ថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៧)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក៨
ប៉ុន្តែ ចិត្តរបស់មនុស្សបានត្រឡប់ជារឹងរូសដោយសារតែភាពអាត្មានិយម ហើយសាតាំងបានល្បួងពួកគេឲ្យលាក់ទុកនូវតម្លៃមួយចំណែក នៅពេលដែលពួកគេធ្វើពុតជាធ្វើតាមតម្រូវការរបស់ព្រះ ដូចជាអាន្នា៉នាសនិងសាភីរ៉ា ដូច្នោះដែរ។ មនុស្សជាច្រើនបានចាយវាយខ្ជះខ្ជាយ សម្រាប់បំពេញចិត្តផ្ទាល់ខ្លួន។ បុរសនារីជាច្រើនតម្រូវតាមការសប្បាយរបស់ខ្លួន ហើយបំពេញចិត្តខ្លួនឯង នៅពេលដែលពួកគេសឹងតែមិនចង់នាំយកតង្វាយបន្តិចបន្តួចទៅថ្វាយព្រះផង។ ពួកគេបានភ្លេចថានៅថ្ងៃណាមួយព្រះអង្គនឹងទាមទារបញ្ជីនៃរបៀបដែលមនុស្សបានប្រើប្រាសរបស់ល្អរបស់ទ្រង់ ហើយថាទ្រង់នឹងលែងទទួលការផ្គត់ផ្គង់ដែលពួកគេបានដាក់ក្នុងឃ្លាំង ដូចជាទ្រង់បានទទួលតង្វាយពីអាន្ន៉ានាសនិងសាភីរ៉ាដូច្នោះដែរ។
ចេញពីការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដែលបានកើតឡើងដល់ពួកអ្នកភូតភរ ព្រះក៏ចង់ឲ្យយើងរៀនសូត្រអំពីជម្រៅនៃការស្អប់ខ្ពើមនិងការប៉ុនប៉ងប្រព្រឹត្តកំពុត និងការបោកបញ្ឆោតទាំងឡាយផងដែរ។ ក្នុងការពុតធ្វើជាថ្វាយទាំងអស់ អាន្ន៉ានាសនិងសាភីរ៉ាបានកុហកដល់ព្រះវិញ្ញាណបរិសុទ្ធ ហើយជាលទ្ធផល ពួកគេបានបាត់បង់ជីវិតនៅលោកិយនេះ និងជីវិតដែលនឹងកើតឡើងនៅពេលខាងមុខ (ពេលព្រះយេស៊ូវយាងមកវិញ)។ ព្រះដដែល ដែលបានដាក់ទណ្ឌកម្មដល់អ្នកទាំងពីរនេះ ព្រះអង្គក៏ថ្កោលទោសដល់អ្នកដែលប្រព្រឹត្តខុសនាពេលបច្ចុប្បន្ននេះដែរ។ បបូរមាត់ដែលពោលពាក្យកុហកជាទីស្អប់ខ្ពើមដល់ទ្រង់។ ព្រះអង្គបានមានបន្ទូលថានៅក្នុងទីក្រុងបរិសុទ្ធ «ក៏គ្មានអ្វីស្មោកគ្រោក ឬអ្នកណាដែលប្រព្រឹត្តបែបគួរខ្ពើម ឬសេចក្តីកំភូតណាចូលទៅក្នុងទីក្រុងនោះឡើយ …» (វិវរណៈ ២១:១៧)។ ចូរយើងប្រកាន់នូវការនិយាយពីសេចក្តីពិតជានិច្ច។ ចូរឲ្យការនិយាយតែពីការពិតក្លាយជាផ្នែកនៃជីវិតរបស់យើង។ ការស្មោះត្រង់ និងការធូររលុងជាមួយនឹងសេចក្តីពិត និងការបន្លំដើម្បីតម្រូវទៅតាមផែនការអាត្មានិយម មានន័យថាបំផ្លាញសេចក្តីជំនឿ។ «ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង» (អេភេសូរ ៦:១៤)។ អ្នកណាដែលពោលពាក្យមិនពិតគឺលក់ព្រលឹងរបស់ខ្លួននៅក្នុងទីផ្សារយ៉ាងថោកហើយ ។ កំហុសឆ្គងរបស់គេអាចហាក់ដូចជាធ្ងន់ធ្ងរនៅក្នុងសភាពការបន្ទាន់ៗ គេហាក់ដូចជាធ្វើឲ្យមុខជំនួញរបស់គេជឿនលឿនទៅមុខ ដែលគេអាចទទួលបានផលចំណេញដោយដំណោះស្រាយត្រឹមត្រូវ ប៉ុន្តែ ទីបំផុតគេបានមកដល់កន្លែងដែលគេមិនអាចទុកចិត្តអ្នកណាសោះ។ រូបគេគឺជាអ្នកកុហក គេមិនមានទំនុកចិត្តទៅលើសម្តីរបស់អ្នកដទៃ។
នៅក្នុងករណីរបស់អាន្នា៉នាសនិងសាភីរ៉ា អំពើបាបនៃការខុសឆ្គងប្រឆាំងនឹងព្រះត្រូវបានទទួលទណ្ឌកម្មភ្លាមៗ ។ អំពើបាបដូចគ្នានេះតែងតែកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រវត្តិសាស្រ្តនៃពួកជំនុំក្រោយៗមកទៀត ហើយមនុស្សជាច្រើននៅសម័យយើងសព្វថ្ងៃនេះកំពុងប្រព្រឹត្តអំពើបាបនោះ។ ប៉ុន្តែ ទោះបីជាអំពើបាបនោះមិនបានបង្ហាញឲ្យឃើញពីការមិនសព្វព្រះទ័យរបស់ព្រះក៏ដោយ ក៏អំពើបាបនោះមានទោសមិនតិចជាងសម័យពួកសាវ័កដែរ។ ព្រះបានប្រទានការព្រមាន ព្រះបានបង្ហាញយ៉ាងច្បាស់អំពីការស្អប់ខ្ពើមរបស់ព្រះអង្គដល់អំពើបាបនេះ ហើយអស់អ្នកណាដែលបានប្រគល់ខ្លួនទៅឲ្យការកំពុតនិងការលោភលន់ អ្នកនោះប្រាកដជាបានបំផ្លាញខ្លួនឯងហើយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង។ (អេភេសូរ ៦:១៤)