ថ្ងៃអាទិត្យ ទី២៨​ ខែមិថុនា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-០៣)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក១៩

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប។ ម៉ាថាយ ២៨:១៩-២០​

ការលះបង់របស់ព្រះគ្រិស្តជំនួសមនុស្សបានសម្រេចពេញលេញហើយ។ លក្ខខណ្ឌនៃការប្រោសលោះឲ្យធួននឹងបាបរបស់មនុស្សបានសម្រេចហើយ។ កិច្ចការដែលទ្រង់បានយាងមកកាន់ផែនដីនេះត្រូវបានបំពេញរួចរាល់អស់ហើយ។ ទ្រង់មានជ័យជម្នះលើនគររបស់ទ្រង់ហើយ។ ទ្រង់បានដណ្តើមនគរលោកិយនេះពីសាតាំងមកវិញ ហើយអ្វីៗទាំងអស់បានក្លាយជារបស់ពួកគេ ( ពួកសាវ័ក) វិញហើយ។ ព្រះកំពុងយាងទៅឯបល្ល័ង្ករបស់ព្រះ ដើម្បីទទួលការលើកតម្កើងពីពួកទេវតានៃឋានសួគ៌ ។ ប្រដាប់អង្គដោយអំណាចដ៏គ្មានព្រំដែន ព្រះអង្គបានត្រាស់បង្គាប់ដល់ពួកសាវ័ករបស់ទ្រង់ថា «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យ​ជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតាព្រះរាជបុត្រា និងព្រះវិញ្ញាណ​បរិសុទ្ធចុះ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប» (ម៉ាថាយ ២៨:១៩, ២០)។

មុននឹងចាកចេញពីសាវ័ករបស់ព្រះអង្គ ព្រះគ្រិស្តបានប្រកាសយ៉ាងច្បាស់អំពីនគររបស់ទ្រង់ម្តងទៀត។ ព្រះអង្គបានរំឭកដល់ពួកគេអំពីអ្វីដែលព្រះអង្គធ្លាប់បានមានបន្ទូលពីនគរនោះ។ ទ្រង់បានប្រកាសថាគោលបំណងរបស់ទ្រង់មិនមែនបង្កើតនគរបណ្តោះអាសន្ននៅលើផែនដីនេះទេ។ ព្រះវរបិតាមិនបានតែងតាំងព្រះអង្គឲ្យយាងមកសោយរាជ្យនៅលើបល្ល័ង្ករបស់​ស្តេចដាវីឌទេ។ នៅពេលពួកសាវ័កបានសួរព្រះអង្គថា «ព្រះអម្ចាស់អើយ តើនៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ» (កិច្ចការ ១:៦, ៧) ។ ពួកគេមិនចាំបាច់សម្លឹងមើលទៅអនាគតដ៏វែងឆ្ងាយ ក្រៅពីការបើកសម្តែងដែលព្រះបានបង្ហាញឲ្យពួកគេមើលឃើញនោះឡើយ ។ កិច្ចការរបស់ពួកគេគឺប្រកាសផ្សាយដំណឹងល្អ។

ព្រះវរបិតារៀបនឹងដកយកព្រះវត្តមានរបស់ព្រះគ្រិស្ត ដែលមនុស្សអាចមើលឃើញចេញពីពួកសាវ័ករបស់ទ្រង់ហើយ ប៉ុន្តែ ទយ្យទានជាអំណាចថ្មីមួយបានក្លាយជារបស់ពួកគេ ។ ព្រះវរបិតានឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេក្នុងលក្ខណៈពេញលេញ បោះត្រាពួកគេឲ្យបំពេញកិច្ចការរបស់ខ្លួន។ ព្រះអង្គសង្រ្គោះបានមានបន្ទូលថា «ហើយមើល ខ្ញុំនឹងឲ្យសេចក្តីសន្យារបស់ព្រះវរបិតា មកសណ្ឋិតលើអ្នករាល់គ្នា ចូរអ្នករាល់គ្នានៅតែក្នុងក្រុងយេរូសាឡិម ដរាបដល់ព្រះចេស្តាពីឋានលើបានមកគ្របដណ្តប់​លើ​អ្នក​រាល់​គ្នា» (លូកា ២៤:៤៩)។ «ដ្បិតពិតជាលោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយ​ទឹក ប៉ុន្តែ នៅបន្តិចទៀត អ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជ ដោយ​ព្រះវិញ្ញាណបរិសុទ្ធវិញ»។ «ប៉ុន្តែ កាលណាព្រះវិញ្ញាណ​បរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជា​ទីបន្ទាល់​ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារី​ទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង» (កិច្ចការ ១:៥, ៨)។

ព្រះអង្គបានជ្រាបថាគ្មានការតវ៉ាណា ទោះជាសមហេតុផលយ៉ាងណាក៏ដោយដែលអាចបំបែកចិត្តរឹង ឬអាចទម្លុះចូលទៅក្នុងស្រទាប់នៃភាពលោកិយ និងភាពអាត្មានិយមបានឡើយ ព្រះអង្គបានជ្រាបថាពួកសាវ័ករបស់ទ្រង់ត្រូវតែទទួលអំណោយទានពីឋានសួគ៌ ទ្រង់ក៏បានជ្រាបផងដែរថា នៅពេលដែលពួកគេប្រកាសផ្សាយដោយចិត្តដែលត្រូវបានធ្វើឲ្យមានភាពកក់ក្តៅ និងដោយបបូរមាត់ដែលបានបង្កើតឲ្យមានវោហាសាស្រ្ត ដោយចំណេះដឹងដ៏រស់របស់ព្រះដែលជាផ្លូវ ជាជីវិត និងជាសេចក្តីពិត ប៉ុណ្ណោះ នោះកិច្ចការរបស់ពួកគេនឹងមានប្រសិទ្ធិភាពជាក់ជាមិនខាន។ កិច្ចការដែលព្រះបានប្រទានដល់ពួកសាវ័ក តម្រូវឲ្យមានផលផ្លែដ៏ជាទីគាប់ចិត្ត ដ្បិតអីជំនោររបស់អារក្សបោកបក់ប្រឆាំងមកលើពួកគេយ៉ាងខ្លាំង។ មេដឹកនាំដែលមានការប្តេជ្ញាចិត្តយ៉ាងប្រុងប្រយ័ត្ននោះកំពុងបញ្ជាកងកម្លាំងនៃសេចក្តីងងឹត ហើយពួកសិស្សរបស់ព្រះគ្រិស្តអាចប្រយុទ្ធដណ្តើមជ័យជម្នះនៃភាពត្រឹមត្រូវបាន លុះត្រាណាតែដោយសារជំនួយដែលព្រះអង្គនឹងប្រទានដល់ពួកគេ តាមរយៈព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។

ព្រះគ្រិស្តបានប្រាប់ដល់ពួកសាវ័ករបស់ទ្រង់ថា ពួកគេត្រូវចាប់ផ្តើមកិច្ចការរបស់ពួកគេនៅទីក្រុងយេរូសាឡិម។ មនុស្សនៅក្នុងទីក្រុងនោះបានដឹងអំពីការជាប់ឆ្កាងជំនួសមនុស្សជាតិ ដ៏អស្ចារ្យរបស់ទ្រង់។ នៅទីនោះ ព្រះអង្គបានយាងនិងបានមានបន្ទូលជាមួយនឹងមនុស្សលោកនៅក្នុងសម្លៀក​​បំពាក់ជាមនុស្ស ហើយមនុស្សមួយចំនួនបានមើលឃើញការមកដល់នៃនគរឋានសួគ៌មកកាន់ផែនដី នៅជិតបង្កើយ។ នៅទីនោះ ព្រះអង្គត្រូវបានគេ​ថ្កោលទោស និងបានយកទៅឆ្កាង។ នៅទីក្រុងយេរូសាឡិម មានមនុស្សជា​ច្រើនបានជឿជាសម្ងាត់ថា ព្រះយេស៊ូវពីស្រុកណាសារ៉ែត គឺជាព្រះមែស្ស៊ី ហើយមានមនុស្សជាច្រើនដែលត្រូវបានបោកបញ្ឆោតដោយពួកសង្ឃនិងពួកមេដឹកនាំសាសនា។ ដំណឹងល្អត្រូវតែប្រកាសប្រាប់ដល់ពួកមនុស្សទាំងអស់នេះ។ ត្រូវតែប្រកាសហៅឲ្យពួកគេកែប្រែចិត្ត។ សេចក្តីពិតដ៏អស្ចារ្យដែលមានតែតាមរយៈព្រះគ្រិស្តមួយប៉ុណ្ណោះ ដែលមនុស្ស​អាចទទួល​ការ​អត់​ទោសបាប ត្រូវតែប្រកាសផ្សាយឲ្យបានច្បាស់។ ហើយខណៈដែលមនុស្សទាំងអស់នៅក្នុងទីក្រុងយេរូសាឡិមកំពុងពុះកញ្ជ្រោលដោយព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់កាលពីពីរបីសប្តាហ៍មុន នោះពួកសាវ័កបានធ្វើឲ្យពួកគេមានការរំភើបយ៉ាងជ្រាលជ្រៅ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥឡូវ​នេះ ឱ​ព្រះអម្ចាស់​អើយ សូម​ទត​មើល​សេចក្តី​កំហែង​របស់​គេ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់បាន​ផ្សាយ​ព្រះបន្ទូល ដោយ​សេចក្តី​ក្លាហាន​ដ៏​ពេញលេញដោយ​ទ្រង់​លូក​ព្រះហស្ត​មក សំរាប់​នឹង​ប្រោស​មនុស្ស​ឲ្យ​បាន​ជា ហើយ​និង​ធ្វើ​ទី​សំគាល់ និង​ការ​អស្ចារ្យដោយសារ​ព្រះនាម​ព្រះយេស៊ូវ ជា​អ្នក​បំរើ​បរិសុទ្ធ​របស់​ទ្រង់។ (កិច្ចការ ៤:២៩-៣០)

Powered by CAM