កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៣)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក១៨
នៅក្នុងអំឡុងពេលដែលព្រះគ្រិស្តបានគង់នៅជាមួយនឹងពួកសាវ័កនេះ ពួកគេបានទទួលនូវបទពិសោធន៍ថ្មីៗជាច្រើន។ ខណៈដែលពួកគេបានឮព្រះជាម្ចាស់ជាទីស្រឡាញ់របស់ពួកគេពន្យល់ព្រះគម្ពីរនៅក្នុងពន្លឺនៃរឿងរ៉ាវទាំងឡាយដែលបានកើតឡើង នោះសេចក្តីជំនឿរបស់ពួកគេទៅលើទ្រង់ត្រូវបានបង្កើតឡើងយ៉ាងពេញលេញ។ ពួកគេបានឈានដល់កន្លែងមួយ ដែលពួកគេអាចនិយាយថា «ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម» (ធីម៉ូថេទី២ ១:១២) ។ ពួកគេបានចាប់ផ្តើមដឹងពីនិស្ស័យនិងទំហំនៃកិច្ចការរបស់ពួកគេ ដោយយល់ថាពួកគេត្រូវតែប្រកាសព្រះបន្ទូលនៃសេចក្តីពិត ដែលព្រះបានប្រទានដល់ពួកគេ។ ព្រឹត្តិការណ៍នៃព្រះជន្ម ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រិស្ត បទទំនាយស្តីពីព្រឹត្តិការណ៍ទាំងអស់នោះ អាថ៌កំបាំងនៃសេចក្តីសង្រ្គោះ ព្រះចេស្តារបស់ព្រះយេស៊ូវសម្រាប់ការអត់ឱនទោសអំពើបាប ជាការដែលពួកគេត្រូវធ្វើទីបន្ទាល់ និងត្រូវប្រាប់ដល់ពិភពលោកឲ្យបានដឹង។ ពួកគេត្រូវតែប្រកាសដំណឹងនៃសេចក្តីសុខសាន្តនិងសេចក្តីសង្រ្គោះ តាមរយៈការកែប្រែចិត្ត និងព្រះចេស្តារបស់ព្រះអង្គសង្រ្គោះ។
មុននឹងយាងឡើងទៅកាន់ឋានសួគ៌ ព្រះគ្រិស្តបានប្រទានការត្រាស់បង្គាប់ដល់ពួកសាវ័ករបស់ទ្រង់។ ព្រះអង្គបានប្រាប់ដល់ពួកគេថាពួកគេត្រូវធ្វើជាអ្នកប្រតិបត្តិតាមបំណងព្រះហឫទ័យដែលទ្រង់បានទុកជាកេរ្តិ៍មរតកដល់ពិភពលោក ជាទ្រព្យសម្បត្តិនៃជីវិតអស់កល្ប ។ ព្រះអង្គបានមានបន្ទូលថា អ្នករាល់គ្នាបានឃើញជីវិតនៃការលះបង់របស់ខ្ញុំដើម្បីលោកិយហើយ ។ អ្នកបានឃើញកិច្ចការដែលខ្ញុំបានធ្វើដើម្បីសាសន៍អ៊ីស្រាអែលហើយ។ ហើយទោះបីជារាស្រ្តរបស់ខ្ញុំមិនបានចូលមកឯខ្ញុំដើម្បីឲ្យបានជីវិតក៏ដោយ ហើយទោះបីជាពួកសង្ឃនិងពួកមេដឹកនាំសាសនាបានប្រព្រឹត្តមកលើខ្ញុំ តាមចិត្តគេក៏ដោយ ទោះបីពួកគេបានបដិសធខ្ញុំក៏ដោយ ក៏ពួកគេនៅតែមានឱកាសនឹងទទួលយកព្រះរាជបុត្រាម្តងទៀតដែរ ។ អ្នកបានឃើញថាអ្នកដែលមកឯខ្ញុំដើម្បីលន់តួបាបរបស់ពួកគេ ខ្ញុំនឹងទទួលពួកគេដោយសេរី ។ អ្នកណាដែលចូលមកឯខ្ញុំ ខ្ញុំនឹងមិនបោះបង់គេចោលឡើយ។ ចំណែកអ្នកឱពួកសាវ័ករបស់ខ្ញុំអើយ ខ្ញុំប្រគល់សារនៃសេចក្តីមេត្តាករុណាដល់ពួកអ្នក។ ដំណឹងនេះត្រូវប្រគល់ដល់ទាំងសាសន៍យូដា និងសាសន៍ដទៃពោលគឺដល់សាសន៍អ៊ីស្រាអែលមុនគេ បន្ទាប់មកដល់គ្រប់ទាំងសាសន៍ គ្រប់ភាសា និងគ្រប់មនុស្សទាំងអស់។ អស់អ្នកដែលជឿនឹងប្រមូលគ្នាមកកាន់ពួកជំនុំតែមួយ។
ការត្រាស់បង្គាប់នៃដំណឹងល្អគឺជាធម្មនុញ្ញដ៏ធំនៃបេសកជនសម្រាប់នគររបស់ព្រះគ្រិស្ត ។ ពួកសាវ័កត្រូវតែធ្វើការដោយស្មោះអស់ពីចិត្តដើម្បីមនុស្សលោក ដោយផ្តល់សេចក្តីអញ្ជើញនៃសេចក្តីមេត្តាករុណាដល់មនុស្សទាំងអស់ ។ ពួកគេមិនត្រូវរង់ចាំឲ្យមនុស្សមករកពួកគេទេ គឺពួកគេត្រូវតែចេញទៅជួបនឹងមនុស្សជាមួយនឹងសារនោះ។
ពួកសាវ័កត្រូវតែបំពេញកិច្ចការរបស់ពួកគេឆ្ពោះទៅមុខ ក្នុងព្រះនាមរបស់ព្រះគ្រិស្ត ។ រាល់ពាក្យសម្តីនិងសកម្មភាពរបស់ពួកគេ ត្រូវតែពង្រឹងដល់ចំណាប់អារម្មណ៍របស់មនុស្សទៅលើព្រះនាមរបស់ទ្រង់ ជាទ្រព្យសម្បត្តិដែលមានអំណាចអស្ចារ្យសម្រាប់ជួយសង្រ្គោះបាបជន ។ ជំនឿរបស់ពួកគេត្រូវតែមានមូលដ្ឋាននៅលើព្រះដែលជាប្រភពនៃអំណាច និងសេចក្តីមេត្តាករុណា។ ពួកគេត្រូវតែបង្ហាញគំនិតរបស់ពួកគេ ដល់ព្រះវរបិតា តាមរយៈព្រះនាមរបស់ទ្រង់ ហើយពួកគេនឹងទទួលចម្លើយតបមកវិញ ។ ពួកគេត្រូវទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ ព្រះនាមរបស់ព្រះគ្រិស្តគឺជាបន្ទូលឃ្លាំមើលរបស់ពួកគេ ជាត្រាសម្គាល់របស់ពួកគេ ជាចំណងមេត្រីភាព ជាអំណាចគ្រប់គ្រងនៃសកម្មភាព និងជាប្រភពនៃជោគជ័យរបស់ពួកគេ ។ គ្មានអ្វីនៅក្នុងនគររបស់ទ្រង់ដែលគេស្គាល់ថាមិនមានព្រះនាម និងនិមិត្តរូប របស់ទ្រង់ឡើយ។
នៅពេលព្រះគ្រិស្តមានបន្ទូលទៅកាន់ពួកសាវ័កឲ្យបោះជំហានទៅមុខនៅក្នុងព្រះនាមរបស់ខ្ញុំ ដើម្បីប្រមូលអ្នកដែលមានជំនឿឲ្យចូលមកក្នុងពួកជំនុំ ព្រះអង្គបានបង្ហាញយ៉ាងច្បាស់នៅពីមុខពួកគេ អំពីភាពចាំបាច់នៃការរក្សាភាពសាមញ្ញ។ ពួកគេមិនត្រូវមានភាពក្អេងក្អាង និងភាពសម្ញឺងឡើយ តែត្រូវមានឥទ្ធិពលនៃការល្អដ៏ធំធេងវិញ។ ពួកសាវ័កត្រូវតែនិយាយសម្តីសុភាពរាបសា ដូចជាព្រះគ្រិស្តធ្លាប់បានមានបន្ទូលដូច្នោះដែរ។ ពួកគេត្រូវតែផ្តិតនូវមេរៀនដែលព្រះអង្គបានបង្រៀនដល់ពួកគេ នៅក្នុងចិត្តមនុស្សទាំងឡាយ។
ព្រះគ្រិស្តមិនបានប្រាប់ដល់សាវ័ករបស់ព្រះអង្គថា កិច្ចការរបស់ពួកគេគឺជាកិច្ចការដែលងាយស្រួលនោះទេ។ ពួកគេនឹងត្រូវតយុទ្ធជាមួយ «នឹងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកិយនេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅឋានដ៏ខ្ពស់ដែរ» (អេភេសូរ ៦:១២) ។ ប៉ុន្តែ ព្រះអង្គមិនបានទុកឲ្យពួកគេប្រយុទ្ធតែម្នាក់ឯងនោះឡើយ ។ ព្រះអង្គបានបញ្ជាក់ប្រាប់ពួកគេថា ទ្រង់នឹងគង់នៅជាមួយពួកគេ ហើយប្រសិនបើពួកគេបោះជំហានទៅមុខដោយសេចក្តីជំនឿ ពួកគេនឹងធ្វើដំណើរនៅក្រោមខែលដ៏មានសព្វានុភាព។ ព្រះអង្គបានអង្វរករឲ្យពួកគេក្លាហាននិងមានកម្លាំងឡើង ព្រោះព្រះមួយអង្គដែលខ្លាំងជាងពួកទេវតា ជាមេទ័ពនៃនគរឋានសួគ៌ នឹងគង់នៅជាមួយពួកគេ។ ព្រះអង្គបានត្រៀមបម្រុងគ្រប់យ៉ាងសម្រាប់ទប់ទល់នឹងការបៀតបៀនទាស់នឹងកិច្ចការរបស់ពួកគេ ហើយនិងទទួលខុសត្រូវចំពោះជោគជ័យដោយព្រះអង្គផ្ទាល់។ ដរាបណាពួកគេនៅតែស្តាប់តាមព្រះបន្ទូលរបស់ទ្រង់ ហើយធ្វើការដោយភ្ជាប់ទំនាក់ទំនងជាមួយនឹងព្រះអង្គ ពួកគេនឹងមិនបរាជ័យឡើយ។ ព្រះអង្គបានត្រាស់បង្គាប់ឲ្យពួកគេចេញទៅដល់មនុស្សគ្រប់ទាំងសាសន៍។ ចូរចេញទៅកន្លែងឆ្ងាយបំផុតនៃផែនដី ហើយដឹងឲ្យច្បាស់ថាវត្តមានរបស់ខ្ញុំនឹងនៅទីនោះ ជាមួយអ្នកជានិច្ច។ ចូរធ្វើការដោយជំនឿនិងទំនុកចិត្តចុះ ព្រោះនឹងមិនមានពេលណាដែលខ្ញុំនឹងបោះបង់អ្នកចោលឡើយ។ ខ្ញុំនឹងនៅជាមួយអ្នកជានិច្ច ដោយជួយអ្នកក្នុងការបំពេញភារកិច្ចរបស់អ្នក ដោយដឹកនាំកម្សានចិត្ត រាប់អ្នកសុចរិត ទ្រទ្រង់អ្នក និងផ្តល់ជោគជ័យដល់អ្នកឲ្យនិយាយពាក្យពេចន៍ដែលនឹងទាក់ទាញចិត្តមនុស្សដទៃឲ្យចាប់អារម្មណ៍ទៅនឹងឋានសួគ៌។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គឺដោយហេតុនោះ បានជាខ្ញុំរងទុក្ខទាំងនេះ តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ដរាបដល់ថ្ងៃនោះឯង។ (ធីម៉ូថេទី២ ១:១២)