ថ្ងៃសុក្រ ទី១០​ ខែកក្កដា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-០៦)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក៣១

ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែ​ពេត្រុស​និយាយ​ថា ឯ​ប្រាក់ ហើយ​និង​មាស ខ្ញុំ​គ្មាន​ទេ តែ​របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក គឺ​ដោយសារ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ​ចុះ រួច​ក៏​ចាប់​ដៃ​ស្តាំ​លើក​គាត់​ឡើង ស្រាប់​តែ​ប្រអប់​ជើង និង​ភ្នែក​គោរ​របស់​គាត់ មាន​កំឡាំង​ឡើង​ភ្លាម គាត់​ក៏​ស្ទុះ​ឈរ​ឡើង​ដើរ​ទៅ​មក ហើយ​ចូល​ទៅ​ក្នុង​ព្រះវិហារ​ជា​មួយ​នឹង​អ្នក​ទាំង​២​នោះ ទាំង​ដើរ ទាំង​លោត ទាំង​សរសើរ​ព្រះ​ផង បណ្តាជន​ទាំង​អស់​គ្នា​ក៏​ឃើញ​គាត់​ដើរ ទាំង​សរសើរ​ព្រះ​ដូច្នោះ។​ កិច្ចការ ៣:៦-៩

ពួកសាវ័កបាននិយាយ​យ៉ាងច្បាស់ពីអំពើបាបយ៉ាងធ្ងន់របស់សាសន៍យូដា ក្នុងការបដិសេធន៍និងការធ្វើគុតព្រះអម្ចាស់នៃជីវិត ប៉ុន្តែ ពួកគេប្រុងប្រយ័ត្នមិនបណ្តាលឲ្យអ្នកស្តាប់របស់ពួកគាត់មានការអស់សង្ឃឹមឡើយ។ លោកពេត្រុសបានមានប្រសាសន៍ថា អ្នករាល់គ្នា «មិនព្រមទទួលព្រះដ៏ បរិសុទ្ធ ហើយសុចរិតនោះឯង បែរជាសូមឲ្យលោកលែងមនុស្សដែលសម្លាប់គេ ដល់អ្នករាល់គ្នាវិញ អ្នករាល់គ្នាបានសម្លាប់ព្រះអម្ចាស់ជីវិតនោះទៅ តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ យើងខ្ញុំនេះជាទីបន្ទាល់ពីការនោះឯង»។ «ហើយគឺដោយសារសេចក្តីជំនឿជឿដល់ព្រះនាមទ្រង់ នោះព្រះនាមទ្រង់បានប្រោសមនុស្សនេះ ដែលអ្នករាល់គ្នាឃើញ ហើយស្គាល់ ឲ្យមានកម្លាំងឡើង គឺជាសេចក្តីជំនឿដែលកើតមកដោយសារ ព្រះអង្គនោះឯង បានធ្វើឲ្យគាត់ជាស្រឡះ នៅមុខអ្នករាល់គ្នាដូច្នេះ ឥឡូវនេះ បងប្អូនអើយ ខ្ញុំដឹងថា អ្នករាល់គ្នា ព្រមទាំងពួកនាហ្មឺននៃអ្នករាល់គ្នាបាន ប្រព្រឹត្តការនោះ ដោយមិនបានយល់ទេ ប៉ុន្តែ សេចក្តីដែលព្រះបានប្រកាសប្រាប់ជាមុន ដោយសារមាត់នៃអស់ទាំងហោរារបស់ទ្រង់ពីដំណើរព្រះគ្រិស្ត ថា ទ្រង់ត្រូវរងទុក្ខលំបាកនោះព្រះទ្រង់ក៏បានសម្រេចតាមយ៉ាងដូច្នោះឯង»។ លោកបានមានប្រសាសន៍ថាព្រះវិញ្ញាណបរិសុទ្ធកំពុងបានអំពាវនាវឲ្យពួកគេកែប្រែចិត្ត ហើយវិលមកវិញ លោកបានបញ្ជាក់ប្រាប់ដល់ពួកគេថានឹងមិនមានសេចក្តីសង្ឃឹមអំពីសេចក្តីសង្រ្គោះឡើយ លើកលែងតែតាមរយៈសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវដែលអ្នករាល់គ្នាបានឆ្កាងនោះប៉ុណ្ណោះ មានតែតាមរយៈសេចក្តីជំនឿជឿដល់ព្រះអង្គប៉ុណ្ណោះ ទើបបាបរបស់ពួក គេត្រូវបានអត់ទោស។

លោកបានស្រែកឡើងថា «ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលម្ហើយ មកពីចំពោះព្រះអម្ចាស់»។ «អ្នករាល់គ្នាជាតំណវង្សនៃពួកហោរា និងសេចក្តី សញ្ញា ដែលព្រះបានតាំងនឹងពួកអយ្យកោយើងរាល់គ្នា ដោយមានព្រះបន្ទូល នឹងលោកអ័ប្រាហាំថា អស់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារពូជឯង រីឯដែលព្រះបានតាំងព្រះយេស៊ូវ ជាអ្នកបម្រើទ្រង់ឡើង នោះគឺសម្រាប់ អ្នករាល់គ្នាជាដើម ហើយក៏ចាត់ទ្រង់មក ដើម្បីនឹងប្រទានពរដល់អ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាពីសេចក្តីអាក្រក់របស់ខ្លួនចេញ»។ ដូច្នេះ ពួកសាវ័កក៏បានអធិប្បាយអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រិស្ត។ ពួកអ្នកស្តាប់ជាច្រើនកំពុងរង់ចាំការអស្ចារ្យនេះ ហើយនៅពេលដែលពួកគេបានឮអំពីដំណឹងនេះ ពួកគេក៏បានជឿ។ ការនេះបាននាំឲ្យពួកគេនឹកឃើញនូវព្រះបន្ទូលដែលព្រះយេស៊ូវធ្លាប់បានមានបន្ទូល ហើយពួកគេបានឈរនៅក្នុងជួរនៃអ្នកដែលបានទទួលដំណឹងល្អ។ គ្រាប់ពូជដែលព្រះគ្រិស្តបាន សាបព្រោះបានដុះពន្លក ហើយបានបង្កើតផលផ្លែ។

ខណៈដែលពួកសាវ័កកំពុងតែនិយាយជាមួយនឹងពួកបណ្តាជន «នោះពួកសង្ឃនិងពួកសាឌូស៊ីព្រមទាំងមេទ័ពរក្សាព្រះវិហារក៏មកដល់គេមានសេចក្តីអាក់អន់ចិត្តពីដំណើរដែលគាត់បង្រៀនដល់ពួកជន ហើយក៏​សម្តែងប្រាប់ដល់បណ្តាជនពីសេចក្តីរស់ពីស្លាប់ឡើងវិញ ដោយ​សារ​ព្រះយេស៊ូវ»។ បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ពួក​សង្ឃបានផ្សព្វផ្សាយដំណឹងកុហកនៅគ្រប់ទីជិតឆ្ងាយទាំងអស់ថា ពួកសិស្សបានលួចព្រះសពរបស់ព្រះយេស៊ូវ នៅពេលទាហានរ៉ូមដេកលក់។ ដូច្នេះការដែលពួកគេមិនសប្បាយចិត្តដោយបានឮការអធិប្បាយរបស់លោកពេត្រុស អំពីការមានព្រះជន្មរស់ឡើងវិញរបស់អ្នក​ដែលពួកគេបាន​សម្លាប់នោះ មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ។ ពួកសាឌូស៊ីបានផ្ទុះកំហឹងពុះពោរឡើង។ ពួកគេបានដឹងថាគោលលទ្ធិសំខាន់បំផុតរបស់ពួកគេកំពុងជួបនឹងគ្រោះថ្នាក់ហើយ ហើយកិត្តិយសរបស់ពួកគេក៏ត្រូវបានគាំងដំណើរដែរ។

ការកែប្រែចិត្ត​ទទួលជំនឿថ្មីបានកើនឡើងយ៉ាងឆាប់រហ័ស ហើយទាំងពួកសង្ឃនិងពួកសាឌូស៊ីបានឯកភាពគ្នាថា ប្រសិនបើបណ្តោយឲ្យពួកគ្រូបង្រៀនថ្មីនេះចេះតែបន្តទៅទៀតដោយគ្មានការគ្រប់គ្រងទេ នោះឥទ្ធិពលរបស់ពួកគេនឹងត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្លាំងជាង កាលព្រះយេស៊ូវ​មានព្រះជន្មរស់នៅលើផែនដីនេះទៅទៀត។ ដោយព្រោះហេតុនោះ មេដឹកនាំ​ព្រះវិហារ បានចាប់លោកពេត្រុសនិងយ៉ូហានដាក់គុក ដោយមានការគាំទ្រពីសំណាក់ពួកសាឌូស៊ីមួយចំនួនផង ប៉ុន្តែ ពេលនោះល្ងាចពេក ហួស​ពេល​នឹងជំនុំជម្រះទោសទៅហើយពួកសាវ័កមិនអាចបង្វែរគំនិតសត្រូវរបស់ពួកគេឲ្យជឿថាព្រះគ្រិស្តមានព្រះជន្មរស់ពីសុគតឡើងវិញបានទេ។ ភ័ស្តុតាងទាំងឡាយច្បាស់លាស់គ្មានសង្ស័យ។ តែទោះជាយ៉ាងនេះក៏ដោយក៏ពួក​គេនៅតែមានចិត្តរឹង មិនព្រមកែប្រែពីទង្វើដ៏អាក្រក់ដែលពួកគេបានធ្វើក្នុងការធ្វើគុតព្រះយេស៊ូវនោះដែរ ។ ពួកសាវ័កបាននិយាយនិងបង្ហាញសកម្មភាពអំពីភស្តុតាងជាច្រើន ប្រាប់ដល់ពួកមេដឹកនាំសាសន៍យូដា នៅក្រោមការបណ្តាលចិត្តពីព្រះវិញ្ញាណ ប៉ុន្តែ ពួកគេនៅតែប្រឆាំងយ៉ាងដាច់ខាត ទៅនឹងដំណឹងនៃសេចក្តីពិតនេះ។ ព្រះគ្រិស្តមិនបានយាងមកនៅក្នុងលក្ខណៈដែលពួកគេបានរំពឹងទុកនោះទេ ហើយទោះបីជានៅពេលដែលពួកគេបានដឹងថាព្រះអង្គគឺជាព្រះរាជបុត្រារបស់ព្រះក៏ដោយ ក៏ពួកគេនៅតែមិនព្រមទទួលយកការពិតនោះដែរ ហើយគេក៏បានឆ្កាងទ្រង់ ។ ដោយសេចក្តីមេត្តា ករុណា ព្រះបានប្រទានភ័ស្តុតាងដល់គេបន្ថែមទៀត ហើយឥឡូវនេះ ព្រះអង្គបានប្រទានឱកាសមួយទៀតដល់គេ ឲ្យបែរមករកទ្រង់វិញ។ ព្រះអង្គបានចាត់ពួកសាវ័កឲ្យមកប្រាប់ពួកគេថាពួកគេបានធ្វើគុតព្រះដែលជាម្ចាស់ជីវិត ហើយនៅក្នុងការចោទប្រកាន់យ៉ាងធ្ងន់នេះ ព្រះអង្គបានប្រទានការអំពាវនាវឲ្យកែប្រែចិត្តម្តងទៀត។ ប៉ុន្តែ ដោយមានទំនុកចិត្តទៅនឹងសេចក្តីសុចរិតរបស់ខ្លួន ពួកគ្រូសាសន៍យូដាបានបដិសេធមិនទទួលស្គាល់ថាពួកមនុស្សដែលកំពុងតែថ្កោលទោសដល់ពួកគេពីបទឆ្កាងព្រះគ្រិស្តនេះកំពុងនិយាយដោយមានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធឡើយ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែ​ពេត្រុស និង​យ៉ូហានឆ្លើយ​តប​ថា បើ​គួរ​គប្បី​នៅ​ចំពោះ​ព្រះឲ្យ​យើង​ខ្ញុំ​ស្តាប់​តាម​លោក​រាល់​គ្នាជា​ជាង​ស្តាប់​តាម​ព្រះ នោះ​សូម​ពិចារណា​ចុះ ដ្បិត​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮពុំ​បាន​ទេ។ (កិច្ចការ ៤:១៩-២០)

Powered by CAM