាណ របស់មនុស្សដែលព្រះបានប្រគល់ឲ្យពួកគេថែរក្សា ។ ការងាររបស់ពួកគេត្រូវបានគេប្រដូចទៅនឹងអ្នកចាំយាម ។ នៅសម័យបុរាណ គេតែងដាក់អ្នកយាមប្រចាំការ ឈរជើងនៅលើកំផែងទីក្រុង ជាទីខ្ពស់ដែលអាចមើលឃើញចំណុចសំខាន់ ដែលត្រូវយាមកាម និងព្រមានអំពីការចូលមកដល់របស់សត្រូវ អ្នកនៅខាងក្នុងទីក្រុងទីពឹងទាំងស្រុងទៅលើភាពស្មោះត្រង់របស់អ្នកចាំយាម ។ នៅចន្លោះអ្នកយាមនីមួយៗ ពួកគេត្រូវបានតម្រូវឲ្យហៅគ្នាទៅវិញទៅមកដើម្បីឲ្យដឹងប្រាកដថា អ្នកយាមគ្រប់គ្នាមិនបានដេកលក់ និងថាគ្មានគ្រោះថ្នាក់អ្វីកើតឡើងដល់ពួកគេទេ ។ សម្រែកនៃភាពរីករាយឬការព្រមានដ៏ពីរោះត្រូវបានឮចេញពីម្នាក់ទៅម្នាក់ ហើយពួកគេនិយាយឡើងវិញពីសម្រែកនោះ ធ្វើឲ្យមានសំឡេងឮរំពងពាសពេញទាំងទីក្រុង។
ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់គ្រូគង្វាលទាំងឡាយថា «កូនមនុស្សអើយ គឺយ៉ាងនោះឯងដែលអញបានតាំងឯងឡើងឲ្យធ្វើជាអ្នកចាំយាម ដល់ពួកវង្សអ៊ីស្រាអែល ដូច្នេះ ចូរស្តាប់ពាក្យពីមាត់អញ ហើយប្រកាសប្រាប់គេឲ្យអញ កាលណាអញប្រាប់ដល់មនុស្សអាក្រក់ថា ឱមនុស្សអាក្រក់អើយ ឯងនឹងត្រូវស្លាប់ជាពិត តែឯងមិនពន្យល់ប្រាប់មនុស្សអាក្រក់នោះឲ្យលះចោលផ្លូវរបស់ខ្លួនទេ ដូច្នេះមនុស្សអាក្រក់នោះនឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែអញនឹងទារឈាមវាពីដៃឯងវិញ ប៉ុន្តែ បើឯងពន្យល់ប្រាប់ដល់មនុស្សអាក្រក់ ពីផ្លូវរបស់វា ឲ្យបានលះចោលផ្លូវនោះចេញ តែវាមិនបែរចេញពីផ្លូវរបស់ខ្លួនសោះ នោះវានឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់វា តែឯងបានដោះខ្លួនឲ្យរួចវិញ» (អេសេគាល ៣៣:៧-៩)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្តីជំនឿ ទាំងចាក់ទំលុះខ្លួនគេដោយសេចក្តីព្រួយលំបាកជាច្រើន។ (ធីម៉ូថេទី១ ៦:១០)