កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៣)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក២០
ខព្រះគម្ពីរប្រចាំថ្ងៃ៖ បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ។ យ៉ូហាន ១៤:៣
នៅក្នុងអំឡុងពេលបំពេញព្រះរាជកិច្ចរបស់ព្រះអង្គ ព្រះយេស៊ូវតែងតែប្រាប់ដល់ពួកសិស្សរបស់ព្រះអង្គជាបន្តបន្ទាប់អំពីរឿងរ៉ាវដែលថាពួកគេត្រូវតែរួបរួមជាធ្លុងមួយ ជាមួយនឹងព្រះអង្គ នៅក្នុងកិច្ចការស្តារពិភពលោកចេញពីទាសករនៃអំពើបាប។ នៅពេលដែលព្រះបានចាត់ពួកសិស្សទាំងដប់ពីរនាក់ បន្ទាប់មកពួកចិតសិបនាក់ ឲ្យទៅប្រកាសផ្សាយអំពីនគររបស់ព្រះ ព្រះអង្គបានកំពុងបង្រៀនដល់ពួកគេអំពីភារកិច្ចរបស់ពួកគេ ដែលនឹងត្រូវចែករំលែកពីអ្វីដែលពួកគេបានរៀនពីព្រះអង្គ ជាមួយនឹងមនុស្សដទៃ ។ នៅក្នុងកិច្ចការទាំងអស់របស់ទ្រង់ ព្រះអង្គបានបង្ហាត់បង្រៀនដល់ពួកគេឲ្យចេះធ្វើការដោយខ្លួនឯងឲ្យបង្រៀនបន្តដល់អ្នកដទៃ នៅពេលដែលពួកគេមានចំនួនកើនកាន់តែច្រើនឡើង ហើយទីបំផុត ឈានទៅដល់ចុងបំផុតនៃផែនដី។ មេរៀនចុងក្រោយបង្អស់ដែលទ្រង់បានបង្រៀនដល់ពួកសិស្សរបស់ទ្រង់នោះគឺថា ពួកគេត្រូវបង្ហាញពីដំណឹងនៃសេចក្តីសង្រ្គោះដ៏រីករាយដល់ពិភពលោកទាំងមូល។
លុះដល់ពេលដែលព្រះគ្រិស្តត្រូវឡើងទៅឯព្រះវរបិតាទ្រង់វិញ ព្រះអង្គបានដឹកនាំពួកសិស្សចេញទៅរហូតដល់ភូមិបេថានី។ នៅទីនោះ ព្រះអង្គក៏បានឈប់សម្រាក ហើយពួកគេក៏បានឈរព័ទ្ធជុំវិញទ្រង់។ ព្រះអង្គបានយាងចាកចេញពីពួកគេ ដោយលើកព្រះហស្តប្រទានព្រះពរ ជាការធានាអះអាងពីការថែរក្សាការពាររបស់ទ្រង់។ «កំពុងដែលទ្រង់ប្រទានពរ នោះព្រះវរបិតាបានញែកទ្រង់ចេញពីគេ លើកឡើងទៅឋានសួគ៌ទៅ» (លូកា ២៤:៥១)។
នៅពេលដែលពួកសាវ័កកំពុងសម្លឹងទៅលើ ដើម្បីមើលព្រះជាម្ចាស់ដែលកំពុងយាងឡើងទៅលើ ជាគ្រាចុងក្រោយបង្អស់នោះ ពួកទេវតានៃឋានសួគ៌បានទទួលទ្រង់ដោយអំណរ ខណៈដែលពួកទេវតាបានហែហមទ្រង់យាងចូលទៅក្នុងព្រះរាជវាំងនៅឋានលើ ពួកលោកបានច្រៀងដោយជោគជ័យថា «អស់ទាំងនគរនៅផែនដីអើយ ចូរច្រៀងថ្វាយព្រះ ឱចូរច្រៀងសរសើរដល់ព្រះអម្ចាស់ចុះ គឺដល់ព្រះដែលទ្រង់យាងលើផ្ទៃមេឃនៃអស់ទាំងជាន់ផ្ទៃមេឃ ដ៏នៅតាំងពីបុរាណមក ន៍ ទ្រង់បញ្ចេញព្រះសូរសៀង គឺជាសំនៀងដ៏ខ្លាំងក្រៃលែង ចូរសរសើរថា ព្រះទ្រង់មានព្រះចេស្តាឫទ្ធានុភាពនៃទ្រង់គ្របលើសាសន៍អ៊ីស្រាអែល ហើយព្រះចេស្តាទ្រង់ក៏នៅលើផ្ទៃមេឃ» ( ទំនុកតម្កើង ៦៨:៣២-៣៤)។
ពួកសិស្សនៅតែសម្លឹងមិនដាក់ភ្នែក ឆ្ពោះទៅឋានសួគ៌ នៅពេលដែល «ឃើញមានពីរនាក់ ស្លៀកពាក់សឈរនៅជិត និយាយថា ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើឋានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ» (កិច្ចការ ១:១០, ១១)។
សេចក្តីសន្យានៃការយាងមកវិញជាលើកទីពីររបស់ព្រះគ្រិស្ត ដក់ជាប់នៅថ្មីៗជានិច្ច នៅក្នុងចិត្តនៃពួកសិស្សរបស់ព្រះអង្គ។ ព្រះយេស៊ូវដដែល ដែលអ្នករាល់គ្នាបានឃើញទ្រង់យាងឡើងទៅឋានសួគ៌នេះ ទ្រង់នឹងយាងមកវិញ ដើម្បីនឹងយកអស់អ្នកណាដែលនៅលើផែនដី ហើយបានប្រគល់ខ្លួនគេដើម្បីបំពេញព្រះរាជកិច្ចរបស់ព្រះអង្គ។ ជាសំឡេងដដែល ដែលធ្លាប់បាននិយាយជាមួយនឹងពួកគេថា «មើល ខ្ញុំនឹងនៅជាមួយនឹងអ្នករាល់គ្នា ដរាបដល់បំផុតកល្ប» បានជំរុញដល់ពួកគេឲ្យស្វាគមន៍ព្រះវត្តមានរបស់ទ្រង់នៅនគរឋានសួគ៌។
ព្រះគ្រិស្តបានដោះព្រះពស្រ្តរាជ្យរបស់ទ្រង់ចេញ ហើយប្រដាប់អង្គជាមួយមនុស្សលោក រួចថ្វាយតង្វាយយញ្ញបូជា ដែលព្រះអង្គដើរតួជាសម្តេចសង្ឃផង និងជាតង្វាយយញ្ញបូជាផង ដូចជាពួកសង្ឃដែលជានិមិត្តរូប បានដោះសម្លៀកជាសង្ឃរបស់លោកចេញ ហើយពាក់អាវខ្លូតទេសពណ៌សរបស់លោកហើយប្រារព្ធពិធីថ្វាយតង្វាយដុតដែរ។ ព្រះអង្គគឺជាសម្តេចសង្ឃ ហើយព្រះអង្គគឺជាតង្វាយដុតដោយផ្ទាល់។ ដូចជាសម្តេចសង្ឃចេញមកជួបនឹងក្រុមជំនុំដែលរង់ចាំដោយសម្លៀកបំពាក់ជាសង្ឃដែរ ព្រះគ្រិស្តក៏នឹងយាងមកជាលើកទីពីរ ដោយសម្លៀកបំពាក់សភ្លឺត្រចះត្រចង់ «ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើឲ្យសយ៉ាងនេះបានឡើយ» ដែរ ( ម៉ាកុស ៩:៣) (គម្ពីរភាសាខ្មែរបច្ចុប្បន្ន)។ ព្រះអង្គនឹងយាងដោយសិរីល្អរបស់ទ្រង់ និងក្នុងសិរីល្អរបស់ព្រះវរបិតា ហើយពពួកទេវតានឹងហែហមទ្រង់តាមផ្លូវរបស់ទ្រង់។
នេះគឺជាការសម្រេចតាមសេចក្តីសន្យារបស់ព្រះគ្រិស្ត ដែលព្រះអង្គបានសន្យាជាមួយនឹងពួកសាវ័ករបស់ទ្រង់ថា «បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ» (យ៉ូហាន ១៤:៣)។ អស់អ្នកណាដែលបានស្រឡាញ់ទ្រង់ និងបានរង់ចាំទ្រង់ ព្រះអង្គនឹងបំពាក់មកុដ ជាមួយនឹងសិរីល្អនិងកិត្តិយស ព្រមទាំងភាពមិនចេះស្លាប់ផង។ ពួកអ្នកសុចរិតដែលបានស្លាប់ទៅ នឹងរស់ឡើងវិញ ចេញពីផ្នូរ ហើយអស់អ្នកដែលនៅរស់នឹងត្រូវលើកឡើងទៅជួបជាមួយនឹងព្រះជាម្ចាស់នៅនាអាកាសទាំងអស់គ្នា។ ពួកគេនឹងឮព្រះសូរសៀងរបស់ព្រះគ្រិស្ទ ដែលពីរោះជាងសំឡេងតូរ្យតន្រ្តីដែលត្រចៀករបស់មនុស្សមិនធ្លាប់បានឮ មានបន្ទូលមកកាន់ពួកគេ។ កិច្ចការរបស់អ្នកត្រូវបានបញ្ចប់ហើយ។ «ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរតកចុះ គឺជានគរដែលបានរៀបចំទុកសម្រាប់អ្នករាល់គ្នា តាំងពីកំណើតលោកិយមក» ( ម៉ាថាយ ២៥:២៤)។
មែនហើយ ពួកសាវ័កមានអំណរនៅក្នុងសេចក្តីសង្ឃឹមនៃការយាងត្រឡប់មកវិញរបស់ព្រះជាម្ចាស់។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលសេចក្តីកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកអ្នកបំរើទ្រង់បានផ្សាយព្រះបន្ទូល ដោយសេចក្តីក្លាហានដ៏ពេញលេញដោយទ្រង់លូកព្រះហស្តមក សំរាប់នឹងប្រោសមនុស្សឲ្យបានជា ហើយនិងធ្វើទីសំគាល់ និងការអស្ចារ្យដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់។ (កិច្ចការ ៤:២៩-៣០)