កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៧)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ជំពូក ៤:៣២-៥:១១។
ការព្រមានប្រឆាំងទាស់នឹងភាពកំពុត
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯមនុស្សទាំងហ្វូងដែលបានជឿ គេក៏មានចិត្តមានគំនិតតែ១ គ្មានអ្នកណាប្រកាន់ថា អ្វីៗ ដែលខ្លួនមានជារបស់ផងខ្លួននោះទេ គឺគ្រប់របស់ទាំងប៉ុន្មាន ជារបស់សំរាប់ប្រើជាមួយគ្នាទាំងអស់។ កិច្ចការ ៤:៣២
នៅពេលពួកសាវ័កបានប្រកាសផ្សាយដំណឹងល្អនៅទីក្រុងយេរូសាឡិម ព្រះបានប្រទានទីសម្គាល់ដល់ពាក្យសម្តីរបស់ពួកគេ ហើយមនុស្សជាច្រើនបានជឿ។ ពួកអ្នកមានជំនឿថ្មីទាំងនេះជាច្រើនត្រូវបានកាត់ចេញពីគ្រួសារឬមិត្តភក្តិរបស់ពួកគេភ្លាមៗ ដោយពួកយូដាដែលច្រណែននឹងជំនឿសាសនា ហើយពួកសាវ័កចាំបាច់ត្រូវតែផ្តល់ចំណីអាហារនិងជម្រកដល់ពួកនោះ។
កំណត់ត្រានៃព្រះគម្ពីរបានចែងថា «នៅក្នុងពួកគេគ្មានអ្នកណាខ្វះខាតអ្វីសោះ»។ ហើយគម្ពីរក៏បានចែងទៀតដែរថា ការខ្វះខាតរបស់ពួកគេត្រូវបានបំពេញតាមសេចក្តីត្រូវការក្នុងចំណោមពួកអ្នកជឿដែលមានលុយកាក់ និងទ្រព្យសម្បត្តិ បានបរិច្ចាគដើម្បីបំពេញសេចក្តីត្រូវការជាបន្ទាន់ទាំងនេះដោយរីករាយ។ ពួកគេបានលក់ទ្រព្យសម្បត្តិនិងផ្ទះសម្បែងរបស់ពួកគេ យកលុយមកដាក់នៅទៀបជើងពួកសាវ័ក «ហើយគេក៏ចែកដល់គ្រប់គ្នាតាមត្រូវការ»។
ចិត្តសប្បុរសរបស់ពួកគេទៅលើពួកអ្នកដែលមានជំនឿថ្មីគឺជាលទ្ធផលនៃការចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធ។ ពួកអ្នកជឿដល់ដំណឹងល្អ «គេក៏មានចិត្តមានគំនិតតែមួយ»។ ចំណាប់អារម្មណ៍រួមតែមួយបានគ្រប់គ្រងលើពួកគេ គឺជោគជ័យនៃបេសកកម្មដែលព្រះបានប្រទានដល់ពួកគេ ហើយមិនមានការលោភលន់ណានៅក្នុងជីវិតពួកគេឡើយ។ សេចក្តីស្រឡាញ់ចំពោះបងប្អូននិងកិច្ចការរបស់ពួកគេ ធំធេងជាងសេចក្តីស្រឡាញ់លុយកាក់និងទ្រព្យសម្បត្តិ ។ កិច្ចការរបស់ពួកគេបានបង្ហាញថាពួកគេឲ្យតម្លៃដល់ជីវិតរបស់មនុស្ស ខ្ពស់ជាងតម្លៃទ្រព្យសម្បត្តិខាងលោកិយ។
រឿងដូច្នេះតែងតែកើតឡើងជានិច្ច នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្រងលើជីវិត។ អស់អ្នកដែលមានចិត្តពោរពេញទៅដោយសេចក្តីស្រឡាញ់របស់ព្រះគ្រិស្ត នឹងយកគំរូតាមព្រះ ដែលសុខចិត្តក្លាយ ជាអ្នកក្រីក្រដោយសារតែយើងរាល់គ្នា ដើម្បីយើងរាល់គ្នាបានក្លាយជាអ្នកមានដោយសារភាពកម្ររបស់ទ្រង់។ លុយកាក់ ពេលវេលា និងឥទ្ធិពល ពោលគឺអំណោយទានទាំងអស់នេះ ដែលពួកគេបានទទួលពីព្រះហស្តរបស់ព្រះ ពួកគេនឹងយកទៅនឹងយកទៅប្រើប្រាស់ដើម្បីជំរុញដំណឹងល្អឆ្ពោះទៅមុខប៉ុណ្ណោះ។ ពួក ជំនុំដំបូងមានលក្ខណៈយ៉ាងដូច្នេះឯង។ ហើយនៅពេលដែលពួកជំនុំនាពេលសព្វថ្ងៃនេះបានដកចិត្តចេញពីរបស់នៃលោកិយ បែរមកលះបង់ដើម្បី មនុស្សដូចគ្នាបានឮដំណឹងល្អ ធ្វើឲ្យសេចក្តីពិតដែលគេបានប្រកាសផ្សាយ មានឥទ្ធិពលដោយសារព្រះចេស្តានៃព្រះវិញ្ញាណយ៉ាងខ្លាំងក្លាទៅលើអ្នកស្តាប់ទាំងឡាយមិនខាន។
អាកប្បកិរិយារបស់អាន្នា៉នាសនិងសាភីរ៉ា ដែលបទពិសោធន៍របស់ពួកគេបានកត់ត្រាដោយស្លាបប៉ាកកាដែលព្រះវិញ្ញាណបានបណ្តាល បានបន្សល់ទុកជាស្លាកស្នាមដ៏ខ្មៅងងឹតនៅក្នុងប្រវត្តិសាស្រ្តនៃពួកជំនុំដំបូងនោះ ផ្ទុយគ្នាស្រឡះពីគំរូដែលប្រកបដោយចិត្តមេត្តារបស់ពួកអ្នកមានជំនឿ។ អ្នកទាំងពីរនេះបានទទួលឱកាសនៃការឮការអធិប្បាយដំណឹងល្អដោយពួកសាវ័កជាមួយនឹងពួកអ្នកជឿដទៃទៀតដែរ។ ពួកគេបាននៅជាមួយនឹងពួកអ្នកជឿដទៃទៀត នៅពេលមានការរញ្ជួយដី បន្ទាប់ពីពួកសាវ័កបានអធិដ្ឋាន «នោះកន្លែងដែលគេប្រជុំគ្នាក៏រញ្ជួយ ហើយគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា» (កិច្ចការ ៤:៣១) ។ នៅក្រោមឥទ្ធិពលដោយផ្ទាល់របស់ព្រះវិញ្ញាណនៃព្រះ។ គ្រប់គ្នាដែលមានវត្តមាននៅទីនោះមានការជឿជាក់យ៉ាងខ្លាំង អាណានាសនិងសាភីរ៉ាបានសន្យាថានឹងថ្វាយទៅព្រះជាម្ចាស់នូវលុយដែលបានមកពីការលក់ដីមួយកន្លែង។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង។ (អេភេសូរ ៦:១៤)