ថ្ងៃអង្គារ ទី១៤​ ខែកក្កដា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-០៦)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ កាល​បាន​អធិស្ឋាន​រួច​ហើយ នោះ​កន្លែង​ដែល​គេ​ប្រជុំ​គ្នា​ក៏​រញ្ជួយ ហើយ​គេ​បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា រួច​ក៏​ផ្សាយ​ព្រះបន្ទូល​ដោយ​ចិត្ត​ក្លាហាន។ កិច្ចការ ៤:៣១

ពួកសាវ័ក​បានអធិដ្ឋានសុំឲ្យព្រះប្រទានព្រះចេស្តាដ៏ធំដល់ពួកគេ នៅក្នុងការបំពេញកិច្ចការបម្រើដល់ទ្រង់នេះ ព្រោះពួកគេបាន​មើលឃើញ​ថា ពួកគេបានជួបនឹងការប្រឆាំងយ៉ាងធ្ងន់ធ្ងរ ដូចជាព្រះគ្រិស្តបានឆ្លងកាត់ កាលព្រះអង្គគង់នៅលើផែនដីដូច្នោះដែរ។ នៅពេលដែលការអធិដ្ឋានរួមគ្នាដោយជំនឿបានឡើងទៅដល់ឋានសួគ៌ ចម្លើយក៏បានកើតឡើង។ កន្លែងដែលពួកសាវ័កបានជួបប្រជុំគ្នានោះបានកក្រើកឡើង ព្រះក៏បានប្រទានព្រះវិញ្ញាណបរិសុទ្ធជាថ្មីម្តងទៀត។ ចិត្តគេក៏ពេញដោយសេចក្តីក្លាហាន ពួកគេក៏ចេញទៅប្រកាសព្រះបន្ទូលរបស់ព្រះពាសពេញទាំងទីក្រុងយេរូសាឡិម។ «ពួកសាវ័កក៏ធ្វើបន្ទាល់ ដោយព្រះចេស្តាដ៏ធំ ពីដំណើរដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយមានព្រះគុណជាធំសណ្ឋិត​លើ​គេ​ទាំងអស់គ្នាដែរ»។ ហើយព្រះក៏បានប្រទានព្រះពរដ៏អស្ចារ្យដល់ការខំប្រឹងប្រែងរបស់ពួកគេ។

គោលការដែលពួកសាវ័កបានឈរដោយគ្មានការភ័យខ្លាច នៅ​ពេលដែលពួកគេបានប្រកាសថា «បើគួរគប្បីនៅចំពោះព្រះឲ្យយើង​ខ្ញុំស្តាប់​តាមលោករាល់គ្នា ជាជាងស្តាប់តាមព្រះ នោះសូមពិចារណាចុះ» ជាការឆ្លើយតបទៅនឹងការហាមប្រាមមិនឲ្យនិយាយនៅក្នុងព្រះនាមព្រះយេស៊ូវតទៅទៀត គឺជាអ្នកផ្សាយដំណឹងល្អ ដែលមានការពិបាក ដូចជានៅក្នុងសម័យការកែទម្រង់ដូច្នោះដែរ ។ នៅឆ្នាំ ១៥២៩ ព្រះអម្ចាស់នៃប្រទេសអាឡឺម៉ង់ បានជួបប្រជុំគ្នា នៅអើតស្ប៉ាយមានបង្ហាញពីព្រះរាជក្រឹត្យរបស់ព្រះចៅអធិរាជដែលរិតបន្តឹងដល់សេរីភាពសាសនា និងការហាមប្រាមការផ្សព្វផ្សាយបន្តទៅទៀតអំពីគោលលទ្ធិនៃការកែទម្រង់។ សេចក្តីសង្ឃឹមនៃពិភពលោកហាក់បីដូចជាត្រូវបានកិនកម្ទេច។ តើព្រះអម្ចាស់នោះទទួលព្រះរាជក្រឹត្យនោះដែរឬទេ? តើពន្លឺនៃដំណឹងល្អត្រូវបានបិទបាំងពីហ្វូងមនុស្ស នៅតែក្នុង ភាពងងឹតដដែលដែរឬទេ? បញ្ហាដ៏ធំធេងនៃពិភពលោកត្រូវបានជាប់គាំង។ ពួកអ្នកដែលបានទទួលជំនឿនៃការកែទម្រង់បានជួបជុំគ្នា ហើយសេចក្តីសម្រេចចិត្តជាឯកច្ឆន្ទរបស់ពួកគេគឺ «ចូរយើងបដិសេធព្រះរាជក្រឹត្យនេះ។ ដោយហេតុផលខាងមនសិការ មតិភាគច្រើនគ្មានអំណាចឡើយ» សៀវភៅប្រវត្តិសាស្រ្តនៃការកែទម្រង់របស់លោកមើល ដូប៊ីញ៉េ (merle d’Aubigne) ទំព័រ ១៣ ជំពូក ៥។

យើងក៏ត្រូវរក្សាគោលការនេះយ៉ាងរឹងមាំនៅពេលសព្វថ្ងៃនេះដែរ ។ ផ្ទាំងបដានៃសេចក្តីពិតនិងសេរីភាពខាងសាសនាត្រូវបានលើកតម្កើង ដោយ​ពួកអ្នករកឃើញពួកជំនុំនៃដំណឹងល្អ និងដោយទីបន្ទាល់របស់ព្រះ នៅក្នុង​អំឡុងពេលជាច្រើនសតវត្សរ៍ ដែលបានកន្លងផុតទៅចាប់តាំងពី ពេលនោះ​មក ដែលព្រះបានប្រទានមកដល់ដៃរបស់យើង នៅក្នុងទំនាស់ ចុងក្រោយ​បង្អស់នេះ ។ ការទួលខុសត្រូវចំពោះអំណោយទានដ៏ធំនេះ ឋិត នៅលើពួកអ្នកដែលព្រះបានប្រទានព្រះពរជាមួយនឹងចំណេះដឹងនៃព្រះបន្ទូលរបស់ទ្រង់។ យើងត្រូវតែទទួលព្រះបន្ទូលនេះជាអំណាចគ្រប់គ្រងដ៏ខ្ពស់។ យើងត្រូវតែទទួលស្គាល់រដ្ឋាភិបាលរបស់មនុស្ស ថាជាអំណាចដែលព្រះបាន តែងតាំង​ឡើង និងបង្រៀនពីការស្តាប់បង្គាប់ដល់រដ្ឋាភិបាលនេះជាភារកិច្ចដ៏ពិសិដ្ឋ នៅក្នុងរង្វង់ដែលស្របច្បាប់នៃរដ្ឋអំណាចនោះ។ ប៉ុន្តែ នៅពេល ដែលការ​ទាមទាររបស់អំណាចនោះ ផ្ទុយពីការទាមទាររបស់ព្រះ យើងត្រូវ តែស្តាប់​បង្គាប់ព្រះ ជាជាងស្តាប់បង្គាប់មនុស្ស។ មនុស្សត្រូវតែទទួលស្គាល់ព្រះបន្ទូល​របស់ព្រះថាខ្ពស់ជាងច្បាប់របស់មនុស្ស «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ» មិនត្រូវដកយកចេញដោយសារតែ «ពួកជំនុំបាននិយាយថា ដូច្នេះ» ឬ «រដ្ឋបាននិយាយដូច្នេះ» នោះទេ។ យើងត្រូវតែលើកតម្កើងមកុដរបស់​ព្រះគ្រិស្តឲ្យខ្ពស់ជាងក្បាំងរបស់ព្រះចៅមហាចក្រពត្រាធិរាជនៅលើផែនដី។

ព្រះមិនបានតម្រូវឲ្យយើងបំពានទៅនឹងរដ្ឋអំណាចទេ។ ពាក្យសម្តីរបស់យើង ទោះដោយការនិយាយ ឬសរសេរក៏ដោយ យើងត្រូវតែពិចារណា​ដោយប្រុងប្រយ័ត្ន ក្រែងយើងដាក់ខ្លួនយើងទៅលើកំណត់ត្រាជាការបញ្ចេញសំឡេងដែលធ្វើឲ្យខ្លួនយើងក្លាយជាអ្នកប្រឆាំងទៅនឹងច្បាប់ ឬសណ្តាប់ ធ្នាប់សង្គម។ យើងមិនត្រូវនិយាយឬប្រព្រឹត្តអ្វីដែលនឹងបិទផ្លូវយើងជាចាំបាច់នោះឡើយ។ យើងត្រូវតែបោះជំហានទៅមុខនៅក្នុងព្រះនាមរបស់ព្រះគ្រិស្ត ដោយគាំទ្រដល់សេចក្តីពិតដែលព្រះបានប្រទានដល់យើង ។ ប្រសិនបើមនុស្សហាមឃាត់យើងមិនឲ្យធ្វើការនេះ នោះយើងអាចនិយាយដូចជាពួកសាវ័កដែរថា «បើគួរគប្បីនៅចំពោះព្រះ ឲ្យយើងខ្ញុំស្តាប់​តាម​លោក​រាល់​គ្នា ជាជាងស្តាប់តាមព្រះ នោះសូមពិចារណាចុះ ដ្បិតយើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮពុំបានទេ»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ចូរ​ឲ្យ​ឈរ​មាំមួន​ចុះ ដោយ​ក្រវាត់​សេចក្តី​ពិត​នៅ​ចង្កេះ ហើយ​ពាក់​សេចក្តី​សុចរិត​ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង។ (អេភេសូរ ៦:១៤​)

Powered by CAM