ថ្ងៃច័ន្ទ ទី១៣​ ខែកក្កដា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-០៦)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក៣

ខព្រះគម្ពីរប្រចាំថ្ងៃ៖ កាល​បាន​ឃើញ​ថា ពេត្រុស និង​យ៉ូហាន​មាន​ចិត្ត​ក្លាហាន នោះ​ពួក​លោក​ទាំង​នោះ​ក៏​មាន​សេចក្តី​អស្ចារ្យ ដោយ​ដឹង​ថា គេ​ជា​មនុស្ស​មិនសូវ​ចេះ​ជ្រៅជ្រះ ហើយ​ឥត​បាន​រៀនសូត្រ​ប៉ុន្មាន​ផង បាន​ជា​លោក​យល់​ឃើញ​ថា គេ​ធ្លាប់​នៅ​ជា​មួយ​នឹង​ព្រះយេស៊ូវ។ កិច្ចការ ៤:១៣

ព្រះគ្រិស្តបានបោះត្រារបស់ទ្រង់នៅលើពាក្យដែលលោកពេត្រុសបាននិយាយ នៅក្នុងការពាររបស់ទ្រង់ ។ បុរសដែលទទួលការព្យាបាលដ៏អស្ចារ្យនោះបានឈរនៅក្បែរពួកសាវ័ក ជាសាក្សីនៃជំនឿដ៏រឹងមាំ។ កាលពី ប៉ុន្មានម៉ោងមុននេះ សណ្ឋាននៃបុរសនេះគឺជាជនពិការដែលអស់សង្ឃឹមម្នាក់ តែឥឡូវនេះ បានក្រោកឈរជាមនុស្សដែលមានសុខភាពមាំមួន បានបន្ថែមទម្ងន់ទៅលើសម្តីនៃទីបន្ទាល់របស់លោកពេត្រុសថែមទៀត។ ពួកសង្ឃនិងពួកមេដឹកនាំសាសនាបានស្ងាត់មាត់។ ពួកគេមិនអាចជំទាស់ទៅនឹងប្រយោគរបស់លោកពេត្រុសបានឡើយ ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ ក៏ពួកគេបានប្តេជ្ញាចិត្តថានឹងបញ្ឈប់ការបង្រៀនរបស់ពួកសាវ័កឲ្យទាល់តែបានដែរ។

ការប្រោសឡាសារឲ្យរស់ឡើងវិញ គឺជាការអស្ចារ្យដ៏ធំបំផុតរបស់ព្រះគ្រិស្ត បានបោះត្រានៅលើការតាំងចិត្តរបស់ពួកសង្ឃឲ្យកម្ចាត់ព្រះបន្ទូល របស់ព្រះយេស៊ូវ និងកិច្ចការរបស់ទ្រង់ ដែលបំផ្លាញឥទ្ធិពលរបស់ពួកគេ ទៅលើពួកបណ្តាជនយ៉ាងឆាប់រហ័ស។ ពួកគេបានឆ្កាងទ្រង់ ប៉ុន្តែ មាន ភស្តុតាងនៃសេចក្តីជំនឿនៅទីនេះ ដែលពួកគេមិនបានបញ្ឈប់កិច្ចការនៃការអស្ចារ្យនៅក្នុងព្រះនាមរបស់ទ្រង់ ឬការប្រកាសអំពីសេចក្តីពិតដែលព្រះអង្គបានបង្រៀនទេ ការព្យាបាលជនពិការ និងការប្រកាសផ្សាយរបស់ពួកសាវ័កបានបំពេញទីក្រុងយេរូសាឡិមដោយក្តីរំភើប។

ដើម្បីបិទបាំងភាពអល់អែករបស់ពួកគេ ពួកសង្ឃនិងពួកមេដឹកនាំសាសនាបានបញ្ជាឲ្យគេនាំយកពួកសាវ័កចេញទៅ ដើម្បីឲ្យពួកគេមានឱកាសពិភាក្សាគ្នា។ ពួកគេបានឯកភាពគ្នាថាការបដិសេធន៍មិនទទួលស្គាល់បុរសនោះ មិនមានប្រយោជន៍អ្វីឡើយ។ ពួកគេអាចបិទបាំងការអស្ចារ្យនេះដោយភាពក្លែងក្លាយ ប៉ុន្តែ ការនេះមិនអាចធ្វើទៅបានទេ ព្រោះបានកើតឡើងនៅ កណ្តាលថ្ងៃចែស នៅចំពោះមនុស្សជាច្រើននាក់ ហើយបានដឹងសុសសាយដល់មនុស្សរាប់ពាន់នាក់ទៅហើយ។ ពួកគេបានដឹងថាកិច្ចការរបស់ពួកសាវ័កត្រូវតែបញ្ឈប់ បើពុំនោះទេសិស្សរបស់ព្រះយេស៊ូវនឹងកើនឡើងកាន់តែច្រើនជាក់ជាមិនខាន ។ ភាពអាម៉ាស់របស់ពួកគេនឹងកើតឡើង ព្រោះពួកគេមានកំហុសដោយការធ្វើគុតព្រះរាជបុត្រានៃព្រះ។ ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ ក៏សេចក្តីប្រាថ្នារបស់ពួកគេ ក្នុងការបំផ្លាញពួកសាវ័កនេះ ពួកសង្ឃមិនហ៊ានធ្វើអ្វីក្រៅពីគំរាមកំហែងដល់ពួកគេដោយការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត ប្រសិនបើពួកគេនៅតែបន្តនិយាយ ឬធ្វើការដោយនូវព្រះនាមព្រះយេសូ៊វតទៅទៀតប៉ុណ្ណោះឡើយ។ ដោយបានហៅពួកគេមកកាន់ក្រុមប្រឹក្សាសាន់ហ៊ីឌ្រីនម្តងទៀត ពួកសង្ឃបានបង្គាប់ដល់ពួកសាវ័កមិនឲ្យនិយាយឬបង្រៀននៅក្នុងព្រះនាមព្រះយេស៊ូវតទៅទៀត។ ប៉ុន្តែ លោកពេត្រុស​និងយ៉ូហាន​បានឆ្លើយថា៖ «បើគួរគប្បីនៅចំពោះព្រះឲ្យយើងខ្ញុំស្តាប់តាមលោករាល់គ្នា ជាជាងស្តាប់តាមព្រះ នោះសូមពិចារណាចុះ ដ្បិតយើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮពុំបានទេ»។

ពួកសង្ឃគួរ​តែ​ដាក់ទណ្ឌកម្មដោយរីករាយទៅលើបុរសទាំងនេះ ដោយសារភក្តីភាពទៅនឹងការត្រាស់ហៅដ៏ពិសិដ្ឋរបស់ពួកគេ តាមរយៈចម្លើយរបស់ពួកគេនេះ ប៉ុន្តែ ពួកគេភ័យខ្លាចចំពោះហ្វូងមនុស្ស «ដ្បិតទាំងអស់គ្នាកំពុងតែសរសើរតម្កើងដល់ព្រះ ពីការនោះដែលទើបនឹងកើតមក» ដូច្នេះ គេក៏បានដោះលែងពួកសាវ័ក ជាមួយនឹងការគំរាមកំហែង និង​ការ​ហាម​ឃាត់យ៉ាងតឹងតែង។

នៅពេល​ដែលលោកពេត្រុសនិងយ៉ូហានកំពុងជាប់គុកនៅឡើយ ពួកសាវ័កដទៃទៀតក៏បានអធិដ្ឋានឲ្យបងប្អូនរបស់ពួកគេឥតឈប់ឈរ ដោយព្រួយបារម្ភក្រែងគេនឹងប្រព្រឹត្តអំពើឃោរឃៅទៅលើពួកលោក ដូចជាគេបានធ្វើទៅលើព្រះគ្រិស្តទៀត ដោយពួកគេបានដឹងអំពីចិត្តអាក្រក់របស់ពួកយូដា។ បន្ទាប់ពីសាវ័កទាំងពីរត្រូវបានគេដោះលែងភ្លាម គេបានទៅ​រក​ពួកសាវ័កដទៃទៀត ហើយរាយការណ៍អំពីលទ្ធផលនៃការជំនុំជម្រះ។ ពួក​អ្នក​ជឿទាំងនោះមានអំណរជាខ្លាំង។ «កាលពួកជំនុំបានឮដូច្នោះ នោះក៏​បន្លឺ​ឧទានព្រមគ្នា ទូលដល់ព្រះថា ឱព្រះដ៏ជាម្ចាស់ធំបំផុតអើយ គឺទ្រង់ជា​ព្រះ​ដែលបង្កើតផ្ទៃមេឃ ផែនដី និងសមុទ្រ ហើយរបស់ទាំងអស់ ដែល​នៅឋាន​ទាំងនោះផង ទ្រង់បាន​មាន​ព្រះបន្ទូល ដោយសារព្រះឱស្ឋហ្លួងដាវីឌ ជាអ្នក​បម្រើទ្រង់ថា ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយ​ជន​ជាតិ​ទាំងប៉ុន្មាន មានគំនិតជា​អសារឥតការដូច្នេះ ពួកមហាក្សត្រ​នៅ​ផែនដី លើក​គ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះអម្ចាស់ ហើយ​ទាស់​​​នឹងព្រះគ្រិស្តនៃទ្រង់ ប្រាកដមែនហើយ ដ្បិតនៅក្រុងនេះស្តេចហេរ៉ូឌ និង​លោកប៉ុនទាសពីឡាត់ បានប្រជុំគ្នា ព្រមទាំងពួកសាសន៍ដទៃ និង​សាសន៍​អ៊ីស្រាអែល ទាស់នឹង​ព្រះយេស៊ូវជា​អ្នកបម្រើបរិសុទ្ធរបស់ទ្រង់ ដែល​ទ្រង់​បានចាក់ប្រេងតាំងឲ្យ ដើម្បីនឹងធ្វើអស់ទាំងការដែលព្រះហស្តទ្រង់ និង​ព្រះ​តម្រិះទ្រង់ បានគិត​សម្រេចជាមុន ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូម​ទត​មើលសេចក្តីកំហែង​របស់គេ ហើយសូមប្រទានឲ្យពួកអ្នកបម្រើទ្រង់ បាន​ផ្សាយព្រះបន្ទូល ដោយ​សេចក្តីក្លាហានដ៏ពេញលេញ»។

«ដោយ​ទ្រង់លូកព្រះហស្តមក សម្រាប់នឹងប្រោសមនុស្សឲ្យបានជា ហើយនិងធ្វើទីសម្គាល់ និងការអស្ចារ្យដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ទ្រង់»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ចូរ​ឲ្យ​ឈរ​មាំមួន​ចុះ ដោយ​ក្រវាត់​សេចក្តី​ពិត​នៅ​ចង្កេះ ហើយ​ពាក់​សេចក្តី​សុចរិត​ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង។ (អេភេសូរ ៦:១៤​)

Powered by CAM