ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣៤)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នេហេមា ជំពួក៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះអម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះលោហិត​ព្រះអង្គ​ទ្រង់​ចុះ។ កិច្ចការ ២០:២៨

គ្រូគង្វាលគួរផ្សាភ្ជាប់ដោយសេរីជាមួយមនុស្សដែលខ្លួនបម្រើ ព្រោះ​ដោយការស្គាល់ពួកគេច្បាស់ គ្រូគង្វាលនោះអាចដឹងពីរបៀបតម្រូវទៅតាមសេចក្ដីបង្រៀនរបស់ខ្លួន ឲ្យស្របទៅនឹងតម្រូវការរបស់ពួកគេ។ នៅពេលគ្រូគង្វាលបានអធិប្បាយសេចក្តីអធិប្បាយណាមួយ គឺគាត់បានចាប់ផ្តើមកិច្ចការរបស់គាត់ហើយ ។ មានការងារផ្ទាល់ខ្លួនដែលគាត់ត្រូវធ្វើ។ គាត់គួរ​តែ​ទៅ​ចុះសួរសុខទុក្ខពួកគេដល់ផ្ទះ ហើយនិយាយនិងអធិដ្ឋានជាមួយពួកគេដោយស្មោះត្រង់និងសុភាពស្លូតបូត ។ មានគ្រួសារដែលធ្លាប់បានដឹង​ពីសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះ លុះត្រាតែអ្នកទទួលខុសត្រូវនៃព្រះគុណរបស់ទ្រង់ ចូលទៅក្នុងផ្ទះរបស់ពួកគេ ហើយចង្អុលបង្ហាញពីផ្លូវធំប្រាប់ដល់ពួកគេ។ ប៉ុន្តែ ចិត្តរបស់អស់អ្នកដែលធ្វើកិច្ចការនេះត្រូវតែបានរួបរួមជាមួយនឹងព្រះហឫទ័យរបស់ព្រះគ្រិស្ត។

មានមនុស្សជាច្រើនបានយល់ពីការត្រាស់បង្គាប់ឲ្យ «ចេញទៅតាម​ផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ» (លូកា ១៤:២៣) ។ សូមឲ្យពួកអ្នកបម្រើបង្រៀនសេចក្ដីពិតនៅក្នុងក្រុមគ្រួសារ រួចចូលទៅជិតអ្នកដែលពួកគេធ្វើការបម្រើ ហើយ​នៅពេលពួកគេ​ធ្វើការ​ជាមួយព្រះ នោះទ្រង់នឹងបំពាក់ពួកគេឲ្យមានអំណាចខាងវិញ្ញាណ ។ ព្រះគ្រិស្តនឹងដឹកនាំពួកគេនៅក្នុងកិច្ចការរបស់ពួកគេ ដោយប្រទានឲ្យពួកគេនូវពាក្យដែលត្រូវនិយាយ ដែលនឹងចូលជ្រៅទៅក្នុងដួងចិត្តពួកអ្នកស្តាប់ ។ វាគឺជាឯកសិទ្ធិរបស់អ្នកបម្រើកិច្ចការព្រះទាំងអស់គ្នា ដែលអាចនិយាយ​ជា​មួយលោកប៉ុលថា «ព្រោះខ្ញុំមិនបានខាននឹងប្រាប់អ្នករាល់គ្នា ពីគ្រប់ទាំង​គំនិតរបស់ព្រះទេ»។ «ក៏ធ្វើបន្ទាល់អស់ពីចិត្ត ដល់ទាំងពួកសាសន៍យូដា និងពួកសាសន៍ក្រិកផង គឺពីការប្រែចិត្តទៅឯព្រះ ហើយពីសេចក្តីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រិស្តនៃយើងរាល់គ្នា ឥឡូវនេះ មើល ខ្ញុំមាន​សេចក្តី​បណ្តាលក្នុងចិត្ត ចង់ទៅឯក្រុងយេរូសាឡិម ឥតដឹងការអ្វី ដែលនឹងកើតដល់​​​​​ខ្ញុំនៅទីនោះទេ» (កិច្ចការ ២០:២៧ និង ២០ ដល់ ២១)។

ព្រះអង្គសង្គ្រោះបានយាងពីផ្ទះមួយទៅផ្ទះមួយ ព្យាបាលអ្នកឈឺ ហើយ​សម្រាលទុក្ខដល់អ្នកកាន់ទុក្ខ កម្សាន្តចិត្តដល់អ្នកដែលកំពុងរងទុក្ខវេទនា​ មានបន្ទូលពីសេចក្តីសុខសាន្តទៅកាន់អ្នកមានកង្វល់។ ទ្រង់បានយកកុមារតូចៗមកបីនៅនឹងព្រះហស្ដរបស់ទ្រង់ ហើយបានប្រទានពរដល់ពួកគេ រួចបានមានបន្ទូលពីក្តីសង្ឃឹមនិងការកម្សាន្តចិត្តដល់ម្តាយដែលអស់កម្លាំង ។ ព្រះអង្គបានជួបនឹងមនុស្សដែលរងទុក្ខវេទនាគ្រប់ប្រភេទ ដោយភាពទន់ភ្លន់និងសុភាពរាបសាដ៏គ្រប់លក្ខណ៍របស់ទ្រង់ ។ ព្រះអង្គមិនមែនធ្វើការដើម្បីព្រះអង្គឯងទេ ប៉ុន្តែដើម្បីអ្នកដទៃវិញ។ ទ្រង់គឺជាអ្នកបម្រើដល់មនុស្សទាំងអស់ ។ គឺជាសាច់និងឈាមរបស់ទ្រង់ដែលផ្តល់សេចក្តីសង្ឃឹមនិងកម្លាំងដល់អស់អ្នកដែលទ្រង់បានជួប ។ ហើយនៅពេលដែលបុរសនារីទាំងឡាយបានស្ដាប់សេចក្ដីពិតចេញពីព្រះឱស្ឋទ្រង់ ដែលផ្ទុយពីទំនៀមទម្លាប់និង គោលការណ៍ដែលបង្រៀនដោយគ្រូអាចារ្យជាច្រើននោះ ក្តីសង្ឃឹមបានដុះពន្លកឡើងនៅក្នុងចិត្តរបស់ពួកគេ។ នៅក្នុងការបង្រៀនរបស់ទ្រង់ មានភាព​​ស្មោះត្រង់ដែលធ្វើឲ្យព្រះបន្ទូលរបស់ទ្រង់មានអំណាចនៃការកែប្រែចិត្ត។

ពួកអ្នកបម្រើរបស់ព្រះត្រូវរៀនពីវិធីនៃការធ្វើការងាររបស់ព្រះគ្រិស្ត ដើម្បីឲ្យពួកគេអាចនាំយកពីឃ្លាំងនៃព្រះបន្ទូលរបស់ទ្រង់ ទៅផ្គត់ផ្គង់ដល់សេចក្ដីត្រូវការខាងវិញ្ញាណរបស់អ្នកដែលពួកគេធ្វើការបម្រើ ។ មានតែ​ធ្វើ​ដូច្នេះទេ ទើបពួកគេអាចបំពេញកិច្ចការរបស់ពួកគេបាន គឺជាព្រះវិញ្ញាណ​ដដែល ដែលគង់នៅជាមួយនឹងព្រះគ្រិស្ត នៅពេលដែលទ្រង់បាន​ប្រទាន​ការ​បង្រៀន ពីការដែលទ្រង់បានទទួលជាបន្តបន្ទាប់នោះហើយដែលជា​ប្រភពនៃចំណេះដឹង និងជាអាថ៌កំបាំងនៃអំណាចរបស់ពួកគេ ក្នុងការធ្វើកិច្ចការរបស់ព្រះអង្គសង្គ្រោះនៅក្នុងពិភពលោកនេះ។

មនុស្សមួយចំនួនដែលបានធ្វើការក្នុងកិច្ចបម្រើរបស់ពួកគេ មិនបាន​ទទួលជោគជ័យ ដោយសារពួកគេមិនបានចាប់អារម្មណ៍ដោយយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ ។ គ្រូគង្វាលទាំងឡាយមិនគួរមានចំណាប់អារម្មណ៍ខ្លាំងទៅលើកិច្ចការផ្សេង ក្រៅពីកិច្ចការដែលដឹកនាំ​មនុស្ស​ទៅឯព្រះអង្គសង្រ្គោះនោះឡើយ។ អ្នកនេសាទត្រីដែលព្រះគ្រិស្តបានត្រាស់ហៅ បានទុកសំណាញ់ចោលហើយដើរតាមទ្រង់ភ្លាម ។ គ្រូគង្វាលមិនអាចធ្វើការងារដែលគេបានទទួលពីព្រះ ហើយមានបន្ទុកនៃកិច្ចការផ្ទាល់ខ្លួននៅក្នុងមុខរបរផ្ទាល់ខ្លួនក្នុងពេលជាមួយគ្នាបានទេ ។ ការបែងចែកបែបនេះ​នាំឲ្យមានភាពស្រអាប់ដល់គំនិតខាងវិញ្ញាណ ។ ចិត្តនិងគំនិតរវល់តែកិច្ចការខាងលោកិយ ហើយការបម្រើដល់ព្រះគ្រិស្តនៅលំដាប់ទីពីរ ។ ពួកគេខិតខំធ្វើការថ្វាយព្រះទៅតាមកាលៈទេសៈរបស់ពួកគេ គឺមិនមែនស្វែងរកកាលៈទសៈដើម្បីបំពេញកិច្ចការតម្រូវទៅតាមកិច្ចការរបស់ព្រះនោះទេ។

ថាមពលរបស់អ្នកបម្រើព្រះទាំងអស់ត្រូវបានតម្រូវ សម្រាប់ការត្រាស់ហៅដ៏ខ្ពង់ខ្ពស់របស់គាត់ ។ អំណាចដ៏ល្អបំផុតរបស់គាត់គឺជារបស់ព្រះ ។ គាត់មិនគួរពាក់ព័ន្ធនៅក្នុងការរំពឹងទុកឬការប្រកបរបរផ្សេង ដែលនឹងបង្វែរគំនិតឲ្យចេញឆ្ងាយពីការងារដ៏ពិសេសរបស់ខ្លួនទេ ។ លោកប៉ុលបាន​មាន​ប្រសាសន៍ថា «ធម្មតាដែលធ្វើទាហាន នោះមិនដែលជាប់ទាក់ទិននឹងការងារក្នុងជីវិតនេះទៀតទេ គឺដើម្បីឲ្យបានគាប់ចិត្តដល់អ្នក ដែលកេណ្ឌ​ខ្លួនទៅ​នោះវិញ» (ធីម៉ូថេទី២ ២:៤) ។ ដូច្នោះសាវ័កប៉ុលបានបញ្ជាក់ពីតម្រូវការនៃការលះបង់ឥតសំចៃទុកអ្វីទាំងអស់ ចំពោះការបម្រើដល់ព្រះដែល​ជា​ចៅហ្វាយ​ដ៏ធំ។ អ្នកបម្រើដែលបានលះបង់ខ្លួនទាំងស្រុងចំពោះព្រះ មិន​ត្រូវ​ពាក់ព័ន្ធក្នុងមុខរបរដែលរារាំងដល់ការថ្វាយខ្លួនដាច់ទាំងស្រុង ចំពោះការត្រាស់ហៅដ៏ពិសិដ្ឋរបស់ខ្លួនឡើយ ។ អ្នកនោះមិនត្រូវព្យាយាមចង់បានកិត្តិយសឬទ្រព្យសម្បត្តិនៅលើផែនដីនេះឡើយ។ គោលបំណងតែមួយគត់របស់គាត់គឺការប្រាប់ដល់អ្នកដទៃអំពីព្រះអង្គសង្គ្រោះ ដែលបានលះបង់​អង្គ​ទ្រង់​ដល់​មនុស្ស ដើម្បីឲ្យគេមានជីវិតអស់កល្បជានិច្ច ។ បំណងប្រាថ្នា​ដ៏​ខ្ពស់បំផុតរបស់គាត់ គឺមិនមែនប្រមូលទ្រព្យសម្បត្តិទុកនៅក្នុងលោកិយនេះទេ តែគឺដើម្បីទាក់ទាញអារម្មណ៍របស់អ្នកដែលមានភាពព្រងើយកន្ដើយនិងខ្វះភក្តីភាព មកឯសេចក្តីពិតនៃភាពអស់កល្ប ។ អ្នកនោះអាចត្រូវ​បានសុំ​ឲ្យចូលរួមក្នុងកិច្ចការដែលសន្យាផ្តល់ផលចំណេញធំៗ ខាងលោកិយ ប៉ុន្ដែ ចំពោះ​ការល្បួងបែបនេះ គេគួរតែឆ្លើយតបថា «ដ្បិតបើមនុស្សណានឹងបានលោកិយទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ?» (ម៉ាកុស ៨:៣៦)

សាតាំងបានបង្ហាញការលើកទឹកចិត្តនេះដល់ព្រះគ្រិស្ត ដោយដឹង​ថា​បើសិនជាទ្រង់បានទទួលយក នោះព្រះអង្គមិនអាចលោះលោកិយមកវិញបានទេ ។ ហើយវាបានបង្ហាញនូវការល្បួងដូចគ្នានេះ ដល់អ្នកបម្រើរបស់ព្រះនៅសម័យសព្វថ្ងៃនេះ តាមរបៀបដូចគ្នានេះដែរ ដោយដឹងថាអ្នកដែលត្រូវបានបញ្ឆោតដោយសារសេចក្តីល្បួងនេះ នឹងលះបង់ចោលកិច្ចការរបស់ខ្លួនជាក់ជាមិនខាន។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុន្តែ ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​មាន​ចំនួនដូច​ជា​ខ្សាច់​នៅ​សមុទ្រដែល​នឹង​វាល់ ឬ​រាប់​មិន​បាន​ឡើយ រួច​ក្រោយ​មកនិង​កើត​មាន​ដូច្នេះ គឺ​ពាក្យ​ដែល​បាន​ពោល​ទុក​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​អញ​ទេ នោះ​នឹង​ផ្លាស់​ទៅ​ជា​ថា ឯង​រាល់​គ្នា​ជា​កូន​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​នៅ​វិញ។ ​(ហូសេ ១:១០)

Powered by CAM