កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៤)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក២៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ អ្នករាល់គ្នាបានសំឡាប់ព្រះអម្ចាស់ជីវិតនោះទៅ តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ យើងខ្ញុំនេះជាទីបន្ទាល់ពីការនោះឯង។ កិច្ចការ ៣:១៥
«រីឯនៅក្រុងយេរូសាឡិម មានពួកសាសន៍យូដា ជាអ្នកកោតខ្លាចដល់ព្រះ ដែលមកពីគ្រប់នគរនៅក្រោមមេឃ»។ នៅពេលបែកខ្ញែកគ្នា ពួកយូដាបានរស់នៅរាយប៉ាយសឹងតែគ្រប់ទីកន្លែងនៅលើពិភពលោក ហើយនៅពេលដែលពួកគេបាននិរទេសទៅនៅប្រទេសផ្សេងៗ ពួកគេបាននិយាយភាសាបរទេសនៃប្រទេសដែលពួកគេទៅស្នាក់អាស្រ័យនៅទីនោះ។ សាសន៍យូដាជាច្រើនបានមកកាន់ទីក្រុងយេរូសាឡិម ដើម្បីចូលរួមក្នុងពិធីបុណ្យខាងសាសនានៅពេលនោះ ជាពួកអ្នកដែលមានវឌ្ឍនភាព (ភាពជឿនលឿន)។ មនុស្សដែលបានមកប្រជុំគ្នានេះនិយាយភាសាផ្សេងៗគ្នាជា្រច្រើន។ ភាពទីទៃពីគ្នានៃភាសានេះគឺជាឧបសគ្គដ៏ធំមួយក្នុងការផ្សាយដំណឹងល្អ ហេតុដូច្នេះហើយបានជាព្រះបានប្រទានដំណោះស្រាយដល់ភាពកម្សោយរបស់ពួកសាវ័កនេះ ក្នុងលក្ខណៈដ៏អស្ចារ្យ។ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើជំនួសពួកគេ នូវកិច្ចការដែលពួកគេមិនអាចសម្រេចដោយខ្លួនឯងនៅក្នុងជីវិតរបស់ពួកគេបាន។ ឥឡូវនេះ ពួកគេអាចប្រកាសពីសេចក្តីពិតនៃដំណឹងល្អទៅប្រទេសក្រៅបានយ៉ាងទូលំទូលាយ ដោយនិយាយភាសារបស់ពួកអ្នកដែលពួកគេធ្វើការជាមួយនោះយ៉ាងច្បាស់។ អំណោយនៃការអស្ចារ្យនេះគឺជាភស្តុតាងដ៏រឹងមាំមួយ បញ្ជាក់ប្រាប់ដល់ពិភពលោកថាបេសកកម្មដែលពួកគេបំពេញគឺជាត្រានៃឋានសួគ៌។
«កាលសូរស័ព្ទពីការនោះបានឮសុសសាយទៅ នោះបណ្តាមនុស្សក៏ប្រជុំគ្នា ហើយគេមានសេចក្តីស្រឡាំងកាំង ដោយគ្រប់គ្នាឮភាសាជាតិរបស់ខ្លួន ដែលពួកសាវ័កកំពុងតែអធិប្បាយ គេមានសេចក្តីអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នាទៅវិញទៅមក ដោយឆ្ងល់ថា អ្នកទាំងនេះដែលអធិប្បាយ តើមិនមែនជាពួកអ្នកស្រុកកាលីឡេទាំងអស់គ្នាទេឬអី? ចុះដូចម្តេចបានជាយើងឮគេនិយាយតាមភាសាកំណើតរបស់យើងរៀងខ្លួនដូច្នេះ?»
ពួកសង្ឃនិងពួកមេដឹកនាំសាសនាគេក្តៅក្រហាយជាខ្លាំងទៅនឹងការសម្តែងដ៏អស្ចារ្យនេះ ប៉ុន្តែ ពួកគេមិនហ៊ានបំបែកការប្រជុំនេះទេ ព្រោះខ្លាចរងអំពើហិង្សាពីពួកបណ្តាជន។ ពួកគេបានធ្វើគតព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ប៉ុន្តែ នៅទីនេះអ្នកបម្រើរបស់ទ្រង់ ជាអ្នកស្រុកកាលីឡេដែលមិនមានចំណេះដឹង កំពុងនិយាយប្រាប់ពីរឿងរ៉ាវនៃព្រះជន្មនិងព្រះរាជបេសកកម្មរបស់ទ្រង់ ជាភាសាដែលមនុស្សនិយាយនៅសម័យនោះ។ ពួកសង្ឃបានប្រកាសថាពួកនេះស្រវឹងទេ ដោយពួកគេផឹកស្រាថ្មីដែលគេបានរៀបចំសម្រាប់ពិធីបុណ្យនេះច្រើនពេក ដោយបានតាំងចិត្តពន្យល់ពីអំណាចដ៏អស្ចារ្យរបស់ពួកសាវ័កនេះថាជារឿងធម្មតាទៅវិញ។ មនុស្សដែលល្ងិតល្ងង់បំផុតមួយចំនួនចាត់ទុករឿងរ៉ាវដែលពួកគេបានឃើញនេះថា ជារឿងពិត ប៉ុន្តែ ពួកអ្នកមានចំណេះដឹងខ្ពង់ខ្ពស់មួយចំនួនបានដឹងថានេះគឺជារឿងក្លែងក្លាយទៅវិញ ហើយអស់អ្នកដែលស្តាប់ភាសាផ្សេងៗនោះយល់បានបញ្ជាក់ពីភាពត្រឹមត្រូវនៃភាសាដែលពួកសាវ័កបាននិយាយ។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់ពួកសង្ឃនោះ លោកពេត្រុសបានបង្ហាញថាការបកស្រាយនេះគឺជាការសម្រេចតាមបទទំនាយរបស់លោកយ៉ូអែលយ៉ាងត្រឹមត្រូវ ដែលនៅទីនោះលោកបានទស្សទាយជាមុនថាអំណាចនេះនឹងកើតឡើងដល់មនុស្ស ដើម្បីរៀបចំសម្រាប់បំពេញកិច្ចការដ៏ពិសេស។ លោកមានប្រសាសន៍ថា «ឱពួកសាសន៍យូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាអើយ សូមឲ្យអ្នករាល់គ្នាដឹងសេចក្តីនេះ ហើយប្រុងស្តាប់ពាក្យខ្ញុំចុះ ដ្បិតអ្នកទាំងនេះមិនមែនស្រវឹង ដូចជាអ្នករាល់គ្នាគិតស្មាននោះទេ ព្រោះទើបនឹងម៉ោង៩ព្រឹកនៅឡើយ នេះគឺជាសេចក្តីទំនាយរបស់ហោរាយ៉ូអែលវិញ ដែលលោកទាយទុកមកថា ព្រះទ្រង់មានព្រះបន្ទូលថា ដល់ថ្ងៃជាន់ក្រោយបង្អស់ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសកូនស្រីឯងរាល់គ្នានឹងទាយទំនាយ ពួកកំឡោះឯងរាល់គ្នា នឹងឃើញការជាក់ស្តែង ហើយពួកចាស់ៗ របស់ឯងរាល់គ្នានឹងយល់សប្តិ នៅគ្រានោះ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើទាំងពួកអ្នកបម្រើប្រុសស្រីផង ហើយគេនឹងទាយទំនាយដែរ»។
លោកពេត្រុសបានធ្វើទីបន្ទាល់អំពីការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រិស្ត ដោយអំណាចនិងច្បាស់ៗស្រួលយល់ដូច្នេះថា «ឱពួកសាសន៍អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ ព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដែលព្រះបានសម្តែងបង្ហាញមកអ្នករាល់គ្នាដោយការឫទ្ធិបារមី ការអស្ចារ្យ និងទីសម្គាល់ ដែលព្រះទ្រង់បានធ្វើ នៅកណ្តាលអ្នករាល់គ្នា ដោយសារទ្រង់ ដូចជាអ្នករាល់គ្នាដឹងស្រាប់ហើយ… ហើយអ្នករាល់គ្នាបានចាប់ទ្រង់ ដោយសារដៃមនុស្សទទឹងច្បាប់ព្រមទាំងឆ្កាងសម្លាប់ទ្រង់ផង ប៉ុន្តែ ព្រះបានប្រោសទ្រង់ ឲ្យមានព្រះជន្មរស់ឡើងវិញ ដោយបានស្រាយចំណងនៃសេចក្តីស្លាប់ចេញ ពីព្រោះសេចក្តីស្លាប់គ្មានអំណាចនឹងឃុំឃាំងទ្រង់ទុកបានឡើយ»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលសេចក្តីកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកអ្នកបំរើទ្រង់បានផ្សាយព្រះបន្ទូល ដោយសេចក្តីក្លាហានដ៏ពេញលេញដោយទ្រង់លូកព្រះហស្តមក សំរាប់នឹងប្រោសមនុស្សឲ្យបានជា ហើយនិងធ្វើទីសំគាល់ និងការអស្ចារ្យដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់។ (កិច្ចការ ៤:២៩-៣០)