កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៤)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នេហេមា ជំពួក៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ក៏ដឹងថា ខ្ញុំមិនបានខាននឹងប្រាប់សេចក្តីអ្វី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ គឺបានបង្រៀនដល់អ្នករាល់គ្នានៅកណ្តាលជំនុំវិញ ហើយពីផ្ទះ១ទៅផ្ទះ១ផង។ កិច្ចការ ២០:២០
ពាក្យរបស់ហោរានេះបានប្រកាសពីការទទួលខុសត្រូវជាពិសេស របស់ពួកអ្នកដែលព្រះបានតែងតាំងជាអ្នកចាំយាមនៃពួកជំនុំរបស់ទ្រង់ និងជាអ្នកបម្រើនៃគម្រោងការដ៏អាថ៌កំបាំងរបស់ព្រះ។ គេនឹងឈរយាមនៅលើកំផែងក្រុងស៊ីយ៉ូន ដើម្បីបន្លឺសំឡេងប្រកាសអាសន្ននៅពេលសត្រូវចូលមកដល់។ មនុស្សត្រូវធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់នៃសេចក្ដីល្បួង ហើយពួកគេនឹងត្រូវវិនាស ប្រសិនបើពួកអ្នកបម្រើរបស់ព្រះមិនស្មោះត្រង់ចំពោះកិច្ចការរបស់ខ្លួនទេនោះ ។ ប្រសិនបើវិញ្ញាណរបស់គេក្លាយទៅជាស្ពឹកស្រពន់ដោយសារហេតុផលណាមួយ ធ្វើឲ្យគេមិនអាចយល់ពីគ្រោះថ្នាក់ ហើយខកខានមិនបានព្រមានអំពីការវិនាសរបស់មនុស្ស ព្រះជាម្ចាស់នឹងទារឈាមរបស់អ្នកដែលបាត់បង់ពីអ្នកនោះវិញ។
វាគឺជាឯកសិទ្ធិរបស់អ្នកចាំយាមនៅលើកំផែងទីក្រុងស៊ីយ៉ូន ដែលត្រូវរស់នៅជិតព្រះ ហើយងាយនឹងទទួលការជំរុញពីព្រះវិញ្ញាណរបស់ទ្រង់ ដែលទ្រង់អាចធ្វើការតាមរយៈពួកគេ ដើម្បីប្រាប់ដល់បុរសនិងនារីទាំងឡាយ អំពីគ្រោះថ្នាក់របស់ពួកគេ ហើយចង្អុលប្រាប់ពួកគេទៅកាន់កន្លែងដែលមានសុវត្ថិភាព ។ ពួកគេត្រូវព្រមានដល់មនុស្សដោយស្មោះត្រង់ អំពីលទ្ធផលពិតប្រាកដនៃការរំលងក្រឹត្យវិន័យ ហើយត្រូវការពារផលប្រយោជន៍របស់ពួកជំនុំ ដោយស្មោះស្ម័គ្រ ។ ពួកគេមិនត្រូវធ្វេសប្រហែសមួយប៉ព្រិចភ្នែកឡើយ ។ ការងាររបស់ពួកគេគឺជាការងារដែលតម្រូវឲ្យមានភាពក្លៀវក្លានៃមនុស្ស ។ នៅពេលឮសំឡេងត្រែ ពួកគេត្រូវតែបន្លឺសំឡេងឡើង ហើយពួកគេមិនត្រូវបន្លឺសំឡេងមិនច្បាស់លាស់ឡើយ។ ពួកគេមិនត្រូវធ្វើការដើម្បីឲ្យបានតែប្រាក់ខែទេ ប៉ុន្តែ ពួកគេត្រូវធ្វើការដោយសារតែពួកគេមិនអាចធ្វើអ្វីក្រៅពីនោះបានទេ ពីព្រោះពួកគេដឹងថាទុក្ខសោកនឹងធ្លាក់មកលើពួកគេ ប្រសិនបើពួកគេខកខានមិនបានផ្សព្វផ្សាយដំណឹងល្អទេ។ ដោយការជ្រើសរើសនៃព្រះ បានបោះត្រាដោយឈាមនៃការលះបង់ ពួកគេបានជួយសង្គ្រោះបុរសនិងនារីទាំងឡាយឲ្យរួចចាកផុតពីការវិនាសដែលនឹងមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។
អ្នកបម្រើដែលសហការជាមួយនឹងព្រះគ្រិស្ត នឹងដឹងច្បាស់អំពីភាពពិសិដ្ឋនៃការងារ និងពីតម្រូវការនៃការពិបាកនិងការលះបង់របស់ខ្លួន ដើម្បីបំពេញកិច្ចការឲ្យមានជោគជ័យ។ អ្នកនោះមិនបានសិក្សាពីភាពងាយស្រួលរបស់ខ្លួនឡើយ។ គេនឹងលះបង់ខ្លួនឯង ។ ក្នុងការស្វែងរកចៀមដែលបាត់បង់ គេមិនដែលគិតពីការហត់នឿយ ក្តៅ ត្រជាក់ និងស្រេកឃ្លានឡើយ។ អ្នកនោះមានវត្ថុបំណងតែមួយគត់នៅក្នុងចិត្ត គឺការសង្រ្គោះមនុស្សបាត់បង់។
អ្នកដែលបម្រើការនៅក្រោមផ្ទាំងបដាដែលមានស្នាមប្រឡាក់ឈាមរបស់ព្រះអេម៉ាញូអែល នឹងមានភារកិច្ចបំពេញកិច្ចការដែលនឹងអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងជាវីរបុរសនិងតស៊ូអត់ធ្មត់ ។ ប៉ុន្ដែ ទាហាននៃឈើឆ្កាងឈរដោយឥតរួញរានៅខ្សែត្រៀមជួរមុខនៃសមរភូមិ ។ នៅពេលដែលសត្រូវវាយសម្រុកមកលើគេ ទាហាននោះបានបែរទៅឯបន្ទាយដើម្បីសុំជំនួយ ហើយនៅពេលដែលគេបាននាំសេចក្តីសន្យានៃព្រះបន្ទូល ចូលទៅព្រះ នោះព្រះអង្គពង្រឹងកម្លាំងសម្រាប់កិច្ចការនៅពេលនោះ។ ទ្រង់ជ្រាបថាពួកគេត្រូវការជំនួយមកពីខាងលើ ។ ជ័យជម្នះដែលគេទទួល មិនបាននាំឲ្យគេលើកតម្កើងខ្លួនឯងឡើយ ប៉ុន្តែ ធ្វើឲ្យគេទីពឹងទៅលើព្រះដ៏មានព្រះចេស្តាកាន់តែខ្លាំង ។ ដោយពឹងផ្អែកលើថាមពលនោះ គេអាចបើកបង្ហាញសារ នៃសេចក្ដីសង្គ្រោះដ៏មានអំណាចដែលធ្វើឲ្យញាប់ញ័រនៅក្នុងគំនិតអ្នកដទៃ។
អ្នកណាដែលបង្រៀនព្រះបន្ទូល នោះត្រូវតែរស់នៅជាប់ជាមួយនឹងព្រះដោយមនសិការគ្រប់ពេលវេលា តាមរយៈការអធិដ្ឋាននិងការសិក្សាព្រះបន្ទូលរបស់ទ្រង់ ដ្បិតនៅទីនោះហើយដែលជាប្រភពនៃកម្លាំង។ ការរួបរួមជាមួយនឹងព្រះនឹងផ្ដល់អំណាចដល់ការខំប្រឹងប្រែងរបស់អ្នកបម្រើ ខ្លាំងជាងឥទ្ធិពលនៃការអធិប្បាយរបស់អ្នកនោះ។ គេមិនត្រូវអនុញ្ញាតឲ្យអ្នកណាដកហូតអំណាចនេះចេញឡើយ។ ដោយភាពស្មោះត្រង់ដែលមិនអាចបដិសេធបាន អ្នកនោះត្រូវតែអង្វរដល់ព្រះ ដើម្បីពង្រឹកនិងពង្រឹងកម្លាំងរបស់ខ្លួន សម្រាប់បំពេញកាតព្វកិច្ចនិងការពិបាក និងយកភ្លើងមកដុតបបូរមាត់របស់ខ្លួន ។ អ្វីទាំងអស់គឺជាតូចបំផុត ដែលរាជទូតរបស់ព្រះគ្រិស្តតែងតែមានទៅលើភាពពិតប្រាកដដ៏អស់កល្ប។ ប្រសិនបើមនុស្សដើរជាមួយព្រះ ទ្រង់នឹងលាក់ពួកគេនៅក្នុងរូងថ្ម ។ ក្នុងការលាក់បែបនេះ ពួកគេអាចមើលឃើញព្រះដូចជាលោកម៉ូសេបានឃើញទ្រង់ដូច្នោះដែរ។ ដោយសារអំណាចនិងពន្លឺដែលទ្រង់បានបញ្ចេញ ពួកគេអាចយល់បានច្រើនហើយសម្រេចបានច្រើនជាងការដែលគេគិតថា ពួកគេហាក់ដូចជាមិនអាចធ្វើទៅបាន។
ល្បិចរបស់សាតាំងនេះត្រូវបានប្រើប្រាស់ដោយមានជោគជ័យបំផុត ក្នុងការប្រឆាំងនឹងអ្នកដែលធ្លាក់ទឹកចិត្ដ ។ នៅពេលការធ្លាក់ទឹកចិត្តគំរាមកំហែងធ្ងន់ឡើងលើអ្នកបម្រើរបស់ព្រះ ចូរឲ្យអ្នកនោះលាតត្រដាងសេចក្តីត្រូវការចាំបាច់របស់ខ្លួននៅចំពោះព្រះ ។ នៅពេលដែលពួកទេវតាមានពន្លឺដូចទង់ដែងនៅពីលើលោកប៉ុល ធ្វើឲ្យលោកទុកចិត្តទាំងស្រុងទៅលើព្រះ ។ លោកបានដឹងពីអត្ថន័យនៃការរងទុក្ខ ខ្លាំងជាងមនុស្សភាគច្រើនបំផុត ប៉ុន្តែ សូមស្តាប់សម្រែកនៃជ័យជម្នះរបស់គាត់ នៅពេលដែលជើងរបស់លោកដេញឆ្ពោះទៅឋានសួគ៌ «ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ ដ្បិតរបស់ដែលមើលឃើញ នោះឋិតថេរមិនយូរប៉ុន្មានទេតែឯរបស់ដែលមើលមិនឃើញនោះនៅឋិតថេរអស់កល្បជានិច្ចវិញ» (កូរិនថូសទី២ ៤:១៧, ១៨)។ ភ្នែករបស់លោកប៉ុលបានសម្លឹងជាប់ជានិច្ចទៅលើអ្វីដែលមើលមិនឃើញ ហើយឋិតថេរនៅអស់កល្ប។ ដោយដឹងថាលោកកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងពួកដែលមានអំណាចហួសពីធម្មតា លោកបានទីពឹងទៅលើព្រះហើយបានដាក់កម្លាំងរបស់លោកនៅលើការទីពឹងនេះ ។ គឺដោយមើលឃើញទ្រង់ ជាព្រះដែលមើលមិនឃើញនេះហើយ ដែលលោកទទួលបាននូវកម្លាំងនិងមនោសម្បទា ហើយអំណាចនៃផែនដីទៅលើគំនិតនិងចរិតលក្ខណៈត្រូវបានបែកបាក់។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលនឹងមានចំនួនដូចជាខ្សាច់នៅសមុទ្រដែលនឹងវាល់ ឬរាប់មិនបានឡើយ រួចក្រោយមកនិងកើតមានដូច្នេះ គឺពាក្យដែលបានពោលទុកថា ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ នោះនឹងផ្លាស់ទៅជាថា ឯងរាល់គ្នាជាកូននៃព្រះដ៏មានព្រះជន្មរស់នៅវិញ។ (ហូសេ ១:១០)