ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៧)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក៧
ខព្រះគម្ពីរប្រចាំថ្ងៃ៖ កាលនៅៗឡើយ តើមិនមែនជារបស់ផងអ្នកទេឬអី ហើយដែលលក់ទៅ តើប្រាក់មិននៅក្នុងអំណាចអ្នកដែរទេឬអី ហេតុអ្វីបានជាអ្នកកាត់ចិត្តធ្វើដូច្នេះ នេះមិនមែនកុហកដល់មនុស្សទេ គឺឈ្មោះថាកុហកដល់ព្រះវិញ។ កិច្ចការ ៥:៤
ព្រះបានប្រទានគំរូនៃការស្អប់ខ្ពើមចំពោះការលោភលន់ អំពើខុសឆ្គង និងការកំពុត ដែលជាសញ្ញានៃគ្រោះថ្នាក់នេះ មិនមែនត្រឹមតែដល់ពួកជំនុំដំបូងប៉ុណ្ណោះទេ ប៉ុន្តែ គឺដល់មនុស្សគ្រប់ជំនាន់ផងដែរ។ គឺជាសេចក្តីលោភលន់ដែលអាន្ន៉ានាសនិងសាភីរ៉ាបានស្រឡាញ់ជាទីបំផុតជាលើកដំបូង។ សេចក្តីប៉ងប្រាថ្នារក្សាទុកចំណែកដែលគេបានសន្យាថានឹងថ្វាយទៅព្រះនោះសម្រាប់ខ្លួនឯង បានដឹកនាំឲ្យពួកគេធ្លាក់ចូលទៅក្នុងកំហុសឆ្គងនិងការកំពុត។
ព្រះបានធ្វើឲ្យការប្រកាសដំណឹងល្អទីពឹងលើកិច្ចការ និងអំណោយទាននៃរាស្រ្តរបស់ទ្រង់។ តង្វាយដោយសទ្ធានិងតង្វាយដប់ហូតមួយទុកសម្រាប់ជាផលទុននៃកិច្ចការរបស់ព្រះជាម្ចាស់។ ព្រះទាមទារចំណែកណាមួយពីមធ្យោបាយដែលព្រះបានប្រទានដល់មនុស្ស គឺតង្វាយមួយក្នុងដប់។ ព្រះអង្គទុកសេរីភាពឲ្យមនុស្សទាំងអស់និយាយថាគេនឹងថ្វាយច្រើនជាងនេះ។ ប៉ុន្តែ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបំផុសចិត្ត ហើយគេបានសន្យាថានឹងថ្វាយនូវចំនួនណាមួយ អ្នកដែលបានសន្យាមិនមានសិទ្ធិចំពោះចំណែកដែលបានលះបង់ថ្វាយនោះឡើយ។ សេចក្តីសន្យាដែលធ្វើចំពោះមនុស្សបែបនេះត្រូវបានគេចាត់ទុកថា ជាការដែលត្រូវតែគោរពឲ្យបានត្រឹមត្រូវ ប៉ុន្តែ ចុះសេចក្តីសន្យាដែលធ្វើជាមួយនឹងព្រះ តើមិនមែនជាការដែលត្រូវតែគោរពទេឬអី? តើយើងគួរគោរពសេចក្តីសន្យាដែលបានធ្វើនៅក្នុងតុលាការនៃមនសិការរបស់មនុស្ស តិចជាងកិច្ចសន្យាជាលាយលក្ខណ៍អក្សររបស់ព្រះឬអី?
នៅពេលពន្លឺរបស់ព្រះបានចែងចាំងចូលទៅក្នុងចិត្ត ជាមួយនឹងភាពភ្លឺថ្លានិងអំណាចខុសពីធម្មតា កណ្តាប់ដៃនៃភាពអាត្មានិយមក៏បានចុះថយ ហើយមានចិត្តចង់ថ្វាយដល់កិច្ចការរបស់ព្រះ។ ប៉ុន្តែ មនុស្សត្រូវតែគិតថាព្រះអនុញ្ញាតឲ្យពួកគេបំពេញតាមសេចក្តីសន្យាដែលបានធ្វើនៅពេលនោះ ដោយគ្មានការជំទាស់ពីសាតាំង។ សាតាំងវាមិនសប្បាយចិត្តនឹងឃើញនគរនៃព្រះដ៏ប្រោសលោះត្រូវបានស្ថាបនានៅលើផែនដីទេ។ វាឲ្យយោបល់ថាសេចក្តីសន្យាដែលមនុស្សបានធ្វើនោះធ្ងន់ធ្ងរពេកណាស់ វាថាអាចធ្វើឲ្យពួកគេគាំងដំណើរក្នុងការខំប្រឹងប្រែងរកទ្រព្យសម្បត្តិឬការបំពេញដល់សេចក្តីប្រាថ្នារបស់ក្រុមគ្រួសារ។
គឺព្រះដែលបានប្រទានព្រះពរឲ្យមនុស្សមានទ្រព្យសម្បត្តិ ហើយបានធ្វើដូច្នេះដើម្បីឲ្យពួកគេអាចជំរុញកិច្ចការរបស់ព្រះអង្គឲ្យបោះជំហានទៅមុខ។ ព្រះបានប្រទានពន្លឺព្រះអាទិត្យនិងទឹកភ្លៀង។ ព្រះអង្គបានធ្វើឲ្យរុក្ខជាតិដុះលូតលាស់ឡើង។ ព្រះអង្គបានប្រទានសុខភាពនិងសម្ថភាពឲ្យទទួលបានទ្រព្យសម្បត្តិ។ ព្រះពរទាំងអស់របស់យើងមកតែពីព្រះហស្តដ៏សប្បុរសរបស់ទ្រង់ប៉ុណ្ណោះ។ ព្រះអង្គចង់ឲ្យបុរសនារីទាំងឡាយបង្ហាញការដឹងគុណត្រឡប់ទៅទ្រង់វិញមួយចំណែក ដោយបង្វិលតង្វាយដប់ហូតមួយនិងតង្វាយសទ្ធា និងតង្វាយអរព្រះគុណ តង្វាយស្ម័គ្រពីចិត្ត ក្នុងតង្វាយដោយព្រោះការប្រព្រឹត្តិរំលង។ នឹងមានទ្រព្យសម្បត្តិហូរចូលទៅក្នុងឃ្លាំងយោងទៅតាមផែនការដែលព្រះបានរៀបចំ គឺតង្វាយដប់ហូតមួយពីចំណូលទាំងអស់ និងតង្វាយសទ្ធា កិច្ចការរបស់ព្រះជាម្ចាស់នឹងមានការចម្រើនលូតលាស់ទៅមុខយ៉ាងខ្លាំងក្លា។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង។ (អេភេសូរ ៦:១៤)