ថ្ងៃសុក្រ ទី២៦​ ខែមិថុនា ឆ្នាំ២០២០

កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៣)៖​

មហាបញ្ជា

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក១៧

ខព្រះគម្ពីរប្រចាំថ្ងៃ៖ នោះ​ទ្រង់​ក៏​បើក​បំភ្លឺ​សតិស្មារតី​គេ ឲ្យ​បាន​យល់​ក្នុង​គម្ពីរ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា គឺ​សេចក្តី​នេះ​ហើយ ដែល​បាន​ចែង​ទុក​មក គឺ​ថា ព្រះគ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​នៅ​ថ្ងៃ​ទី​៣​ទ្រង់​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ត្រូវ​ឲ្យ​ការ​ប្រែ​ចិត្ត និង​សេចក្តី​ប្រោស​ឲ្យ​រួច បាន​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ដោយ​នូវ​ព្រះនាម​ទ្រង់ ចាប់​តាំង​ពី​ក្រុង​យេរូសាឡិម​ទៅ។ លូកា ២៤:៤៥-៤៧

បន្ទាប់ពីការសុគតរបស់ព្រះគ្រិស្តមក ពួកសាវ័កសឹងតែបរាជ័យដោយការបាក់ទឹកចិត្តទៅហើយ។ លោកគ្រូរបស់ពួកគេត្រូវបានគេបដិសេធ គេ​កាត់​ទោស ហើយត្រូវគេឆ្កាង។ ពួកសង្ឃនិងពួកមេដឹកនាំសាសនាបានប្រកាសដោយប្រមាថមើលងាយថា «វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយសង្គ្រោះដល់ខ្លួនវាបានទេ បើសិនណាវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក នោះយើងនឹងជឿដល់វា» (ម៉ាថាយ​ ២៧:៤២)។ ព្រះអាទិត្យនៃសេចក្តីសង្ឃឹមរបស់ពួកសាវ័កបានអស្តង្គតទៅហើយ ហើយរាត្រីកាលបានចូលមកជំនួសនៅក្នុងចិត្តរបស់ពួកគេវិញ។ ពួកគេបានរំឭកជាញឹកញាប់នូវពាក្យថា «យើងខ្ញុំបានសង្ឃឹមថា គឺលោក​នេះ​ហើយ ជាព្រះដែលរៀបនឹងប្រោសលោះសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន» (លូកា ២៤:២១)។ ពួកគេបាននឹកឃើញព្រះបន្ទូលរបស់ព្រះអង្គ ទាំងចិត្ត​ឈឺចុកចាប់ និងមានភាពឯកោ។ «ព្រោះបើគេធ្វើការទាំងនេះ ដល់ដើម​ឈើ​ស្រស់ នោះតើនឹងកើតអ្វីដល់ដើមឈើស្ងួតវិញ?» (លូកា ២៣:៣១)។

ព្រះយេស៊ូវបានប៉ុនប៉ងបើកបង្ហាញពីអនាគតប្រាប់ដល់ពួកសាវ័ករបស់ទ្រង់ជាច្រើនដង ប៉ុន្តែ ពួកគេមិនបានយកចិត្តទុកដាក់ទៅនឹងអ្វីដែលទ្រង់បានមានបន្ទូលនោះទេ។ ដោយសារហេតុនេះហើយបានជាការសុគតរបស់ទ្រង់បានកើតឡើងដល់គេហាក់ដូចជាការដែលគួរឲ្យភ្ញាក់ផ្អើល ហើយ​បន្ទាប់ពីនោះមក ពួកគេមានការសោកស្តាយជាខ្លាំង នៅពេលដែលពួកគេរំឭកពីអតីតកាលនិងបានឃើញពីលទ្ធផលនៃការមិនជឿរបស់ពួកគេ។ នៅ​ពេល​ដែលព្រះគ្រិស្តត្រូវគេឆ្កាង ពួកគេមិនបានជឿថាព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញនោះទេ។ ព្រះអង្គបានមានបន្ទូលយ៉ាងច្បាស់ថា ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ប៉ុន្តែ ពួកគេវិលវល់មិនយល់ពីអ្វីដែលទ្រង់ចង់មានបន្ទូលនោះទេ។ កង្វះការយល់ដឹងនេះបានបន្សល់ទុកនូវភាពអស់សង្ឃឹមជាខ្លាំងដល់ពួកគេ នៅពេលដែលព្រះអង្គបានសុគត។ ពួកគេបានខកចិត្តយ៉ាងជូរចត់។ ជំនឿរបស់ពួកគេមិនបានឆ្លងផុតពីស្រមោលដែលសាតាំងបានលាតសន្ធឹងរហូតដល់ជើងមេឃរបស់ពួកគេនោះឡើយ។ អ្វីៗទាំងអស់ហាក់ដូចជាមានភាពស្រពិចស្រពិល និងអាថ៌កំបាំង​ចំពោះ​ពួកគេ។ ប្រសិនបើពួកគេបានជឿតាមព្រះបន្ទូលរបស់ព្រះអង្គសង្រ្គោះពួកគេនឹងមានការព្រួយបារម្ភយ៉ាងតិចបំផុត!

ដោយគ្របដណ្តប់ដោយការខូចចិត្ត ទុក្ខព្រួយ និងការអស់សង្ឃឹម ពួកសាវ័កបានជួបប្រជុំគ្នានៅបន្ទប់ខាងលើ ហើយបិទទ្វារចាក់សោ ដោយភ័យខ្លាចក្រែងវាសនាអាក្រក់នៃលោកគ្រូរបស់ពួកគេនឹងធ្លាក់មកលើពួកគេដែរ។ គឺនៅទីនោះហើយដែលព្រះអង្គសង្រ្គោះបានលេចមកឲ្យពួកគេឃើញ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។

ព្រះគ្រិស្តបានគង់នៅលើផែនដីអស់សែសិបថ្ងៃ រៀបចំពួកសាវ័កឲ្យបំពេញកិច្ចការដែលនៅចំពោះមុខពួកគេ និងពន្យល់ដល់ពួកគេថា ចាប់ពី​ពេល​នេះតទៅពួកគេអាចនឹងយល់បាន។ ព្រះអង្គបានមានបន្ទូល​អំពីបទ​ទំនាយ ទាក់ទងនឹងការយាងមករបស់ទ្រង់ ការបដិសេធន៍​ទ្រង់​ពី​សំណាក់​សាសន៍យូដា និងការសុគតរបស់ទ្រង់ ដោយពន្យល់ថាចំណុចជាក់លាក់ទាំងឡាយនៃបទទំនាយនេះបានសម្រេចហើយ។ ព្រះអង្គបានមានបន្ទូលប្រាប់ពួកគេថាពួកគេត្រូវចាត់ទុកការសម្រេចបទទំនាយទាំងនេះថា ជាការធានាអះអាងនៃព្រះចេស្តាដែលនឹងនៅជាមួយពួកគេ នៅក្នុងកិច្ច​របស់​ពួក​គេនៅពេលអនាគត។ «នោះទ្រង់ក៏បើកបំភ្លឺសតិស្មារតីគេ ឲ្យបាន​យល់​ក្នុង​គម្ពីរ» ទ្រង់មានព្រះបន្ទូលទៅគេថា «គឺសេចក្តីនេះហើយ ដែលបាន​ចែង​ទុក​មក គឺថាព្រះគ្រិស្តត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទីបីទ្រង់នឹងរស់ពីសុគតឡើងវិញ ហើយត្រូវឲ្យការប្រែចិត្ត និងសេចក្តីប្រោសឲ្យរួចបានប្រកាស​ប្រាប់​ដល់អស់ទាំងសាសន៍ ដោយនូវព្រះនាមទ្រង់ចាប់តាំងពីក្រុង​យេរូសាឡិមទៅ»។ «អ្នករាល់គ្នាជាស្មរបន្ទាល់ពីការទាំងនេះ» (លូកា ២៤:៤៥-៤៨)។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គឺ​ដោយ​ហេតុ​នោះ បាន​ជា​ខ្ញុំ​រង​ទុក្ខ​ទាំង​នេះ តែ​ខ្ញុំ​មិន​ខ្មាស​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ​តាម ហើយ​ខ្ញុំ​ជឿ​ពិត​ថា ទ្រង់​អាច​នឹង​ថែ​រក្សា​បញ្ញើដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​ទ្រង់ដរាប​ដល់​ថ្ងៃ​នោះ​ឯង។ (ធីម៉ូថេទី២ ១:១២)​

Powered by CAM