ថ្ងៃសៅរ៍ ទី២០​ ខែមិថុនា ឆ្នាំ២០២០
​​​

កិច្ចការនៃពួកសាវ័ក (ជំពូកទី-០១)៖ ​

ព្រះរាជគោលបំណងរបស់ព្រះសម្រាប់ពួកជំនុំរបស់ព្រះអង្គ

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក១១​

ពួកជំនុំគឺជាភ្នាក់ងារដែលព្រះបានតែងតាំង សម្រាប់សេចក្តីសង្រ្គោះរបស់​មនុស្សលោក ព្រះបានរៀបចំពួកជំនុំនេះឡើងដើម្បីបម្រើ ហើយបេសកកម្ម​របស់ពួកគេគឺពាំនាំដំណឹងល្អទៅកាន់ពិភពលោកទាំងមូល។ ព្រះមានផែន​ការ ដើម្បីឲ្យពិភពលោកនេះមើលឃើញភាពគ្រប់លក្ខណ៍និងភាពចាំបាច់របស់ទ្រង់ តាមរយៈពួកជំនុំរបស់ទ្រង់ ដែលមានតាំង​ពីដើម​ដំបូង​មកម្លេ៉ះ។ សមាជិក នៃពួកជំនុំ ជាអ្នកដែលទ្រង់បានត្រាស់ហៅ​ចេញ​ពីភាព​ងងឹតមកក្នុងពន្លឺដ៏ អស្ចារ្យ ត្រូវតែបញ្ចាំងឲ្យមនុស្សលោកមើលឃើញសិរីល្អរបស់ទ្រង់។ ពួកជំនុំគឺជាឃ្លាំងផ្ទុកដោយព្រះគុណរបស់ព្រះគ្រិស្តពេញហូរហៀរ ហើយតាម រយៈពួកជំនុំនេះ «ពួកគ្រប់គ្រង និងពួកមានអំណាច​នៅ​ឋានដ៏ខ្ពស់បានស្គាល់ ពីប្រាជ្ញានៃព្រះដ៏មានជាច្រើនយ៉ាងណាស់» (អេភេសូរ ៣:១០)។

មានសេចក្តីសន្យាអស្ចារ្យជាច្រើនដែលបានកត់ត្រានៅក្នុងព្រះគម្ពីរ ទាក់ទងនឹងពូកជំនុំនេះ។ «នោះអញនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់អញ ហើយ​ឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់អញដែលសម្រាប់​ជា​ទីអធិដ្ឋាន អញនឹងទទួលអស់ទាំងតង្វាយដុត និងយញ្ញបូជារបស់គេ នៅ​លើអាសនា ដ្បិតដំណាក់អញនឹងបានហៅជាទីអធិដ្ឋានសម្រាប់គ្រប់ទាំងសាសន៍» (អេសាយ ៥៦:៧)។ «អញនឹងធ្វើឲ្យគេ ព្រមទាំងទីកន្លែងនៅជុំវិញ​ភ្នំតូចរបស់អញ ជាទីឲ្យពរ អញនឹងបង្អុរឲ្យភ្លៀងធ្លាក់មកតាមរដូវកាល នោះនឹងមានព្រះពរធ្លាក់មកមួយមេៗ«អញនឹងធ្វើឲ្យមានដំណាំមួយកើតឡើងទុកជាល្បីដល់វា នោះវារាល់គ្នានឹងមិនត្រូវសាបសូន្យទៅដោយអំណត់អត់​នៅក្នុងស្រុកឡើយ ក៏មិនត្រូវរងទ្រាំសេចក្តីខ្មាសនៃអស់ទាំងសាសន៍ទៀតដែរ នោះវារាល់គ្នានឹងដឹងថា អញដ៏ជាយេហូវ៉ា អញជាព្រះនៃវា ក៏នៅ​ជា​មួយ​ផង ហើយថាវា ដែលជាពួកវង្សអ៊ីស្រាអែល វាជារាស្ត្ររបស់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ឯឯងរាល់គ្នាដែលជាហ្វូង​ចៀម​របស់​អញ គឺជាហ្វូងចៀមនៅទីឃ្វាលរបស់អញ ឯងរាល់គ្នាជាមនុស្ស ហើយ​អញ​ជាព្រះនៃឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា» (អេសេគាល ៣៤:២៦,​ ២៩-៣១)។

«ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នាជាស្មរបន្ទាល់​របស់​អញ ហើយជាអ្នកបម្រើដែលអញបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយ​ជឿដល់អញ ព្រមទាំងយល់ថា គឺអញនេះហើយ ឥតមានព្រះណា​កើតមក​មុនអញទេ ហើយក្រោយអញក៏ឥតមានដែរ គឺអញ អញនេះហើយ​ជាយេហូវ៉ា ក្រៅពីអញ គ្មានអ្នកសង្គ្រោះណាទៀតឡើយ អញបានទាយប្រាប់ អញបាន​ជួយសង្គ្រោះ អញបានសម្តែងឲ្យឃើញហើយ ឥតមានព្រះដទៃណានៅកណ្តាលឯងរាល់គ្នាឡើយ ហេតុដូច្នោះឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយគឺអញនេះដែលជាព្រះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា» ។ «អញ​នេះ​គឺជាយេហូវ៉ា អញបានហៅឯងមកដោយសេចក្តីសុចរិត អញនឹងកាន់ដៃឯង ហើយថែរក្សាឯង អញនឹងតាំងឯងឡើង ទុកជាសេចក្តីសញ្ញាដល់បណ្តាជន ហើយជាពន្លឺភ្លឺដល់អស់ទាំងសាសន៍ ដើម្បីនឹងធ្វើឲ្យភ្នែកមនុស្សខ្វាក់បានភ្លឺឡើង និងនាំពួកត្រូវចាប់ចងចេញពីគុកងងឹត ហើយឲ្យពួកអ្នកដែលអង្គុយនៅក្នុងទីងងឹត បានចេញរួចពីទីឃុំឃាំង» (អេសាយ ៤៣:១០-១២, ៤២:៦, ៧)។

«ដល់វេលាដែលគាប់ចិត្តអញ នោះអញបានឆ្លើយដល់ឯង ហើយ​នៅថ្ងៃសម្រាប់សង្គ្រោះ នោះអញបានជួយឯង អញនឹងទំនុក​បម្រុងឯង ហើយ​តាំងឯងឡើងទុកជាសេចក្តីសញ្ញាដល់បណ្តាជន ប្រយោជន៍នឹង​រៀប​ចំ​ផែនដីឡើង ឲ្យគេបានគ្រងទីដែលចោលស្ងាត់ ទុកជាមរតក ព្រមទាំងប្រាប់ដល់ពួកអ្នកដែលជាប់ចំណងថា ចូរចេញទៅ ហើយដល់ពួកអ្នកដែលនៅក្នុងសេចក្តីងងឹតថា ចូរសម្តែងខ្លួនចេញមកចុះ គេនឹងមានអាហារស៊ីតាមផ្លូវ ហើយនៅលើកំពូលត្រងិលទាំងប៉ុន្មាន នឹងបានជាទីរកស៊ីដល់គេ គេមិន​ដែល​​ស្រេកឃ្លានទៀត ឯចំហាយក្តៅឬព្រះអាទិត្យ នឹងមិនធ្វើទុក្ខគេ ដ្បិតព្រះដែលផ្តល់សេចក្តីមេត្តាដល់គេ ទ្រង់នឹងនាំគេទៅ អើទ្រង់នឹងដឹកដៃគេនាំទៅតាមទីមានក្បាលទឹក អញនឹងធ្វើអស់ទាំងភ្នំរបស់អញឲ្យជាផ្លូវ ឯអស់​ទាំង​ថ្នល់របស់អញ នឹងបានលើកឡើង …»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ ហើយ​ជា​អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ដើម្បី​ឲ្យ​បាន​ស្គាល់ហើយ​ជឿ​ដល់​អញ ព្រម​ទាំង​យល់​ថា គឺ​អញ​នេះ​ហើយឥត​មាន​ព្រះ​ណា​កើត​មក​មុន​អញ​ទេ ហើយ​ក្រោយ​អញ​ក៏​ឥត​មាន​ដែរ គឺ​អញ អញ​នេះ​ហើយ​ជា​យេហូវ៉ា ក្រៅ​ពី​អញគ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ ។ (អេសាយ ៤៣:១០-១១)

Powered by CAM