ថ្ងៃច័ន្ទ ទី២២​ ខែមិថុនា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-០១)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក១៣

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រោះ​កាល​គេ​បាន​ស្គាល់​ព្រះ នោះ​គេ​មិន​បាន​ដំកើង​ទ្រង់ទុក​ជា​ព្រះ​ទេ ក៏​មិន​ដឹង​គុណ​ទ្រង់​ដែរ គេ​កើត​មាន​គំនិត​ឥត​ប្រយោជន៍​វិញ ហើយ​ចិត្ត​គេ ដែល​ឥត​យោបល់ ក៏​បាន​ត្រឡប់​ជា​ងងឹត​ទៅ។ រ៉ូម ១:២១​

ព្រះបានធ្វើការតាមរយៈរាស្រ្តរបស់ទ្រង់តាំងពីដំបូងមក ឲ្យនាំព្រះ​ពរមកដល់ពិភពលោកនេះ ។ ព្រះបានធ្វើឲ្យលោកយ៉ូសែបក្លាយជារន្ធទឹកនៃជីវិតដល់ប្រទេសអេស៊ីព្ទ កាលពីបុរាណ។ ជីវិតនៃប្រជារាស្រ្តរបស់លោកទាំងអស់ត្រូវបានសង្រ្គោះដោយសារសេចក្តីសុចរិតរបស់លោកយ៉ូសែប។ ព្រះបានជួយសង្រ្គោះជីវិតរបស់ពួកអ្នកប្រាជ្ញនៅទីក្រុងបាប៊ីឡូនតាមរយៈ​លោកដានីយ៉ែល។ ហើយការរំដោះទាំងនេះគឺជាមេរៀនជាក់ស្តែងដែលត្រូវរៀនសូត្រជាមេរៀនដែលបង្ហាញពីព្រះពរខាងវិញ្ញាណដែលព្រះបានប្រទានដល់ពិភពលោកតាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយនឹងព្រះដែលលោកយ៉ូសែប និងលោកដានីយ៉ែលបានថ្វាយបង្គំ។ អស់អ្នកណាដែលមានចិត្តជាប់នៅជាមួយនឹងព្រះគ្រិស្ត អស់អ្នកណាដែលនឹងបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដល់ពិភពលោក គឺជាអ្នកបម្រើការជាមួយនឹងព្រះក្នុងការនាំយកព្រះពរមកចែកជូនដល់មនុស្សលោក ។ នៅពេលដែលគេទទួលព្រះគុណពីព្រះអង្គសង្រ្គោះ ដើម្បីចែករំលែកដល់អ្នកដទៃ ជំនោរនៃជីវិតខាងវិញ្ញាណនឹងហូរចេញពីជីវិតរបស់អ្នកនោះទាំងស្រុង។

ព្រះបានជ្រើសរើសរាស្រ្តអ៊ីស្រាអែលឲ្យបង្ហាញពីអត្តចរិតរបស់ទ្រង់ ដល់មនុស្សទាំងឡាយ ។ ព្រះអង្គក៏ប្រាថ្នាចង់ឲ្យពួកគេក្លាយជាសេចក្តីសង្រ្គោះដល់ពិភពលោកផងដែរ ។ ព្រះអង្គបានប្រទានបទទំនាយនៃឋានសួគ៌ដល់ពួកគេ គឺការបើកសម្តែងអំពីព្រះរាជបំណងព្រះហឫទ័យរបស់ព្រះ ។ នៅ​សម័យដើមនៃនគរអ៊ីស្រាអែល នគរទាំងឡាយនៅលើពិភពលោកបានបាត់បង់ចំណេះដឹងអំពីព្រះ ដោយសារការអនុវត្តន៍មិនត្រឹមត្រូវរបស់ពួកគេ ។ ពួកគេធ្លាប់បានស្គាល់ទ្រង់ ប៉ុន្តែ ដោយសារ «គេមិនបានតម្កើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ … ហើយចិត្តគេ ដែលឥតយោបល់ ក៏បានត្រឡប់ជាងងឹតទៅ» (រ៉ូម ១:២១) ។ ប៉ុន្តែ ដោយសេចក្តី​មេត្តាករុណា​របស់ទ្រង់ ព្រះអង្គមិនបានលុបបំបាត់ពួកគេចេញពីផែនដីទេ ។ ព្រះអង្គសព្វព្រះហឫទ័យចង់ប្រទានឱកាសដល់ពួកគេម្តងទៀត ដើម្បីរួបរួមជាមួយនឹងព្រះអង្គជាថ្មីឡើងវិញ តាមរយៈរាស្រ្តដ៏បរិសុទ្ធរបស់ទ្រង់។​ តាមរយៈការបង្រៀនអំពីពិធីថ្វាយតង្វាយយញ្ញបូជា ព្រះគ្រិស្តត្រូវបានលើកតម្កើងនៅចំពោះនគរទាំងឡាយ ហើយអ្នកទាំងឡាយដែលសម្លឹងមើលទៅទ្រង់នឹងមានជីវិតរស់នៅ ។ ព្រះគ្រិស្តគឺជាគ្រឹះសេដ្ឋកិច្ចនៃនគរយូដា ។ ប្រព័ន្ធនៃការថ្វាយតង្វាយយញ្ញបូជានិងនិមិត្តរូបទាំងមូល គឺជាបទទំនាយដ៏សង្ខេបនៃដំណឹងល្អ ជាការបង្ហាញដែលចងភ្ជាប់ទៅនឹងសេចក្តីសន្យានៃការប្រោសលោះ។

ប៉ុន្តែ រាស្រ្តអ៊ីស្រាអែលមើលមិនឃើញកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ពួកគេ ជាអ្នកតំណាងរបស់ព្រះនេះទេ ។ ពួកគេបានភ្លេចព្រះ ហើយខកខានមិនបានបំពេញបេសកកម្មតែមួយគត់របស់ពួកគេ ។ ព្រះពរដែលពួកគេបានទទួលមិនបាននាំមកនូវព្រះពរដល់ពិភពលោកឡើយ ។ ពួកគេបានយកអត្ថប្រយោជន៍ទាំងឡាយដែលគេបានទទួលមកធ្វើជាសិរីល្អរបស់ខ្លួនផ្ទាល់ទៅវិញ ។ ពួកគេបានដកខ្លួនចេញពីពិភពលោក ដើម្បីគេចវេះពីសេចក្តីល្បួង ។ បញ្ញត្តិដែលព្រះបានប្រទានឲ្យគេ ទាក់ទងជាមួយនឹងពួកអ្នកថ្វាយបង្គំរូបព្រះ ដើម្បីជាមធ្យោបាយការពារពួកគេពីការប្រព្រឹត្តតាមការអនុវត្តន៍របស់ពួកសាសន៍ដទៃ ពួកគេបែរជាប្រើប្រាស់ដើម្បីធ្វើជាជញ្ជាំងបែងចែករវាងពួកគេនិងនគរដទៃទៅវិញ ។ ពួកគេបានលួចប្លន់ពីព្រះ ពីពិធីថ្វាយតង្វាយដែលព្រះតម្រូវឲ្យពួកគេធ្វើ ហើយពួកគេបានលួចប្លន់ពីមនុស្សដូចគ្នានូវការដឹកនាំខាងសាសនា និងគំរូដ៏បរិសុទ្ធ។

ពួកសង្ឃនិងពួកមេដឹកនាំបានប្រកាន់ខ្ជាប់នូវគន្លងនៃពិធីនិយម ។ ពួកគេពេញចិត្តទៅនឹងសាសនាបែបនីតិនិយម (គោរពក្រឹត្យវិន័យដើម្បីបានសង្រ្គោះ) ហើយពួកគេមិនអាចផ្តល់នូវសេចក្តីពិតដ៏រស់នៃឋានសួគ៌ទៅឲ្យអ្នកដទៃឡើយ ។ ពួកគេបានគិតថាសេចក្តីសុចរិតរបស់ពួកគេល្មមគ្រប់គ្រាន់ហើយ ហើយមិនប្រាថ្នាចង់ឲ្យមានអ្វីមួយថ្មីត្រូវបាននាំចូលមកក្នុងសាសនារបស់ពួកគេឡើយ ។ ពួកគេមិនបានទទួលយកបំណងព្រះហឫទ័យដ៏ល្អរបស់ព្រះ ចំពោះមនុស្ស ទុកជាអ្វីដែលនៅខាងក្រៅពួកគេទេ ប៉ុន្តែ បានភ្ជាប់ទៅនឹងសេចក្តីសុចរិតរបស់ពួកគេផ្ទាល់ ដោយសារតែអំពើល្អ​របស់​ពួកគេ​ទៅវិញ។ សេចក្តីជំនឿដែលធ្វើការដោយសេចក្តីស្រឡាញ់និងចិត្តបរិសុទ្ធមិនអាចរកកន្លែងបង្រួបបង្រួមជាមួយនឹងសាសនានៃពួកផារិស៊ី និងពិធី​បុណ្យ​ផ្សេងៗ និងដំបូន្មានដែលមនុស្សបង្កើតនោះបានឡើយ។

ព្រះបានមានបន្ទូលពីសាសន៍អ៊ីស្រាអែលយ៉ាងដូច្នេះ៖ «អញបានផ្សាំងឯងទុកជាទំពាំងបាយជូរសម្រាំង ជាពូជយ៉ាងល្អបំផុត ចុះធ្វើដូចម្តេចឲ្យឯងបានក្លាយទៅជាខ្នែងរបស់ដើមទំពាំងបាយជូរដទៃ ដល់អញដូច្នេះ?» (យេរេមា ២:២១) ។ «អ៊ីស្រាអែលជាដើមទំពាំងបាយជូរទ្រុបទ្រុល ដែលកើត​មានផ្លែ គេមានផលកាន់តែច្រើនឡើងយ៉ាងណា នោះក៏ចម្រើនអាសនារបស់ខ្លួនជាច្រើនឡើងយ៉ាងនោះដែរ ហើយស្រុកគេបានឮយ៉ាងណា នោះគេបានធ្វើបង្គោលគោរពឲ្យល្អយ៉ាងនោះដែរ» (ហូសេ ១០:១) ។ « ឥឡូវនេះ ឱពួកក្រុងយេរូសាឡិម និងជនជាតិយូដាអើយ សូមវិនិច្ឆ័យរឿងអញដែលកើតក្តីនឹងចម្ការទំពាំងបាយជូររបស់អញនេះចុះ តើគួរឲ្យអញធ្វើអ្វីដល់​ចម្ការទំពាំងបាយជូររបស់អញ ដែលអញលះបង់មិនបានធ្វើនោះ ដូច្នេះ កាលអញប្រាថ្នាឲ្យកើតមានផលល្អ ម្តេចក៏ក្លាយទៅជាមានផ្លែទំពាំងបាយជូរព្រៃវិញ?»

«ឥឡូវនេះ អញនឹងប្រាប់ឲ្យឯងរាល់គ្នាដឹងជាអញនឹងធ្វើអ្វីដល់ចម្ការទំពាំងបាយជូររបស់អញនោះ គឺអញនឹងរើរបងចេញ នោះសត្វនឹងចូលស៊ី​បំផ្លាញ អញនឹងរំលំកំផែងចេញ នោះចម្ការនឹងត្រូវជាន់ឈ្លីទៅ អញនឹង​បំផ្លាញ​អស់​រលីង នឹងគ្មានអ្នកណាកាត់លួស ឬជ្រួយដីទៀតឡើយ គឺនឹង​កើតមាន​អញ្ចាញ ហើយនិងបន្លាដុះឡើងវិញ ហើយអញនឹង​បង្គាប់​ដល់​មេឃ ហាមមិនឲ្យធ្លាក់ភ្លៀងមកលើចម្ការនោះតទៅ ពីព្រោះចម្ការ​ទំពាំង​បាយ​ជូររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះគឺជាពូជពង្សរបស់​អ៊ីស្រាអែល និងពួក​យូដា ជាដំណាំដែលគាប់ដល់ព្រះនេត្រទ្រង់ហើយទ្រង់ប្រាថ្នា​ចង់​បានសេចក្តីយុត្តិធម៌ តែមើល បានតែការកម្ចាយឈាមវិញ ក៏ប្រាថ្នាចង់បានសេចក្តីសុចរិតដែរ តែមើលបានតែសម្រែកក្រលួចវិញ» (អេសាយ ៥:៣-៧)។​​ «ឯងរាល់គ្នាមិនបានចម្រើនកម្លាំងដល់សត្វណាដែលអន់កម្លាំង ហើយ (សត្វ) ណាដែលឈឺ នោះមិនបានមើលឲ្យជាទេ (សត្វ) ណាដែលបាក់ជើង ឯងមិនបានរុំអប (សត្វ) ណាដែលត្រូវកម្ចាត់កម្ចាយ នោះឯងមិនបាន​នាំមក​វិញ ហើយ (សត្វ) ណាដែលវង្វេងទៅ នោះក៏មិនបានស្វែងរកដែរគឺឯងរាល់គ្នា​បានគ្រប់គ្រងលើវា ដោយកម្លាំង ហើយតឹងរ៉ឹងវិញ» (អេសេគាល ៣៤:៤)។ ពួកមេដឹកនាំសាសន៍យូដាបានគិតថា ពួកគេមានប្រាជ្ញា មិនត្រូវការការ​បង្រៀនទេ ពួកគេប្រកាន់សាសនាតឹងរ៉ឹង មិនត្រូវការសេចក្តីសង្រ្គោះទេ ពួកគេមានកិត្តិយសខ្ពង់ខ្ពស់ហើយ មិនចាំបាច់ត្រូវការកិត្តិយសរបស់ព្រះគ្រិស្តឡើយ ។ ព្រះអង្គសង្រ្គោះបានបែរចេញពីពួកគេដើម្បីប្រទានកិត្តិយសដែលពួកគេបានបំពាននិងកិច្ចការដែលពួកគេបានមើលងាយដល់សាសន៍​ដទៃ​វិញ។ សិរីល្អរបស់ព្រះគ្រិស្តត្រូវតែលើកតម្កើង ព្រះបន្ទូលរបស់ទ្រង់បាន​តាំង​ឡើង នគររបស់ព្រះគ្រិស្តត្រូវតែបានតាំងឡើងនៅលើផែនដី។ សេចក្តីសង្រ្គោះរបស់ព្រះត្រូវតែបានផ្សព្វផ្សាយនៅក្នុងទីក្រុងទាំងឡាយនៅក្នុងទីរហោស្ថាន ហើយព្រះអង្គបានត្រាស់ហៅពួកសាវ័ករបស់ទ្រង់​ឲ្យបំពេញកិច្ចការដែលពួកអ្នកដឹកនាំសាសន៍យូដាខកខានមិនបានធ្វើ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គឺ​ដោយ​ហេតុ​នោះ បាន​ជា​ខ្ញុំ​រង​ទុក្ខ​ទាំង​នេះ តែ​ខ្ញុំ​មិន​ខ្មាស​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ​តាម ហើយ​ខ្ញុំ​ជឿ​ពិត​ថា ទ្រង់​អាច​នឹង​ថែ​រក្សា​បញ្ញើដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​ទ្រង់ដរាប​ដល់​ថ្ងៃ​នោះ​ឯង។ (ធីម៉ូថេទី២ ១:១២)​

Powered by CAM