ថ្ងៃអង្គារ ទី៣០​ ខែមិថុនា ឆ្នាំ២០២០

កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៤)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ២:១-៣៩។​

ថ្ងៃប៉ង់តាកូស

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក២១

ខព្រះគម្ពីរប្រចាំថ្ងៃ៖ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​មិន​សូម​អ្វី​ពី​ខ្ញុំ​ទៀត ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វីៗ ដែល​អ្នក​រាល់​គ្នា​នឹង​សូម​ដល់​ព្រះវរបិតា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ។ យ៉ូហាន ១៦:២៣​

ខណៈដែលពួកសាវ័កបានវិលត្រឡប់ពីភ្នំដើមអូលីវ មកកាន់ទីក្រុង យេរូសាឡិមវិញ ពួកបណ្តាជនបានសម្លឹងមើលមុខពួកគេ ដោយសង្ឃឹមថានឹងបានឃើញទឹកមុខក្រៀមក្រំច្របូកច្របល់និងបរាជ័យរបស់ពួកគេ ប៉ុន្តែ ពួកគេបានឃើញភាពរីករាយ និងជោគជ័យទៅវិញ ពួកសិស្សមិនបានទួញ សោកចំពោះសេចក្តីសង្ឃឹមដែលខកចិត្តនេះឡើយ។ ពួកគេបានឃើញព្រះអង្គសង្រ្គោះយាងឡើងទៅ និងបានឮព្រះបន្ទូលសន្យាចុងក្រោយនៃព្រះអង្គសង្រ្គោះ នៅជាប់នឹងត្រចៀករបស់ពួកគេជានិច្ច។

ដោយស្តាប់បង្គាប់ដល់ការត្រាស់បង្គាប់របស់ព្រះគ្រិស្ត ពួកគេបាន រង់ចាំនៅទីក្រុងយេរូសាឡិម តាមសេចក្តីសន្យារបស់ព្រះវរបិតាស្តីពីការចាក់ ប្រទានព្រះវិញ្ញាណបរិសុទ្ធមក។ ពួកគេមិនបានរង់ចាំដោយភាពខ្ជិលច្រអូស ទេ។ ព្រះគម្ពីរបានចែងថា «ក៏នៅក្នុងព្រះវិហារជានិច្ចទាំងសរសើរ ហើយ លើកតម្កើងព្រះ» (លូកា ២៤:៥៣)។ ពួកគេបានប្រជុំគ្នាដើម្បីទូលថ្វាយសំណូមពររបស់ពួកគេទៅព្រះវរបិតា នៅក្នុងព្រះនាមព្រះយេស៊ូវ។ ពួកគេបានដឹងថាពួកគេមានព្រះដែលជាតំណាងរបស់ពួកគេនៅឋានសួគ៌ និងជាមេធាវីនៅចំពោះព្រះរាជបល្ល័ង្ករបស់ព្រះ។ ពួកគេបានឱនក្រាបដោយការស្ងើចសរសើរជាខ្លាំង ដោយការអធិដ្ឋាន និងរំឭកពីការធានាអះអាងម្តងហើយម្តងទៀតថា «អ្នករាល់គ្នានឹងមិនសូមអ្វីពីខ្ញុំទៀតប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីៗដែលអ្នករាល់គ្នានឹងសូមដល់ព្រះវរបិតា ដោយ នូវឈ្មោះខ្ញុំ នោះទ្រង់នឹងប្រទានឲ្យ» (យ៉ូហាន ១៦:២៣, ២៤)។ ពួកគេបានពង្រីកដៃនៃសេចក្តីជំនឿរបស់ពួកគេខ្ពស់ឡើងៗ ជាមួយនឹងពាក្យធានា អះអាងដ៏មានអំណាច «តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រិស្តទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាងទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ» ( រ៉ូម ៨:៣៤)។

នៅពេលដែលពួកសិស្សបានរង់ចាំការសម្រេចតាមព្រះបន្ទូលសន្យានោះ ពួកគេបានបន្ទាបចិត្តដោយការកែប្រែយ៉ាងពិតប្រាកដ និងលន់តួកំហុសនៃការមិនជឿរបស់ពួកគេ ។ នៅពេលដែលពួកគេរំឭកពីព្រះបន្ទូលដែលព្រះគ្រិស្តបានមានបន្ទូល មុនពេលព្រះអង្គសុគត ពួកគេបានយល់ពីអត្ថន័យនៃព្រះបន្ទូលនោះកាន់តែច្បាស់។ សេចក្តីពិតដែលបានកន្លងផុតពីការចងចាំរបស់ពួកគេទៅនោះ ត្រូវបាននាំត្រឡប់មកកាន់គំនិតរបស់ពួកគេជាថ្មីឡើងវិញ ហើយពួកគេក៏បាននិយាយអំពីសេចក្តីពិតនេះប្រាប់គ្នាទៅវិញទៅមក ម្តងហើយម្តងទៀត។ ពួកគេស្តីបន្ទោសខ្លួនឯង ដោយសារការយល់ខុសរបស់ពួកគេទៅលើព្រះអង្គសង្រ្គោះ។ រូបភាពនៃព្រះជន្មដ៏អស្ចារ្យរបស់ទ្រង់បានរសាត់នៅមុខពួកគេម្តងហើយម្តងទៀត ដូចជាក្បួនដង្ហែ នៅពេលដែលពួកគេបានសញ្ជឹងគិតអំពីភាពបរិសុទ្ធរបស់ទ្រង់ ជាព្រះជន្មបរិសុទ្ធ ពួកគេបានដឹងថាគ្មានការវេទនាណាដែលពិបាកពេកឡើយ ក៏គ្មានការលះបង់ ណាដែលធំពេកដែរ ប្រសិនបើពួកគេគ្រាន់តែធ្វើទីបន្ទាល់ពីភាពគួរឲ្យស្រឡាញ់នៃអត្តចរិតរបស់ព្រះគ្រិស្ត នៅក្នុងជីវិតរបស់ពួកគេតែប៉ុណ្ណោះ ។ ពួកគេបានគិតថា អូប្រសិនបើពួកគេអាចរស់នៅក្នុងរយៈពេលបីឆ្នាំដដែលបានកន្លងផុតទៅនេះម្តងទៀត មិនដឹងជាពួកគេប្រព្រឹត្តខុសពីមុនយ៉ាងណាទេ! ប្រសិនបើពួកគេអាចជួបនឹងព្រះជាម្ចាស់របស់ពួកគេម្តងទៀត នោះពួកគេនឹងខំប្រឹងប្រែងបង្ហាញដល់ទ្រង់ពីជម្រៅនៃសេចក្តីស្រឡាញ់របស់ពួកគេចំពោះទ្រង់ និងពីការសោកស្តាយអស់ពីចិត្ត ដោយបានធ្វើឲ្យព្រះអង្គព្រួយព្រះទ័យព្រោះតែពាក្យសម្តី និងសកម្មភាពដែលមិនជឿរបស់ពួកគេ! ប៉ុន្តែ គំនិតដែលថាព្រះបានអត់ទោសឲ្យអំពើបាបរបស់ពួកគេ បានកម្សាន្ត ចិត្តដល់ពួកគេហើយពួកគេបានប្តេជ្ញាចិត្តថាពួកគេនឹងលុបលាងការមិនជឿរបស់ពួកគេនេះដោយលន់តួចំពោះទ្រង់ដោយក្លាហាននៅចំពោះពិភពលោកនេះ ឲ្យបានខ្លាំងក្លាជាទីបំផុត។

ពួកសាវ័កបានអធិដ្ឋានដោយចេតនាស្មោះស្ម័គ្រ សុំឱកាសឲ្យបាន ជួបនឹងមនុស្ស និងឲ្យបាននិយាយពាក្យពេចន៍ដែលនាំមនុស្សមានបាបមកឯព្រះគ្រិស្ត នៅក្នុងទំនាក់ទំនងប្រចាំថ្ងៃរបស់ពួកគេ។ ដោយដកយកចេញនូវរាល់ភាពខុសគ្នាទាំងអស់ សេចក្តីប្រាថ្នាឲ្យបានខ្ពស់លើសគេទាំងអស់ ពួកគេបានចូលមកជិតគ្នា ដោយការប្រកបគ្នាជាគ្រិស្តបរិស័ទ។ ពួកគេបានខិតចូលទៅជិតព្រះកាន់តែកៀកឡើងៗហើយនៅពេលដែលពួកគេធ្វើដូច្នោះ ពួកគេបានដឹងពីកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ពួកគេ ដែលព្រះបានអនុញ្ញាតឲ្យពួកគេប្រស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះគ្រិស្ត។ ភាពក្រៀមក្រំបានបំពេញចិត្តរបស់ពួកគេ ខណៈដែលពួកគេបានគិតអំពីពេលវេលាដែលពួកគេបានធ្វើឲ្យទ្រង់កើតទុក្ខជាច្រើនដង ដោយសារភាពយឺតយ៉ាវក្នុងការយល់ពីព្រះបន្ទូលរបស់ទ្រង់ ការបរាជ័យមិនបានយល់ពីមេរៀនទាំង​ឡាយ ដែលព្រះអង្គបានព្យាយាមបង្រៀនដល់ពួកគេសម្រាប់សេចក្តីល្អ។

ថ្ងៃនៃការរៀបចំណេះ គឺជាថ្ងៃនៃការស្វែងយល់ពីទឹកចិត្តយ៉ាងជ្រាលជ្រៅ។ ពួកសាវ័កបានដឹងអំពីសេចក្តីត្រូវការខាងព្រលឹងវិញ្ញាណរបស់ពួកគេ ហើយបានស្រែកអំពាវនាវឲ្យព្រះដុសខាត់ពួកគេដើម្បីតម្រូវឲ្យស្របទៅនឹងកិច្ចការសង្រ្គោះមនុស្ស។ ពួកគេមិនបានសុំព្រះពរសម្រាប់តែខ្លួនឯងប៉ុណ្ណោះទេ។ ពួកគេទទួលបន្ទុកនៃសេចក្តីសង្រ្គោះរបស់មនុស្ស។ ពួកគេបានដឹងថាដំណឹងល្អត្រូវតែផ្សព្វផ្សាយទៅកាន់ពិភពលោក ហើយពួកគេបានទាមទារអំណាចដែលព្រះគ្រិស្តបានសន្យា។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥឡូវ​នេះ ឱ​ព្រះអម្ចាស់​អើយ សូម​ទត​មើល​សេចក្តី​កំហែង​របស់​គេ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់បាន​ផ្សាយ​ព្រះបន្ទូល ដោយ​សេចក្តី​ក្លាហាន​ដ៏​ពេញលេញដោយ​ទ្រង់​លូក​ព្រះហស្ត​មក សំរាប់​នឹង​ប្រោស​មនុស្ស​ឲ្យ​បាន​ជា ហើយ​និង​ធ្វើ​ទី​សំគាល់ និង​ការ​អស្ចារ្យដោយសារ​ព្រះនាម​ព្រះយេស៊ូវ ជា​អ្នក​បំរើ​បរិសុទ្ធ​របស់​ទ្រង់។ (កិច្ចការ ៤:២៩-៣០)

Powered by CAM