កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៨)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ៥:១២-៤២។
នៅចំពោះក្រុមប្រឹក្សាសាន់ហ៊ីឌ្រីន
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ហើយពួកអ្នកដែលជឿដល់ព្រះអម្ចាស់ ក៏បានចំរើនកាន់តែច្រើនឡើង មានមនុស្សសន្ធឹក ទាំងប្រុសទាំងស្រី) ដល់ម៉្លេះបានជាគេយកមនុស្ស ដែលមានជំងឺផ្សេងៗ ចេញមកនៅផ្លូវ ផ្តេកលើគ្រែ និងពូក ដើម្បីកាលណាពេត្រុសដើរមក នោះសូម្បីហោចណាស់ ឲ្យគ្រាន់តែស្រមោលគាត់ ចោលទៅលើពួកនោះខ្លះប៉ុណ្ណោះ។ កិច្ចការ ៥:១៤-១៥
គឺឈើឆ្កាងដែលជាឧបករណ៍សម្រាប់ដាក់ទណ្ឌកម្មដ៏គួរឲ្យអាម៉ាស់នោះហើយ ដែលនាំមកនូវសេចក្តីសង្ឃឹមនិងសេចក្តីសង្រ្គោះមកកាន់ពិភពលោក។ ពួកសាវ័កជាមនុស្សដែលបន្ទាបខ្លួន ហើយគ្មានទ្រព្យសម្បត្តិនិងអាវុធយុទ្ធភ័ណ្ឌអ្វីក្រៅពីព្រះបន្ទូលរបស់ព្រះឡើយ ដែលធ្វើឲ្យពួកគេបានបោះជំហានទៅមុខជាមួយនឹងកម្លាំងរបស់ព្រះយេស៊ូវ ដើម្បីនិយាយប្រាប់ពីរឿងរ៉ាវនៃស្នូកដាក់ចំណីសត្វនិងឈើឆ្កាង និងអំពីជោគជ័យទៅលើពួកអ្នកប្រឆាំង។ ពួកគេជាវីរបុរសនៃសេចក្តីជំនឿដោយគ្មានកិត្តិយស ឬការទទួលស្គាល់នៃលោកិយនេះឡើយ។ ព្រះបន្ទូលនៃព្រះប្រកបដោយវោហាកោសល្យដែលចេញពីបបូរមាត់ពួកគេ បានចាប់អង្រួនពិភពលោក។
ពួកសាវ័កបានបន្តនិយាយដោយក្លាហានអំពីព្រះបន្ទូលនៃជីវិត ដោយបង្ហាញនៅពីមុខពួកយូដានូវកិច្ចការនិងបេសកកម្មរបស់ព្រះគ្រិស្ត ការជាប់ឆ្កាង ការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងទៅឋានសួគ៌របស់ព្រះអង្គ នៅទីក្រុងយេរូសាឡិមដែលមានការប្រកាន់ពូជសាសន៍ជាខ្លាំង និងជាកន្លែងដែលគំនិតច្របូកច្របល់ទាក់ទងនឹងព្រះយេស៊ូវដែលត្រូវគេឆ្កាង ដូចជាមនុស្សរំលងច្បាប់ មានជ័យជម្នះនោះ។ ពួកសង្ឃនិងពួកមេសាសនាបានឮទីបន្ទាល់យ៉ាងច្បាស់និងដោយក្លាហានរបស់ពួកសាវ័ក ដោយភ្ញាក់ផ្អើល។ ព្រះចេស្តារបស់ព្រះអង្គសង្រ្គោះដែលបានមានព្រះជន្មរស់ឡើងវិញពិតជាបានធ្លាក់មកលើពួកសាវ័ក ហើយកិច្ចការរបស់ពួកគេត្រូវបានសម្រេចដោយទីបន្ទាល់និងការអស្ចារ្យ ដែលធ្វើឲ្យចំនួនអ្នកជឿកាន់តែកើនឡើងជារៀងរាល់ថ្ងៃ។ នៅតាមផ្លូវដែលពួកសាវ័កនឹងធ្វើដំណើរ ពួកបណ្តាជនបានដាក់អ្នកមានជំងឺរបស់ពួកគេ «ផ្តេកលើគ្រែ និងលើពូកដើម្បីកាលណាពេត្រុសដើរមក នោះសូម្បីហោចណាស់ ឲ្យគ្រាន់តែស្រមោលគាត់ (លោកពេត្រុស) ចោលទៅលើពួកនោះខ្លះប៉ុណ្ណោះ»។ នៅទីនេះគេក៏បាននាំអ្នកដែលមានវិញ្ញាណអារក្សចូលមកផងដែរ។ ហ្វូងមនុស្សបានព័ទ្ធជុំវិញពួកគេ ហើយពួកដែលបានស្រែកសរសើរតម្កើងដល់ព្រះនិងថ្វាយសិរីល្អដល់ព្រះនាមព្រះដ៏ប្រោសលោះ។
ពួកសង្ឃនិងពួកមេសាសនាបានឃើញថាពួកបណ្តាជនបានសរសើរតម្កើងដល់ព្រះយេស៊ូវខ្ពស់ជាងពួកគេហើយ។ ខណៈដែលពួកសាឌូស៊ី ជាពួកដែលមិនជឿលើការរស់ឡើងវិញ បានឮថាព្រះគ្រិស្តបានមានព្រះជន្មរស់ឡើងវិញដូច្នេះ ពួកគេក៏មានកំហឹងពុះពោរឡើង ដោយបានដឹងថាប្រសិនបើបណ្តោយឲ្យពួកសាវ័កផ្សព្វផ្សាយ អំពីព្រះអង្គសង្រ្គោះដែលបានមានព្រះជន្មរស់ឡើងវិញ និងធ្វើការដោយនូវព្រះនាមរបស់ទ្រង់តទៅទៀត នោះគោលលទ្ធិដែលចែងថា មិនមានការរស់ឡើងវិញនឹងត្រូវមនុស្សទាំងអស់ច្រានចោលជាមិនខាន ហើយមិនយូរប៉ុន្មាន គណៈសាឌូស៊ីនឹងត្រូវវិនាសសាបសូន្យជាប្រាកដ។ ចំណែកពួកផារិស៊ីឯណោះវិញ ក៏បានខឹងសម្បាដែរ ខណៈដែលពួកគេបានដឹងថា ទំនោរនៃការបង្រៀនរបស់ពួកសាវ័កបានបំផ្លាញដល់ពិធីផ្សេងៗ និងការថ្វាយតង្វាយយញ្ញបូជារបស់សាសន៍យូដា ឲ្យលែងមានប្រសិទ្ធិភាព។
ចាប់តាំងពីពេលនោះមក ការខំប្រឹងប្រែងទាំងប៉ុន្មាន ដើម្បីបង្រាបដល់ការបង្រៀនថ្មីនោះត្រូវបានអសារឥតការ ឥឡូវនេះទាំងពួកសាឌូស៊ី និងពួកផារិស៊ីបានប្តេជ្ញាចិត្តថា នឹងបញ្ឈប់កិច្ចការរបស់ពួកសាវ័កឲ្យទាល់តែបាន ព្រោះការនេះកំពុងបង្ហាញដល់ពួកគេអំពីទោសកំហុសនៃការសុគតរបស់ព្រះយេស៊ូវ។ ពោរពេញទៅដោយការឈឺចិត្ត ពួកគេបានប្រើអំពើហិង្សាទៅលើលោកពេត្រុសនិងយ៉ូហាន ហើយបានចាប់ពួកសាវ័កឃុំទុក។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បងប្អូនអើយ ចូររើសយក៧នាក់ក្នុងពួកអ្នករាល់គ្នាជាអ្នកមានឈ្មោះល្អពេញជាព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេឲ្យត្រួតត្រាលើការងារនេះ។ (កិច្ចការ ៦:៣)