ថ្ងៃអង្គារ ទី២៣​ ខែមិថុនា ឆ្នាំ២០២០

កិច្ចការនៃពួកសាវ័ក (ជំពូកទី-០២)៖ ​

ការបង្រៀនដល់ពួកសិស្សទាំងដប់ពីរនាក់

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក១៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ទ្រង់​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​មាន​ព្រះបន្ទូល​ហៅ​អស់​អ្នក ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ​ចង់​ហៅ ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​ឯ​ទ្រង់ រួច​ទ្រង់​តម្រូវ​១២​នាក់​ឲ្យ​បាន​នៅ​ជា​មួយ​នឹង​ទ្រង់ ដើម្បី​ទ្រង់​បាន​ចាត់​គេ ឲ្យ​ចេញ​ទៅ​ប្រកាស​ប្រដៅ។ ម៉ាកុស ៣:១៣-១៤

ព្រះគ្រិស្តមិនបានជ្រើសរើសពួកសាន់ហ៊ីឌ្រីន ឬអ្នកមានអំណាច​នៃទីក្រុងរ៉ូម ដែលមានចំណេះដឹងនិងមានត្រកូលខ្ពស់ឲ្យបំពេញកិច្ចការ​របស់ទ្រង់ទេ។ ដោយយាងរំលងសាសន៍យូដាដែលអាងលើសេចក្តីសុចរិតរបស់ខ្លួនផ្ទាល់ ព្រះដែលជាម្ចាស់ចម្ការបានជ្រើសរើសបុរសដែលទន់ទាប គ្មានចំណេះវិជ្ជាឲ្យប្រកាសពីសេចក្តីពិតដែលធ្វើឲ្យពិភពលោកនេះក្រឡាប់ចាក់វិញ ព្រះអង្គមានគោលបំណងបង្រៀននិងអប់រំមនុស្សទាំងនេះឲ្យធ្វើជាមេដឹកនាំនៃពួកជំនុំរបស់ទ្រង់។ ភារកិច្ចរបស់ពួកគេគឺបង្រៀនដល់អ្នកដទៃរួចបញ្ជូនពួកគេឲ្យចេញទៅជាមួយនឹងសារនៃដំណឹងល្អ។ ដើម្បីឲ្យពួកគេមានជោគជ័យក្នុងការបំពេញកិច្ចការរបស់ពួកគេ ព្រះត្រូវតែប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ ។ ដំណឹងល្អត្រូវបានប្រកាសផ្សាយមិនមែនដោយ​អំណាច ឬដោយប្រាជ្ញារបស់មនុស្សនោះទេ គឺដោយសារព្រះចេស្តារបស់ព្រះជាម្ចាស់​វិញ។

ពួកសាវ័កបានទទួលការបង្ហាត់បង្រៀនអស់ពេលបីឆ្នាំកន្លះពីគ្រូដ៏​អស្ចារ្យបំផុត ដែលពិភពលោកមិនដែលមាន។ ព្រះគ្រិស្តបានបង្ហាត់បង្រៀនដល់ពួកគេសម្រាប់បំពេញកិច្ចការរបស់ទ្រង់ ដោយទំនាក់ទំនងនិងរស់នៅជាមួយពួកគេដោយផ្ទាល់។ ពួកគេបានដើរនិងនិយាយជាមួយទ្រង់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយស្តាប់ព្រះបន្ទូលលើកទឹកចិត្តរបស់ទ្រង់ ដល់អ្នកហេវហត់និងអ្នកមានបន្ទុកធ្ងន់ និងមើលការបង្ហាញព្រះចេស្តារបស់ទ្រង់ ជំនួសអ្នកជំងឺនិងអ្នកមានទុក្ខកង្វល់។ ជួនកាលព្រះអង្គបង្រៀនដល់ពួកគេដោយគង់ជាមួយពួកគេនៅលើភ្នំ ជួនកាលក្បែរមាត់សមុទ្រ ឬនៅពេលដើរតាមផ្លូវ ព្រះអង្គបានបង្ហាញពីអាថ៌កំបាំងនៃនគររបស់ព្រះ។ ព្រះបើកបង្ហាញអំពីសេចក្តីពិតនៃសេចក្តីសង្រ្គោះ នៅពេលដែលចិត្តពួកគេបើកចំហទទួលសាររបស់ព្រះ។ ព្រះអង្គមិនបានបង្គាប់ពួកសាវ័កឲ្យធ្វើការនេះឬការនោះឡើយ ប៉ុន្តែ ព្រះអង្គបានមានបន្ទូលថា «ចូរមកតាមខ្ញុំ»។ ព្រះអង្គបានយក​ពួកគេ​ទៅ​ជាមួយទ្រង់ នៅពេលដែលទ្រង់យាងកាត់ជនបទនិងទីក្រុងនានា ដើម្បីឲ្យពួកគេបានឃើញរបៀបដែលទ្រង់បានបង្រៀនដល់មនុស្ស។ ពួកគេបានធ្វើដំណើរជាមួយទ្រង់ពីកន្លែងមួយទៅកន្លែងមួយ។ ពួកគេបានចួលរួមដំណើរ​​យ៉ាងអត្តខាត់ជាមួយទ្រង់ ហើយពេលខ្លះ ពួកគេបានជួបប្រទះនឹងការអត់ឃ្លាននិងការហេវហត់ដូចជាទ្រង់ដែរ។ ពួកគេបាននៅជាមួយនឹងទ្រង់ នៅ​លើ​ផ្លូវដែលមានមនុស្សកុះករ ក្បែរមាត់បឹង ក្នុងទីរហោស្ថានដ៏ស្ងាត់ជ្រងំ។ ពួកគេបានឃើញទ្រង់នៅគ្រប់តំណាក់ការនៃជីវិត។

គឺនៅពេលដែលញែកពួកសាវ័កទាំងដប់ពីរនោះឯង ដែលជាការបោះជំហានទីមួយក្នុងការរៀបចំពួកជំនុំមួយ ដែលបន្ទាប់ពីការចាកចេញរបស់ព្រះគ្រិស្តទៅកិច្ចការរបស់ព្រះអង្គត្រូវបានបន្តអនុវត្តនៅលើពិភពលោកនេះ។ ព្រះគម្ពីរបានចែងអំពីតម្រូវការនេះយ៉ាងដូច្នេះ៖ «ទ្រង់ក៏យាងឡើង ទៅ​លើភ្នំ រួចមានព្រះបន្ទូលហៅអស់អ្នកដែលទ្រង់សព្វព្រះហឫទ័យចង់ហៅ ហើយអ្នកទាំងនោះក៏ចូលមកឯទ្រង់ រួចទ្រង់តម្រូវដប់ពីរនាក់ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីទ្រង់បានចាត់គេ ឲ្យចេញទៅប្រកាសប្រដៅ» (ម៉ាកុស ៣:១៣, ១៤)។

សូមក្រឡេកមើលទៅទស្សនីយភាពដ៏គួរឲ្យរំភើបនេះ។ មើលន៍ព្រះ​ដ៏មានអានុភាពនៃឋានសួគ៌ ព័ទ្ធជុំវិញដោយសាវ័កទាំងដប់ពីរនាក់ ជាអ្នក​ដែល​ទ្រង់បានជ្រើសរើស។ ព្រះអង្គរៀបនឹងញែកពួកគេដោយឡែកសម្រាប់​បំពេញកិច្ចការរបស់ពួកគេនៅពេលបន្តិចទៀតនេះ។ ទ្រង់រៀបចំនឹងដាក់សេចក្តីសង្រ្គោះដែលនៅជិតបង្កើយ ដោយសារព្រះបន្ទូលនិងព្រះវិញ្ញាណរបស់ព្រះអង្គ ដោយសារពួកភ្នាក់ងារដ៏ទន់ខ្សោយទាំងនេះ។

ព្រះជាម្ចាស់និងពួកទេវតាបានទតមើលទស្សនីយភាពនេះ ដោយ​ភាពរីករាយនិងក្តីអំណរ។ ព្រះវរបិតាបានជ្រាបថា ពន្លឺនៃឋានសួគ៌និងបានភ្លឺចែងចាំងចេញពីបុរសទាំងនេះ ហើយពាក្យសម្តីដែលពួកគេនិយាយ នៅពេលដែលពួកគេធ្វើទីបន្ទាល់អំពីព្រះរាជបុត្រា នឹងឮខ្ទ័រ ពីជំនាន់មួយ ទៅជំនាន់​មួយ​រហូតដល់ទីអវសាន្ត។

ពួកសាវ័កត្រូវចេញទៅ ជាទីបន្ទាល់របស់ព្រះគ្រិស្ត ដើម្បីប្រកាសប្រាប់ដល់ពិភពលោកពីអ្វីដែលពួកគេបានឃើញ និងបានឮអំពីទ្រង់។ តួនាទី​របស់ពួកគេមានសារៈសំខាន់បំផុត ដែលព្រះមិនធ្លាប់ដែលបានត្រាស់ហៅមនុស្សណាក្រៅពីពួកគេឡើយ ដែលគាំទ្រដោយព្រះគ្រិស្តតែមួយគត់។ ពួកគេគឺជាអ្នកធ្វើការរួមជាមួយនឹងព្រះដើម្បីសេចក្តីសង្រ្គោះរបស់មនុស្សលោក។ ពួកសាវ័កទាំងដប់ពីរនាក់ឈរជាតំណាងឲ្យពួកជំនុំនៃដំណឹងល្អ ដូចជាពួកចាស់ទុំទាំងដប់ពីរនាក់បានឈរ ជាតំណាងឲ្យសាសន៍អ៊ីស្រាអែល ក្នុង​គម្ពីរ​សញ្ញាចាស់ដូច្នោះដែរ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គឺ​ដោយ​ហេតុ​នោះ បាន​ជា​ខ្ញុំ​រង​ទុក្ខ​ទាំង​នេះ តែ​ខ្ញុំ​មិន​ខ្មាស​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ​តាម ហើយ​ខ្ញុំ​ជឿ​ពិត​ថា ទ្រង់​អាច​នឹង​ថែ​រក្សា​បញ្ញើដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​ទ្រង់ដរាប​ដល់​ថ្ងៃ​នោះ​ឯង។ (ធីម៉ូថេទី២ ១:១២)​

Powered by CAM