កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៤)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក២២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ខ្ញុំប្រាប់តាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះព្រះដ៏ជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ នោះខ្ញុំនឹងចាត់ទ្រង់ឲ្យមក។ យ៉ូហាន ១៦:៧
នៅសម័យពួកអយ្យកោ ព្រះបានបង្ហាញព្រះវិញ្ញាណបរិសុទ្ធនៅក្នុងលក្ខណៈគួរឲ្យកត់សម្គាល់ ប៉ុន្តែ មិនបានពេញលេញទេ ។ ឥឡូវនេះ នៅក្នុងការស្តាប់បង្គាប់ព្រះបន្ទូលរបស់ព្រះអង្គសង្រ្គោះ ពួកសាវ័កបានថ្វាយការអង្វរករសុំអំណោយទាន ហើយនៅឋានសួគ៌ឯណោះវិញ ព្រះគ្រិស្តបានបន្ថែមការទូលអង្វររបស់ទ្រង់ជំនួសពួកគេ។ ព្រះអង្គបានទាមទារអំណោយទាននៃព្រះវិញ្ញាណដែលព្រះអង្គនឹងចាក់បង្ហូរមកលើពួករាស្រ្តរបស់ទ្រង់។
«កាលបុណ្យថ្ងៃទី៥០បានមកដល់ នោះគេមានចិត្តព្រមព្រៀងប្រជុំទាំងអស់គ្នា នៅកន្លែងតែមួយ ស្រាប់តែមានឮសូរពីលើមេឃ ដូចជាខ្យល់ បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេអង្គុយនៅ»។
ព្រះវិញ្ញាណបានយាងចុះមកលើពួកសាវ័កដែលកំពុងរង់ចាំនិងកំពុង អធិដ្ឋានដោយភាពពេញលេញដែលបានចូលដល់ចិត្តរបស់មនុស្សគ្រប់គ្នា។ ព្រះដែលគ្មានព្រំដែនបានបង្ហាញអង្គទ្រង់ នៅក្នុងអំណាចនៃពួកជំនុំរបស់ ទ្រង់។ ព្រះនៃឋានសួគ៌បានទប់ឥទ្ធិពលនេះមិនឲ្យធ្លាក់មកជាច្រើនជំនាន់មកហើយ ហើយឥឡូវនេះ ព្រះអង្គមានអំណរជាខ្លាំងដោយអាចប្រទានព្រះគុណនៃព្រះវិញ្ញាណបរិសុទ្ធមកលើពួកជំនុំដ៏បរិបូរ ។ ហើយនៅក្រោម ឥទ្ធិពលនៃព្រះវិញ្ញាណ ពាក្យពេចន៍នៃការទូលអង្វរនិងការលន់តួទោស បានលាយឡំជាមួយនឹងចម្រៀងនៃការសរសើរតម្កើង ចំពោះការអត់ទោស បាប។ គេបានឮសំឡេងនៃការថ្លែងអំណរគុណ និងសេចក្តីទំនាយ។ ទេវតាទាំងអស់នៃឋានសួគ៌បានឱនចុះយ៉ាងទាបមកមើលនិងសរសើរតម្កើងប្រាជ្ញានៃសេចក្តីស្រឡាញ់ដែលគ្មានគូប្រៀប និងមិនអាចថ្លែងបាន ។ ពួកសាវ័ក បានឧទានដោយការអស្ចារ្យថា «នេះហើយជាសេចក្តីស្រឡាញ់» ។ ដាវនៃ ព្រះវិញ្ញាណបានសំលៀងជាថ្មី ជាមួយនឹងអំណាច និងមុជនៅក្នុងផ្លេកបន្ទោរ នៃឋានសួគ៌ កាត់តាមផ្លូវ ឆ្លងកាត់អ្នកមិនជឿ។ មនុស្សរាប់ពាន់នាក់បានកែប្រែចិត្តផ្លាស់ប្តូរជំនឿនៅថ្ងៃនោះ។
ព្រះគ្រិស្តបានមានបន្ទូលទៅកាន់ពួកសាវ័ករបស់ទ្រង់ថា «ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះព្រះដ៏ជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ នោះខ្ញុំនឹងចាត់ទ្រង់ឲ្យមក»។ «កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត ដ្បិតទ្រង់នឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានព្រះបន្ទូល ចំពោះតែសេចក្តីណាដែលទ្រង់ឮ ហើយនិងសម្តែងឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក» (យ៉ូហាន ១៦:៧, ១៣)។
ការយាងឡើងទៅកាន់ឋានសួគ៌របស់ព្រះគ្រិស្តគឺជាសញ្ញាប្រាប់ថា ពួកសិស្សរបស់ទ្រង់នឹងទទួលព្រះពរនៃសេក្តីសន្យា។ ពួកគេបានរង់ចាំព្រះពរនេះ មុននឹងពួកគេបំពេញកិច្ចការរបស់ពួកគេ។ នៅពេលព្រះគ្រិស្តបានឆ្លងកាត់ក្លោងទ្វារនៃឋានសួគ៌ ព្រះអង្គបានទទួលការថ្វាយរាជសម្បត្តិនៅកណ្តាលការសរសើរតម្កើងនៃពួកទេវតា។ នៅពេលដែលពិធីបុណ្យនេះបានបញ្ចប់ភ្លាម ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកសណ្ឋិតលើពួកសាវ័ក ដោយចរន្តយ៉ាងបរិបូរ ហើយព្រះគ្រិស្តពិតជាត្រូវបានសរសើរតម្កើង រួមជាមួយនឹងសិរីល្អដែលព្រះអង្គមានជាមួយនឹងព្រះវរបិតាតាំងពីអស់កល្បរៀងមក។ ការចាក់ព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃប៉ង់តាកូសគឺជាទំនាក់ទំនងនៃឋានសួគ៌ ថាពិធីបុណ្យឆ្លងរបស់ព្រះដ៏ប្រោសលោះត្រូវបានបញ្ចប់ហើយ។ ព្រះយេស៊ូវបានចាក់ព្រះវិញ្ញាណបរិសុទ្ធមកលើពួកសាវ័ករបស់ទ្រង់តាមសេចក្តីសន្យា ជានិមិត្តរូបបញ្ជាក់ថាព្រះអង្គបានទទួលអំណាចទាំងអស់ ជាសម្តេចសង្ឃផង និងជាស្តេចផង នៅលើឋានសួគ៌និងនៅផែនដី ហើយទ្រង់ក៏ជាតង្វាយធួននឹងបាបនៃរាស្រ្តរបស់ព្រះអង្គផងដែរ។
«ក៏មានអណ្តាត ដូចជាអណ្តាតភ្លើង ដែលបែកចេញពីគ្នា លេចមកឲ្យគេឃើញ ហើយមកសណ្ឋិតលើគេគ្រប់គ្នា រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ»។ ព្រះវិញ្ញាណបរិសុទ្ធមានសណ្ឋានដូចជាអណ្តាតភ្លើងមកសណ្ឋិតលើពួកអ្នកដែលបានជួបជុំគ្នានោះ។ នេះគឺជានិមិត្តរូបនៃអំណោយទានដែលព្រះបានប្រទានដល់ពួកសាវ័កនៅពេលនោះ ដែលបណ្តាលឲ្យពួកគេចេះនិយាយភាសាដទៃដែលគេមិនធ្លាប់ចេះពីមុនមក យ៉ាងស្ទាត់ជំនាញ ។ សណ្ឋានជាអណ្តាតភ្លើងមានន័យថាភាពពុះកញ្រ្ជោលយ៉ាងក្លៀវក្លាដែលពួកសាវ័កនឹងបំពេញកិច្ចការ និងជាអំណាចដែលនឹងនៅជាមួយនឹងកិច្ចការរបស់ពួកគេ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលសេចក្តីកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកអ្នកបំរើទ្រង់បានផ្សាយព្រះបន្ទូល ដោយសេចក្តីក្លាហានដ៏ពេញលេញដោយទ្រង់លូកព្រះហស្តមក សំរាប់នឹងប្រោសមនុស្សឲ្យបានជា ហើយនិងធ្វើទីសំគាល់ និងការអស្ចារ្យដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់។ (កិច្ចការ ៤:២៩-៣០)