ថ្ងៃសៅរ៍ ទី១១​ ខែកក្កដា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-០៦)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក១

ដោយបានតាំងខ្លួនជាអ្នកប្រឆាំងទៅនឹងព្រះគ្រិស្ត រាល់សកម្មភាពនៃការប្រឆាំងរបស់ពួកគេបានក្លាយទៅជាភ័ស្តុតាងនៃការលើកទឹកចិត្តបន្ថែមទៀតដល់ពួកសង្ឃឲ្យរក្សាអាកប្បកិរិយាដូចមុនដដែល ។ ការប្រឆាំងរឹងរូស របស់ពួកគេកាន់តែខ្លាំងក្លាឡើង។ មិនមែនថាពួកគេមិនអាចទោរទន់បាននោះទេ តាមពិតពួកគេអាចធ្វើបាន ប៉ុន្តែ ពួកគេមិនធ្វើ ។ មិនមែនគ្រាន់តែដោយសារពួកគេមានកំហុស ហើយសមនឹងទទួលសេចក្តីស្លាប់ប៉ុណ្ណោះទេ មិនត្រឹមតែដោយសារពួកគេបានធ្វើគុតព្រះរាជបុត្រានៃព្រះប៉ុណ្ណោះទេ ដែលពួកគេត្រូវកាត់ចេញពីសេចក្តីសង្រ្គោះ ប៉ុន្តែ គឺដោយសារពួកគេបានប្រដាប់ខ្លួនដោយការប្រឆាំងជាមួយនឹងព្រះថែមទៀតផង ។ ពួកគេបានបដិសេធពន្លឺជាបន្តបន្ទាប់ ហើយមិនព្រមទទួលការបំភ្លឺពីព្រះវិញ្ញាណ ឥទ្ធិពលដែលគ្រប់គ្រងកូនចៅដែលមិនស្តាប់បង្គាប់បានធ្វើការនៅក្នុងចិត្តពួកគេ ដឹកនាំពួកគេឲ្យប្រឆាំងជាមួយនឹងមនុស្សដែលព្រះកំពុងធ្វើការ។ ភាពអាក្រក់នៃការប្រឆាំងបះបោររបស់ពួកគេ ត្រូវបានពង្រឹងដោយសកម្មភាពនៃការប្រឆាំងដ៏មានជោគជ័យ ទាស់នឹងព្រះ និងសារដែលទ្រង់បានប្រទានដល់អ្នកបម្រើរបស់ទ្រង់ឲ្យប្រកាសផ្សព្វផ្សាយ ។ នៅក្នុងការប្រឆាំងមិនព្រមកែប្រែរបស់ពួកគេ ជារៀងរាល់ថ្ងៃពួកគ្រូសាសន៍យូដាបានដំឡើង​ការប្រឆាំងបះបោរឲ្យកាន់តែថ្មីឡើង ហើយរៀបចំច្រូតកាត់ប្រមូលផលនូវអ្វីដែលពួកគេបានសាបព្រោះ។

សេចក្តីក្រោធរបស់ព្រះមិនត្រូវបានប្រកាសប្រឆាំងទាស់នឹងបាបជនដែលមិនបានកែប្រែចិត្ត ដោយសារតែអំពើបាបដែលខ្លួនបានប្រព្រឹត្តនោះទេ ប៉ុន្តែ ដោយសារតែពួកគេជ្រើសរើសនៅតែបន្តប្រព្រឹត្តអំពើបាបដដែល នៅពេលដែលមានការអំពាវនាវឲ្យកែប្រែចិត្ត ពួកគេនៅតែសម្រេចចិត្តបន្តប្រឆាំងមិនព្រមកែប្រែដដែល ដោយបន្តប្រព្រឹត្តអំពើបាបកាលពីអតីតកាល ជម្នះទៅនឹងពន្លឺដែលព្រះបានប្រទានដល់ពួកគេដដែល។

នៅថ្ងៃនៃការព្យាបាលជនពិការនោះ អាន និងកៃផា ជាមួយនឹងអ្នកមានបណ្តាស័ក្តិខ្ពង់ខ្ពស់នៅក្នុងព្រះវិហារ បានជួបជុំគ្នាដើម្បីជំនុំជម្រះ ហើយគេក៏បាននាំអ្នកទោសចូលមកនៅចំពោះពួកលោក។ នៅក្នុងបន្ទប់នោះឯង ហើយនៅចំពោះមុខពួកមនុស្សដែលនៅទីនោះមួយចំនួននោះហើយ ដែលលោកពេត្រុសបានបដិសេធព្រះជាម្ចាស់របស់គាត់យ៉ាងគួរឲ្យអៀនខ្មាស។ ការនេះមានភាពខុសគ្នាបានចូលមកក្នុងគំនិតរបស់លោក នៅពេលដែលគេបានកាត់ទោសខ្លួនលោកដោយផ្ទាល់ ។ ឥឡូវនេះ លោកមានឱកាសលុបលាងភាពកម្សាករបស់គាត់។

អ្នកដែលមានវត្តមាននៅទីនោះ ដែលបាននឹកឃើញពីការដែលលោកពេត្រុសបានប្រព្រឹត្តនៅពេលដែលគេជំនុំជម្រះព្រះជាម្ចាស់របស់លោក បានតម្កើងខ្លួនថា ឥឡូវនេះពួកគេអាចបំភ័យលោកដោយការគំរាមកំហែងដាក់គុកច្រវាក់ និងការកាប់សម្លាប់បាន ។ ប៉ុន្តែ លោកពេត្រុសដែលបានបដិសេធព្រះគ្រិស្ត នៅពេលដែលព្រះអង្គត្រូវការការគាំទ្រជាចាំបាច់នោះ ឥឡូវនេះមានភាពរឹងមាំនិងមានទំនុកចិត្ត ខុសគ្នាដាច់ស្រឡះពីពេត្រុសដែលបាននៅចំពោះពួកសាន់ហ៊ីឌ្រីន ដើម្បីតាមពិនិត្យមើលការកាត់ទោសព្រះយេស៊ូវ។ ដោយសារតែលោកបានដួលចុះ លោកត្រូវបានបំផ្លាស់បំប្រែ ។ លោកលែងមានអំនួតក្អេងក្អាងទៀតហើយ ប៉ុន្តែ មានភាពរម្យទមនិងមិន ទុកចិត្តខ្លួនឯងទៀតឡើយ។ លោកមានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយដោយមានជំនួយពីព្រះចេស្តានៃព្រះវិញ្ញាណនេះ លោកអាចកម្ចាត់ស្នាមនៃការបោះបង់ជំនឿ ដោយលើកតម្កើងព្រះនាមដែលលោកធ្លាប់បានបដិសេធ។

ចាប់ពីពេលនោះមក ពួកសង្ឃបានចៀសវាងមិនពណ៌នាអំពីការសុគតនិងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវទៀត។ ប៉ុន្តែ ឥឡូវ នេះ ដើម្បីឲ្យគោលបំណងរបស់ពួកគេនេះបានសម្រេច ពួកគេត្រូវបានបង្ខំសួរដល់ចុងចោទអំពីរបៀបព្យាបាលជនពិការដែលគេបានធ្វើនោះ។ ពួកគេ បានសួរថា «ឯងបានធ្វើការនោះដោយអាងអំណាចអ្វី ឬដោយអាងឈ្មោះ ណា?»

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែ​ពេត្រុស និង​យ៉ូហានឆ្លើយ​តប​ថា បើ​គួរ​គប្បី​នៅ​ចំពោះ​ព្រះឲ្យ​យើង​ខ្ញុំ​ស្តាប់​តាម​លោក​រាល់​គ្នាជា​ជាង​ស្តាប់​តាម​ព្រះ នោះ​សូម​ពិចារណា​ចុះ ដ្បិត​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮពុំ​បាន​ទេ។ (កិច្ចការ ៤:១៩-២០)

Powered by CAM