កិច្ចការនៃពួកសាវ័ក (ជំពូកទី-០២)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក១៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ពេលវេលា ដែលបានតាំងជាមុន និងព្រំទីលំនៅរបស់គេគ្រប់គ្នា ដើម្បីឲ្យគេស្វែងរកព្រះ ក្រែងគេនឹងរកទ្រង់ឃើញ ដោយខំរាវរកមែននោះទេដឹង ទោះបើទ្រង់មិនគង់ឆ្ងាយពីយើងនិមួយៗក៏ដោយ។ កិច្ចការ ១៧:២៦-២៧
នៅក្នុងព្រះរាជកិច្ចរបស់ព្រះអង្គនៅលើផែនដីព្រះគិ្រស្តបានចាប់ផ្តើមបំបែករនាំងបែងចែករវាងសាសន៍យូដានិងសាសន៍ដទៃហើយបានអធិប្បាយអំពីសេចក្តីសង្រ្គោះដល់មនុសុ្សលោកទាំងអស់។ ទោះបី ព្រះអង្គជាសាសន៍យូដាក៏ដោយ ក៏ព្រះទ្រង់បានរស់នៅលាយឡំជាមួយនឹងសាសន៍សាម៉ារីដោយសេរី ដោយមិនយកព្រះទ័យទុកដាក់ទៅនឹងទម្លាប់នៃពួកផារិស៊ីក្នុងសាសន៍យូដាដែលចាត់ទុកពួកនេះថាជាមនុស្សថោកទាបនោះឡើយ។ ព្រះអង្គបានយាងចូលទៅក្នុងផ្ទះរបស់ពួកគេសោយអាហារនៅនឹងតុរបស់ពួកគេ ហើយបង្រៀននៅតាមផ្លូវរបស់ពួកគេ។
ព្រះអង្គសង្រ្គោះសព្វព្រះហឫទ័យចង់បង្រៀនដល់ពួកសាវ័កអំពីសេចក្តីពិត ទាក់ទងនឹងការបំបាក់បំបែក «ជញ្ជាំងដែលខ័ណ្ឌជាកណ្តាល» រវាងសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ ជាសេចក្តីពិតដែល «ពួកសាសន៍ដទៃ បានត្រឡប់ជាអ្នកគ្រងមរតក» ជាមួយនឹងសាសន៍យូដា និង «ជាអ្នកទទួលចំណែកនៃសេចក្តីសន្យារបស់ទ្រង់ ជាមួយគ្នាក្នុងព្រះគ្រិស្តដែរ ដោយសារដំណឹងល្អ» (អេភេសូរ ២:១៤, ៣:៦)។
សេចក្តីពិតនេះត្រូវបានបង្ហាញមួយផ្នែកនៅពេលដែលព្រះអង្គបានប្រទានរង្វាន់ដល់សេចក្តីជំនឿរបស់មេទ័ពម្នាក់នៅភូមិកាពើណិម និងនៅពេលដែលព្រះអង្គបានអធិប្បាយអំពីសេចក្តីសង្រ្គោះអ្នកស្រុកស៊ូខារ។ រឿងនេះបានបង្ហាញកាន់តែច្បាស់ នៅពេលដែលព្រះអង្គបានយាងទៅសួរសុខទុក្ខស្ត្រីសាសន៍ភេនីស នៅពេលដែលទ្រង់បានព្យាបាលជំងឺកូនស្រីស្រ្តីស្រុកកាណាន។ បទពិសោធន៍នេះបានជួយដល់ពួកសាវ័កឲ្យយល់ថានៅក្នុងចំណោមមនុស្ស ដែលបានចាត់ទុកសេចក្តីសង្រ្គោះថាគ្មានតម្លៃសម្រាប់ខ្លួន មានមនុស្សជាច្រើនដែលស្រេកឃ្លានពន្លឺនៃសេចក្តីពិតនេះ។
ដូច្នេះ ព្រះគ្រិស្តបានស្វះស្វែងបង្រៀនដល់ពួកសាវ័កអំពីសេចក្តីពិតថា នៅក្នុងនគររបស់ព្រះមិនមានខ្សែបន្ទាត់ព្រំដែនទេ មិនមានស្រទាប់វណ្ណៈទាបថោក មិនមានវណ្ណៈអភិជនទេ ទ្រង់បង្រៀនដល់គេថាពួកគេត្រូវតែចូលទៅកាន់គ្រប់ជាតិសាសន៍ទាំងអស់ ដោយចែកចាយសារនៃសេចក្តីស្រឡាញ់របស់ព្រះអង្គសង្រ្គោះជាមួយនឹងពួកគេ ។ ប៉ុន្តែ លុះចំណេរក្រោយមកទៀត ទើបពួកគេដឹងច្បាស់ពីការនេះថា «ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែមួយ ឲ្យបាននៅពេញលើផែនដី ព្រមទាំងសម្រេចកំណត់ពេលវេលា ដែលបានតាំងជាមុន និងព្រំទីលំនៅរបស់គេគ្រប់គ្នា ដើម្បីឲ្យគេស្វែងរកព្រះ ក្រែងគេនឹងរកទ្រង់ឃើញ ដោយខំរាវរកមែននោះទេដឹង ទោះបើទ្រង់មិនគង់ឆ្ងាយពីយើងនីមួយៗក៏ដោយ» ( កិច្ចការ ១៧:២៦, ២៧)។
ព្រះបានបង្ហាញភាពខុសគ្នាដែលគួរឲ្យកត់សម្គាល់នេះដល់ពួកសាវ័កដំបូងៗ។ ពួកគេត្រូវតែធ្វើជាគ្រូបង្រៀនដល់ពិភពលោក ហើយពួកគេជាតំណាងពីអត្តចរិតខុសៗគ្នាយ៉ាងទូលំទូលាយ។ ដើម្បីបំពេញភារកិច្ចដែលព្រះបានត្រាស់ហៅនេះឲ្យមានជោគជ័យ ពួកមនុស្សដែលមានអត្តចរិតពីកំណើត និងទម្លាប់នៃជីវិតខុសៗគ្នាទាំងនេះត្រូវតែមានចិត្តគំនិតសកម្មភាព ស្របគ្នា។ ការរួបរួមគ្នានេះគឺជាកម្មបទដែលព្រះគ្រិស្តត្រូវតែថែរក្សាឲ្យមានសុវត្ថិភាព។ ដើម្បីឲ្យដល់ទីបញ្ចប់នេះ ព្រះអង្គបានស្វះស្វែងនាំឲ្យពួកគេរួបរួមគ្នាជាមួយនឹងព្រះអង្គដោយផ្ទាល់។ បន្ទុកនៃកិច្ចការរបស់ទ្រង់ចំពោះពួកគេ ត្រូវបានបង្ហាញនៅក្នុងសេចក្តីអធិដ្ឋានទៅព្រះវរបិតារបស់ទ្រង់ «ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង ប្រយោជន៍ឲ្យលោកិយបានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត»។ «គឺទូលបង្គំនៅក្នុងគេ ហើយទ្រង់គង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានគ្រប់លក្ខណ៍ឡើង ដរាបដល់រួមគ្នាតែមួយជាស្រេច ប្រយោជន៍ឲ្យលោកិយបានដឹងថា គឺទ្រង់ដែលចាត់ឲ្យទូលបង្គំមកមែន ហើយថា ទ្រង់ស្រឡាញ់គេដូចជាស្រឡាញ់ទូលបង្គំដែរ» (យ៉ូហាន ១៧:២១, ២៣)។ សេចក្តីអធិដ្ឋានជាប្រចាំរបស់ព្រះអង្គ ចំពោះពួកគេគឺថាសូមឲ្យពួកគេបានញែកជាបរិសុទ្ធដោយសារសេចក្តីពិត ហើយទ្រង់បានអធិដ្ឋានដោយទំនុកចិត្ត ដោយជ្រាបថាបញ្ញត្តិនៃព្រះដ៏មានសព្វព្រះចេស្តា ត្រូវបានប្រទានដល់ពិភពលោកដែលទ្រង់បានបង្កើតនោះ។ ទ្រង់បានជ្រាបថាដំណឹងល្អនៃនគរនឹងត្រូវប្រកាសដល់គ្រប់ទាំងសាសន៍សម្រាប់ជាបន្ទាល់ ព្រះអង្គបានជ្រាបថាសេចក្តីពិតប្រដាប់អាវុធដោយព្រះវិញ្ញាណបរិសុទ្ធដែលមានអំណាចខ្លាំងក្រៃលែងដែលនឹងដណ្តើមយកជ័យជម្នះនៅក្នុងសមរភូមិជាមួយនឹងអារក្ស និងថាផ្ទាំងបដាដែលសរសេរដោយឈាមនឹងបក់ដោយជោគជ័យពីលើពួកអ្នកដើរតាមទ្រង់ នៅថ្ងៃណាមួយជាក់ជាមិនខាន។
ខណៈដែលព្រះរាជកិច្ចរបស់ព្រះគ្រិស្តនៅលើផែនដីនេះឈានចូលជិតដល់ទីបញ្ចប់ ហើយព្រះអង្គបានជ្រាបថានៅពេលឆាប់ៗនេះទ្រង់នឹងទុកឲ្យពួកសាវ័កនៅបំពេញកិច្ចការដោយមិនមានការគ្រប់គ្រងពីព្រះអង្គតទៅទៀតនោះ ព្រះអង្គបានខំប្រឹងប្រែងលើកទឹកចិត្តនិងរៀបចំពួកគេសម្រាប់ពេលអនាគត។ ព្រះអង្គមិនបានបញ្ឆោតគេដោយសេចក្តីសង្ឃឹមក្លែងក្លាយនោះទេ។ ទ្រង់បានជ្រាបពីអ្វីដែលនឹងកើតឡើង ដូចជាសៀវភៅដែលបើកចំហ។ ព្រះអង្គបានជ្រាបថាទ្រង់នឹងត្រូវបំបែកចេញពីពួកគេនៅពេលឆាប់ៗនេះ ទុកឲ្យពួកគេនៅដូចជាចៀមក្នុងហ្វូងចចកដូច្នោះដែរ ។ ព្រះអង្គបានជ្រាបថាពួកគេនឹងរងទុក្ខដោយការបៀតបៀន ដែលពួកគេនឹងត្រូវបានបោះចេញទៅក្រៅសាលាប្រជុំ និងត្រូវបានគេចាប់ដាក់គុក ។ ព្រះអង្គបានជ្រាបថាអ្នកខ្លះក្នុងចំណោមពួកគេនឹងស្លាប់ដោយសារតែការធ្វើទីបន្ទាល់ថាទ្រង់គឺជាព្រះមែស្ស៊ី។ ហើយព្រះអង្គក៏បានមានបន្ទូលប្រាប់ដល់ពួកគេអំពីហេតុការណ៍នេះមួយចំនួន។ ក្នុងការមានបន្ទូលអំពីអនាគតរបស់ពួកគេ ព្រះអង្គបានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងការពិបាកដែលនឹងមកដល់ ពួកគេនឹងនឹកឃើញពីព្រះបន្ទូលរបស់ទ្រង់ និងមានសេចក្តីក្លាហានក្នុងការជឿជាក់ដល់ទ្រង់ ថាជាព្រះដែលប្រោសលោះ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គឺដោយហេតុនោះ បានជាខ្ញុំរងទុក្ខទាំងនេះ តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ដរាបដល់ថ្ងៃនោះឯង។ (ធីម៉ូថេទី២ ១:១២)