កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៧)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែពេត្រុសសួរថា អាន៉្នានាសអើយ ហេតុអ្វីបានជាអារក្សសាតាំងមកនៅពេញក្នុងចិត្តអ្នក ឲ្យអ្នកហ៊ានកុហកដល់ព្រះវិញ្ញាណបរិសុទ្ធ ដោយគៃទុកដំឡៃដ៏១ចំណែកដូច្នេះ។ កិច្ចការ ៥:៣
ក្រោយមកអាន្ន៉ានាសនិងសាភីរ៉ាបានធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធព្រួយព្រះទ័យដោយការទោរទន់ទៅរកចិត្តលោភលន់។ ពួកគេបានចាប់ផ្តើមស្តាយក្រោយនូវសេចក្តីសន្យារបស់ពួកគេ ហើយមិនយូរប៉ុន្មានក៏បានបាត់បង់ឥទ្ធិពលដ៏ផ្អែមល្ហែមនៃព្រះពរដែលបានព្រមានដល់ចិត្តរបស់ពួកគេជាមួយនឹងសេចក្តី ប្រាថ្នាចង់ធ្វើកិច្ចការយ៉ាងធំ ដែលជាតំណាងឲ្យកិច្ចការរបស់ព្រះគ្រិស្តនោះ។ ពួកគេបានគិតថាពួកគេបានធ្វើកិច្ចសន្យានោះប្រញាប់ប្រញាល់ពេក ដូច្នេះពួកគេត្រូវពិចារណាពីការសម្រេចចិត្តនោះជាថ្មីឡើងវិញ។ ពួកគេបានពិភាក្សាអំពីរឿងនោះឡើងវិញ ហើយបានសម្រេចចិត្តមិនធ្វើតាមពាក្យសន្យានោះទេ។ ទោះជាយ៉ាងនេះក៏ដោយ ពួកគេបានឃើញថាអ្នកដែលបានលះបង់ទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ដល់សេចក្តីត្រូវការនៃបងប្អូនដែលជាអ្នកក្រីក្ររបស់ពួកគេ ទទួលបាននូវតម្លៃយ៉ាងខ្ពង់ខ្ពស់ នៅក្នុងចំណោម ពួកអ្នកជឿ ហើយដោយមានការអៀនខ្មាសមិនចង់ឲ្យបងប្អូនគេដឹងអំពីចិត្តអាត្មានិយមរបស់ខ្លួន ដោយច្រណែនទៅនឹងអ្វីដែលពួកគេបានថ្វាយទៅព្រះ នោះពួកគេបានសម្រេចចិត្តលះបង់លក់ដីមួយកន្លែងរបស់គេ ហើយធ្វើហាក់ដូចជាបានប្រគល់លុយដែលបានពីការលក់ដីនោះទាំងអស់សម្រាប់ជាថវិការួម ប៉ុន្តែ តាមពិតពួកគេបានកេងទុកមួយចំណែកធំសម្រាប់ខ្លួនឯង ធ្វើដូច្នេះ ពួកគេនឹងមានសុវត្ថិភាពនៃជីវិតរបស់ពួកគេពីឃ្លាំងប្រាក់នៅលោកិយផង និងទទួលបានតម្លៃខ្ពង់ខ្ពស់ពីបងប្អូនរួមជំនឿផង នៅពេលតែមួយ។
ប៉ុន្តែ ព្រះស្អប់ការកំពុតនិងអំពើខុសឆ្គងខ្លាំងណាស់។ អាន្នា៉នាស និងសាភីរ៉ាបានប្រព្រឹត្តការកេងបំបាត់នៅក្នុងដំណោះស្រាយរបស់ពួកគេជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ ហើយអំពើបាបរបស់ពួកគេក៏បានចូលមក ជាមួយនឹងការជំនុំជម្រះយ៉ាងធ្ងន់ធ្ងរនិងឆាប់រហ័ស។ នៅពេលដែលអាន្ន៉ានាសយកតង្វាយចូលមក លោកពេត្រុសបានមានប្រសាសន៍ថា «អាន្ន៉ានាសអើយ ហេតុអ្វីបានជាអារក្សសាតាំងមកនៅពេញក្នុងចិត្តអ្នក ឲ្យអ្នកហ៊ានកុហកដល់ព្រះវិញ្ញាណបរិសុទ្ធ ដោយគៃទុកតម្លៃដ៏ធំមួយចំណែកដូច្នេះ កាលនៅៗឡើយ តើមិនមែនជារបស់ផងអ្នកទេឬអី ហើយដែលលក់ទៅ តើប្រាក់មិននៅក្នុងអំណាចអ្នកដែរទេឬអី ហេតុអ្វីបានជាអ្នកកាត់ចិត្តធ្វើដូច្នេះ នេះមិនមែនកុហកដល់មនុស្សទេ គឺឈ្មោះថាកុហកដល់ព្រះវិញ»។
«កាលអាន្ន៉ានាសបានឮពាក្យនេះ ក៏ដួលដាច់ខ្យល់ស្លាប់ទៅ។ រីឯអស់អ្នកដែលបានឮដំណឹងនេះ ក៏ស្ញែងខ្លាចជាខ្លាំង»។
លោកពេត្រុសបានសួរថា «កាលនៅៗឡើយ តើមិនមែនជារបស់ផងអ្នកទេឬអី?»។ ពួកសាវ័កមិនបានបង្ខិតបង្ខំដល់អាន្នា៉នាសឲ្យថ្វាយទ្រព្យសម្បត្តិរបស់គាត់ សម្រាប់ការល្អជាទូទៅនោះទេ។ គាត់បានធ្វើដោយជម្រើសរបស់គាត់។ ប៉ុន្តែ ដោយការប៉ុនប៉ងបោកបញ្ឆោតដល់ពួកសាវ័ក ដូច្នេះ គាត់បានកុហកដល់ព្រះដ៏មានព្រះចេស្តាហើយ។
«នៅគ្រាប្រហែលជាបីម៉ោងក្រោយមក ប្រពន្ធគាត់ក៏ចូលមក ឥតដឹងការដែលកើតមកនោះសោះ ពេត្រុសសួរថា សូមប្រាប់ខ្ញុំ តើបានលក់ដីថ្លៃប៉ុណ្ណោះមែនឬ នាងឆ្លើយតបថា ចាសពិតមែនហើយ រួចពេត្រុសនិយាយថា ហេតុអ្វីបានជាព្រមព្រៀងគ្នា និងល្បងដល់ព្រះវិញ្ញាណនៃព្រះអម្ចាស់ដូច្នេះ មើល ពួកអ្នកដែលកប់ខ្មោចប្តីអ្នក គេមកដល់មាត់ទ្វារហើយ គេនឹងសែងអ្នកយកទៅដែរ នោះស្រាប់តែនាងដួល ដាច់ខ្យល់មួយរំពេច នៅទៀបជើងពេត្រុសទៀត កាលពួកកំឡោះបានចូលមក ឃើញនាងស្លាប់ នោះក៏សែងយកទៅកប់នៅជិតខ្មោចប្តីទៅ រួចពួកជំនុំទាំងប៉ុន្មាន និងអស់អ្នកណាដែលឮនិយាយពីការនោះ ក៏កើតមានសេចក្តីស្ញែងខ្លាចទាំងអស់គ្នា»។
ព្រះប្រាជ្ញាញ្ញាណដែលគ្មានដែនកំណត់បានទតឃើញថាសញ្ញានៃការបង្ហាញសេចក្តីក្រោធរបស់ព្រះនេះ គឺជាការចាំបាច់ដើម្បីរក្សាពួកជំនុំដ៏ក្មេងខ្ចីនេះឲ្យចាកផុតពីការក្លាយទៅជាការបង្ខូចទឹកចិត្ត ។ ពួកជំនុំត្រូវតែទទួលខុសត្រូវ ប្រសិនបើនៅពលដែលពួកអ្នកជឿកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ហើយបុរសទាំងឡាយដែលបានបន្ថែមទៅក្នុងព្រះវិហារនោះកំពុងថ្វាយបង្គំទ្រព្យសម្បត្តិ នៅពេលដែលពួកគេកំពុងតែប្រកាសថាបម្រើដល់ព្រះ ។ ការជំនុំជម្រះនេះបញ្ជាក់ថាមនុស្សមិនអាចបោកបញ្ឆោតព្រះបានឡើយ បញ្ជាក់ថា ទ្រង់ទតឃើញអំពើបាបរបស់កូនៗនៅក្នុងចិត្ត និងថាមនុស្សមិនត្រូវសើចចំអកដល់ទ្រង់ទេ ។ ព្រះបានរៀបចំការជំនុំជម្រះនេះសម្រាប់ពួកជំនុំ ដើម្បីដឹកនាំគេឲ្យចៀសវាងពីការកំពុត និងមិនត្រូវលួចប្លន់ពីព្រះឡើយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង។ (អេភេសូរ ៦:១៤)