ថ្ងៃច័ន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៨)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក១០
ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែខ្ញុំនិយាយសេចក្តីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីកាលណាពេលវេលានោះមកដល់ នោះឲ្យអ្នករាល់គ្នាបាននឹកឃើញថា ខ្ញុំប្រាប់ហើយ ខ្ញុំមិនបានប្រាប់កាលពីដើមទេ ពីព្រោះខ្ញុំកំពុងនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ។ យ៉ូហាន ១៦:៤
ពួកអ្នកដឹកនាំសាសន៍យូដាបរាជ័យ ដោយសញ្ញានៃការមិនបានបំពេញតាមព្រះរាជគោលបំណងរបស់ព្រះ សម្រាប់ការជ្រើសរើសរាស្រ្តរបស់ទ្រង់។ អ្នកដែលព្រះបានផ្ញើសេចក្តីពិតជាមួយបានបង្ហាញការមិនស្មោះត្រង់ទៅនឹងភារកិច្ចរបស់ខ្លួន ហើយព្រះបានជ្រើសរើសអ្នកដទៃផ្សេងឲ្យបំពេញកិច្ចការនោះវិញ។ ឥឡូវនេះ ដោយភាពងងឹតងងល់ ពួកអ្នកដឹកនាំទាំងនោះបានប្រគល់ឥទ្ធិពលរបស់ខ្លួនទាំងស្រុងទៅឲ្យអ្វីដែលគេហៅថា ការខូចចិត្តនៃសេចក្តីសុចរិតប្រឆាំងនឹងអ្នកដែលបានដកយកគោលលទ្ធិដ៏រីករាយរបស់ពួកគេចេញ។ ពួកគេមិនបានទាំងទទួលស្គាល់សូម្បីតែការទទួលខុសត្រូវថា ពួកគេមិនបានយល់ច្បាស់នូវព្រះបន្ទូល ឬដែលពួកគេបានបកស្រាយបទព្រះគម្ពីរខុស ឬអនុវត្តមិនបានត្រឹមត្រូវនោះផង។ ពួកគេបានប្រព្រឹត្តដូចជាមនុស្សដែលគ្មានហេតុផល។ ពួកគេបាននិយាយថា ពួកសាវ័កមួយចំនួនគ្រាន់តែជាអ្នកនេសាទប៉ុណ្ណោះ តើពួកគ្រូទាំងនេះមានសិទ្ធិអ្វីនឹងបង្ហាញពីគំនិតនៃគោលលទ្ធិផ្ទុយពីការដែលយើងបានបង្រៀនដល់ប្រជារាស្រ្តដូច្នេះ? ក្នុងគោលបំណងបង្រ្កាបដល់ការបង្រៀនទាំងនេះ ពួកគេបានចាប់អ្នកដែលបង្រៀនពីរឿងនោះដាក់គុក។
ពួកសាវ័កមិនមានការតក់ស្លុតឬព្រួយបារម្ភដោយសារការប្រព្រឹត្តបែបនេះឡើយ។ ព្រះវិញ្ញាណបរិសុទ្ធបាននាំព្រះបន្ទូលដែលព្រះគ្រិស្តបានមានព្រះបន្ទូលមកប្រាប់ពួកគេថា «បាវមិនមែនធំជាងចៅហ្វាយទេ បើគេបានបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នករាល់គ្នា ហើយបើគេបានកាន់តាមពាក្យខ្ញុំ នោះគេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ គេនឹងប្រព្រឹត្តការទាំងនោះដល់អ្នករាល់គ្នា ដោយយល់ដល់ឈ្មោះខ្ញុំ ពីព្រោះគេមិនស្គាល់ព្រះដែលចាត់ឲ្យខ្ញុំមកទេ»។ «គេនឹងកាត់អ្នករាល់គ្នា ចេញពីពួកជំនុំរបស់គេ ក៏នឹងមានពេលវេលាមកនោះអស់អ្នកណាដែលសម្លាប់អ្នករាល់គ្នា នឹងគិតស្មានថា ខ្លួនបម្រើដល់ព្រះដែរ តែខ្ញុំនិយាយសេចក្តីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីកាលណាពេលវេលានោះមកដល់ នោះឲ្យអ្នករាល់គ្នាបាននឹកឃើញថា ខ្ញុំប្រាប់ហើយ ខ្ញុំមិនបានប្រាប់កាលពីដើមទេ ពីព្រោះខ្ញុំកំពុងនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ» (យ៉ូហាន ១៥:២០, ២១ និង ១៦:២, ៤)។
ព្រះនៃឋានសួគ៌ ជាអ្នកគ្រប់គ្រងដ៏មានអំណាចនៅលើចក្រវាលបានយករឿងរ៉ាវនៃការចាប់ដាក់គុករបស់ពួកសាវ័កទៅដាក់លើព្រះហស្តរបស់ព្រះអង្គផ្ទាល់ ព្រោះមនុស្សកំពុងបានច្បាំងតទល់នឹងកិច្ចការរបស់ទ្រង់។ នៅពេលយប់ ទេវតានៃព្រះជាម្ចាស់បានបើកទា្វរគុក ហើយមានបន្ទូលទៅកាន់សាវ័កទាំងពីរថា «ចូរទៅឈរអធិប្បាយនៅក្នុងព្រះវិហារឲ្យបណ្តាជនស្តាប់អស់ទាំងព្រះបន្ទូល ពីជីវិតថ្មីនេះទៅ»។ ការត្រាស់បង្គាប់នេះផ្ទុយគ្នាស្រឡះពីបញ្ជាដែលចេញដោយពួកមេដឹកនាំសាសន៍យូដា ប៉ុន្តែ តើពួកសាវ័កបាននិយាយថា យើងមិនអាចធ្វើកិច្ចការនេះបានទេ លុះត្រាតែយើងបានពិភាក្សាជាមួយពួកតុលាការ ហើយទទួលការអនុញ្ញាតពីពួកគេជាមុនសិន ដែរឬទេ? ទេ ព្រះបានមានបន្ទូលថា «ទៅ» ហើយពួកគេក៏ស្តាប់តាម «នោះក៏នាំគ្នាចូលទៅបង្រៀន ក្នុងព្រះវិហារពីព្រលឹម»។
កាលលោកពេត្រុសបានបង្ហាញខ្លួននៅចំពោះពួកអ្នកមានជំនឿ និងរៀបរាប់ប្រាប់អំពីការដែលទេវតាបានដឹកនាំពួកគេចេញពីគុក ឆ្លងកាត់ក្រុមទាហានដែលយាមគុក បង្ខំឲ្យពួកគេបន្តកិច្ចការដែលកំពុងតែមានការរំខាននេះ តទៅមុខទៀត បងប្អូនរួមជំនឿទាំងអស់នោះពោរពេញទៅដោយការភ្ញាក់ផ្អើលនិងក្តីអំណរ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បងប្អូនអើយ ចូររើសយក៧នាក់ក្នុងពួកអ្នករាល់គ្នាជាអ្នកមានឈ្មោះល្អពេញជាព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេឲ្យត្រួតត្រាលើការងារនេះ។ (កិច្ចការ ៦:៣)