ថ្ងៃព្រហស្បតិ៍ ទី២៥​ ខែមិថុនា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-០២)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក១៦

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ។ យ៉ូហាន ១៦:៣៣

ព្រះអង្គក៏បានមានព្រះបន្ទូលពីសេចក្តីសង្ឃឹមនិងសេចក្តីក្លាហាន​ផងដែរ។ «កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នា​ជឿដល់​ព្រះហើយ ចូរជឿដល់ខ្ញុំដែរ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅ​ជាច្រើន ពុំនោះខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នក​រាល់គ្នា​ទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ ឯកន្លែង​ដែលខ្ញុំទៅ នោះអ្នករាល់គ្នាក៏ដឹង ហើយក៏ស្គាល់ផ្លូវទៅដែរ» (យ៉ូហាន ១៤:១-៤)។ ខ្ញុំបានយាងមកកាន់លោកិយនេះដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា ។ ខ្ញុំកំពុងធ្វើការដើម្បីអ្នករាល់គ្នា ។ នៅពេលដែល​ខ្ញុំចាក​ចេញទៅឆ្ងាយ ខ្ញុំនៅតែធ្វើការជាមួយនឹងអ្នករាល់គ្នាដោយស្មោះស្ម័គ្រដដែល។ ខ្ញុំបានយាងមកកាន់លោកិយនេះដើម្បីបង្ហាញពីរូបខ្ញុំដល់អ្នករាល់គ្នា ដើម្បី​ឲ្យអ្នករាល់គ្នាបានជឿថា ខ្ញុំនឹងទៅឯព្រះវរបិតារបស់ខ្ញុំ ដើម្បីសហការ​ជា​មួយ​នឹងទ្រង់ជំនួសអ្នករាល់គ្នា។

«ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿ​ដល់​ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះវរបិតា» (យ៉ូហាន ១៤:១២)។ ដោយព្រះបន្ទូលនេះ ព្រះគ្រិស្ត​មិនបានចង់មានបន្ទូលថាពួកសាវ័កត្រូវតែលើកកម្ពស់ការខំប្រឹងប្រែងឲ្យខ្លាំងជាងការដែលទ្រង់បានធ្វើនោះទេ ប៉ុន្តែ ព្រះអង្គចង់មានបន្ទូលថាកិច្ចការរបស់ពួកគេនឹងមានទំហំកាន់តែធំធេងឡើង។ ព្រះអង្គមិនបានមានបន្ទូលត្រឹមតែការធ្វើការអស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែ ព្រះអង្គមានបន្ទូលអំពីកិច្ចការទាំងអស់ដែលកើតឡើងនៅក្រោមអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។ ព្រះអង្គ​បានមានបន្ទូលថា «ប៉ុន្តែ កាលណាព្រះដ៏ជាជំនួយទ្រង់យាងមក ដែលខ្ញុំ​នឹង​ចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលចេញពី​ព្រះវរបិតា​មក ព្រះអង្គនោះ ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នាបាននៅជាមួយនឹងខ្ញុំ តាំងតែពីដើមមក» (យ៉ូហាន ១៥:២៦, ២៧)។

ព្រះបន្ទូលនេះត្រូវបានសម្រេចយ៉ាងអស្ចារ្យ ។ បន្ទាប់ពីការយាងចុះនៃព្រះវិញ្ញាណបរិសុទ្ធមក ពួកសាវ័កពោរពេញទៅដោយសេចក្តីស្រឡាញ់ចំពោះទ្រង់ និងចំពោះអ្នកដែលព្រះអង្គបានសុគតជំនួស ចិត្តរបស់មនុស្សជាច្រើនត្រូវបានរលាយដោយសារតែពាក្យដែលពួកគេបាននិយាយ និងដោយសេចក្តីអធិដ្ឋានដែលពួកគេបានផ្តល់ ។ ពួកគេនិយាយដោយព្រះចេស្តានៃព្រះវិញ្ញាណ ហើយនៅក្រោមការសម្រេចនៃអំណាចនោះ មនុស្សរាប់ពាន់​នាក់បានផ្លាស់ប្តូរជំនឿ។

ជាព្រះរាជតំណាងរបស់ព្រះគ្រិស្ត ពួកសាវ័កត្រូវតែធ្វើជាគំរូដ៏ល្អនៅលើពិភពលោកនេះ រឿងពិតដែលថាពួកគេជាមនុស្សទន់ទាប មិនបានលុបបំបាត់ឥទ្ធិពលរបស់ពួកគេឡើយ ប៉ុន្តែ បានបង្កើនឡើងទៅវិញទេ ដ្បិតគំនិត របស់ពួកអ្នកដែលបានស្តាប់ពួកគេនឹងត្រូវបានដឹកនាំចេញពីពួកគេទៅកាន់ព្រះអង្គសង្រ្គោះ ជាព្រះដែលនៅតែធ្វើការនៅក្នុងជីវិតរបស់ពួកគេ​ដែល​មនុស្ស​​មើលមិនឃើញ ។ ការបង្រៀនដ៏អស្ចារ្យរបស់ពួកសាវ័កពាក្យសម្តីនៃ​​ការលើក​ទឹកចិត្ត និងស្មោះត្រង់របស់ពួកគេ បញ្ជាក់ប្រាប់ថាពួកគេមិនបានធ្វើកិច្ចការដោយកម្លាំងរបស់ខ្លួនផ្ទាល់នោះទេ ប៉ុន្តែ គឺនៅក្នុងព្រះចេស្តារបស់​ព្រះគ្រិស្តវិញ។ ពួកគេប្រកាសដោយការបន្ទាបខ្លួនថា ព្រះអង្គដែលសាសន៍​យូដាបានឆ្កាង គឺជាព្រះអម្ចាស់នៃជីវិត ជាព្រះរាជបុត្រានៃព្រះដ៏មាន​ព្រះជន្ម​រស់ និងថាពូកគេបានធ្វើកិច្ចការនៅក្នុងព្រះនាមរបស់ទ្រង់។

នៅក្នុងការសន្ទនាជាមួយនឹងពួកសាវ័ក នៅរាត្រីចុងក្រោយ មុន​ពេល​ដែលព្រះអង្គត្រូវគេឆ្កាង ព្រះអង្គសង្រ្គោះមិនបានយោងទៅលើការរងទុក្ខដែលព្រះអង្គនឹងរងទ្រាំ និងត្រូវតែរងទ្រាំនៅពេលខាងមុខនោះទេ។ ព្រះអង្គមិនបានមានបន្ទូលអំពីការអាម៉ាស់ដែលនៅពីមុខទ្រង់នោះទេ ប៉ុន្តែ ព្រះបានខំប្រឹងស្វះស្វែងនាំយកមកកាន់គំនិតរបស់ពួកគេនូវអ្វីដែលនឹងពង្រឹងដល់ជំនឿរបស់ពួកគេ ដោយដឹកនាំពួកគេឲ្យសម្លឹងមើលទៅក្តីអំណរនៅខាង​មុខ ដែលកំពុងរង់ចាំអ្នកដែលមានជ័យជម្នះ។ ទ្រង់មានអំណរនៅក្នុងព្រះតម្រិះ​​ដែលព្រះអង្គអាចនិងធ្វើសម្រាប់ពួកសាវ័ករបស់ទ្រង់ បានច្រើនជាង​ការ​ដែលទ្រង់បានសន្យា ដែលនឹងមានសេចក្តីស្រឡាញ់និងការអាណិតអាសូរនឹងហូរចេញមកពីព្រះអង្គ និងធ្វើឲ្យមនុស្សមានអត្តចរិតដូចទ្រង់ ដែល​មនុស្ស​របស់ទ្រង់បានប្រដាប់កាយដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ដែល​នឹង​ចេញទៅមុខដោយជ័យជម្នះ និងដើម្បីគ្រប់គ្រង។

ព្រះអង្គបានមានបន្ទូលថា «ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់​គ្នាបានសេចក្តីសុខសាន្ត ដោយសារខ្ញុំ នៅលោកិយនេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះ​លោកិយ​ហើយ» (យ៉ូហាន ១៦:៣៣)។ ព្រះគ្រិស្តមិនបានបរាជ័យឡើយ ហើយក៏មិន​ដែលបាក់ទឹកចិត្តដែរ ហើយពួកសាវ័កក៏ត្រូវតែបង្ហាញពីនិស្ស័យនៃការអត់ធ្មត់​នោះដែរ។ ពួកគេត្រូវតែធ្វើការដូចជាព្រះអង្គធ្លាប់បានធ្វើនោះដែរ ដោយទីពឹងទៅលើទ្រង់ដើម្បីឲ្យមានកម្លាំងឡើង។ ទោះបីជាផ្លូវរបស់ពួកគេត្រូវបានរារាំងដោយសភាពដែលហាក់ដូចជាមិនអាចសម្រេចបានក៏ដោយ ប៉ុន្តែ ដោយ​ព្រះគុណរបស់ទ្រង់ ពួកគេបានបោះជំហានទៅមុខ ដោយគ្មានការព្រួយ​បារម្ភពីអ្វីឡើយ ហើយពួកគេមានសង្ឃឹមថានឹងបានអ្វីៗគ្រប់យ៉ាង។ ព្រះគ្រិស្តបានបង្ហើយកិច្ចការដែលព្រះវរបិតាបានប្រគល់ថ្វាយទ្រង់ធ្វើ។ ព្រះអង្គបានប្រមែប្រមូលអ្នកដែលនឹងត្រូវធ្វើការជាមួយទ្រង់ នៅក្នុងចំណោម​មនុស្ស​ទាំងឡាយ។ ហើយព្រះអង្គបានមានបន្ទូលថា «ទូលបង្គំបានថ្កើងឡើង​ក្នុង​គេ អ្នកទាំងនេះនៅក្នុងលោកិយ តែទូលបង្គំមិននៅក្នុងលោកិយទៀតទេ ទូល​បង្គំនឹងទៅឯទ្រង់ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ ឯពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូមទ្រង់រក្សាគេដោយព្រះនាមទ្រង់ផង ដើម្បីឲ្យ​គេបាន​រួមគ្នាតែមួយ ដូចជាយើងដែរ។ «ទូលបង្គំមិនអធិដ្ឋានឲ្យអ្នកទាំងនេះតែប៉ុណ្ណោះ គឺឲ្យដល់ទាំងអ្នកណា ដែលនឹងជឿដល់ទូលបង្គំ ដោយសារពាក្យ​របស់គេ​ថែមទៀតដែរ ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ … គឺទូលបង្គំនៅក្នុងគេ ហើយទ្រង់គង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានគ្រប់លក្ខណ៍ឡើង ដរាបដល់​រួមគ្នា​តែមួយជាស្រេច ប្រយោជន៍ឲ្យលោកិយបានដឹងថា គឺទ្រង់ដែល​ចាត់​ឲ្យទូលបង្គំមកមែន ហើយថា ទ្រង់ស្រឡាញ់គេ ដូចជា​ស្រឡាញ់​ទូល​បង្គំ​ដែរ» (យ៉ូហាន ១៧:១០, ១១, ២០-២៣)។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គឺ​ដោយ​ហេតុ​នោះ បាន​ជា​ខ្ញុំ​រង​ទុក្ខ​ទាំង​នេះ តែ​ខ្ញុំ​មិន​ខ្មាស​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ​តាម ហើយ​ខ្ញុំ​ជឿ​ពិត​ថា ទ្រង់​អាច​នឹង​ថែ​រក្សា​បញ្ញើដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​ទ្រង់ដរាប​ដល់​ថ្ងៃ​នោះ​ឯង។ (ធីម៉ូថេទី២ ១:១២)​

Powered by CAM