ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣៤)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នេហេមា ជំពួក៥

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួងលោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្តី​ជំនឿ ទាំង​ចាក់​ទំលុះ​ខ្លួន​គេ ដោយ​សេចក្តី​ព្រួយ​លំបាក​ជា​ច្រើន។ ធីម៉ូថេទី១ ៦:១០

ការដែលពួកអ្នកបម្រើរបស់ទ្រង់គួរតែស្វែងរកទ្រព្យសម្បត្តិនោះ មិនមែនជាព្រះរាជគោលបំណងរបស់ព្រះទេ។ ទាក់ទងនឹងរឿងនេះ លោកប៉ុលបានសរសេរទៅកាន់លោកធីម៉ូថេថា «ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្តីជំនឿ ទាំងចាក់ទម្លុះខ្លួនគេ ដោយ​សេចក្តីព្រួយលំបាកជាច្រើន។ ឱអ្នកសំណប់នៃព្រះអើយ ចូរឲ្យអ្នករត់ចៀសចេញពីសេចក្តីទាំងនោះ ហើយដេញតាមសេចក្តីសុចរិត សេចក្តី​គោរព​ប្រតិបត្តិ​ដល់ព្រះ សេចក្តីជំនឿ សេចក្តីស្រឡាញ់ សេចក្តីខ្ជាប់ខ្ជួន និង​សេចក្តី​សម្លូតវិញ»។ ដោយគំរូនិងដោយគំនិត រាជទូតរបស់ព្រះគ្រិស្តត្រូវតែ «ហាមប្រាមដល់ពួកអ្នកមាន នៅលោកិយនេះផង កុំឲ្យគេមានឫកខ្ពស់ ឬ​ទុកចិត្តនឹងទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ ចូរបង្គាប់ឲ្យគេធ្វើគុណ និងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង យ៉ាងនោះ​ឯង ទើបឈ្មោះថា គេនឹងប្រមូលទ្រព្យសម្បត្តិទុកជាគោលយ៉ាងល្អសម្រាប់ខ្លួនដល់ថ្ងៃក្រោយវិញ ដើម្បីឲ្យគេចាប់បានជីវិតអស់កល្បជានិច្ច» (ធីម៉ូថេទី១ ៦:១០, ១១ និង ១៧-១៩)។

បទពិសោធន៍របស់សាវ័កប៉ុលនិងការណែនាំរបស់លោក ទាក់ទង​នឹង​ភាពពិសិដ្ឋនៃកិច្ចការរបស់អ្នកបម្រើព្រះ គឺជាប្រភពនៃជំនួយនិងការបំផុសគំនិតដល់អ្នកដែលចូលរួមក្នុងកិច្ចការផ្សាយដំណឹងល្អ ។ ចិត្តរបស់លោកប៉ុលបានឆេះឆួលដោយសេចក្ដីស្រឡាញ់ចំពោះមនុស្សមានបាប ហើយលោកបានបញ្ចេញថាមពលរបស់លោកទាំងអស់ នៅក្នុងការងារ​នេសាទ​មនុស្ស ។ មិនធ្លាប់មានអ្នកធ្វើការណាដែលលះបង់ខ្លួនឯងនិងតស៊ូស្វិតស្វាញដូចជាលោកប៉ុលឡើយ ។ ព្រះពរដែលលោកបានទទួល លោកបានរាប់បញ្ចូលថាជាគុណសម្បត្តិដ៏ច្រើនលើសលប់ ដែលត្រូវប្រើប្រាស់សម្រាប់ជាព្រះពរដល់អ្នកដទៃ ។ លោកមិនដែលបណ្តោយឲ្យឱកាសបាន​កន្លងផុត​ទៅ ដោយមិនបាននិយាយពីព្រះអង្គសង្គ្រោះ ឬជួយអ្នកដែលមានបញ្ហានោះទេ។ លោកបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដោយបានអធិប្បាយពីដំណឹងល្អនៃព្រះគ្រិស្ត និងបានបង្កើតពួកជំនុំ ។ នៅកន្លែងណាដែលលោកអាចរកអ្នកស្តាប់បាន លោកបានខំប្រឹងប្រែងទប់ទល់នឹងការខុសឆ្គង ហើយបង្វែរជើងមនុស្សប្រុសស្រីទាំងឡាយឲ្យដើរក្នុងផ្លូវសុចរិតវិញ។

លោកប៉ុលមិនបានភ្លេចពួកជំនុំដែលលោកបានបង្កើតរួចហើយនោះទេ។ បន្ទាប់ពី ដំណើរបំពេញបេសកកម្មរបស់លោករួចមក លោកប៉ុលនិងបាណាបាសបានវិលត្រឡប់ទៅកាន់កន្លែងដើមវិញ ហើយបានទៅសួរសុខទុក្ខដល់ពួកជំនុំដែលពួកលោកបានបង្កើត ដោយជ្រើសរើសចេញពីមនុស្សដែលពួកលោកអាចបង្វឹកឲ្យចូលរួមក្នុងការប្រកាសដំណឹងល្អបាន។

លក្ខណៈនៃកិច្ចការរបស់លោកប៉ុលនេះមានមេរៀនដ៏សំខាន់មួយ សម្រាប់ពួកគ្រូគង្វាលនាសម័យបច្ចុប្បន្ននេះ។ សាវ័កប៉ុលបានបង្កើតមេរៀននេះ ជាផ្នែកមួយនៃការងាររបស់លោកដើម្បីអប់រំយុវជនសម្រាប់កិច្ចការបម្រើព្រះ។ លោកបានយកពួកគេទៅជាមួយ នៅក្នុងដំណើរការផ្សព្វផ្សាយដំណឹងល្អរបស់លោក ធ្វើដូច្នេះពួកគេបានទទួលបទពិសោធន៍ដែលក្រោយមកបានជួយពួកគេឲ្យអាចបំពេញតួនាទីនៃការទទួលខុសត្រូវដោយខ្លួនឯង។ នៅ​ពេល​លោកបានបែកពីពួកគេ លោកនៅទាក់ទងជាមួយនឹងការងាររបស់ពួកគេ ហើយសំបុត្ររបស់លោកផ្ញើទៅកាន់ធីម៉ូថេនិងទីតុសគឺជាភស្ដុតាងបញ្ជាក់​ថា លោកចង់ឲ្យពួកគេទទួលបានជោគជ័យ។

អ្នកធ្វើការដ៏មានបទពិសោធន៍នៅពេលសព្វថ្ងៃនេះ ធ្វើការងារដ៏ថ្លៃថ្នូរ នៅពេលពួកគេបង្វឹកអ្នកធ្វើការក្មេងៗ ហើយដាក់បន្ទុកលើស្មារបស់ពួកគេ ជាជាងព្យាយាមយកបន្ទុកទាំងអស់មកដាក់នៅលើខ្លួនឯង។

លោកប៉ុលមិនដែលភ្លេចការទទួលខុសត្រូវដែលព្រះបានប្រទានដល់លោក ជាអ្នកបម្រើរបស់ព្រះគ្រិស្ត ឬថាមនុស្សនឹងត្រូវបាត់បង់ដោយសារការមិនស្មោះត្រង់របស់លោក នោះព្រះនឹងដាក់ទោសដល់លោកវិញ នោះ​ទេ ។ លោកបានប្រកាសដំណឹងល្អថា «ខ្ញុំបានត្រឡប់ជាអ្នកបម្រើដល់ពួកជំនុំនោះ តាមការកាន់កាប់ត្រួតត្រារបស់ព្រះ ដែលបានប្រគល់មកខ្ញុំសម្រាប់អ្នករាល់គ្នា ដើម្បីនឹងបំពេញព្រះបន្ទូល គឺជាសេចក្តីអាថ៌កំបាំង​ដែល​លាក់​ទុក តាំងពីអស់កល្បរៀងរាល់តែតំណតមក តែឥឡូវនេះ បានបើកសម្តែង​ឲ្យពួកបរិសុទ្ធទ្រង់ស្គាល់ ព្រះទ្រង់បានសព្វព្រះហឫទ័យនឹងសម្តែងឲ្យពួកបរិសុទ្ធនោះដឹងថា សិរីល្អដ៏បរិបូររបស់សេចក្តីអាថ៌កំបាំងនេះជាយ៉ាងណា ក្នុងពួកសាសន៍ដទៃ គឺថា ព្រះគ្រិស្តទ្រង់សណ្ឋិតនៅក្នុងអ្នករាល់គ្នា ដែលជា​ទីសង្ឃឹមយ៉ាងឧត្តម យើងខ្ញុំប្រកាសប្រាប់ពីទ្រង់ ទាំងទូន្មាន​ដល់​គ្រប់​មនុស្ស ហើយទាំងបង្រៀនដល់គ្រប់មនុស្ស ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យ​បាន​ថ្វាយគ្រប់មនុស្ស ជាតង្វាយគ្រប់លក្ខណ៍ក្នុងព្រះគ្រិស្ត ខ្ញុំក៏ខំធ្វើការនោះឯង ទាំងតយុទ្ធតាមឫទ្ធិបារមីទ្រង់ ដែលបណ្តាលឡើងក្នុងខ្ញុំដោយព្រះចេស្តា» (កូឡូស ១: ២៥-២៩)។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុន្តែ ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​មាន​ចំនួនដូច​ជា​ខ្សាច់​នៅ​សមុទ្រដែល​នឹង​វាល់ ឬ​រាប់​មិន​បាន​ឡើយ រួច​ក្រោយ​មកនិង​កើត​មាន​ដូច្នេះ គឺ​ពាក្យ​ដែល​បាន​ពោល​ទុក​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​អញ​ទេ នោះ​នឹង​ផ្លាស់​ទៅ​ជា​ថា ឯង​រាល់​គ្នា​ជា​កូន​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​នៅ​វិញ។ ​(ហូសេ ១:១០)

Powered by CAM