ថ្ងៃអាទិត្យ ទី១២​ ខែកក្កដា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-០៦)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក២

ខព្រះគម្ពីរប្រចាំថ្ងៃ៖ នៅ​ថ្ងៃ​នេះ បើ​សិន​ជា​លោក​អ្នក​រាល់​គ្នា គិត​ពិចារណា​សួរ​យើង​ខ្ញុំ ពី​ដំណើរ​ការ​ល្អ ដែល​បាន​ធ្វើ​ដល់​មនុស្ស​ពិការ​នោះ​ថា គាត់​បាន​ជា​ដោយសារ​អ្វី នោះ​សូម​ឲ្យ​លោក​រាល់​គ្នា​ជ្រាប​ដូច្នេះ ហើយ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ផង ថា ដែល​មនុស្ស​នេះ​បាន​ជា​ស្រឡះ ហើយ​ឈរ​នៅ​មុខ​លោក​រាល់​គ្នា​ដូច្នេះ គឺ​ដោយសារ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ដែល​លោក​រាល់​គ្នា​បាន​ឆ្កាង​ទ្រង់ តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ កិច្ចការ ៤:៩-១០

លោកពេត្រុសបានប្រកាសដោយសេចក្តីក្លាហានដ៏បរិសុទ្ធនិងដោយ គ្មានភ័យខ្លាចថា «ឱលោកដ៏ធំលើបណ្តាជន និងពួកលោកចាស់ទុំទាំងឡាយ នៃសាសន៍អ៊ីស្រាអែលអើយ នៅថ្ងៃនេះ បើសិនជាលោកអ្នករាល់គ្នា គិត ពិចារណាសួរយើងខ្ញុំ ពីដំណើរការល្អ ដែលបានធ្វើដល់មនុស្សពិការនោះថា គាត់បានជាដោយសារអ្វី នោះសូមឲ្យលោករាល់គ្នាជ្រាបដូច្នេះ ហើយឲ្យសាសន៍អ៊ីស្រាអែលទាំងអស់ដឹងផងថា ដែលមនុស្សនេះបានជាស្រឡះ ហើយឈរនៅមុខលោករាល់គ្នាដូច្នេះ គឺដោយសារព្រះនាមនៃព្រះយេស៊ូវគ្រិស្តពីស្រុកណាសារ៉ែត ដែលលោករាល់គ្នាបានឆ្កាងទ្រង់ តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រះអង្គនោះ ជាថ្មដែលលោក រាល់គ្នា ជាជាងសង់ផ្ទះ បានមើលងាយ ប៉ុន្តែ ទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ ហើយគ្មានសេចក្តីសង្គ្រោះដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។

ការការពារខ្លួនដោយក្លាហាននេះបានធ្វើឲ្យពួកមេដឹកនាំសាសន៍យូដាភ័យញ័ររន្ធត់ ។ ពួកគេបានសង្ឃឹមថា ពួកសាវ័កនឹងភិតភ័យស្លន់ស្លោ នៅពេលដែលគេត្រូវបាននាំមកនៅចំពោះក្រុមប្រឹក្សាសាន់ហ៊ីឌ្រីន ។ ប៉ុន្តែ ផ្ទុយទៅវិញ ស្មរបន្ទាល់ទាំងនេះបាននិយាយដូចជាព្រះគ្រិស្តបានមានព្រះបន្ទូលជាមួយនឹងអំណាចនៃសេចក្តីជំនឿ ដែលបានធ្វើឲ្យពួកសត្រូវរបស់គេស្ងាត់មាត់យ៉ាងដូច្នោះដែរ។ នៅពេលដែលលោកមានប្រសាសន៍អំពីព្រះគ្រិស្ត មិនមានសញ្ញានៃការភ័យខ្លាចនៅក្នុងសំឡេងរបស់លោកពេត្រុស បន្តិចសោះឡើយ «ព្រះអង្គនោះ ជាថ្មដែលលោករាល់គ្នា ជាជាងសង់ផ្ទះ បានមើលងាយ ប៉ុន្តែ ទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ»។

នៅទីនេះ លោកពេត្រុសបានប្រើរូបភាពនៃសម្តីដែលពួកសង្ឃធ្លាប់ដឹង។ ពួកហោរាបាននិយាយអំពីថ្មជ្រុងដែលគេបានចោល ហើយមានពេល មួយ ព្រះគ្រិស្តបានមានបន្ទូលដោយផ្ទាល់ទៅកាន់ពួកសង្ឃនិងពួកចាស់ទុំ ទ្រង់បានមានបន្ទូលថា «ហើយគ្រប់ទាំងសេចក្តីអ្វីដែលអ្នករាល់គ្នានឹងអធិដ្ឋានសូមដោយមានចិត្តជឿ នោះនឹងបានសម្រេចទាំងអស់ ។ កាលទ្រង់បាន យាងចូលទៅក្នុងព្រះវិហារហើយ នោះពួកសង្គ្រាជ និងពួកចាស់ទុំនៃបណ្តា ជន គេមកឯទ្រង់ដែលកំពុងតែបង្រៀន ហើយទូលកាត់សួរថា អ្នកធ្វើការ ទាំងនេះ តើអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នក ព្រះយេស៊ូវ មានព្រះបន្ទូលតបថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្តីមួយដែរ បើអ្នកឆ្លើយ ប្រាប់ខ្ញុំ នោះខ្ញុំក៏នឹងប្រាប់ឲ្យអ្នកដឹងពីអំណាចដែលខ្ញុំអាងដើម្បីនឹងធ្វើ ការទាំងនេះដែរ» (ម៉ាថាយ ២១:២២-២៤)។

នៅពេលដែលពួកសង្ឃបានស្តាប់សម្តីដោយគ្មានការភ័យខ្លាចរបស់ពួកសាវ័ករួចមក ពួកគេ «យល់ឃើញថា គេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ»។ សម្រាប់ពួកសាវ័ក បន្ទាប់ពីការផ្លាស់ប្រែព្រះភក្ត្ររបស់ព្រះគ្រិស្តមក ព្រះគម្ពីរ​បានចែងថា នៅចុងបញ្ចប់នៃទស្សនីយភាពនោះថា«នោះមិនបានឃើញអ្នកណាសោះឃើញតែព្រះយេស៊ូវតែប៉ុណ្ណោះ» (ម៉ាថាយ ១៧:៨)។ «ឃើញ តែព្រះយេស៊ូវមួយប៉ុណ្ណោះ» នៅក្នុងពាក្យនេះមានអាថ៌កំបាំងនៃជីវិតនិងអំណាចដែលកំណត់ប្រវត្តិសាស្រ្តនៃពួកជំនុំដំបូង។ នៅពេលដែលពួកសាវ័កបានឮព្រះបន្ទូលរបស់ព្រះយេស៊ូវដំបូង ពួកគេដឹងថាពួកគេត្រូវការទ្រង់ ។ ពួកគេបានស្វែងរក ពួកគេបានដើរតាមទ្រង់។ ពួកគេបាននៅជាមួយនឹងទ្រង់នៅក្នុងព្រះវិហារ នៅតុអាហារ នៅជើងភ្នំ នៅតាមវាល។ ពូកគេហាក់ដូចជាសិស្សនៅជាមួយនឹងគ្រូដែលទទួលមេរៀននៃសេចក្តីពិតអស់កល្បពីទ្រង់ជារៀងរាល់ថ្ងៃ។

បន្ទាប់ពីការយាងឡើងទៅឋានសួគ៌របស់ព្រះអង្គសង្រ្គោះមក វិញ្ញាណនៃព្រះវត្តមាន ដែលពោរពេញដោយសេចក្តីស្រឡាញ់និងពន្លឺបានគង់នៅជាមួយនឹងពួកគេនៅឡើយ។ គឺជាព្រះវត្តមានផ្ទាល់។ ព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះ ដែលបានយាងជាមួយពួកគេ បានមានបន្ទូល និងអធិដ្ឋាន ជាមួយពួកគេជាព្រះដែលធ្លាប់មានបន្ទូលពីសេចក្តីសង្ឃឹមនិងការកម្សាន្តចិត្តទៅកាន់ចិត្តរបស់ពួកគេត្រូវបានព្រះលើកយកទៅឋានសួគ៌ ខណៈដែលសារនៃសេចក្តីសុខសាន្តឋិតនៅក្នុងព្រះឱស្ឋទ្រង់នៅឡើយ។ នៅពេលរាជរថនៃពួកទេវតាបានទទួលទ្រង់ ព្រះអង្គបានមានបន្ទូលមកកាន់ពួកគេថា «មើលខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប» (ម៉ាថាយ ២៨:២០) ។ ព្រះអង្គបានយាងឡើងទៅក្នុងសណ្ឋានជាមនុស្ស។ ពួកគេបានដឹងថាព្រះអង្គកំពុងមានព្រះវត្តមាននៅចំពោះព្រះ ហើយនៅតែជាមិត្តសម្លាញ់និងជាព្រះអង្គសង្រ្គោះរបស់ពួកគេដដែល ដែលសេចក្តីអាណិតអាសូររបស់ទ្រង់មិនចេះផ្លាស់ប្រែ ហើយដែលទ្រង់បានជ្រាបពីការឈឺចាប់របស់មនុស្សជារៀងរហូត។ ពួកគេបានដឹងថាព្រះអង្គកំពុងបង្ហាញដល់ព្រះនូវគុណូបការៈនៃព្រះលោហិតរបស់ទ្រង់ កំពុងបង្ហាញស្នាមរបួសនៅនឹងព្រះហស្តនិងព្រះបាទរបស់ទ្រង់ជាការរំឭកពីតម្លៃដែលព្រះអង្គបានបង់ជំនួសអ្នកដែលទ្រង់បានប្រោសលោះ ហើយគំនិតនេះបានពង្រឹងកម្លាំងពួកគេឲ្យទ្រាំទ្រជាមួយនឹងការស្តីបន្ទោសដោយសារព្រះអង្គ។ ឥឡូវនេះការរួបរួមរបស់ពួកគេជាមួយនឹងទ្រង់កាន់តែរឹងមាំជាងកាលដែលពួកគេបាននៅជាមួយនឹងព្រះអង្គដោយផ្ទាល់ទៅទៀត។ ពន្លឺសេចក្តីស្រឡាញ់ និងព្រះចេស្តា របស់ព្រះគ្រិស្ត ដែលគង់នៅក្នុងចិត្តបានចែងចាំងតាមរយៈពួកគេ ដើម្បីឲ្យមនុស្សទាំងឡាយបានឃើញាភាពអស្ចារ្យ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ចូរ​ឲ្យ​ឈរ​មាំមួន​ចុះ ដោយ​ក្រវាត់​សេចក្តី​ពិត​នៅ​ចង្កេះ ហើយ​ពាក់​សេចក្តី​សុចរិត​ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង។ (អេភេសូរ ៦:១៤​)

Powered by CAM